កាលពីម្សិលមិញ វិទ្យាស្ថានជាតិប្រជាធិបតេយ្យដែលមានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោនបានបង្ហាញលទ្ធផលដំបូងស្តីពីការស្ទង់មតិដែលធ្វើឡើងទូទាំងប្រទេសបន្ទាប់ពីការបោះឆ្នោតជាតិកាលពីខែកក្កដា ដែលបានរកឃើញថា ១ភាគ៣នៃអ្នកមានសិទ្ធិបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាមិនអាចបោះឆ្នោតបាននៅថ្ងៃបោះឆ្នោត។
លោកស្រី ឡូរ៉ា ថនតុន នាយិកាប្រចាំប្រទេសរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យបានមានប្រសាសន៍ថា ការស្ទង់មតិដែលធ្វើឡើងនៅទូទាំងប្រទេសនេះ គឺដើម្បីវាយតម្លៃអំពីផលប៉ះពាល់ដល់ការពិភាក្សាដេញដោលរបស់បេក្ខជនដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ហើយក៏ដើម្បីស្វែងយល់អំពីបទពិសោធរបស់ប្រជាពលរដ្ឋនៅថ្ងៃបោះឆ្នោតផងដែរ បន្ទាប់ពីមានរបាយការណ៍ស្តីពីភាពមិនប្រក្រតី និងពាក្យបណ្តឹងជាច្រើនថា ប្រជាពលរដ្ឋមួយចំនួនមិនអាចបោះឆ្នោតបាន។
ការស្ទង់មតិដែលធ្វើឡើងដោយមជ្ឈមណ្ឌលសម្រាប់ការសិក្សាស្រាវជ្រាវជាន់ខ្ពស់នេះបានរកឃើញថា “ ប្រជាពលរដ្ឋ២៩,៥ភាគរយបានព្យាយាមទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត ប៉ុន្តែមិនអាចបោះឆ្នោតមណ្ឌលសម្រាប់ការសិក្សាស្រាវជ្រាវជាន់ខ្ពស់នេះបានរកឃើញថា “ ប្រជាពលរដ្ឋ២៩,៥ភាគរយបានព្យាយាមទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត ប៉ុន្តែមិនអាចបោះឆ្នោតបានទេ”។
អ្នកមិនអាចបោះឆ្នោតនេះគឺមានចំនួនប្រហែល១ភាគ៣នៃអ្នកដែលមានសិទ្ធិបោះឆ្នោតទាំងអស់។ “ក្នុងចំណោមប្រជាពលរដ្ឋដែលមិនអាចបោះឆ្នោតបាន មាន៣២,៦ភាគរយរកឈ្មោះរបស់ខ្លួននៅក្នុងបញ្ជីបោះឆ្នោតមិនឃើញ។ ចំណែកឯ១៥,២ភាគរយទៀតបានលើកឡើងថា ពួកគាត់ត្រូវបានមន្ត្រីនៅការិយាល័យបោះឆ្នោតរារាំងមិនឲ្យបោះឆ្នោត”។
លោកស្រី ថនតុន បានមានប្រសាសន៍ថា ដោយមានសំឡេងឆ្នោតខុសគ្នាចំនួន៣០០.០០០ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ “ ចំនួនអ្នកដែលមិនមានសិទ្ធិបោះឆ្នោតនេះ អាចធ្វើឲ្យលទ្ធផលនៃការបោះឆ្នោតមានការប្រែប្រួល”។ គណបក្សសង្គ្រោះជាតិដែលទទួលបាន៥៥អាសនៈ បើប្រៀបធៀបទៅនឹងគណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈនោះ បច្ចុប្បន្ននេះកំពុងធ្វើពហិការមិនចូលរដ្ឋសភា។
លោកស្រីបានបន្ថែមថា “ការមិនបានឆ្លើយតបគ្រប់គ្រាន់ចំពោះបញ្ហានេះគឺជាការគួរឲ្យព្រួយបារម្ភ”។ លោកស្រីបានមានប្រសាសន៍ថា “មិនមានការស៊ើបអង្កេតត្រឹមត្រូវ ហ្មត់ចត់ និងដោយឯករាជ្យលើការបាត់បង់សិទ្ធិបោះឆ្នោតនេះទេ ទាំងមុនពេល និងនៅពេលដែលមានការបង្ហាញភ័ស្តុតាងគ្រប់គ្រាន់ ឬក្រោយពីការបោះឆ្នោតនេះ”។
លោកស្រីបានមានប្រសាសន៍ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) “បានរារាំង” ប្រជាពលរដ្ឋមិនឲ្យទទួលបានព័ត៌មានអំពីឈ្មោះរបស់ខ្លួននៅក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយរារាំងគណបក្សនយោបាយនានាមិនឲ្យទៅមើលបញ្ជីឈ្មោះបោះឆ្នោត ហើយមិនបានបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតនៅតាមភូមិឡើយ។
លោកស្រី ថនតុន បានលើកឡើងតាមអ៊ីម៉េលថា “អ្នកដែលមិនមានសិទ្ធិបោះឆ្នោតជាច្រើនបែបនេះ បង្ហាញឲ្យឃើញពីគុណវិបត្តិនៅក្នុងប្រព័ន្ធបោះឆ្នោត ដែលតម្រូវឲ្យមានកំណែទម្រង់ជាចាំបាច់ ហើយកំណែទម្រង់នេះមិនត្រឹមតែធានាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្របសម្រួលដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋទៀតផង”។ លោកស្រីបានបន្ថែមថា “ជាពិសេស ដំណើរការចុះឈ្មោះបោះឆ្នោតយឺតយ៉ាវ និងងាយស្រួលលួចបន្លំនេះ បានធ្វើឲ្យមនុស្សមួយចំនួនពិបាកទទួលបានសិទ្ធិបោះឆ្នោត ដូចដែលមានចែងក្នុងច្បាប់នៅប្រទេសកម្ពុជានោះទេ”។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍តាមទូរស័ព្ទថា លោកមិនបានឃើញរបាយការណ៍ ដែលលោកមានប្រសាសន៍ថា ជាគម្រោង “ផ្ទាល់ខ្លួន” របស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាស្រាវជ្រាវជាន់ខ្ពស់នេះទេ។ លោកបានអះអាងថា “មានប្រជាពលរដ្ឋជាច្រើនបានផ្លាស់ទីលំនៅពីកន្លែងមួយទៅកន្លែងមួយ ចំណែកឯអ្នកខ្លះទៀតមិនពេញចិត្តក្នុងការបោះឆ្នោត ហើយមិនទៅបោះឆ្នោត ឬមិនបានចុះឈ្មោះឆ្នោតតែម្តង”។
លោកបានច្រានចោលការរកឃើញដែលថា អ្នកមានសិទ្ធិបោះឆ្នោត២៩,៥ភាគរយមិនបានទៅបោះឆ្នោត ដោយលោកលើកឡើងផ្ទុយពីនេះថា ប្រជាពលរដ្ឋដែលអះអាងថា ពួកគាត់មិនមានសិទ្ធិបោះឆ្នោតនោះ មិនដែលបានចុះឈ្មោះបោះឆ្នោតតាំងពីដំបូងម៉េះ។ លោក ទេព នីថា បានមានប្រសាសន៍ថា នោះហើយជាមូលហេតុដែលពួកគាត់រកឈ្មោះរបស់ខ្លួននៅក្នុងបញ្ជីបោះឆ្នោតមិនឃើញនោះ៕ (សារុន)