30 C
Phnom Penh

ស្រ្តីកម្ពុជា​ចំនួន​១.០០០នាក់​ត្រូវ​បញ្ជូនទៅ​ម៉ាឡេស៊ីជារៀងរាល់ខែ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​ម៉ាឡេ​ស៊ី​បាន​ធ្វើ​សេចក្តី​រាយការណ៍​កាលពី​ម្សិល​មិញ​ថា​ ស្ត្រី​ខ្មែរ​ចំនួន​១.០០០​នាក់​​ នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​នៅ​ក្នុង​មួយ​ខែ​ៗ​ដើម្បី​បម្រើ​ការ​ជា​ស្ត្រី​ជំនួយ​ការ​មេផ្ទះ បន្ទាប់​ពី​កិច្ច​ព្រម​​ព្រៀង​មួយ​ដែល​គេ​រង់​ចាំ​ជា​យូរ​មក​ហើយ​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​ ដោយ​​បាន​បញ្ចប់​បម្រាម​​​រយៈ​ពេល២​ឆ្នាំ​របស់​ប្រទេស​កម្ពុជា​លើ​ការ​​នាំ​ពល​ករ​ចេញ​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។

យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌មានរបស់​ប្រទេស​​ម៉ា​ឡេ​ស៊ី ឈ្មោះថា​ បឺណាម៉ា​ (Bernama) បាន​ឲ្យ​ដឹង​ថា លោក​ អាម៉ាត់ ហ្សាហ៊ីត​ ហាមីឌី​(Ahmad Zahid Hamidi) រដ្ឋ​មន្រ្តី​​ក្រសួង​មហា​ផ្ទៃ​នៃ​ប្រទេស​ម៉ាឡេស៊ី​ បាន​មាន​ប្រ​សាសន៍​ថា​​ កាលពី​ម្សិលមិញ​ លោក​បាន ទទួល​ទូស័ព្ទ​របស់​លោក​ អូស្មាន់ ហាសាន់  រដ្ឋ​លេខា​ធិការ​ក្រសួង​ការងារ​​កម្ពុជា ពាក់​ព័ន្ធ​នឹង​​ការ​​លុប​ចោល​បម្រាប​លើ​ការ​នាំ​ពលករ​ទៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​បំពេញ​តម្រូវ​ការ​រប​ស់​ប្រទេស​​ម៉ា​ឡេ​ស៊ី​ដែល​​ត្រូវ​ការស្រ្តី​ជំនួយការ​មេផ្ទះ​ជា​ចំាបាច់​នោះ។

លោក​  អាម៉ាត់​  បាន​មាន​ប្រសាសន៍​ថា ​ “គេ​នឹង​បញ្ជូន​ស្ត្រី​ជំនួយការ​មេផ្ទះ​មក​ទី​នេះ​ នៅ​ពេល​ដែល​ អនុ​ស្ស​រណៈ​នៃ​ការ​យោគ​យល់​​គ្នា​រវាង​រដ្ឋាភិបាល​ម៉ាឡេស៊ី​ និង​រដ្ឋា​ភិ​បាល​​​កម្ពុជា​​​​​​ត្រូវ​បាន​រៀប​ចំ​រួច​រាល់​​និងចុះ​ហត្ថ​លេខា​ក្នុង​ពេល​បី​បួន​ខែទៀតនេះ​ នេះ​បើ​​​យោង​​តាម​​ការ​ឲ្យ​ដឹង​ពី​ទីភ្នាក់ងារព័ត៌មាន​បឺណា​ម៉ា។ លោក អាម៉ាត់​ បាន​បន្តថា​ សព្វ​ថ្ងៃ​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រហែល​៣០.០០០​នាក់​ បម្រើ​ការ​ជា​ស្ត្រី​ជំនួយ​ការ​មេ​ផ្ទះ​នៅ​ម៉ាឡេស៊ី។​

សេច​ក្តី​រាយ​ការណ៍​ពី​ទីភ្នាក់​ងារ​ព័ត៌​មាន​រដ្ឋ​នេះ​ក៏បាន​រាយការណ៍​ដែរថា​ រដ្ឋាភិ​បាល​កម្ពុជា​បាន​យល់​ព្រម​បង្កើត​មជ្ឈមណ្ឌល​​បណ្តុះ​​បណ្តាល ដែល​​​​ជា​កន្លែង​ស្រ្តីកម្ពុជា​អាច​រៀន​ភាសា​ និង​វប្បធម៌​របស់​ម៉ា​ឡេ​ស៊ី ព្រមទាំង​ក្រមសីលធម៌ការងារ​ផង​ដែរ​ មុន​ពេល​ចាប់ផ្តើមការ​ងារ​របស់ខ្លួន។​ គួរ​រំឭក​ថា កាលពីខែ​តុលា ឆ្នាំ​២០១១ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញបម្រាម​មិន​ឲ្យ​បញ្ជូន​ស្រ្តី​​ទៅ​បម្រើការ​ជាស្ត្រី​មេផ្ទះ​ក្នុង​ប្រទេស​ម៉េឡេស៊ី​ទៀត​នោះ​ បន្ទាប់ពី​មាន​សេចក្តី​រាយ​ការណ៍​ថា និយោជក​និង​ទីភ្នាក់​ងារ​ជ្រើស​រើស​ពលករ​ ​បាន​​​រំលោភ​បំពាន​និង​​​កេង​ប្រ​វ័ញ្ចយ៉ាងខ្លាំងលើ​​ពលករ​ចំណាក​ស្រុក​ដែល​ជាស្ត្រី​កម្ពុជា​។​

ចាប់តាំង​ពីពេលនោះ​មក រដ្ឋា​ភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ព្យា​យាម​ស្វែង​រក​មធ្យោ​​បាយ​ដោះ​ស្រាយ​បញ្ហានេះ​ ដោយ​ធ្វើ​សេចក្តី​​ព្រាង​អនុ​ស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ដែល​​អង្គការ​សិទ្ធ​មនុស្ស​បាន​លើក​ឡើង​ម្តង​​ហើយ​ម្ដង​ទៀត​ ថា មិនបាន​ការពារ​​សិទ្ធិ​ស្ត្រី​កម្ពុជា​ ដែល​កំពុង​ធ្វើ​ការ​ក្នុង​ប្រទេស​ម៉ា​ឡេស៊ីឲ្យបាន​ពេញ​លេញ​ពី​ការ​រំលោភ​បំពាន​។

លោក អ៊ុំ​ មាន ដែល​ជា​រដ្ឋលេខាធិការ​​ នៅក្រសួងការ​ងារ​ ដែរ​នោះ​បាន​មាន​​ប្រសា​​សន៍​កាលពី​ម្សិលមិញថា​លោកមិន​បាន​ដឹងអ្វី​ពាក់ព័ន្ធនឹង​ការ​លុបចោល​បម្រា​ម​មិន​ឲ្យ​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ា​ឡេស៊ី​ទេ។ លោក អ៊ុំ មាន​ បាន​លើក​ឡើង​ថា​”គ្មាន​អ្វី​ថ្មី​នោះ​ទេ​ចាប់ពី​ឆ្នាំ​២០១១​មក។ យើង​បាន​ប​ញ្ឈ​ប់​ការនាំស្រ្តី​ទៅបម្រើការ​ជាជំនួយ​ការមេផ្ទះហើយ ប៉ុន្តែ​នៅតែមានពលករ​ត្រូវ​បាន​គេ​បញ្ជូនឲ្យ​ទៅ​ធ្វើការ​ក្នុង​រោងចក្រ​និង​ធ្វើ​ជា​ជាង​ឈើក៏មាន។​ ខ្ញុំ​មិន​មាន​ព័ត៌​មាន​ពាក់ព័ន្ធ​នឹង​បញ្ហានេះទេ​”។​

នៅពេលទាក់ទង​តាម​ទូរស័ព្ទ​ លោក​ ហាសាន់ បាន​បដិសេធមិន​ធ្វើ​អត្ថា​ធិប្បាយ​ពី​សេចក្តីរាយការណ៍​របស់​​ទីភ្នាក់​ងារព័ត៌មាន​ បឺណាម៉ានេះឡើយ៕ (ស៊ុយឈាង​)​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស