26 C
Phnom Penh

ខុទ្ទកាល័យលោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ អនុម័ត​សេច​ក្តី​ព្រាង​​​ថវិកា​​ចំនួន៣,៥​ពាន់លានដុល្លារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃសុក្រ​សប្តាហ៍​មុន​ខុទ្ទកាល័យ​ថ្មីរបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​អនុម័ត​សេចក្តីព្រាងថវិកា​ឆ្នាំ​២០១៤ ដែល​មាន​ចំនួនទឹកប្រាក់​៣,៥ពាន់​លាន​ដុល្លារ​ ពោល គឺបានកើនឡើង​១៣ភាគរយ​ បើ​ប្រៀប​ធៀប​​​នឹង​ថវិ​កា​សម្រាប់ឆ្នាំ​នេះ​ ក៏​​​ប៉ុន្តែ ស្ថាប័ន​នេះ​​​មិន​​​​បា​ន​ផ្តល់ព័ត៌​មាន​លម្អិត​ ទាក់ទង​​​​នឹង​របៀបរប​ប នៃ​ការ​ចាយ​វាយថវិកា​ទាំង​​​នេះ​​​ទេ។

គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ឲ្យដឹង​ផង​ដែរថា ខ្លួន​នឹង​បញ្ជូន​សេចក្តីព្រាងថវិកា​នេះ​ទៅ​រដ្ឋសភា​សម្រាប់​បោះឆ្នោត​ ដើម្បី​អនុម័ត​សេចក្តីព្រាង​ថវិកា​នេះ​ យ៉ាងយូរនៅ​ដំណាច់ឆ្នាំនេះ​ ដោយ​មិន​គិត​ថា តើ​សមាជិក ជាប់​ឆ្នោត​ទាំង​៥៥រូប​របស់​គណបក្ស​សង្គ្រោះជាតិទទួល​យកឬក៏​មិន​ទទួល​យក​អាសនៈ​រប​ស់​ខ្លួន​ទេ​។ សមាជិក​សភាជាប់​ឆ្នោត​របស់គណ​បក្សសង្គ្រោះជាតិ កំពុងបដិសេធ​មិន​ទទួល​យក​អាសនៈរបស់ខ្លួន ដើម្បី​ការងារ​ការ​បោះ​ឆ្នោត​កាលពីខែ​កក្កដា ដោយ​មាន​​​សេចក្តី​​​រាយ​ការ​ណ៍ថា ភាពមិន​​​ប្រក្រតី​កើតឡើង​​​យ៉ាង​​​ច្រើន​ ដែល​មិនទាន់ត្រូវ​បានដោះស្រាយ​សម​ស្រប​​​នៅឡើយទេ។

ដោយមាន​អាសនៈ​៦៨​ក្នុងចំណោម​អា​សនៈ​ទាំង​១២៣​នៅក្នុងរដ្ឋសភា គណបក្ស​ប្រ​ជាជនមាន​សំឡេង​​​ភាគច្រើន​ដាច់ខាត​ដែល ខ្លួនត្រូវ​ការសម្រាប់​ការ​អនុម័ត​សេចក្តី​​​ព្រាង​​ថវិកា​នេះ​។ ​ទោះ​ជាយ៉ាង គណបក្ស​ប្រឆាំ​ង​បាន​លើកឡើងថា សភា​មិន​អាច​ត្រូវ​បាន​បង្កើត​ឡើង​ដោយស្រប​ច្បាប់ទេ រហូត​ទាល់​តែ​សមាជិកសភា​របស់ខ្លួនចូលរួម​។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទី​​​ស្តីការ​គណៈរដ្ឋមន្ត្រី បាន​លើកឡើង​​​កាលពីម្សិល​​​មិញថា លោក​មិនមានព័ត៌មាន​ទាក់​ទងនឹង​​​បញ្ហា​ថវិកា​នេះ​ ឬក៏​ប្រាក់​ចំណូល​ព្យាករណ៍ ទេ ខណ​ៈ​ដែល​លោក ងី តៃយី​​​រដ្ឋលេខា​​​ធិការ​​​​​​​ក្រសួ​ង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ។

លោក ជាម យៀប សមាជិក​សភា​ ​និង​ជា​អ្នក​នាំពាក្យគណបក្សប្រជាជន​កម្ពុជា ដែល​ជា​ប្រធាន​គណៈ​កម្មាធិការ​​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនា​គារ​ និងសវនកម្ម​ នៃរដ្ឋសភា​ បាន​លើក​ឡើង​ថា ​លោក​មិនទាន់​បានឃើញ​សេចក្តី​ព្រាងថវិកានោះ​នៅឡើយ​ទេ។ ក៏ប៉ុន្តែ ​លោក​ បានឲ្យដឹងថា ​កំណើន​១៣​ភាគរយនៃចំណា​យ​រដ្ឋាភិបាល មាន​ភាពចាំបាច់​សម្រាប់​ ក្នុងការ​ដោះស្រាយ​បញ្ហា​ខូចខាត​ដែលបង្កឡើង​ដោយគ្រោះទឹកជំនន់​ក្នុង​ឆ្នាំ​នេះ។ លោក​បានមានប្រសាសន៍ថា “ដោយសារតែ​ទឹក​ជំនន់ រដ្ឋាភិបាល​ត្រូវតែ​ធ្វើអ្វីៗ​គ្រប់យ៉ាង​ ដែល ខ្លួន​អាចជួយ​ប្រជាជនបាន​”។

គណបក្សប្រឆាំង​បាន​រិះគន់​ថវិកា​កាលពី​ពេលមុនៗ​ ដោយសារតែ​មានការ​ប្រើប្រាស់​​មូលនិធិច្រើន​ពេក​ ទៅលើវិស័យ​ការ​ពារ​ជាតិ បើធៀបនឹងចំណាយ​លើវិស័យសុខាភិបាល អប់រំ​​និងវិស័យអភិវឌ្ឍន៍ជន​បទ និង​ការ​ជាប់​បំណុលបរទេស​យ៉ាងច្រើន​។​ ក្នុង​ចំណោមទឹក​ប្រាក់​ចំនួន​៣,១​ពាន់​លាន​ដុល្លារ​ ​ដែលត្រូវ​បានអនុម័ត​សម្រាប់ឆ្នាំ​២០១៣ ប្រហែល​៤០០លានដុល្លារ​ ពោលគឺ​ប្រហែល​១៣​ភាគរយ​នៃថវិកាសរុប​ ​និង​១៧​ភាគរយ​ច្រើន​ជាង​ថវិកាកាលពីឆ្នាំ​មុន​ ត្រូវ​បាន​ប្រើប្រាស់​ក្នុងវិស័យការពារ​ជាតិ និង​សន្តិ​សុខ​។ វិស័យ​អប់រំទទួល​បានតែ​២៨០​លាន​ដុល្លារប៉ុណ្ណោះ ខណៈដែល​វិស័យ​សុខាភិបា​ល​ទទួល​បាន​២២៥​លានដុល្លារ​។

នៅពេល​ព្រឹទ្ធសភា​​គ្របដណ្តប់​ដោយ​គណ​ បក្សប្រជាជន​កម្ពុជា អនុម័ត​ថវិកា​នេះកាលពី​ខែធ្នូឆ្នាំ​២០១២ បន្ទាប់ពី​សេចក្តីព្រាង​ថវិកា​នេះឆ្លង​ផុត​រដ្ឋសភា​បាន​រយៈពេលមួយសប្តា​ហ៍  គណបក្សប្រឆាំង​មិនបានបដិសេធ​ដើម្បីតវ៉ា​​ការ​ច្រាន​ចោល​ការកាត់បន្ថយ​ប្រាក់​កម្ចីបរទេ​ស​របស់រដ្ឋាភិ​បាលទេ​។
នៅ​ក្នុងរបាយការណ៍រួម​ក្នុង​ឆ្នាំ​២០១២​ ធនាគារ​ពិភព​លោក (World Bank) និង​អង្គការ​មូល​និធិរូបិយ​វត្ថុអន្តរជាតិ (International Monetary Fund) បាន​បង្ហាញថា ​ប្រទេសកម្ពុជា​មាន​បំណុល ​​ជាប់រហូត ក៏ប៉ុន្តែ ​បានព្រមាន​ថា ការ​បន្តកើន​ឡើង​នៃ​កម្រិត​ខ្ចីប្រាក់​របស់​ប្រទេស​នេះ អាច​ បង្ក​ផល​ប៉ះពាល់​ដល់​សមត្ថភាពរបស់ប្រទេស​នេះ​ ​ក្នុងការ​ធ្វើព្យុះធ្វើ​ភ្លៀង​ក្នុងវិបត្តិ​សេដ្ឋកិច្ច​ក្នុង​ពេលអនាគត។ គណបក្ស​ប្រឆាំង​ក៏បាន​រិះគន់​ថវិកា​ប្រចាំ​ឆ្នាំ​របស់រដ្ឋាភិបាល​ផង​ដែរ​ ដោយសារតែ​មាន​ បញ្ហា​ខ្វះតម្លាភាព​។

កាលពីខែ​មករា អង្គការ​ភាព​ជា​ដៃគូ​ថវិកា​អន្តរ​ជាតិ ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុងសហរដ្ឋ​អា​មេរិក បាន​ដាក់ចំណាត់​ថ្នាក់​ទី​៨១​សម្រាប់​ប្រទេស​​ កម្ពុជា​ ក្នុងចំណោម​១០០ប្រទេស​ នៅ​ក្នុង​របាយ​ការណ៍​ស្ទង់មតិ​ថវិកា​បើកចំហរ​ថ្មីបំផុត​របស់ខ្លួន​។ ​អង្គការ​នេះ​បាន​ផ្តល់​ពិន្ទុ​១៥​ក្នុងចំណោម​ពិន្ទុ​១០០ជាហេតុ​បណ្តាល​ឲ្យ​​ ប្រទេស​កម្ពុជា​ស្ថិតក្នុងចំណោម​ក្រុម​ទាំង​ប្រាំ​នៃ​ប្រទេ​ស​​ដែល​មានពិន្ទុទាបបំផុត​ សម្រាប់​ផ្នែក​វិសាលភាព​នៃការទទួលបាន​ព័ត៌មាន​ជា​សា​ធារណៈពោលគឺ​កម្រិត​មាន​តិចតួច រហូត​ដល់​កម្រិត​មិនមានសោះ​តែម្តង។

កាលពីម្សិលមិញ លោក ជាម យៀប អ្នកនាំ​ពាក្យគណបក្សប្រជាជនកម្ពុជា ​បានច្រានចោល បញ្ហា​កង្វះខាត​តម្លាភាព​ផ្នែកថវិកា​ ដោយ​បង្ក​ឡើង​ដោយ​គណបក្ស​របស់លោក។ លោក​បាន​មានប្រសាសន៍​ទាក់ទង​នឹង​អង្គការ​ភាព​ជា​ដៃ​គូ​ថវិកាថា “ការលើកឡើង​ដូច្នេះគឺជាសិទ្ធិ​របស់ពួកគេ​។ ​យើង​មាន​[កម្មវិធីអភិវឌ្ឍន៍​] សហ​ប្រជាជាតិ អង្គការមូលនិធិរូបិយវត្ថុអន្តរ​ជាតិ ធនាគារពិភពលោក និង​ធនាគារអភិវឌ្ឍន៍​អាស៊ី ជួយយើង​។ ស្ថាប័ន​ទាំ​ង​នេះនឹង​មិន​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​របស់ខ្លួនទេ ប្រសិនបើ​យើង​មិន​អាច​គ្រប់គ្រង​ថវិកា​របស់​យើង​ឲ្យ​មានប្រសិទ្ធភាព​​បាន​ទេ​នោះ”។

លោក ជាម យៀប​ បាន​​បន្ថែម​ថា តាម​ផ្លូវ​​ច្បាប់ រដ្ឋសភាក៏​ត្រូវ​អនុម័ត​ថវិកានៅ​ដំណាច់​ឆ្នាំនេះ​ផងដែរ​ ​ហើយ​នឹង​ធ្វើ​ការ​ងារ​នេះ​ ទោះ​​បីជាមាន ឬក៏​មិនមាន​សមាជិ​កសភា​ទាំង​៥៥រូប​របស់គណបក្ស​សង្គ្រោះ ជា​តិក៏ដោយ។ លោក ជាម យៀប បានមាន​ប្រសាសន៍​ថា “ការ​ដែល​ពួកគេ​ចូល​សភា​ ឬ​មិន​ចូល​នោះ វា​មិន​សំខាន​់ទេ ហើយយើង​មិន​ត្រូវ​ឈប់​ធ្វើ​ការ​ងារ​របស់​យើង​ទេ ដូច្នេះ​យើង​គ្រាន់​តែ​បន្ត​ការ​ងារ​របស់​យើង​ទៅមុខ​” ។ លោក​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា “ មិន​មាន​ភាព​ជាប់​គាំង​ផ្នែកនយោបាយ​ទេ ពីព្រោះសភា និង​រដ្ឋា​ភិបាល​ត្រូវ​បាន​បង្កើត​ឡើង​ហើយ”។

ក៏ប៉ុន្តែ​លោក​ យ៉ែម ប៉ុ​ញ្ញរិទ្ធ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ បាន​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​អនុម័ត​ថវិកានេះ​នៅមុន​ពេល​គណបក្ស​ប្រឆាំង​ទទួល​យក​អាសនៈ​របស់​ខ្លួន​នឹង​ត្រូវ​បាន​ចាត់​ទុក​ជា​ការ​បោះ​ឆ្នោត​មិន​ស្រប​ច្បាប់​។ លោក​បាន​បន្ត​ថា រដ្ឋធម្មនុញ្ញ​ចែង​ថា រដ្ឋសភា​ត្រូវ​មាន​សមាជិក​១២០​រូប​។
កាល​ពីឆ្នាំ២០០៣​ ក្រុម​ប្រឹក្សាធម្មនុញ្ញ​បាន​សម្រេច​ថា ការ​គ្រាន់តែ​មាន​បេក្ខជន​១២០​រូប​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​តាំង​ បាន​បំពេញ​តាម​លក្ខខណ្ឌនោះ។

ក៏ប៉ុន្តែ​គណបក្ស​ប្រឆាំង​​បាន​អះអាង​ថា យ៉ាង​តិច​សមាជិក​សភា​ជាប់​ឆ្នោត​១២០​រូ​ប​ត្រូវ​ទទួល​យក​អាសនៈ​របស់​ខ្លួន​។ លោក​បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​ពួកគេ​អនុម័ត​វា​ [ថវិកា​] ដោយ​មាន​គណ​បក្សតែ​មួយ​ នោះវា​គឺ​ជាការ​ទទួល​ខុស​ត្រូវ​របស់​ពួកគេ​ ហើយគណបក្ស​សង្គ្រោះជាតិ នឹង​មិនទទួល​ស្គាល់​វា​ទេ។ ខ្ញុំគិត​ថា វា​មិន​ស្រប​​​ច្បាប់​ទេ។ ប្រសិន​បើ​សំឡេង​ឆ្នោត​មាន​៦៨​លើ​៦៨​ [សមាជិក​សភា​ដែល​មាន​វត្តមាន​] នោះវា​មិនមែន​តំណាង​ឲ្យ​សំឡេង​ទាំងមូល​នៃ​រដ្ឋសភា​​​​ទេ”៕

ប្រែសម្រួល​ដោយ​ កង​ សុធា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស