35 C
Phnom Penh

អគ្គនាយក​កាសែត​ភ្នំ​ពេញ​ប៉ុស្តិ៍​អប​អរ​សា​ទរ​ជ័យ​ជម្នះ​របស់​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តាមគេហទំព័រ​របស់​ទីភ្នាក់ងារព័ត៌​មាន​រដ្ឋ​ អាកាប៉េ​ (AKP) បាន​ឲ្យ​ដឹង​ថា លោក គ្រីស ដ័រ (Chris Dawe)​ អគ្គនាយក​កាសែ​ត​ភ្នំពេញ​ប៉ុស្តិ៍​បាន​អប​អរ​សាទរ​ជា​ផ្លូវ​ការ​​ចំ​ពោះ​គណ​បក្ស​ប្រជា​​ជន​កម្ពុជា​ដែលកំពុង​កាន់​អំ​ណាចរបស់​លោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែ​ន ដែល​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​​ជាតិ​ដ៏​ចម្រូង​ចម្រាស​កាលពី​ខែ​កក្កដា​។

តាម​អត្ថបទ​ដែល​ចុះផ្សាយ​ដោយ​ទីភា្នក់​ងារ​ព័ត៌មាន​អាកាប៉េកាលពី​ថ្ងៃ​សុក្រ​បាន​ឲ្យ​ដឹង​ថា អំឡុង​ជំនួប​ពិភាក្សា​ជាមួយ​លោក​ ខៀ​វ​ កាញារិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​កា​ល​ពី​ថ្ងៃ​ព្រហស្បតិ៍ “លោក គ្រីស ដ័រ បាន​អប​អរ​សា​​ទរ​ជ័យ​ជម្នះ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​”។ ទីភា្នក់ងារព័ត៌មាន​​អាកាប៉េ​បាន​ឲ្យ​ដឹង​ទៀត​ថា លោក គ្រីស ដ័រ ក៏​បាន​អប​អរ​សា​ទរ​ចំពោះ​លោក ខៀវ កាញារិទ្ធ​ ផងដែរ​ដែល​នៅ​បន្ត​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌​មាន​ និង​ “បា​ន​បញ្ជាក់ថា នឹង​បន្ត​សហប្រតិ​បត្តិ​ការ​ល្អ​នៅ​ក្នុង​ការ​លើក​ស្ទួយ​លទ្ធិ​ប្រជា​ធិប​តេយ្យ​​និង​សេរី​ភាព​សារព័ត៌​មាន”។

លោក គ្រីស ដ័រ មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំការអត្ថាធិប្បាយ​ទេ។លោក អាឡាំង ផាកហៅ (Alan Parkhouse) ជា​និ​ពន្ធនាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​មាន​ប្រ​សាសន៍​ថា អគ្គនាយក​របស់​លោក​ “មិន​ពាក់​ព័ន្ធ​នឹងផ្នែក​និពន្ធ​របស់​កាសែត​នេះទេ​”។ លោក ផាក​ហៅ បាន​ឲ្យ​ដឹង​តាមរយៈ​អ៊ីម៉ែល​ថា “ខ្ញុំ​មិន​បាន​ចូល​​​រួម​នៅ​ក្នុង​ជំនួប​ពិភាក្សា​ទេ ហើយខ្ញុំ​មិនបាន​ដឹង​ថា មាន​ការពិភាក្សា​ពីអ្វីដែរ”។

បើទោះ​បី​ជា​គណបក្ស​ប្រជា​កម្ពុជា​បា​ន​ឈ្នះ​ការ​បោះ​ឆ្នោត​ជា​ផ្លូវ​កា​រដោយ​ទទួល​បាន​៦៨​អាសនៈ​ច្រើន​ជាង​គណបក្ស​ប្រ​ឆាំង​ដែល​ទទួល​បាន​៥៥​អាសនៈ​ក៏​ដោយ ក៏គណ​បក្សសង្គ្រោះ​ជាតិ​បាន​ធ្វើ​ពហិការ​មិ​ន​ចូល​រួម​ប្រជុំសភា​ ដោយ​សារ​គណបក្ស​នេះ​បាន​អះ​អាង​​ថា មាន​ភាព​មិន​ប្រក្រ​តី​ដ៏​រាលដាល ហើយ​​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​ចូល​រួម​ក្នុង​មហា​បាតុកម្ម​ក្នុង​ទី​ក្រុ​ង​ភ្នំ​ពេញកាលពី​ខែ​មុន​និង​សប្តា៍​មុន​ ដើម្បីទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯ​ក​រាជ្យ​មួយ​លើ​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្ក​ដា​។

លោក មឿន ឈាន​ណារិទ្ធ នាយក​វិទ្យា​ស្ថានកម្ពុជា​សម្រាប់​ការ​សិក្សា​​ផ្នែក​ព័ត៌​មាន​បាន​មាន​ប្រសាសន៍​ថា ស្រប​ពេល​ដែល​មាន​ក្រុម​ហ៊ុន​ជា​ច្រើ​នដែល​រក​ស៊ី​នៅ​ក្នុង​ប្រទេស​​កម្ពុជា​ព្យា​យាម​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​រដ្ឋា​ភិបា​ល​នោះ ការ​បង្ហាញ​ការ​គាំទ្រ​របស់​លោក គ្រីស ដ័រ ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែលកំពុង​​កាន់អំណាច ​​មិន​បាន​ជួយ​អ្វីដល់​​កាសែត​​របស់​លោកទេ។

លោក មឿន ឈានណារិទ្ធ​ បាន​មាន​ប្រ​សាសន៍​ថា “សម្រាប់​ប្រជា​ជន​កម្ពុជា ពួកគេ​នឹង​មិន​គិត​ថា វា​ជា​បញ្ហា​ធំដុំ​នោះទេ​ ពី​ព្រោះ​សារព័ត៌​មាន​ភាគ​ច្រើន​នៅ​ទីនេះ​គាំទ្រ​រដ្ឋាភិ​បាល​…ប៉ុន្តែ​សម្រាប់​ជន​បរ​ទេ​ស​ដែល​មក​ពី​បស្ចិម​​ប្រទេស​​កាន់លទ្ធិ​ប្រ​ជា​ធិប​តេយ្យ ដែល​បណ្តាញ​ព័ត៌​មាន​របស់​ពួក​គេ​​មាន​លក្ខណៈ​ចាស់ទុំ​និង​ប្រកប​​ដោយ​វិជ្ជា​ជីវៈ​នោះ ពួក​គេ​នឹង​ងឿង​ឆ្ងល់​ថា ហេតុ​អ្វី​បា​ន​ជា​អគ្គនាយក​កាសែត​​ភ្នំពេញ​ប៉ុស្តិ៍​អប​អរ​សាទរ​គណបក្ស​ប្រជា​ជន​កម្ពុជា”។

លោកបាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា  សម្រាប់​អ្នក​អាន​ធម្ម​តា​ ពួកគេ​នឹង​មា​ន​ចម្ងល់​ដូច​គ្នា​ថា ហេតុ​អ្វី​បាន​ជា​បណ្តាញ​ព័ត៌​មាន​មួយ​ផ្ញើ​សារ​អប​អរបែប​នេះ​ចំពោះ​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ ខណៈ​ពេ​​ល​សាធារណ​ជន​​ទូទៅ​ជឿ​ថា មាន​ភាព​មិន​ប្រក្រតី​ច្រើន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នោះ​”។

កាល​ពីខែ​មុន​ សារតាមអ៊ីម៉េល​មួយ​​ចំនួន​ធំ​ដែ​ល​បែក​​ធ្លាយ ហើយ​ដែល​បាន​ចេ​ញ​ ផ្សាយ​ដោយគេហទំព័រ​​វីគីលីក​ (Wikileaks) នោះ បាន​បង្ហាញ​ពីទំនាក់​ទំ​នង​ចែក​រំលែក​ព័ត៌​មាន​​គ្នា​រវាង​ក្រុម​ហ៊ុន​ស៊ើប​អង្កេត​ឯក​ជន​មួយ ឈ្មោះ ​Stratfor ​ដែ​ល​មាន​មូល​ដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​និង​បណ្តាញ​ព័ត៌​មាន​ជា​ច្រើន​​នៅ​ទូទាំង​ពិ​ភពលោករួម​ទាំង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ផងដែរ​។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែ​ល​ភ្ជាប់​ជាមួយ​នឹង​អ៊ីម៉េល​ទាំង​នោះ វីគីលីក​បាន​សរសេរថា “ស្រប​ពេល​ដែល​ការ​ដោះ​ដូរ​ព័ត៌មាន​របស់​អ្នក​កាសែត​ ឬ​លក់​ព័ត៌មាន​ទៅ​ឲ្យ​អង្គភាព​ព័ត៌មាន​ដទៃ​ទៀត​អាច​​ទទួល​យក​បាន​នោះ​ ទំនាក់​ទំនង​ទាំង​នេះ​មាន​អំពើ​ពុក​រលួ​យ​ ពីព្រោះ​ក្រុម​ហ៊ុន Stratfor ​គឺ​ជា​ស្ថា​ប័ន​ស៊ីប​អង្កេត​ឯក​ជន​មួយ​ ដែល​បម្រើ​ឲ្យ​​រដ្ឋា​ភិបាល​ និង​អតិថិជន​ឯក​ជន​​​​” ​។

នៅ​ក្នុង​អត្ថបទ​មួយ​ដែល​ចុះ​ផ្សា​យ​កាល​​ពីថ្ងៃ​ទី​៦​​ខែ​មីនា​  ឆ្នាំ​មុន ​ប្រកាសតែ​ង​តាំង​លោក ​គ្រីស ដ័រ ជំនួស​លោក​ មួន រ៉ាម៉ាឌី ជា​​អគ្គ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នោះ​ លោក គ្រីស  ដ័រ បាន​ហៅ​​កាសែត​របស់​លោក​ថា ជា​ “បណ្តាញ​​ព័ត៌​មាន​ឯក​​រាជ្យ​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​​កម្ពុជា​”៕

ប្រែសម្រួលដោយ អ៊ូច សូនី​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស