34 C
Phnom Penh

ប្រទេសកម្ពុជា​ចុះកិច្ច​ព្រម​ព្រៀង​ជាមួយ​សមភាគី​សិង្ហបុរី​ ទាក់ទង​នឹង​វិស័យ​ថាម​ពល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​សេចក្តីប្រកាស​របស់​ក្រសួង​​ពាណិជ្ជកម្ម​​ និង​ឧស្សាហ​កម្ម​ នៃ​ប្រទេស​សិង្ហ​បុរី​ បាន​ឲ្យដឹង​ថា លោក ចម​ ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ រ៉ែ និង​ថាម​ពល​ នៃ​ព្រះ​រាជាណាចក្រក​ម្ពុជា​ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​ជាមួយ​ក្រសួង​​ពាណិជ្ជកម្ម​ និង​ឧស្សាហ​កម្ម​សិង្ហ​បុរី​ កាល​ពីម្សិលមិញ​ ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌មាន​ក្នុង​វិស័យ​ថាម​ពល​​ទាក់​ ទង​នឹង​ការអភិរក្ស​ ការ​ដាក់​បទ​បញ្ញត្តិ​​លើ​ថាម​​​ពល​អគ្គិសនី​ និង​ធន​ធាន​កកើត​ឡើង​វិញ​។

អនុស្សរណៈ​នៃការ​យោគយល់​គ្នា​ដែល​អតី​ត​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ចុះ​ហត្ថ​លេខា​ជាមួយ​លោក​​ អ៊ីវ៉ារ៉ាន (S.Iswaran) រដ្ឋ​មន្ត្រី​ទី​២ ទទួល​បន្ទុក​​កិច្ច​ការ​ក្នុង​ស្រុក ​ពាណិជ្ជ​កម្ម​ និង​ឧស្សាហកម្ម​​នៃ​ប្រទេស​សិង្ហ​បុរី​ បាន​បង្ហាញថា ប្រទេស​ទាំង​ពី​រ​ឯកភាពគ្នា​ផ្តោត​សំខាន់​ទៅលើ​ផ្នែក​ជាច្រើន​ “ដូចជា​ប្រសិទ្ធ​ភាព​ថាម​ពល​ និង​ការ​អភិរក្ស​ បទបញ្ញាត្តិ​ថាម​ពល​អគ្គិសនី​​ ថាម​ពល​​កកើត​ឡើង​វិញ​​ និង​​ឧស្ម័ន​ធម្មជាតិ​រាវ​”។

ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហ​កម្ម​នៃ​ប្រទេស​សិង្ហបុរី​ បាន​លើកឡើង​នៅ​ក្នុង​សេចក្តីប្រកាស​នោះថា “គម្រោងដំបូង​​ក្រោម​អនុស្សរណៈ​នៃការ​យោគយល់​គ្នា​ រវាង​ប្រទេស​សិង្ហ​បុរី និ​ងកម្ពុជា​ នឹង​មានការ​ពាក់​ព័ន្ធ​ក្នុងការ​បណ្តុះ​បណ្តាល​មន្ត្រី​ថាម​ពល​​កម្ពុជា​ចំនួន​៦០​រូប​។ វគ្គបណ្តុះ​បណ្តាល​ទាំង​នោះ​ផ្តោត​សំខាន់​ទៅលើ​ប្រព័ន្ធ​សុវត្ថិភាព​​អគ្គិសនី​ក្រប​ខណ្ឌ​ និង​បទ​បញ្ញាត្តិ​ផ្សេង​ៗ​”។

ក្រសួង​នេះ​បាន​ឲ្យដឹង​បន្ថែម​ទៀត​ថា ​ស្តង់​ដារ​នៃការ​រៀបចំ​ខ្សែ​ចរន្ត​អគ្គិសនី​ និង​សុវត្ថិភាពអគារ​​សម្រាប់​ប្រទេស​កម្ពុជា​ ក៏​នឹង​ត្រូវ​បាន​អភិវឌ្ឍផង​ដែរ​៕
(សុធា​)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស