យោងតាមអ្នកចូលរួមនៅក្នុងពិធីតាំងពិព័រណ៍សកម្មភាពជំរុញវិស័យពាណិជ្ជកម្ម និងទេចរណ៍លើកទី៧ ដែលត្រូវបានប្រារព្ធនៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទកោះពេជ្រក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា វិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌូណេស៊ី កំពុងកើនឡើង ក៏ប៉ុន្តែ ប្រទេសទាំងពីរនៅតែបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យទាំងនេះ។
លោក មូហាម៉ាត់ មូស៊ីនីន ដូលីសាដា (Muhammad Muhsinin Dolisada) លេខាទី១ទទួលបន្ទុកកិច្ចការសង្គម និងវប្បធម៌នៅស្ថានទូតឥណ្ឌូណេស៊ីបានឲ្យដឹងថា ផលិតផលផ្នែកឱសថ ចំណីអាហារ និងគ្រឿងសំណង់ត្រូវបាននាំចូលមកទីផ្សារនៃប្រទេសកម្ពុជាកាន់តែច្រើនឡើង ស្របគ្នានឹងចំនួនភ្ញៀវទេសចរផងដែរ ក៏ប៉ុន្តែ បរិមាណលក់នេះមិនបានឈានទៅដល់កម្រិតសក្តានុពលពេញលេញនោះទេ។
លោក ដូលីសាដា បានមានប្រសាសន៍នៅក្នុងកិច្ចសម្ភាសនៅឯពិធីតាំងពិព័រណ៍នោះថា “ក្រុមហ៊ុនឥណ្ឌូណេស៊ី មិនបានដឹងពីសក្តានុពលរបស់ប្រទេសកម្ពុជាទេ ដោយសារតែរដ្ឋាភិបាលកម្ពុជាខ្វះសកម្មភាពជំរុញពាណិជ្ជកម្ម។ ត្រូវមានសកម្មភាពជំរុញឲ្យបានច្រើនជាងមុន ទៅកាន់បណ្តាប្រទេសក្នុងតំបន់ ដើម្បីស្វែងរកទីផ្សារឲ្យបានច្រើន និងដើម្បីបង្កើនសក្តានុពលរបស់ប្រទេសកម្ពុជាឲ្យកើនឡើងដល់កម្រិតអតិបរមា”។
វិនិយោគិនឥណ្ឌូណេស៊ី ក៏ដូចជាប្រជាជនស្គាល់ប្រទេសជិតខាងក្នុងតំបន់ច្បាស់ជាង ដូចជា ប្រទេសថៃ វៀតណាម សិង្ហបុរី និងប្រទេសម៉ាឡេស៊ីជាដើម ដោយសារតែប្រទេសទាំងនេះបានផ្សព្វផ្សាយតំបន់ទេសចរណ៍ជាច្រើន និងខ្លាំងក្លានៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ប្រទេសកម្ពុជាមិនអាចធ្វើឲ្យភ្ញៀវទេសចរដឹងបានច្រើន ដោយសារតែបញ្ហានេះទេ។ លោក ដូលីសាដា បានមានប្រសាសន៍បន្តទៀតថា “ ប្រទេសកម្ពុជាកំពុងទទួលបានភ្ញៀវទេចរកាន់តែច្រើន ជាពិសេសនៅប្រាសាទអង្គរវត្ត ប៉ុន្តែ មិនសូវមាននៅក្នុងរាជធានីភ្នំពេញទេ”។
លោក មេឡាទី អីុរ៉ាវ៉ាទី (Melati Irawati) លេខាទី១ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនៅស្ថានទូតឥណ្ឌូណេស៊ី បានលើកឡើងថា វិស័យពាណិជ្ជកម្មគួរតែត្រូវបានពង្រឹង ដោយកាត់បន្ថយឧបសគ្គផ្នែកភ័ស្តុភា។ មិនមានជើងហោះហើរត្រង់រវាងទីក្រុងហ្សាការតា និងរាជធានីភ្នំពេញទេ។ ទីក្រុងនេះស្ថិតនៅក្នុងចំណោមទីក្រុងក្នុងតំបន់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅសល់ចុងក្រោយ ដែលមិនត្រូវបានភ្ជាប់ទំនាក់ទំនងផ្នែកជើងហោះហើរជាមួយរាជធានីភ្នំពេញរបស់ប្រទេសកម្ពុជា។
លោក អ៊ីរ៉ាវ៉ាទី មានប្រសាសន៍ថា “យើង ចង់ជំរុញវិស័យពាណិជ្ជកម្មឥណ្ឌូណេស៊ី ហើយយើងមានទំនាក់ទំនងល្អជាមួយប្រទេសកម្ពុជា ក៏ប៉ុន្តែបច្ចុប្បន្ន យើងជួបការលំបាកក្នុងការនាំផលិតផលមកទីផ្សារប្រទេសកម្ពុជា។ ផលិតផលទាំងនោះត្រូវឆ្លងកាត់ប្រទេសសិង្ហបុរី ទីក្រុងកូឡាឡាំពួ និងទីក្រុងបាងកក ជាហេតុបណ្តាលឲ្យចំណាយពេលច្រើនក្នុងការដឹកជញ្ជូន”។ លោកក៏បានមានប្រសាសន៍បន្ថែមទៀតថា “[ប្រទេសកម្ពុជា] មានការលំបាកក្នុងការប្រកួតប្រជែងជាមួយប្រទេសផ្សេងៗទៀតដូចជា ប្រទេសថៃ និងប្រទេសវៀតណាមជាដើម ព្រោះប្រទេសទាំងនោះមិនមានបញ្ហានេះទេ”។
ទំហំពាណិជ្ជកម្មរវាងប្រជាជាតិទាំងពីរបានកើនឡើងក្នុងអត្រាថេរ ពោលគឺជាមធ្យមកើនឡើង១៤,៤ភាគរយ ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ ខណៈដែលទំហំពាណិជ្ជកម្មសរុបពីខែមករា ដល់ខែកក្កដាឆ្នាំនេះ កើនឡើងដល់ ១៨៥លានដុល្លារ ពោលគឺកើនឡើង៦,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អាជីវករបានលើកឡើងថា ផលិតផលឱសថកំពុងទទួលបានប្រជាប្រិយភាព ដោយសារតែផលិតផលទាំងនេះត្រូវបានគេដឹងថា មានគុណភាពខ្ពស់ និងតម្លៃសមរម្យ។
នៅឯពិធីតាំងពិព័រណ៍នោះ លោក តូសុន អេ និងភរិយារបស់លោកឈ្មោះ វង់ សា ថារ៉ា កំពុងតែផ្សព្វផ្សាយថ្នាំបំបាត់ការឈឺចាប់ និងថ្នាំផ្តាសាយឥណ្ឌូណេស៊ី ដែលនាំចូលមកពីប្រទេសឥណ្ឌូណេស៊ី។ អ្នកស្រី សាថារ៉ា បានមានប្រសាសន៍ថា “ផលិតផលឥណ្ឌូណេស៊ីមានប្រជាប្រិយភាពណាស់ និងមានប្រសិទ្ធភាពជាងផលិតផលឥណ្ឌា និងម៉ាឡេស៊ី”។
លោកស្រីបានមានប្រសាសន៍បន្ថែមទៀតថា “ថ្នាំឥណ្ឌូណេស៊ី មានប្រជាប្រិយភាពនៅក្នុងចំណោមវេជ្ជបណ្ឌិតដោយសារតែពួកគេទុកចិត្តគុណភាព និងភាពអាចទុកចិត្តបាន….យើងលក់ថ្នាំនៅខេត្តកំពង់ចាម ព្រៃវែង និងខេត្តសៀមរាប។ នៅទីនោះមិនសូវមានការប្រកួតប្រជែងពីក្រុមហ៊ុនលក់ឱសថនានាទេ”។
ទាំងថ្នាំបំបាត់ការឈឺចាប់ ទាំងថ្នាំផ្តាសាយត្រូវបានលក់រាយក្នុងតម្លៃ៤ដុល្លារក្នុងមួយប្រអប់ដែលមាន១០០គ្រាប់ ហើយស្វាមីភរិយាមួយគូនេះបានឲ្យដឹងទៀតថា ពួកគាត់លក់បានប្រហែល៨.០០០ប្រអប់មួយខែ។
ស្រដៀងគ្នានេះដែរ កញ្ញា ធឿន សុធា បុគ្គលិកក្រុមហ៊ុន ធាណា ( ខេមបូឌា ) ត្រេឌីង ខូអិលធីឌី (Thea-na (Cambidia) Trading Co, Ltd) ដែលនាំចូលគ្រឿងសំអាងពីប្រទេសឥណ្ឌូណេស៊ី បានលើកឡើងថា ទីផ្សារដ៏ធំសម្រាប់ផលិតផលឥណ្ឌូណេស៊ី នៅក្រៅរាជធានីភ្នំពេញ ពោលគឺនៅតាមតំបន់ខេត្ត ដែលមាន ការចំណាយប្រើប្រាស់កំពុងកើនឡើង និងមានការប្រកួតប្រជែងតិចពីសំណាក់ក្រុមហ៊ុន ផ្សេងៗទៀត។ កញ្ញា សុធា បានមានប្រសាសន៍ថា “យើងលក់ផលិតផលរបស់យើងជាច្រើននៅខេត្តសៀមរាប កំពង់ចាម និងខេត្តតាកែវ ពីព្រោះជីវភាពរស់នៅ នៅខេត្តទាំងនេះមានកម្រិតខ្ពស់ណាស់ ហើយមិនមានអ្នកប្រកួតប្រជែងច្រើនដូចនៅភ្នំពេញទេ”៕ សុធា