អនុប្រធានជាន់ខ្ពស់នៃសណ្ឋាគារសូហ្វីតែល អាស៊ីប៉ាស៊ីហ្វិកបានលើកឡើងកាលពីម្សិលមិញថា សណ្ឋាគារសូហ្វីតែល ដែលមានសាខានៅក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញកំពុងតែសម្លឹងមើលឱកាសបើកសាខាទី៣ របស់ខ្លួននៅក្នុងរមណីយដ្ឋានឆ្នេរមួយក្នុងចំណោមរមណីយដ្ឋានឆ្នេរទាំងឡាយក្នុងប្រទេសកម្ពុជា។
លោក ម៉ាកលែន ប្លេកឡុក (Markland Blaiklock) បានមានប្រសាសន៍ថា “យើងនឹងស្វាគមន៍ចំពោះការពង្រីកបណ្ដាញសណ្ឋាគាររបស់យើងនៅក្នុងតំបន់រមណីយដ្ឋានឆ្នេរមួយក្នុងប្រទេសកម្ពុជា”។ លោក ប្លេកឡុក បានមានប្រសាសន៍ថា ទាំងសណ្ឋាគារសូហ្វីតែល នៅក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញសុទ្ធតែទាក់ទាញអ្នកជំនួញ និងភ្ញៀវទេសចរគ្រប់ជាតិសាសន៍ជាច្រើន ប៉ុន្តែសណ្ឋាគារនៅតំបន់មាត់សមុទ្រនឹងជួយចូលរួមចំណែកអភិវឌ្ឍទីផ្សារទេសចរណ៍នៅក្នុងក្រុងព្រះសីហនុ និងខេត្តកែប បន្ថែមទៀត។
លោក ប្លេកឡុក បានលើកឡើងថា លោកសង្ឃឹមថា ប្រសិនបើសណ្ឋាគារសូហ្វីតែលថ្មី នឹងត្រូវបើកមែននោះវានឹងទទួលបានជោគជ័យដូចសណ្ឋាគារក្នុងខេត្តសៀមរាបដែរ។ លោកបានមានប្រសាសន៍ថា “នៅក្នុងខេត្តសៀមរាប កំណើនហេដ្ឋារចនាសម្ព័ន្ធគឺដើរតាមកំណើននៃតម្រូវការ ហេតុដូច្នេះការបើកសាខាថ្មីរបស់យើងនឹងទទួលបានជោគជ័យ”។
លោក ប្លេកឡុក បានបន្ថែមថា “វិស័យឧស្សាហកម្មគ្មានផ្សែងក្នុងប្រទេសកម្ពុជា គឺនៅក្មេងខ្ចីនៅឡើយ ប៉ុន្តែប្រទេសកម្ពុជា គឺជាតំបន់ដ៏សំខាន់ ដែលពោរពេញទៅដោយកេរដំណែលប្រវត្តិសាស្ត្រ ហើយជាលទ្ធផល គឺយើងបានឃើញប្រទេសកម្ពុជាស្ថិតនៅក្នុងបញ្ជីនៃតំបន់ទេសចរណ៍ទាំងឡាយ”។
លោក ជុក ជំុនោ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍និងគ្រប់គ្រងទេសចរណ៍នៅក្រសួងទេសចរណ៍បានមានប្រសាសន៍ថា នៅពេលតំបន់មាត់សមុទ្រនៅក្នុងប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ច្រើន ភ្ញៀវទេសចរនឹងនាំគ្នាទៅលេងតំបន់មាត់សមុទ្រកាន់តែច្រើន។
លោកបានមានប្រសាសន៍បន្តថា “យើងព្យាយាមធ្វើឲ្យវិស័យឧស្សាហកម្មគ្មានផ្សែងកាន់តែសម្បូរបែប ដោយជំរុញឲ្យប្រជាពលរដ្ឋទៅទស្សនាតំបន់ទេសចរផ្សេងៗ មិនមែនទៅលេងត្រឹមតែខេត្តសៀមរាបមួយនោះទេ”។ លោកមានប្រសាសន៍បន្ថែមថា “យើងបានព្យាយាមធ្វើឲ្យការទៅកម្សាន្តនៅតំបន់មាត់សមុទ្រកាន់តែកើនឡើងច្រើន ក៏ប៉ុន្តែយើងបានដឹងហើយថា ហេដ្ឋារចនាសម្ព័ន្ធនៅមានបញ្ហានៅឡើយ។ តែទោះជាយ៉ាងណា នៅមានឱកាសច្រើនសម្រាប់ការបើកសណ្ឋាគារ និងអាជីវកម្មក្នុងវិស័យឧស្សាហកម្មគ្មានផ្សែងនៅតំបន់មាត់សមុទ្រនេះ”។
សព្វថ្ងៃ ជើងហោះហើរតែមួយគត់ទៅកាន់ក្រុងព្រះសីហនុ គឺជើងហោះហើរពីខេត្តសៀមរាប។ យោងតាមអាកាសយានដ្ឋានកម្ពុជា ដែលគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិទាំងបីក្នុងប្រទេសកម្ពុជាបានឲ្យដឹងថា នៅក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ មានភ្ញៀវទេសចរ១១.០០០នាក់បានឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ពោលគឺកើនឡើង៣៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ជុំនោ បានថ្លែងបន្ថែមថា “យើងសង្ឃឹមថា ជើងហោះហើរពីរាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុនឹងត្រូវបានបង្កើតឡើងក្នុងពេលឆាប់ៗ”៕ (ស៊ុយឈាង)