លោក ស ចំរ៉ុង អភិបាលខេត្តក្រចេះ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា រូបសំណាករណសិរ្សសាមគ្គីគណបក្សប្រជាជនកម្ពុជាសម្រាប់ អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលត្រូវបានសាងសង់ដោយចំណាយប្រាក់បីលានដុល្លារ នៅក្នុងស្រុកស្នួល ខេត្តក្រចេះ នឹងត្រូវបញ្ចប់នៅក្នុងខែវិច្ឆិកាខាងមុខនេះ។
លោក ស ចំរ៉ុង បានឲ្យដឹងថា គណៈប្រតិភូ គណបក្សប្រជាជនកម្ពុជាមួយក្រុមដឹកនាំដោយលោក ហេង សំរិន ប្រធានរដ្ឋសភា និងលោក គង់ សំអុល រដ្ឋមន្ត្រីព្រះបរមរាជវាំង បានចុះទៅត្រួតពិនិត្យមើលសំណង់នេះកាលពីថ្ងៃអាទិត្យ ដើម្បីត្រៀមរៀបចំពិធីរំឭកខួបទី៣៥នៃរណសិរ្សនេះ និងជំនួបប្រចាំឆ្នាំ នៅថ្ងៃទី២ ខែធ្នូ។
លោកបានមានប្រសាសន៍ថា “ការសាងសង់រូបសំណាកនេះនឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ ហើយនឹងត្រូវសម្ពោធក្នុងខែវិច្ឆិកា”។ លោកបានឲ្យដឹងបន្ថែមទៀតថា ការសាងសង់សាលាបឋមសិក្សាថ្មីមួយ និងសារមន្ទីរមួយនៅជិតរូបសំណាកនេះក៏នឹងត្រូវបញ្ចប់នៅក្នុងខែវិច្ឆិកាផងដែរ។ ផែនការសាងសង់រូបសំណាកមានកម្ពស់៤១ម៉ែត្រត្រូវបានប្រកាសកាលពីខែធ្នូឆ្នាំ២០១១ ដើម្បីរំឭកពីការបង្កើតរណសិរ្សនេះនៅក្នុងស្រុកស្នួល កាលពីឆ្នាំ១៩៧៨។ នៅពេលនោះរណសិរ្សនេះត្រូវបានគេហៅ ថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។
នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងកម្លាំងវៀតណាមបានបង្កើតសមាជិករណសិរ្សនេះជាមេដឹកនាំកម្ពុជា ក្រោយរបបខ្មែរក្រហម។ ក្នុងឆ្នាំ២០០៦ រណសិរ្សនេះបានប្តូរឈ្មោះរបស់ខ្លួនទៅជារណសិរ្សសាមគ្គីគណបក្សប្រជាជនកម្ពុជា សម្រាប់អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងបានចុះឈ្មោះជាអង្គការក្រៅរដ្ឋាភិបាលមួយនៅក្រសួងមហាផ្ទៃ៕
ប្រែសម្រួលដោយ ចេវ ប៊ុននី