38 C
Phnom Penh

​សង្គម​ស៊ីវិល​ជំរុញឲ្យ​មានការ​​​​កែទម្រង់​ប្រព័ន្ធបោះឆ្នោត​ ខណៈ​វិវាទ​ឈានដល់ខែទីបួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​ដែ​ល​វិវាទ​ជុំវិញ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណា​ង​រាស្ត្រ​កាល​ពី​ខែកក្កដា ឈាន​ចូល​ដល់ខែទី​បួននេះ​ អង្គការ​​សង្គម​ស៊ីវិល​មួយ​​​ឈ្មោះ​ថា សម្ពន្ធ​កែ​ទម្រង់​​ប្រព័ន្ធបោះឆ្នោត​ (Electoral Reform Alliance, ERA) គ្រោងនឹង​ចេញ​​ផ្សាយរបាយការណ៍​ស៊ីជម្រៅ​មួយ ​ស្តីពី​ភាព​មិន​ប្រក្រតី​យ៉ាង​ច្រើនដែល​ត្រូវ​បានកត់ត្រា​អំឡុង​ពេល​​បោះ​ឆ្នោត​។

លោកស្រី​ ឡូរ៉ា​ ថនតុន (Laura Thornton) ​ នាយិកា​វិទ្យាស្ថាន​ជាតិប្រជាធិបតេយ្យ​ ដែល​​មាន​មូល​ដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក​​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​ជាសមាជិកក្នុងអង្គការ​សម្ពន្ធភាព​នេះបាន​លើកឡើង​កាល​ពីម្សិល​មិញថា  របាយ​ការណ៍​នេះ​នឹង​ត្រូវ​បានចេញ​ផ្សាយ បន្ទាប់ពី​សេចក្តីព្រាង​ច្បាប់​​មួយ ដែល​ត្រូវ​បាន​ស្នើ​ឡើង​​ ដើម្បី​ធ្វើ​យត​កម្ម​លើការ​បោះឆ្នោត​ និង​យុទ្ធ​នាការ​ឃោសនា នៅ​តាម​​ ​មូល​ដ្ឋាន​​ ដើម្បី​ប្រមូល​សំឡេង​​​​គាំទ្រ​ឲ្យ​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​។

លោកស្រី ថន​តុន បាន​មាន​ប្រសាសន៍​ថា “បញ្ហានេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​មិន​សប្បាយ​  ចិត្ត​ខ្លះ​ ចំពោះលទ្ធផល​នៃការ​បោះឆ្នោត​ និង​ពិត​​​ជា​ធ្វើ​ឲ្យ​មាន​ការ​ទាម​ទារ​ពីសំណាក់​ប្រជា​ពល​រដ្ឋ ឲ្យ​មាន​ការ​កែ​ទម្រង់​ ហើយ​នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​សន្យា​ធ្វើ​ការ​កែទម្រង់​ឲ្យ​បាន​សម​ស្រប​ផង​ដែរ​”។ ​ លោក​ស្រី​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែមទៀតថា ការ​​​​ស៊ើប​អង្កេតដែល​ធ្វើ​ឡើង​ដោយ​​អង្គការសម្ពន្ធ​កែ​​​ទម្រង់​ប្រព័ន្ធ​​​បោះ​ឆ្នោត​ នឹង​ត្រូវ​បាន​ប្រើ​សម្រាប់កែលម្អប្រព័ន្ធ​បោះឆ្នោត​ឲ្យ​​​មាន​​​ភាព​ប្រសើរ​ឡើង​នាពេល​អនាគត​ មិន​មែន​កែ​ប្រែ​លទ្ធផល​នៃការ​បោះឆ្នោត​នៅ​ក្នុងឆ្នាំ​នេះ​​ទេ​។

ខណៈដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ជាផ្លូវ​ការ​នូវ​អាសនៈ​ចំនួន​៦៨ក្នុង​ចំណោម​១២៣​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា ពួក​​គេ​ត្រូវ​បាន​លួច​ជ័យ​ជម្នះ​ដោយ​សារ​តែ​មាន​ការ​លួច​បន្លំ​យ៉ាងច្រើន និង​បាន​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ការ​បោះឆ្នោត​នេះ​។ គណបក្ស​​សង្គ្រោះជាតិ​បានបដិសេធ​មិន​ទទួល​យក​អាសនៈ​របស់ខ្លួននៅ​ក្នុងរដ្ឋសភា។

គណបក្សប្រជាជន​កម្ពុជា​បាន​ប្តេជ្ញា​​ជា​គោល​ការណ៍​ថា នឹងធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ បន្ទាប់​ពីការ​ចរ​ចា​ថ្នាក់​កំពូល​ជា​មួយគណបក្ស​ប្រឆាំ​ង កាល​ពី​ខែមុន ក៏​ប៉ុន្តែ មិន​បាន​គូស​បញ្ជាក់​អំពី​អ្វី​ដែលខ្លួន​ត្រូវ​ធ្វើ​​នោះទេ​។ ​គណបក្ស​កាន់​អំណាច​​មាន​គម្រោង​រៀបចំ​សិក្ខាសាលាទាក់ទង​នឹងការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​ក្នុង​ខែ​ធ្នូ​ខាងមុខ។

លោក​ស្រី ថនតុន បាន​បន្ថែមទៀត​ថា សម្ពន្ធកែទម្រង់​ប្រព័ន្ធ​បោះឆ្នោត ដែល​រាប់​បញ្ចូល​ទាំងគណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ (ហៅ​កាត់​ថា ខុមហ្វ្រែល) និង​អង្គការ​តម្លា​ភាពអន្តរជាតិ ​(Transparency International Cambodia) នឹងជំរុញ​​ឲ្យ​មាន​ការ​កែ​ទម្រង់​ទាំង​មូលលើ​ប្រព័ន្ធ​បោះ​ឆ្នោត​។

លោក​ស្រីបាន​មាន​ប្រសាសន៍ថា “តាម​ទស្សនរបស់​យើង​​ យើង​កំពុង​តែ​ពិភាក្សា​អំពី​ការ​កែ​ទម្រង់ពេញ​លេញ​មួយ​ មានទាំង​ការ​តាក់​តែង​ច្បាប់​បោះឆ្នោត​ឡើង​វិញ​ និង​ការ​កែ​ទម្រង់​គណៈកម្មាធិការ​​ជាតិ​រៀបចំការ​បោះ​​ឆ្នោត​ (​គ.ជ.ប.) ផង​ដែរ។ ខ្ញុំមិន​ប្រាកដ​ថា តើ​រដ្ឋាភិ​បាល​យល់​បែបនេះដែរ ឬ​យ៉ាង​ណា​នោះ​ទេ​ ក៏​ប៉ុន្តែ នោះ​គឺមិន​មែន​ជា​គំនិត​ថ្មីឡើយ​ ពួកគេត្រូវ​បាន​ផ្តល់​អនុសាសន៍​​រួច​រាល់​កាលពីពេលមុន​”។

អត្ថ​បទ​ដកស្រង់​ចេញពី​របាយការណ៍​ ដែល​សម្ពន្ធកែទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ ចេញ​​ ផ្សាយ​​នាពេលខាងមុខ បង្ហាញថា ​អ្នក​បោះ​ឆ្នោត​​​​​ជា​ច្រើន​នាក់​​ ដែល​បាត់សិទ្ធិ​បោះ​ឆ្នោត​ គួបផ្សំជាមួយ​នឹង​ការចេញ​លិខិត​បញ្ជា​ក់​​​អត្តសញ្ញាណ​សម្រាប់​ការ​បោះឆ្នោត​ជាង​មួយ​លាន​ច្បាប់​ ដែល​ត្រូវ​បានចែក​ចាយ​ដោយ​មន្ត្រី​មូល​ដ្ឋាន​ស្មោះ​ត្រង់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​បង្ហាញ​​ការ​​​ព្រួយ​បារម្ភថា លទ្ធផល​នៃការ​បោះឆ្នោត​​កាល​ពីខែ​កក្កដា នេះប្រហែលជា​មិន​​ឆ្លុះ​បញ្ចាំង​​ឲ្យ​ឃើញ​ឆន្ទៈ​​របស់​អ្នក​បោះ​ឆ្នោត​ទេ​ ខណៈ​ដែល​ត្រូវ​បាន​ក្រុម​អ្នក​សង្កេត​ការណ៍​ការ​បោះឆ្នោត​ព្រមាន​​​​ជាមុន​។

របាយការណ៍​នេះ​មាន​ខ្លឹម​សារ​ថា “ដូច​ជា​នៅថ្ងៃ​បោះឆ្នោត​ ការ​ព្រមាន​ពិត​ជា​កើត​ឡើង​ជាក់ស្តែង​ ពីព្រោះ​ប្រជាពល​រដ្ឋ​ដែល​មាន​សិទ្ធិ​ទទួល​បាន​ប័ណ្ណ​ពិត​ប្រាកដ​ត្រូវ​បាន​មិនឲ្យ​ចូលការិយាល័យបោះឆ្នោត​ ខណៈ​ពេល​​ដែលមាន​​រថយន្ត​​ដឹក​​ជន​ដែល​សហ​គមន៍​មិន​ស្គាល់ ​​ទៅកាន់ការិយាល័យ​បោះ​ឆ្នោត​ ដើម្បីបោះឆ្នោត​ដោយ​មិន​ប្រើ​ឯក​សារ​​​​​អត្តសញ្ញាណ ឬក៏​លិខិត​បញ្ជាក់​អត្ត​សញ្ញា​​ណ​​​សម្រាប់​ការបោះឆ្នោតទេ​”។​ របាយការណ៍​នេះ​មានខ្លឹម​សារ​បន្ត​ទៀត​ថា “ប្រសិន​បើ​​ចំនួន​​ប្រជាពល​រដ្ឋ​ដ៏​ច្រើន​ដែល​​​បានបាត់សិទ្ធិ​​បោះឆ្នោត​ទាំង​នោះ​ត្រូវ​បាន​អនុញ្ញាតឲ្យ​បោះឆ្នោត​ ហើយ​ប្រសិន​បើ​ការ​បោះឆ្នោត​​ខុស​ច្បាប់​ត្រូវ​បាន​ទប់​ស្កាត់​ គេ​មិន​ច្បាស់​ថា ​តើ​លទ្ធផល​នៃការ​បោះ​ឆ្នោត​​ ពិ​ត​ប្រាកដ​នឹងទៅជា​យ៉ាងណា​ទេ​”៕

ប្រែ​​​សម្រួល​​​ដោយ ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស