ក្រសួងអប់រំបានឲ្យដឹងកាលពីម្សិលមិញថា ខ្លួននឹងទទួលបានថវិកាបន្ថែមជិត២០ភាគរយពីគម្រោងថវិកា ៣,៥២ពាន់លានរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ២០១៤។ សេចក្ដីព្រាងថវិកានេះត្រូវបានខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុម័តកាលពីថ្ងៃសុក្រ ប៉ុន្តែសេចក្ដីលម្អិតផ្សេងៗទៀតពាក់ព័ន្ធនឹងចំនួនទឹកប្រាក់ដែលត្រូវបានលៃទុកសម្រាប់ក្រសួងនីមួយៗគឺនៅមិនទាន់ច្បាស់នៅឡើយទេ។
លោក ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំទើបតែងតាំងថ្មី បានឲ្យដឹងថា ក្រសួងរបស់លោកនេះនឹងត្រូវបានផ្ដល់ថវិកាចំនួន៣៣៥លានដុល្លារសម្រាប់ឆ្នាំក្រោយ គឺកើនពីចំនួន២៨០លានដុល្លារ ក្នុងឆ្នាំ២០១៣។ លោកបានមានប្រសាសន៍ថា “យើងបានឮថា នឹងមានការបង្កើនថវិកាសម្រាប់វិស័យអប់រំ។ ថវិកាសម្រាប់ឆ្នាំ២០១៤គឺនឹងកើនដល់៣៥៥លានដុល្លារ”។
ប្រសិនបើត្រូវបានរដ្ឋសភាជាតិអនុម័តនៅចុងឆ្នាំនេះដូចការរំពឹងទុកមែននោះ វានឹងស្មើនឹងការបង្កើនថវិកា១៩,៦ភាគរយសម្រាប់ក្រសួងដែលទីភ្នាក់ងារផ្ដល់ជំនួយនិងសហជីពគ្រូបង្រៀនមើលឃើញថា មានបញ្ហាថវិកាជាយូរមកហើយនេះ។ ទោះជាយ៉ាងណា ថវិកាសម្រាប់វិស័យអប់រំនេះនៅតែមានចំនួនតិចជាង២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ដែលត្រូវបានព្យាករទុកសម្រាប់ឆ្នាំ២០១៤ ពោលគឺ១៧ពាន់លានដុល្លារ បើតាមការព្យាកររបស់ធនាគារពិភពលោក។ សហជីព ប្រទេសផ្ដល់ជំនួយ និងសូម្បីតែមន្ត្រីក្រសួងអប់រំមួយចំនួនបានលើកឡើងថា ថវិកាមិនដល់២ភាគរយនៃផលិតផលក្នុងស្រុកសរុបនេះ គឺទាបពេកហើយ។
កាលពីខែសីហា លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំបានលើកឡើងថា វិស័យអប់រំនេះត្រូវការថវិកាដែលខ្លួនបានទទួលយ៉ាងតិចទ្វេដង ដើម្បីតម្លើងប្រាក់ខែគ្រូបង្រៀន។ លោកបានមានប្រសាសន៍អំឡុងសិក្ខាសាលាមួយស្ដីពីផែនការរយៈពេលប្រាំឆ្នាំថ្មីរបស់ក្រសួងនេះថា “ប្រសិនបើយើងចង់ឲ្យនិស្សិតបញ្ចប់ការសិក្សាមានគុណភាព យើងត្រូវទទួលបានធនធានមានគុណភាពដែរ មានន័យថា យើងត្រូវមានគ្រូបង្រៀន ដែលមានប្រាក់ខែច្រើនជាងមុន និងទទួលបានការបណ្ដុះបណ្ដាលច្រើនជាងមុន។ យើងគួរតែបញ្ចូលថវិកាចន្លោះពី៤ ទៅ៦ភាគរយនៃផលិតផលក្នុងស្រុកសរុប”។
ក្រុមអ្នករិះគន់ក៏បានរិះគន់ការផ្ដល់ថវិកាជាតិមិនគ្រប់គ្រាន់សម្រាប់វិស័យសង្គមកិច្ចមួយចំនួន ដូចជាវិស័យអប់រំ និងវិស័យសុខាភិបាល ផ្ទុយពីវិស័យការពារជាតិផងដែរ។ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃបានទទួលថវិកាសរុបចំនួន៤០០លានដុល្លារក្នុងឆ្នាំ២០១៣។
កាលពីម្សិលមិញ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានបដិសេធមិននិយាយថា តើក្រសួងរបស់លោកបានទទួលថវិកាចំនួនប៉ុន្មានក្នុងសេចក្ដីព្រាងថវិកាឆ្នាំ២០១៤ទេ ក៏ប៉ុន្តែបានបញ្ជាក់ថា វានឹងមិនកើនឡើងច្រើនឡើយ។ លោកបានមានប្រសាសន៍ថា “ថវិកានឹងមិនកើនឡើងច្រើនទេ ព្រោះយើងត្រូវការ [ថវិកា] ត្រឹមតែបន្តិចទៀតសម្រាប់ស្បៀងអាហារតែប៉ុណ្ណោះ” ដោយលោកបានបដិ-សេធមិនបរិយាយលម្អិតឡើយ។
រដ្ឋាភិបាលគឺនៅតែមានការលាក់លៀមច្រើនអំពីសេចក្ដីព្រាងថវិកានេះចាប់តាំងពីពេលសេចក្ដីព្រាងនេះឆ្លងកាត់ការអនុម័តអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចាប់តាំងពីថ្ងៃសុក្រមក។ មន្ត្រីនៅឯក្រសួងផ្សេងៗទៀត រួមទាំងក្រសួងសុខាភិបាល និងក្រសួងហិរញ្ញវត្ថុផងបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការលៃទុកថវិកាសម្រាប់ក្រសួងរបស់ខ្លួនទេ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា សេចក្ដីព្រាងនេះ គឺជាឯកសារផ្ទៃក្នុងរបស់រដ្ឋាភិបាលរហូតទាល់តែគណៈរដ្ឋមន្ត្រីបញ្ជូនវាទៅរដ្ឋសភាជាតិសម្រាប់ការអនុម័តរួច។រដ្ឋសភាមានកាតព្វកិច្ចអនុម័តវាតាមផ្លូវច្បាប់អំឡុងសប្ដាហ៍ទី១នៃខែវិច្ឆិកា។ លោកបានមានប្រសាសន៍ថា “សេចក្ដីព្រាងនេះមិនសមឲ្យសាធារណជនដឹងទេលុះត្រាតែវាត្រូវបានបញ្ជូនទៅដល់រដ្ឋសភាសិន។ ក្នុងដំណាក់កាលនេះ វានៅជាកម្ម-សិទ្ធិរបស់រដ្ឋាភិបាលនៅឡើយទេ”។
ទោះជាយ៉ាងណា គណបក្សប្រឆាំងតែងបានចោទរដ្ឋាភិបាលរបស់លោក ហ៊ុន សែនថា បានធ្វើឲ្យដំណើរការព្រាងថវិកាមានភាពមិនច្បាស់លាស់ និងថា បានផ្ដល់ពេលវេលាតិចតួចពេកសម្រាប់ការពិភាក្សាដេញដោលអំពីសេចក្ដីព្រាងច្បាប់ដ៏សំខាន់នេះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា “នៅរដ្ឋសភាជាតិនៅក្នុងប្រទេសមួយចំនួន គេពិភាក្សាដេញដោល [អំពីថវិកាជាតិ] រយៈពេលរាប់ខែ ប៉ុន្តែនៅក្នុងប្រទេសនេះ ពេលខ្លះ គេពិភាក្សាដេញដោលតែពីរថ្ងៃប៉ុណ្ណោះ វាមិនគ្រប់គ្រាន់ឡើយ”។
ឆ្នាំនេះរដ្ឋាភិបាលក៏បានគំរាមអនុម័តសេចក្ដីព្រាងថវិកាឲ្យបានមុនដំណាច់ឆ្នាំនេះ មិនថា គណបក្សសង្គ្រោះជាតិព្រមទទួលយកអាសនៈរបស់ខ្លួននៅរដ្ឋសភាជាតិ ឬអត់ផងដែរ។ គណបក្សសង្គ្រោះជាតិនៅតែបដិសេធមិនទទួលយកអាសនៈទាំង៥៥របស់ខ្លួនដែលមានចំនួនស្មើនឹងជិតពាក់កណ្ដាលនៃអាសនៈសភាដើម្បីសម្ដែងការតវ៉ាចំពោះភាពមិនប្រក្រតីក្នុងការបោះឆ្នោតកាលពីខែកក្កដា ទេ។
គណបក្សសង្គ្រោះជាតិបានលើកឡើងថា រដ្ឋសភាឯកបក្សក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺមិនស្របច្បាប់ទេរហូតទាល់តែសមាជិកសភារបស់ខ្លួនព្រមចូលរួមប្រជុំ ហើយលោក យឹម សុវណ្ណ បានលើកឡើងថា ការបោះឆ្នោតអនុម័តសេចក្ដីព្រាងថវិកាដោយគ្មានវត្តមានរបស់តំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សខ្លួន គឺជារឿងមិនស្របច្បាប់ទេ។
គួររំឭកថា កាលពីខែមករា អង្គការ Inter-national Budget Partnership បានដាក់ពិន្ទុឲ្យកម្ពុជា១៥ពិន្ទុក្នុងចំណោម១០០ពិន្ទុ ក្នុងការស្ទង់មតិអំពីការព្រាងថវិកាជាតិដោយបើកចំហថ្មីបំផុតរបស់ខ្លួន។ ពិន្ទុនេះធ្វើឲ្យកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសមានចំណាត់ថ្នាក់ទាបបំផុត ដោយសារតែព័ត៌មានអំពីសេចក្ដីព្រាងថវិកាដែលរដ្ឋាភិបាលកម្ពុជាបានផ្ដល់ឲ្យសាធារណជនបានជ្រាប គឺស្ទើរតែគ្មានសោះតែម្ដង៕ (សេរីវុធ)