40.9 C
Phnom Penh

មេធាវី ខៀវ សំផន៖​​ គ្មាន​អំណាច​ទេ ចៅក្រម​ត្រូវ​តែ​សម្រេច​ឲ្យ​គាត់​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ពេល​ធ្វើ​សេចក្តី​សន្និដ្ឋាន​បិទ​បញ្ចប់​ការ​ពិភាក្សា​ដេញ​ដោល​នៅ​សាលា​ក្តីខ្មែរ​ក្រហម​កាលពី​ម្សិល​មិញ ក្រុម​មេធាវី​របស់​ជន​សង្ស័យ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម ខៀវ សំផន បាន​ប្រើ​យុទ្ធ​សាស្ត្រ​មួយ​ដែលមាន​ជា​យូរ​មក​ហើយ​ ដើម្បី​លើក​ឡើង​ថា កូនក្តី​របស់​ខ្លួន​គ្រាន់​តែ​​ជា​បុគ្គល​​មាន​បំណង​ល្អ​ម្នាក់​ដែល​ចង់​បាន​តែ​សេចក្តី​​ល្អ​សម្រាប់​ប្រទេស​របស់​គាត់​ បន្ទាប់​ពី​មាន​ជម្លោះ​ជា​ច្រើន​ឆ្នាំ​។

លោក គង់ សំអុន មេធាវី​របស់​ ខៀវ សំផន​ បាន​មាន​ប្រសាសន៍​ថា ខណៈ​ដែល​ ខៀវ សំផន ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​មុខ​មាត់​របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា​​ទាំង​នៅ​ក្នុង​ស្រុក​​និង​ក្រៅ​ប្រទេស​នោះ “ តួនាទី​របស់​គាត់​គឺ​សម្រាប់​តែ​ពិធីការ​ប៉ុណ្ណោះ”។ លោក គង់ សំអុន បាន​មាន​ប្រសាសន៍​ថា “ ប៉ុល ពត មើល​ឃើញ​ផល​ប្រយោជន៍​ក្នុង​ការ​ពង្រីក​ចលនា​បដិវត្តន៍​នេះ​” ដោយ​ការ​ប្រើ​​​​ប្រាស់​ប្រជា​ប្រិយ​ភាព​របស់​មនុស្ស​ផ្សេង​រួម​ទាំង​ព្រះ​អង្គម្ចាស់​ នរោត្តម សីហនុ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អំណាច​ក្នុង​ឆ្នាំ​១៩៧០​​ ហើយ​បានដឹង​ថា ខៀវ សំផន គឺ​ជា​​មនុស្ស​​ម្នាក់​សម្រាប់​​​​ទាក់​ទង​របស់​​​អ្នក​​ទាំង​នោះ​។

លោក​បាន​មាន​ប្រសាសន៍​អំពី​តួនាទី​មាន​តែ​ឈ្មោះ​របស់​កូន​ក្តី​លោក​ថា “នេះ​ហើយ​ជា​មូល​ហេតុ​ដែល​ ខៀវ សំផន បានទទួល​តួ​នាទី​មួយជា​ប្រធាន​​រណសិរ្ស​ដែលនិរទេស​ខ្លួន​នេះ​ ដើម្បី​បញ្ជាក់​ពី​ឯករាជ​ភាព​ និងបូរណ​ភាព​​ទឹក​ដីរបស់​ជាតិ​។ គាត់​សុខ​ចិត្ត​ធ្វើ​ជា​តំណាង​និង​ជា​ចំណុច​ទំ​នាក់​ទំនង​រវាង សីហនុ និង​ក្រុង​ប៉េកាំង​ ជាមួយ​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​មាន​​លទ្ធ​ភាព​ក្នុង​ការ​តស៊ូ​និង​បង្រួប​បង្រួម​កម្លាំង”។

លោក គង់ សំអុន បានមាន​ប្រសាសន៍​ថា ខៀវ សំផន ក៏​មើល​ឃើញ​ឱកាស​បង្កើត​ចលនា​ថ្មី​មួយ​ដោយ​ជោគ​ជ័យ​នៅ​ក្នុង​ការ​​បង្រួប​បង្រួម​​ប្រទេស​ជាតិ​ឡើង​វិញ​ ទោះ​បីជា​គាត់​ដឹង​ថា ការ​ងារ​នេះ​គឺ​ជា​ការ​ងារ​គ្មាន​ន័យ​អ្វី​ក៏​ដោយ​។ លោក​បាន​បន្ត​ថា ខៀវ សំផន គឺ​ជា​មនុស្ស​ស្មោះ​ត្រង់​ម្នាក់។ តុលាការ​ពិត​ជា​ខុស​ ប្រសិន​បើ​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ ខៀវ សំផន ថា​ ជាយោធា​ម្នាក់​ដែល​ប្តេជ្ញា​បង្កើត​យុទ្ធ​សាស្ត្រ​យោ​ធា​នោះ​។

លោក សំអុន បាន​មាន​ប្រសាសន៍​ថា “គាត់​គ្មាន​សមត្ថ​ភាព ឬ​​ការ​បណ្តុះ​បណ្តាល​ ឬ​បញ្ជា​ការ​ផ្នែក​​យោ​ធា​ទេ​។ នៅ​ក្នុង​ឋានា​នុក្រម​យោធា​ [អតីត​មេបញ្ជា​ការ​ទាហាន​ខ្មែរ​ក្រហម] សុន សេន និង ប៉ុល ពត គឺជា​អ្នក​ទទួល​​ខុស​ត្រូវ ​មិន​មែន ខៀវ សំផន​ ទេ”។

លោក​បាន​មាន​ប្រសាសន៍​ថា លោក ស្ទី​ហ្វេន ហេដ័រ ប្រវត្តិ​វិទូ​ខ្មែរ​ក្រហមបាន​ប្រាប់​តុលាការ​អំឡុង​ពេល​គាត់​ផ្តល់​សក្ខី​កម្ម​កាល​​​​ពី​ដើម​ឆ្នាំ​នេះ​ថា តួនាទី​របស់​ ខៀវ សំផន ជា​មេបញ្ជា​ការ​រងនៅ​មុន​ឆ្នាំ​១៩៧៥នោះ​ គ្រាន់​តែ​ជា​និមិត្ត​រូប​ប៉ុណ្ណោះ។ លោក​បាន​បន្ថែម​ថា “នៅ​ពេល​ដែល​គាត់​​​​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ អៀង សារី កាន់​កាប់​អំណាច​នេះ ហើយ​ ខៀវ សំផន គឺ​ជា​ប្រធាន​រដ្ឋ​ ប៉ុន្តែ នៅពេល​ដែល​ អៀង សារី​ នៅទីនោះ​ គាត់​មាន​អំណាច​ខ្លាំង​។ យុត្តិ​ធម៌​សម្រាប់​ ខៀវ សំផន គឺ​ការ​ដោះលែង និង​ការ​សម្រេច​ឲ្យ​គាត់​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​”។

លោក អាសឺ វើកខេន មេធាវី​ជន​ជាតិ​បារាំង​របស់ ខៀវ សំផន បាន​​ក្រើន​រំឭក​ចៅ​ក្រម​​អង្គ​បុរេ​ជំនំុ​ជម្រះ​ ចំពោះ​ការ​​ផ្តន្ទា​ទោស​កូន​ក្តី​របស់​លោក​លើ​សំណុំរឿង​មួយ​ដែល​គាត់​បាន​និយាយ​ថា ព្រះ​រាជ​អាជ្ញា​មិន​ផ្អែក​តាម​អង្គ​ហេតុ​ ប៉ុន្តែ ផ្អែក​តាម​ការ​សន្មត​​មិន​ច្បាស់​លាស់​។​ លោក​បាន​មាន​ប្រសាសន៍​ថា “គេ​កំពុង​ស្នើ​សុំ​ឲ្យ​អស់​លោក​វិនិច្ឆ័យ​ជន​ជាប់​ចោទ​រូប​នេះ​ចំពោះ​ការ​មាន​បំណង​ចង់​បង្កើត​របប​កុម្មុយ​នីស្ត​នៅ​កម្ពុជា​។​ អ្វី​ដែល​កាន់​តែ​ច្បាស់​ទៅ​ទៀត​នោះ គឺ​ទ្រឹស្តី​នា​ពេល​ថ្មីៗនេះ អំពី​ជំរំទាសករ​។

ចៅ​ក្រម​ស៊ើប​អង្កេត​ត្រូវ​មាន​ភាព​ស្មោះ​ត្រង់​ក្នុង​ការ​អះ​អាង​ថា គោល​នយោ​បាយ​របស់​កម្ពុជា​​ប្រជាធិប​តេយ្យ​មិន​មែន​សុទ្ធ​តែ​ជា​បទ​ឧក្រិដ្ឋ​នោះ​ទេ​។ ទ្រឹស្តី​ថ្មី​ដែល​​លើក​ឡើង​ដោយ​ព្រះ​រាជ​អាជ្ញា​អំពី​ជំ​រំ​ទាសករ​នៅទូទាំង​ប្រទេស​​នៅ​ក្នុង​សំណុំ​រឿង​​​​​​នេះ​​​ពិត​ជា​បង្ហាញ​អំពី​វិធី​នៃ​ការ​ដោះ​ស្រាយ​សំណំុ​រឿង​នេះ​ គឺ​មាន​លក្ខណៈ​នយោ​បាយ​ច្រើន​ជាង​លក្ខណៈច្បាប់​”។

លោក​បាន​មាន​ប្រសាសន៍​ថា សំណុំ​រឿង​របស់​ពួក​គេប្រឆាំង ខៀវ សំផន​ ចំពោះ​ការ​​សន្មត​ពី​ការ​ជាប់​ពាក់​ព័ន្ធ​របស់​គាត់​នៅក្នុង​ការ​សម្លាប់​ទាហាន​ លន់ នល់ និង​មន្ត្រី​នៅ​ទួល​ពោធិ៍​ជ្រៃ​ក្នុង​ខេត្ត​ពោធិ៍​សាត់​នោះ គឺ​មិន​ច្បាស់​លាស់​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា “ អស់​លោក​​ក៏​មិន​បាន​ឮ​ផង​ដែរ​អំពី​សក្ខី​កម្ម​របស់​សាក្សី​ដែល​ថា ពួក​គេ​បាន​ឃើញ​ការ​សម្លាប់​មនុស្ស​សូម្បី​តែ​ម្នាក់​។ ពួក​គេ​ស្ថិត​នៅ​ចម្ងាយ​ពី​១០ ទៅ​១៥ គីឡូម៉ែត្រ​”។

លោក​បាន​មាន​ប្រសាសន៍​ថា ព្រះ​រាជ​អាជ្ញា​ប្រញាប់​សន្និដ្ឋាន​ពេក​ មិន​គិត​ឲ្យ​បាន​ហ្មត់​ចត់​​​ដោយ​​ការ​ព្យា​យាម​បង្ហាញ​ភ័ស្តុតាង​​​ឲ្យ​ច្បាស់​ថា មាន​គោល​នយោ​បាយ​សម្លាប់​ទាហាន​​មែន​ និង​បង្ហាញ​ថា ខៀវ សំផន បាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​រឿង​នេះ​។

លោក វើកខេន បាន​មាន​ប្រសាសន៍​ថា ការ​ផ្សព្វ​ផ្សាយ​តាម​វិទ្យុ​របស់​ ខៀវ សំផន ដែល​គេ​បាន​ឮ​ជាទូទៅ​ក្នុង​ការ​ស្នើ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​កំពូល​ជន​ក្បត់​ទាំង​ប្រាំពីរ​នាក់​​នោះ មិន​មែន​ជា​ភ័ស្តុ​តាង​បង្ហាញ​ពី​ការ​ជាប់​ពាក់​ព័ន្ធ​របស់​គាត់​នៅ​ក្នុងការ​សម្លាប់​​អតីត​មន្ត្រី​ លន់ នល់ ជា​លក្ខណៈ​ប្រព័ន្ធនោះ​ទេ​។
លោក​បាន​មាន​ប្រសាសន៍​ថា “ទស្សន​វិស័យ​មិន​ស្មោះ​ត្រង់នៃ​ប្រវត្តិ​សាស្ត្រ​មិន​ត្រូវ​មាន​ទេ​នៅ​ក្នុងសាល​សវនាការ​​ ដែល​មាន​ព្រះ​រាជ​អាជ្ញា​​​ចម្រុះ​ជាតិ​សាសន៍​ជា​ច្រើនរូប​នេះ​​”។​ ហើយ លោក​បាន​ស្នើ​ឲ្យ​ចៅ​ក្រម​កុំ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​លើក​ឡើង​មិន​ពិត​នេះ​។

លោក​ស្រី អានតា ហ្គីស សហ​មេធាវី​របស់​ ខៀវ សំផន​ បាន​សង្ខេប​ពី​គោល​ជំហ​របស់​ក្រុម​លោក​ស្រី ដោយ​ការ​ប្រាប់​ចៅ​ក្រម​ថា ខៀវ សំផន ត្រូវ​បាន​ចាត់​ទុក​ថា ជា​​មនុស្ស​ឃោរឃៅ​​ ដែល​ការពិត​មិន​ជឿ​ថា គាត់​​ត្រូវ​បាន​​​ចោទ​ប្រកាន់​​​ពី​បទ​ល្មើស​​​ទាំង​អស់​នេះ​ទេ​។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “ចម្លើយ​គឺ​ថា អស់​លោក​ត្រូវ​សម្រេច​ឲ្យ​ជន​ជាប់​ចោទ​រូប​នេះ​​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​។

​ទោះ​បីជា​អស់​លោក​បាន​ឮ​ពី​ការ​ឈឺ​ចាប់​របស់​ភាគី​ដើម​​​​បណ្តឹង​រដ្ឋ​ប្បវេណី​ក៏​ដោយ​ អស់​លោក​ត្រូវ​តែ​សម្រេច​ឲ្យ​គាត់​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់។ ថ្វីបើ​មាន​សម្ពាធ​ពី​អន្តរ​ជាតិ​ក៏​ដោយ​ អស់​លោក​​​​ត្រូវ​តែ​សម្រេច​ឲ្យ​គាត់​រួច​ផុត​ពីការ​ចោទ​ប្រកាន់​។​​​ អស់​លោក​មាន​​ភារកិច្ច​​ពាក់​ព័ន្ធ​នឹង​ច្បាប់​ ​ពាក់​ព័ន្ធ​នឹង​នីតិ​វិធី​ ហើយ​ត្រូវ​តែ​ឯករាជ្យ​នៅក្នុងការ​វិនិច្ឆ័យ​របស់​អស់​​​លោក។ ​​​តើ​នេះ​ជា​ភារកិច្ច​​ដែល​អស់​លោក​នឹង​បំពេញ​​​​ឬ? មាន​តែ​អស់​លោក​ទេ​អាច​ឆ្លើយ​សំណួរ​នេះ​ឲ្យបាន​​ល្អិត​ល្អន់”៕ (គឹមហឿន)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស