38 C
Phnom Penh

អាជ្ញាធរ​ហាមឃាត់​​អ្នក​ភូមិជា​ច្រើន​គ្រួសារ​​នៅ​ខេត្ត​ព្រះវិហារមិន​ឲ្យ​រារាំង​ការ​ឈូសឆាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ កាន​ វុទ្ធី អភិ​បាល​រង​ខេត្ត​ព្រះ​វិហារ​កាល​ពី​ម្សិល​មិញ​ បាន​ប្រាប់​តំណាងអ្នកភូមិ​​៥០​នាក់​​រ ដែលមក​ពី​ស្រុក​រវៀង​ ដែល​ជាប់​ពាក់​ព័ន្ធ​​នៅ​​ក្នុង​ជម្លោះ​ដី​ធ្លី​ជាមួយ​អាជ្ញាធរ​ថា ទោះ​បី​ជា​​ពួក​គាត់​តវ៉ា​​យ៉ាង​ណា​ក៏​ដោយ​​ ក៏​ដី​ដែល​ពួកគាត់​ធ្លាប់​រស់​នៅ​នេះ​​​នឹង​ត្រូវ​ឈូសឆាយ​​នៅ​ក្នុង​ថ្ងៃ​នេះ​ ដើម្បី​​ធ្វើ​ជា​ដី​​សម្បទាន​​សង្គមកិច្ច​​​។

កាល​ពី​សប្ដាហ៍​មុន​ អ្នក​ភូមិ​​ប្រហែល​ជា​១០០​​គ្រួសារ​​បាន​រារាំង​គ្រឿង​ចក្រ​ឈូស​ឆាយ​​ចំនួន​ពីរ​លើក​​មិន​ឲ្យ​ឈូស​ឆាយ​ដី​​នៅក្បែរ​ផ្ទះ​​សំបែង​របស់​ខ្លួន​​នៅ​ក្នុង​ភូមិ​អូរ​ពោធិ៍​ ឃុំរមណីយទេ បន្ទាប់ពី​អាជ្ញាធរ​​បាន​ចេញ​​​សេចក្ដី​ជូន​ដំណឹង​​មួយ​​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​តុលា​ ​ឲ្យ​ពួក​គាត់​ចាកចេញ​ពី​តំបន់​នេះ​។ ដី​ធ្លី​របស់​អ្នកភូមិ​ទាំង​នេះ​​ គឺ​​​នៅ​ជាប់​​នឹង​ចម្ការ​​កៅស៊ូ​ដ៏​ធំ​មួយ​របស់​​លោក​​ ទ្រី​ ភាព​ អ្នក​ជំនួញ​​ក្នុង​ស្រុក​​ដ៏​ល្បី​។ ​​បុគ្គលិក​ និង​គ្រឿង​ចក្រ​ឈូស​ឆាយ​របស់​លោក​ ទ្រី​ ភាព​ កំពុងតែ​​​​ឈូស​ឆាយ​ដី​នេះ​។​

លោក​ ឯ សារ៉ូ អភិបាល​ស្រុក​រវៀង​ ដែល​មាន​វត្តមាន​​អំឡុង​កិច្ច​ប្រជុំ​ជាមួយ​អភិ​បាល​រង​ខេត្ត​បាន​មានប្រសា​សន៍​ថា “អភិបាល​រង​​ [ខេត្ត​] បាន​ប្រាប់​​អ្នកភូមិ​ជា​ច្រើន​គ្រួសារ​​នេះ​​មិន​ឲ្យ​រារាំង​អាជ្ញាធរ​​ពីការ​​ការ​​​ឈូសឆាយ​​ដី​​នេះ​នៅ​ [ថ្ងៃ​នេះ​] ទេ ព្រោះ​​អាជ្ញាធរ​​​កំពុង​វាស់​វែង​ដី​សម្បទាន​សង្គមកិច្ច​សម្រាប់​​គ្រួសារ​ជនជាតិ​ភាគតិច​គួយ​ចំនួន​ [២១២គ្រួសារ​]”។

​លោក​ សារ៉ូ ក៏​បាន​ឲ្យ​អ្នកភូមិ​ ដែល​បាន​លើក​ឡើង​ថា ខ្លួន​បាន​ផ្លាស់​ទី​ពី​ខេត្ត​ផ្សេង​ៗ​មក​រស់​នៅ​តំបន់​នេះ​កាល​ពី​ឆ្នាំ​២០១០​ដោយ​​មាន​ការ​អនុញ្ញាត​ពីអាជ្ញា​ធរ​​មូលដ្ឋាន​ ​បង្ហាញ​​ឯកសារ​ ដែល​បញ្ជាក់​ថា ពួក​គាត់​រស់​នៅ​លើ​ដី​នេះ​ដោយ​ស្រប​ច្បាប់​​ផង​ដែរ​។ លោក​​បាន​​មានប្រសាសន៍​ថា “យើង​នឹង​​មិន​ប្រើ​កង​កម្លាំង​ តទល់​នឹង​ប្រជា​ពល​រដ្ឋ​​​ជា​ច្រើន​គ្រួសារ​នេះ​ទេ​ ប្រសិន​បើ​ពួក​គាត់​តវ៉ា​នៅ​​ថ្ងៃ​ស្អែក​ ពេល​យើង​ចាប់​​ផ្ដើម​ឈូស​ឆាយ​​ដី​នេះ ប៉ុន្តែ​យើង​នឹង​​ព្យាយាម​ពន្យល់​ពួក​គាត់​ម្ដង​ទៀត​​​ ឲ្យ​​យល់​​ពីអ្វី​ដែល​យើង​កំពុង​ធ្វើ​”។

ប្រជាពលរដ្ឋ​​ទាំង​១០០គ្រួសារ​នេះ​​ត្រូវ​បាន​ផ្ដល់​​ដី​ថ្មី​ ដែល​មាន​ចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ​ពី​កន្លែង​ចាស់​ ប៉ុន្តែ​តំណាងអ្នក​​ភូមិ​ម្នាក់​និយាយ​ថា ទីតាំង​ថ្មី​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ព្រៃ​​យ៉ាង​​ជ្រៅ​ ហើយ​នៅ​ឆ្ងាយ​ពី​​ផ្លូវ​ជាតិ​ ដែល​ធ្លាប់​តែ​លក់​ដូរ​ទំនិញ​ផ្សេងៗ​បាន​នោះ​។

លោក​ សៀក សុខា អាយុ​៥២​ឆ្នាំ​ បាន​និយាយ​​ថា “យើង​​មិន​យល់​ព្រម​​ចំពោះ​​ការ​ដោះដូរ​នេះ​ទេ​ ហើយ​យើង​​​មាន​បំណង​​តវ៉ា​ម្ដង​ទៀត​នៅ​ក្នុង​ [ថ្ងៃ​នេះ] ប្រសិន​បើ​អាជ្ញា​ធរ​​នៅ​តែ​ព្យាយាម​​ឈូស​ឆាយ​ដីនេះ​”។

លោក​ សារ៉ូ បាន​លើក​ឡើ​ង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ដី​​ដែល​កំពុង​ត្រូវ​បាន​ឈូស​ឆាយ​​ដោយ​​ក្រុមហ៊ុន​របស់​លោក​ ទ្រី​ ភាព​ នេះ​ គឺ​មាន​ចម្ងាយ​ប្រហែល​​មួយ​គីឡូម៉ែត្រ​​នៅ​ខាង​ក្រៅ​ដី​​សម្បទាន​សង្គម​កិច្ច​។​

លោក​ ឡោ ចាន់​ អ្នក​សម្រប​សម្រួល​​នៅ​អង្គការ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​ព្រះ​វិហារ​ បាន​​លើក​ឡើ​ង​កាល​ពី​ថ្ងៃ​​ច័ន្ទ​ថា លោក​ជឿ​ជាក់​ថា លោក​ ទ្រី ភាព​ ប្រហែល​ជា​កំពុង​​ឈូសឆាយ​ដី​នេះ​ ដើម្បី​ពង្រីក​ចម្ការ​កៅស៊ូ​របស់​ខ្លួន​។ លោក​បាន​មានប្រសាសន៍​ថា “តាម​​បទ​ពិសោធន៍​របស់​យើង​​ នៅ​ពេល​អាជ្ញាធរ​មូល​ដ្ឋាន​​ស្នើ​ឲ្យ​មាន​ដី​​សម្បទាន​សង្គម​កិច្ច​ ពួក​គេ​​ផ្ដល់​​ដី​ឲ្យ​​អ្នក​ភូមិ​​តែ​ប៉ុន្មាន​គ្រួសារ​​ប៉ុណ្ណោះ​ ហើយ​​ដី​ដែល​​នៅ​​សល់​ពួក​គេ​​ទុក​សម្រាប់​លក់​​​ខ្លួន​ឯង​”។

លោក​​បានមានប្រសាសន៍​បន្ថែម​ថា “ខ្ញុំ​មិន​អាច​និយាយឲ្យ​​​បាន [​ច្បាស់​] ​នៅ​ពេល​នេះ​​​ទាក់​ទិន​នឹង​​ដី​នៅ​ជាប់​​​ចម្ការ​​កៅស៊ូ​របស់​ក្រុមហ៊ុន​ [លោក​ ទ្រី ភាព​] ​ទេប៉ុន្តែ​ខ្ញុំ​មាន​សង្ឃឹម​​តិច​តួច​​ដែល​ថា គ្រួសារ​​ជនជាតិ​ភាគ​តិច​នឹង​​ទទួល​បាន​​​ដី​សម្បទាន​សង្គម​កិច្ច​ទាំង​អស់​​នោះ។ លោក​​បាន​​មាន​ប្រសាសន៍​បន្ត​ទៀត​ថា “ដីនេះ​មាន​តម្លៃ​ណាស់​ ពីព្រោះ​វា​មាន​ទីតាំង​​នៅ​​ជាប់​ផ្លូវ​ជាតិ​លេខ​៦២” ដោយ​លោក​បាន​​សំដៅ​ទៅ​លើ​ផ្លូវ​ហាយវេ​មួយ​​ខ្សែ​ទើប​តែ​ស្ថាបនា​រួច​ប្រវែង​ប្រហែល​១២៨​គីឡូម៉ែត្រ​ ដែល​ប្រទេស​ចិន​ជា​អ្នក​ឧបត្ថម្ភ​ ដើម្បី​ធ្វើ​ឲ្យ​ហេដ្ឋារចនា​សម្ព័ន្ធដែល​ខ្សត់​ខ្សោយ​ នៅ​ក្នុង​ខេត្ត​ព្រះវិហារ​​កាន់​តែ​ប្រសើ​​រឡើង​​។ ហេដ្ឋា​​រចនា​សម្ព័ន្ធ​ដែល​​ខ្សត់​ខ្សោយ​នេះ​​ជា​កត្តា​រារាំង​ដល់​ក្រុមហ៊ុន​នានា​ក្នុង​ការទាញ​យក​ធន​ធាន​ឲ្យ​បាន​ពេញ​លេញ​នៅ​ក្នុង​តំបន់​នេះ​​៕ (ស៊ុយឈាង)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស