មន្ត្រី និងប្រជាពលរដ្ឋក្នុងមូលដ្ឋានបាននិយាយថា កាលពីថ្ងៃសៅរ៍ អ្នកភូមិប្រហែល១០០នាក់នៅស្រុករវៀង ខេត្តព្រះវិហារបានចេញមកតវ៉ាជាលើកទី២ នៅសប្ដាហ៍នេះ ដើម្បីរារាំងគ្រឿងចក្រឈូសឆាយដី ដែលជាកម្មសិទ្ធិរបស់លោក ទ្រី ភាព ជាអ្នកជំនួញដ៏ល្បីល្បាញមិនឲ្យរានដីរបស់ពួកគាត់ ដែលស្ថិតនៅក្បែរចម្ការកៅស៊ូរបស់លោកនោះ។
លោក សៀក សុខា អាយុ៥២ឆ្នាំជាអ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិដែលធ្វើការតវ៉ាបាននិយាយថា លោកអភិបាលស្រុកបាននិយាយជាមួយគ្រួសារប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ហើយបានប្រាប់ពួកគាត់ថា អាជ្ញាធររានដីតំបន់នេះ ដើម្បីកំណត់ព្រំប្រទល់សម្បទានដីសង្គមកិច្ចទំហំ១.០០០ហិកតា សម្រាប់អ្នកភូមិជនជាតិភាគតិចកួយ ចំនួន២០០នាក់ ហើយថា អាជ្ញាធរមានគម្រោងកសាងភូមិថ្មីមួយ ដើម្បីតាំងទីលំនៅថ្មីសម្រាប់ប្រជាពលរដ្ឋ ដែលបាត់បង់ដីធ្លីរបស់ខ្លួន។
លោក សុខា បាននិយាយថា “យើងមិនជំទាស់នឹងផែនការរបស់ស្រុក ក្នុងការបង្កើតភូមិនោះទេ ប៉ុន្តែយើងមិនព្រមឲ្យគេបណ្ដេញចេញពីដី និងរុះរើផ្ទះសម្បែងរបស់យើងទេ”។ ដោយសំដៅដល់ការរានដីកាលពីថ្ងៃព្រហស្បតិ៍ ដែលក៏ត្រូវបានគ្រួសារប្រជាពលរដ្ឋរារាំងតាមរយៈការតវ៉ាផងដែរនោះ លោក សុខា បាននិយាយថា “យើងរារាំងការរានដីនេះពីព្រោះ… ពួកគេមិនបានជូនដំណឹងយើងអំពីការរានដីជាលើកទី២ទេ”។
នៅថ្ងៃដដែលនោះ អ្នកតវ៉ាជាង១០០នាក់ ដែលតំណាងឲ្យប្រជាពលរដ្ឋប្រហែល១០០គ្រួសារមកពីឃុំរមណីយ ដែលរស់នៅតំបន់ជាប់នឹងចម្ការកៅស៊ូរបស់លោក ទ្រី ភាព បានរារាំងគ្រឿងចក្ររបស់ក្រុមហ៊ុនលោក ពីព្រោះពួកគាត់ជឿថា ដីនេះកំពុងត្រូវបានរាន ដើម្បីពង្រីកចម្ការកៅស៊ូរបស់លោក ទ្រី ភាព ដែលគេប៉ាន់ប្រមាណថា មានទំហំប្រហែល១០.០០០ហិកតា។
លោក ឈិត អឿង នាយប៉ុស្ដិ៍ឃុំរមណីយបានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា ការរានដីនេះត្រូវបានផ្អាក ដើម្បីទុកពេលឲ្យគ្រួសារប្រជាពលរដ្ឋ និងអាជ្ញាធរអាចចរចាគ្នា។ ប៉ុន្តែកាលពីព្រឹកថ្ងៃសៅរ៍ គ្រឿងចក្រឈូសដីជាមួយនឹងសន្ដិសុខមួយក្រុមមានគ្នា១០នាក់ ដែលដឹកនាំដោយលោក ឯសារ៉ូអភិបាលស្រុករវៀងបានត្រឡប់មកវិញ ហើយចាប់ផ្ដើមរានដីមួយកន្លែងទៀត ស្ថិតនៅចម្ងាយប្រហែលប្រាំរយម៉ែត្រពីកន្លែងដែលត្រូវបានរានពីដំបូង។
លោក សៀក សុខា បាននិយាយថា លោកអភិបាលស្រុកបានអញ្ជើញអ្នកតវ៉ាឲ្យចូលរួមប្រជុំកាលពីថ្ងៃសៅរ៍ ប៉ុន្តែនៅពេលនោះលោកបែរជាមិនបានបង្ហាញខ្លួនទៅវិញ ហើយក្រោយមកលោក សារ៉ូ បានបន្ទោសថា កាលវិភាគដ៏មមាញឹករបស់លោកបានបណ្ដាលឲ្យលោកអវត្តមាន។ លោក សារ៉ូ បានមានប្រសាសន៍បន្ថែមកាលពីម្សិលមិញថា អ្នកភូមិយល់ខុសចំពោះវត្តមានរបស់គ្រឿងចក្រឈូសឆាយដីនេះ។
លោកបានមានប្រសាសន៍ថា “ប្រជាពលរដ្ឋព្រួយបារម្ភ ពីព្រោះពួកគាត់ខ្លាចថា យើងរានដីចម្ការ និងរុះរើផ្ទះសម្បែងរបស់ពួកគាត់។ ខ្ញុំបានប្រាប់ពួកគាត់ថា ឥឡូវនេះយើងគ្រាន់តែកំណត់ព្រំប្រទល់សម្បទានដីសង្គមកិច្ចតែប៉ុណ្ណោះ ប៉ុន្តែពួកគាត់មិនអនុញ្ញាតឲ្យយើងធ្វើដូច្នេះទេ”។ នៅពេលសួរថា តើដីដែលត្រូវបានរានកាលពីថ្ងៃសៅរ៍ ក៏ជាផ្នែកមួយនៃសម្បទានដីសង្គមកិច្ច ដែលបានរាយការណ៍ឬយ៉ាងណានោះ លោក សារ៉ូ បានមានប្រសាសន៍ថា លោកមិនដឹងច្បាស់ថា សម្បទានដីសង្គមកិច្ចចាប់ផ្ដើមនិងបញ្ចប់ត្រឹមណានោះទេ។ បន្ទាប់មកលោក សារ៉ូ បានទទួលស្គាល់ថា តំបន់ដែលបច្ចុប្បន្នកំពុងត្រូវបានរានដោយក្រុមហ៊ុន ទ្រី ភាព នេះស្ថិតនៅចម្ងាយប្រហែលមួយគីឡូម៉ែត្រក្រៅតំបន់សម្បទានដីសង្គមកិច្ច ដែលបានស្នើនោះ។
លោក ឡោ ចាន់ អ្នកសម្របសម្រួលប្រចាំខេត្តមកពីអង្គការសិទ្ធិមនុស្សអាដហុក ដែលមានវត្តមាននៅក្នុងការតវ៉ាកាលពីថ្ងៃសៅរ៍នោះ បានមានប្រសាសន៍ថា បើទោះបីជាផ្នែកនៃសម្បទានដីសង្គមកិច្ច ដែលតាមព័ត៌មានថា ត្រូវបានលៃលកសម្រាប់គ្រួសារជនជាតិភាគតិចកួយក៏ដោយ ក៏លោកជឿថា ផ្នែកនៅសល់នៃដីនេះនឹងត្រូវលក់ទៅឲ្យក្រុមហ៊ុន ទ្រី ភាព។ លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា អាជ្ញាធរកំពុងរានដីឲ្យលោកឧកញ៉ា ទ្រី ភាព ពីព្រោះគ្រឿងចក្រឈូសឆាយដី និងអ្នកបើកបរសុទ្ធតែមកពីក្រុមហ៊ុនទ្រី ភាព ហើយអាជ្ញាធរបានផ្ដល់ហេតុផលខុសគ្នាអំពីមូលហេតុនៃការរានដីនេះ”៕
ប្រែសម្រួលដោយ អ៊ូច សូនី