យោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសសិង្ហបុរី បានឲ្យដឹងថា លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល នៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី កាលពីម្សិលមិញ ដើម្បីផ្លាស់ប្តូរព័ត៌មានក្នុងវិស័យថាមពលទាក់ ទងនឹងការអភិរក្ស ការដាក់បទបញ្ញត្តិលើថាមពលអគ្គិសនី និងធនធានកកើតឡើងវិញ។
អនុស្សរណៈនៃការយោគយល់គ្នាដែលអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានចុះហត្ថលេខាជាមួយលោក អ៊ីវ៉ារ៉ាន (S.Iswaran) រដ្ឋមន្ត្រីទី២ ទទួលបន្ទុកកិច្ចការក្នុងស្រុក ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសសិង្ហបុរី បានបង្ហាញថា ប្រទេសទាំងពីរឯកភាពគ្នាផ្តោតសំខាន់ទៅលើផ្នែកជាច្រើន “ដូចជាប្រសិទ្ធភាពថាមពល និងការអភិរក្ស បទបញ្ញាត្តិថាមពលអគ្គិសនី ថាមពលកកើតឡើងវិញ និងឧស្ម័នធម្មជាតិរាវ”។
ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសសិង្ហបុរី បានលើកឡើងនៅក្នុងសេចក្តីប្រកាសនោះថា “គម្រោងដំបូងក្រោមអនុស្សរណៈនៃការយោគយល់គ្នា រវាងប្រទេសសិង្ហបុរី និងកម្ពុជា នឹងមានការពាក់ព័ន្ធក្នុងការបណ្តុះបណ្តាលមន្ត្រីថាមពលកម្ពុជាចំនួន៦០រូប។ វគ្គបណ្តុះបណ្តាលទាំងនោះផ្តោតសំខាន់ទៅលើប្រព័ន្ធសុវត្ថិភាពអគ្គិសនីក្របខណ្ឌ និងបទបញ្ញាត្តិផ្សេងៗ”។
ក្រសួងនេះបានឲ្យដឹងបន្ថែមទៀតថា ស្តង់ដារនៃការរៀបចំខ្សែចរន្តអគ្គិសនី និងសុវត្ថិភាពអគារសម្រាប់ប្រទេសកម្ពុជា ក៏នឹងត្រូវបានអភិវឌ្ឍផងដែរ៕ (សុធា)