ខណៈមន្ត្រីថៃ និងមន្ត្រីកម្ពុជានៅក្នុងក្រុងប៉ោយប៉ែតបានប្ដេជ្ញារក្សាទំនាក់ទំនងទ្វេភាគីឲ្យនៅល្អមុនពេលតុលាការយុត្តិធម៌អន្តរជាតិប្រកាសសាលក្រមពាក់ព័ន្ធនឹងវិវាទព្រំដែនដែលគេទន្ទឹងរង់ចាំជាយូរមកហើយនោះ កងទ័ពកម្ពុជារាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាក្បែរតំបន់ព្រំដែននេះ កាលពីម្សិលមិញ។
មន្ត្រីយោធាដែលឈរជើងនៅក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា កងទ័ពបានមកតំបន់នេះដើម្បីទទួលអំណោយពីកូនៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលរួមមានទាំងលោក ហ៊ុន ម៉ាណែត ឧត្តមសេនីយ៍ឯកក្នុងជួរកងយោធពលខេមរភូមិន្ទ ប៉ុណ្ណោះ។
លោក ជា តារា នាយឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ថា “ថ្ងៃនេះកូនប្រុសនាយករដ្ឋមន្ត្រីរបស់យើង គឺលោក ហ៊ុន ម៉ាណែត និងប្អូនស្រីរបស់ខ្លួនគឺអ្នកស្រី ហ៊ុន ម៉ាណា បានមកចែកអំណោយជាស្បៀងអាហារ និងប្រាក់កាសដល់គ្រួសារកងទ័ពកងយោធពលខេមរភូមិន្ទគ្រប់ៗរូប ក្នុងនោះក៏មានអាវរងាសម្រាប់កងទ័ពរបស់យើងផងដែរ ព្រោះថារដូវរងាបានចូលមកដល់ហើយ”។
ឧត្តមសេនីយ៍ ជា តារា បានឲ្យដឹងថា កូនៗរបស់លោកនាយករដ្ឋមន្ត្រីមិនបានទៅដល់់ប្រាសាទព្រះវិហារ ដែលជាតំបន់មានជម្លោះ ហើយបណ្ដាលឲ្យមានការប្រយុទ្ធបង្ហូរឈាមជាមួយភាគីថៃប៉ុន្មានលើកមកហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺគ្រាន់តែបានទៅសួរសុខទុក្ខកងទ័ពនៅក្នុងមូលដ្ឋានមួយក្បែរនោះប៉ុណ្ណោះ។ លោកបានបដិសេធមិនបញ្ជាក់ថា តើមានកងទ័ពចំនួនប៉ុន្មានឲ្យប្រាកដ ដែលបានមកចូលរួមក្នុងពិធីចែកអំណោយនេះទេ ដោយគ្រាន់តែបានបង្ហើបឲ្យដឹងថា មានចំនួនលើសពី១.០០០នាក់។
លោកបានឲ្យដឹងថា ស្ថានភាពនៅតាមបណ្ដោយព្រំដែន គឺមានសភាពស្ងប់ស្ងាត់ ហើយគ្មានអ្វីខុសប្រក្រតីជុំវិញការពង្រឹងកម្លាំងនៅមូលដ្ឋាននេះទេ។
លោកបានមានប្រសាសន៍ថា “ព្រំដែនរបស់យើងនៅប្រាសាទព្រះវិហារ គឺពុំមានបញ្ហាអ្វីទេ ទោះបីភាគីថៃបានចល័ត ឬផ្លាស់ប្ដូរកងកម្លាំងរបស់ខ្លួនក៏ដោយ។ កងទ័ពកម្ពុជារបស់យើងកំពុងរស់នៅដូចសព្វមួយដង”។
វរសេនីយ៍ឯក មាស យឿន មេបញ្ជាការរងកងយោធពលខេមរភូមិន្ទប្រចាំខេត្តនេះ បានឲ្យដឹងថា អំណោយទាំងនោះរួមមានថ្នាំពេទ្យ និងគ្រឿងឧបភោគបរិភោគ ដូចជា សាច់ជ្រូក ត្រីងៀត និងបន្លែជាដើម។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឲ្យដឹងថា កងទ័ពកម្ពុជាកំពុងត្រូវបានដាក់ពង្រាយឡើងវិញនៅក្នុងខេត្តនេះ មែន ប៉ុន្តែលោកបានបដិសេធមិនបរិយាយលម្អិតទេ ហើយបានសង្កត់ធ្ងន់ថា វាគ្មានអ្វីខុសពីប្រក្រតីឡើយ។ លោកបានមានប្រសាសន៍បន្តថា “យើងត្រូវផ្លាស់ប្ដូរកងទ័ពមួយចំនួននៅតំបន់មួយចំនួន ដូច្នេះវាគ្មានអ្វីថ្មីទេ”។
គួរបញ្ជាក់ថា ការដាក់ពង្រាយកងទ័ពឡើងវិញនេះ គឺធ្វើឡើងរយៈពេលតែពីរសប្ដាហ៍ប៉ុណ្ណោះមុនពេលតុលាការយុត្តិធម៌អន្តរជាតិចេញសាលក្រមដែលត្រូវបានគេទន្ទឹងរង់ចាំជាយូរមកហើយនៅថ្ងៃទី១១ ខែវិច្ឆិកា។ សាលក្រមនេះគឺនឹងកំណត់ថា តើប្រទេសមួយណាជាម្ចាស់ដីទំហំ៤,៦គីឡូម៉ែត្រក្រឡាក្បែរប្រាសាទព្រះវិហារ។ គួររំឭកផងដែរថា កងទ័ពថៃ និងកងទ័ពកម្ពុជាធ្លាប់បានធ្វើការប្រយុទ្ធគ្នា បណ្ដាលឲ្យមានមនុស្សស្លាប់រយៈពេលប៉ុន្មានថ្ងៃជាប់គ្នានៅទីនោះ កាលពីដើមឆ្នាំ២០១១។
លោក ធី តារា ដែលធ្វើការជាមួយនឹងអង្គការ Jesuit Relief Service of Cambodia ក្នុងខេត្តនេះ បានឲ្យដឹងថា ខ្លួនបានឃើញកងទ័ពប្រដាប់អាវុធរាប់ពាន់នាក់មកតំបន់នេះតាំងពីថ្ងៃសុក្រមកម៉្លេះ។ លោក តារា បានបន្ថែមថា ខ្លួនបានឃើញរថយន្តដឹកកងទ័ពបំពាក់អាវុធស្វ័យប្រវត្តិជាង២៥គ្រឿងធ្វើដំណើរឆ្ពោះទៅព្រំដែនកាលពីថ្ងៃសុក្រ កាត់តាមស្រុករវៀង។ នៅពេលធ្វើដំណើរកាត់ស្រុកគូលែន កាលពីថ្ងៃម្សិលមិញ លោកបានឃើញកងទ័ពរាប់រយនាក់បោះជំរំនៅតាមបណ្ដោយផ្លូវនោះ។
លោកបានមានប្រសាសន៍ថា “វាជារឿងចម្លែកមួយដែលយើងឃើញកងទ័ពគ្រប់កន្លែងបែបនេះ។ ខ្ញុំមិនដែលឃើញកងទ័ពនៅទីនោះទេពីមុនមក”។
ថៃ និងកម្ពុជា បានដកកងទ័ពរបស់ខ្លួនចេញពីតំបន់ប្រាសាទព្រះវិហារតាមសេចក្ដីបង្គាប់របស់តុលាការយុត្តិធម៌អន្តរជាតិក្នុងឆ្នាំ២០១២ ប៉ុន្តែបានរក្សាទុកកងទ័ពនៅតំបន់ក្បែរនោះដដែល។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋាភិបាលទាំងពីរបានជំរុញកងទ័ពរបស់ខ្លួនឲ្យរក្សាភាពស្ងប់ស្ងៀមមុនការប្រកាសសាលក្រមនៅខែក្រោយ ដោយសារមានការព្រួយបារម្ភថា វាអាចបង្កឲ្យមានការប្រយុទ្ធគ្នាជាថ្មីទៀត ហើយបានប្ដេជ្ញាអនុវត្តតាមសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិទោះបីជាសេចក្ដីសម្រេចនោះមានខ្លឹមសារយ៉ាងណាក៏ដោយចុះ។ រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរបានដឹកនាំកិច្ចប្រជុំបន្ទាន់មួយនៅក្នុងក្រុងប៉ោយប៉ែត កាលពីម្សិលមិញនេះ។
ឧត្តមសេនីយ៍ ទៀ បាញ់ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ បានឲ្យដឹងថា ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីពីការប្ដេជ្ញារបស់ខ្លួនក្នុងការបញ្ចៀសការប្រើអំពើហិង្សា ទោះជាសាលក្រមពីតុលាការមានសេចក្ដីសម្រេចបែបណាក៏ដោយ”។ លោកបានថ្លែងថា “យើងនឹងមិនបណ្ដោយឲ្យមានការប្រឈមមុខដាក់គ្នាទេ ព្រោះភាគីរបស់យើងនឹងប្រកាន់ជំហរអហិង្សា ហើយភាគីថៃនឹងធ្វើដូចគ្នាដែរ។ យើងដាច់ខាតមិនបណ្ដោយឲ្យភាគីទាំងពីរប៉ះទង្គិចគ្នាទេ ហើយយើងនឹងរក្សាកិច្ចសហប្រតិបត្តិការ”។ លោកបានបដិសេធមិនបញ្ជាក់ថា តើភាគីទាំងពីរកំពុងចាត់វិធានការអ្វី ដើម្បីធានាឲ្យបានថា ភាគីទាំងពីរនឹងចៀសផុតពីការប៉ះទង្គិចគ្នាទេ ហើយក៏មិនធ្វើអត្ថាធិប្បាយអំពីខ្លឹមសារនៃកិច្ចប្រជុំនេះដែរ៕ (សេរីវុធ)
(រាយការណ៍បន្ថែមដោយ ឃី សុវុឌ្ឍី និង Zsombor Peter)