38.1 C
Phnom Penh

កម្ពុជា​មិនបាន​ដាក់​របាយការ​ណ៍សិទ្ធិ​មនុស្ស​​ទៅ​អង្គការ​សហប្រជាជាតិ​តាម​ពេល​កំណត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ម៉ក់ សម្បត្តិ អនុ​ប្រធាន​គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋា​ភិបាល​​មាន​ប្រសា​​​សន៍​ថា កាល​ពីម្សិល​មិញ​ប្រទេស​​​កម្ពុជា​​​​មិន​បាន​ដាក់​ជូន​របាយ​ការណ៍​សិទ្ធិ​មនុស្ស​ដ៏សំខាន់​​​​​មួយ ​ដែល​មាន​ឈ្មោះ​ថា ​របាយការណ៍​​​ត្រួត​​ពិនិត្យ​​ជា​សាកល​​ និង​ទៀងទាត់​ ទៅ​កាន់​អង្គកា​រ​​​​សហ​ប្រជា​ជាតិតាម​កាល​កំណត់​ឡើយ។

លោក សម្បត្តិ បាន​មាន​ប្រសាសន៍​ថា ការ​​មិន​បាន​ដាក់​ជូន​​របាយការណ៍​តាម​កាល​កំណត់​នេះ ឥឡូវ​នេះ​រដ្ឋា​ភិបាល​សង្ឃឹម​ថា នឹង​ដាក់​ជូន​របាយ​ការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ​​​​ ទៅ​ទីក្រុង​ហ្សឺណែវ។ លោក​បាន​មាន​ប្រសាសន៍​ពី​មូល​ហេតុ​ក្នុង​ការ​ខក​ខាន​មិន​បាន​ដាក់​ជូន​តាម​ពេល​កំណត់​នេះដែល​ធ្វើ​ឡើង​រៀង​រាល់​បួន​ឆ្នាំ​ម្តង​​​​ថា “លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​បញ្ជា​​​​ឲ្យ​បញ្ចូល​ព័ត៌​មាន​បន្ថែម​ទៀត​អំពី​ទស្សន​​​​វិស័យ​របស់​រដ្ឋា​ភិបាល​ក្នុង​អាណត្តិ​ទី​៥​នេះ ដើម្បី​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ”។ “ របាយ​ការណ៍​នេះ​នឹង​ប្រាប់​អង្គការ​សហ​ប្រជា​ជាតិ​ថា រដ្ឋា​ភិបាល​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុងការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​​ជា​​​មូល​ហេតុ​ដែល​រដ្ឋា​ភិបាល​នឹង​អនុវត្ត​នៅ​ដើម​​​​ឆ្នាំ​ក្រោយ​នូវ​ច្បាប់​សំខាន់ៗ​មួយ​ចំនួន”។

យោង​តាម​លោក សម្បត្តិ បាន​ឲ្យ​ដឹង​ថា ច្បាប់​ដែល​ស្នើ​ឡើងនេះ​ពាក់​ព័ន្ធ​នឹង​លក្ខន្តិកៈ​​​​ចៅក្រម​ និង​ព្រះ​រាជ​អាជ្ញា​ ការ​ធ្វើ​វិសោធន​​​កម្ម​​​​ច្បាប់​ស្តី​ពី​ការ​រៀប​ចំ​និង​ការ​ប្រព្រឹត្ត​​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម និង​ច្បាប់​ស្តី​ពី​ការ​រៀប​ចំ​តុលាការ​។ លោក សម្បត្តិ បាន​បដិសេធ​មិន​ផ្តល់​ច្បាប់​ចម្លង​នៃ​របាយការណ៍​នោះ​ឡើយ។

លោក ធន សារាយ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​អាដ​ហុក បាន​មាន​ប្រសាសន៍​​​​ថា ការ​បន្ថែម​នៅនាទី​ចុង​ក្រោយ​ពាក់​ព័ន្ធ​​នឹង​កំណែ​ទម្រង់​តុលាការ​នេះអាច​ជា​ការ​ព្យា​យាម​​​​របស់​រដ្ឋា​ភិបាល​ដើម្បី​​បង្វែរការ​ចាប់​អារម្មណ៍​​​របស់​​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​ចេញ​ពី​ស្ថាន​ភាព​នយោ​បាយ​បច្ចុ​ប្បន្ន​ និង​កំណត់​ត្រាសិទ្ធិ​មនុស្ស​ដែល​កាន់​តែ​យ៉ាប់​យ៉ឺន​របស់​ប្រទេស​កម្ពុជា។

លោក ធន សារាយ ក៏​​​បានមាន​ប្រសា​សន៍​​​ដែរថា “ខ្ញុំ​​​​គិត​ថា ​រ​ដ្ឋាភិបាល​ចង់​បង្ហាញ​ពី​ចំណុច​ល្អៗ​ដល់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ ជា​ពិសេស​ពាក់​ព័ន្ធ​​​​ទៅ​នឹង​កំណែ​ទម្រង់​តុលា​ការ​ ដែល​​​​ជា​​​​បញ្ហា​​​​ដ៏​ចម្បង​ និង​ជា​បញ្ហា​នយោ​បាយ​ពិត​ប្រាកដ​​ដែលអ្នក​​ធ្វើ​របាយ​ការណ៍​ពិសេស​របស់​អង្គការ​​​​សហ​ប្រជា​ជាតិ​បាន​លើក​ឡើង​”។ លោក​បាន​មាន​ប្រសាសន៍​ថា “ការ​ប្តេជ្ញា​ចិត្តខ្ពស់​នេះគឺ​ល្អ​តែ​នៅ​លើ​ក្រដាស​ប៉ុណ្ណោះ​ ប៉ុន្តែ វា​មិន​ទាន់​គ្រប់​គ្រាន់​ទេ​”។

នៅ​ក្នុង​របាយការណ៍​ថ្មី​បំផុត​របស់​លោក​ជូន​​ទៅ​​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ទី​​​ក្រុង​​​​ហ្សឺណែវនោះ កាល​ពី​ខែ​មុន លោក សុរិយា ស៊ូបេឌី អ្នក​ធ្វើ​របាយ​ការណ៍​ពិសេស​របស់​អង្គការ​​​​សហ​ប្រជា​ជាតិ​ទទួលបន្ទុកសិទ្ធិ​មនុស្ស​​​​បាន​រិះ​គន់​ពី​ប្រព័ន្ធ​តុលាការ​ និង​សភា​ដ៏​​ទន់​ខ្សោយ​ក្នុង​ប្រទេស​កម្ពុជា​ ព្រោះ​វា​​​​​​​ពាក់​ព័ន្ធ​នឹង​បរិបទ​​បោះ​ឆ្នោត​ ដែល​ការ​បោះ​ឆ្នោត​​មួយ​ចំនួន​មិន​ទាន់ចាត់ទុកថា ​​សេរី និង​ត្រឹម​ត្រូវឡើយ”។

លោក ស៊ូបេឌី បាន​លើកឡើង​ដដែល​ៗ​ថា រដ្ឋា​ភិបាល​មិន​បាន​ដោះ​ស្រាយ​កង្វល់​របស់​​​​លោក​ជុំវិញ​កំណែ​ទម្រង់​ច្បាប់​បោះ​ឆ្នោត និង​​​​ប្រព័ន្ធ​តុលា​ការ​ឡើយ។ ប្រសិន​បើ​រដ្ឋា​ភិបាល​ដាក់​ជូន​របាយ​ការណ៍​​​​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធមែននោះ វា​នឹង​ជាលើក​ទី២​ហើយ​ដែល​ប្រទេស​កម្ពុជា​មាន​​​​ការ​​​​ពិនិត្យជា​សាកល​និង​ទៀង​​​ទាត់​ ដែល​នៅ​​​​​​​ក្នុង​នោះ​​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ពិនិត្យ​មើល​​​​អំពី​កំណត់ត្រា​សិទ្ធិ​មនុស្ស​​របស់​​​ប្រទេស​​​​ជា​សមាជិក​អង្គការ​សហ​ប្រជា​ជាតិ​នីមួយៗរៀង​រាល់​បួន​ឆ្នាំ​ម្តង។

បន្ទាប់​ពី​ការ​​ពិនិត្យ​មើល​លើក​ដំបូង​​នៅ​​​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០០៩ ក្រុម​ប្រឹក្សា​នេះ​បាន​​​​ផ្តល់​អនុសាសន៍​៩១​ចំណុច​ដែល​ក្នុង​នោះ​​​​ទាក់​ទង​នឹង​កំណត់ត្រា​​​ស្តី​ពី​ការ​បណ្តេញ​​​ពីដី​ធ្លីដោយ​បង្ខំក្នុង​ប្រទេស​កម្ពុជា ការ​រឹត​ត្បិត​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​កង្វះ​ឯករាជ​ភាព​​ក្នុង​ប្រព័ន្ធ​តុលាការ​ជា​ដើម។ មុន​ពេល​ដាក់​ជូន​របាយការណ៍​កាល​ពី​ឆ្នាំ​២០០៩​រដ្ឋា​ភិបាល​បាន​ស្វះ​ស្វែង​រក​ទិន្ន​ន័យ​ពី​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ទាំង​ក្នុង​ស្រុក​និង​អន្តរ​ជាតិ​។

លោក សម្បត្តិ បាន​អះ​អាង​ថា នៅ​ពេល​នេះ​រដ្ឋា​ភិបាល​មិន​បាន​ឆ្លង​កាត់​​ដំណើរ​ការ​ពិគ្រោះ​យោបល់​ទេ ពី​ព្រោះ​រដ្ឋា​ភិបាល​មិន​ពេញ​ចិត្ត​នឹង​ការ​រិះ​គន់​ ពី​សំណាក់​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ទាំង​នេះ។ លោក​បាន​មាន​ប្រសាសន៍​ថា “អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​មិន​បាន​អនុ​វត្ត​តាម​​​តួនាទី​របស់​ខ្លួន​ទេ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ​ពួក​គេ​បាន​ធ្វើ​ការ​ដូ​ច​ជា​គណ​បក្ស​ប្រឆាំង ធ្វើការ​រិះ​គន់មិនល្អ​ទៅ​វិញ”។

លោក ធន សារាយ បាន​មាន​ប្រសា​សន៍​ថា “ការិះ​គន់មិនល្អ​នេះហើយ គឺ​ជា​មូល​ហេតុ​​​​ដែលនៅ​នាទី​ចុងក្រោយ​ រដ្ឋា​ភិបាល​ដាក់​បន្ថែម​​​​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ទៅក្នុង​​របាយ​ការណ៍​សិទ្ធិ​មនុស្ស​របស់​ខ្លួន”។ លោក ធន​ សារាយ បាន​មាន​ប្រសា​សន៍​ថា “ឥឡូវ​នេះ​ពួក​គេ​ទទួល​ស្គាល់​នូវ​ចំណុច​​​ខ្សោយ​​​​​​នៃ​ប្រព័ន្ធ​តុលាការ ​ ​ដូច្នេះ​ហើយ​​​ អង្គការ​​​​ក្រៅ​រដ្ឋា​ភិបាល​មិន​មែន​​រិះ​គន់​ក្នុង​ន័យ​មិន​​​​​ស្ថាប​នា​ឡើយ​ យើង​បាន​និង​កំពុង​ពិភាក្សា​អំពី ​​​[កង្វះ​​ឯក​រាជ​ភាព​] នៃ​ប្រព័ន្ធ​តុលាការ​ក្នុង​ប្រទេស​កម្ពុជា​ជា​យូរ​មក​ហើយ​”។ លោក​បាន​មាន​ប្រសាសន៍​ថា “ពួក​គេ​ត្រូវ​​​​តែ​ទទួល​ស្គាល់​ថា ការ​រិះ​គន់​ទាំង​នេះ​ គឺ​ពិត​ប្រាកដ​ ហើយ​ការ​រិះ​គន់​ទាំងនេះ​ល្អ​ ហើយ​គេ​ត្រូវ​តែ​ទទួល​ស្គាល់​នូវ​ចំណុចខ្សោយទំាង​អស់នេះ”៕ (សារុន​​​​)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស