28 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​​ព្រមាន​ថា អាច​មាន​ការ​​លុប​ចោល​កិច្ច​​សន្យា​ជាមួយ​រដ្ឋាភិបាលបច្ចុប្បន្ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​លិខិត​មួ​យ​ច្បាប់​​​ជូន​ទៅ​ក្រុម​ហ៊ុន​វិនិយោគ ប្រទេស​នានា​ ​និង​ស្ថាប័ន​អន្តរ​ជាតិ​​​ថា ប្រសិន​បើ​គណ​បក្ស​របស់​ខ្លួនបានបង្កើត​រដ្ឋា​ភិបាលនោះ​ ខ្លួន​​​​នឹង​ពិនិត្យ​សើរើ​ឡើង​វិញ​នូវ​​រាល់​កិច្ច​​សន្យា​​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ឡើង​​​​ជាមួយ​រដ្ឋា​ភិបាល​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អំឡុង​អាណត្តិ​បច្ចុប្បន្ន​នេះ។

​លិខិត​​នេះ​លើក​ឡើង​ថា រាល់​កិច្ច​សន្យា​ទាំង​ឡាយ​ណា​ដែល​ចុះ​ហត្ថ​លេខា​ដោយ​រដ្ឋា​​​​ភិបាល​ក្នុង​អាណត្តិ​បច្ចុប្បន្ន​គឺ “ខុសច្បាប់” ​​​ពី​ព្រោះ​រដ្ឋា​ភិបាល​នេះ​បង្កើត​ឡើង​ដោយ​សភា​ឯកបក្ស​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​ទី២៨​ខែ​កក្កដាដ៏​ចម្រូង​ចម្រាស។ ​លិខិត​​នេះ​លើក​ឡើង​ទៀត​ថា “គណ​បក្សសង្គ្រោះ​ជាតិ​មិន​​ទទួល​ស្គាល់​ និង​​ពិនិត្យ​សើ​រើ​​ឡើង​វិញ​នូវ​រាល់​​កិច្ច​សន្យា​​ផ្តល់​ប្រាក់​កម្ចី ការ​ផ្តល់​អាជ្ញាប័ណ្ណ​លើ​គម្រោង​វិនិយោគ ការ​​​​ទិញលក់ ការ​ដោះ​ដូរ​ និងការ​ជួល​អចលន​​​​​ទ្រព្យ​ ដែល​ជា​សម្បត្តិ​ឯក​ជន​របស់​រដ្ឋ ដែល​ភាគី​​ពាក់​ព័ន្ធ​​​ធ្វើ​ជា​មួយ​រដ្ឋា​ភិបាល​កម្ពុជា​ (​បង្កើត​​ដោយ​​រដ្ឋ​សភា​នីតិកាល​ទី​៥) ដែល​បាន​បើក​សម័យ​ប្រជុំ​​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២៤ ខែ​កញ្ញា”។

គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​អះ​អាង​ថា ​រដ្ឋា​ភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គឺខុស​ច្បាប់​ ដោយ​សារ​​​កើត​ឡើង​ចេញ​​​​ពី​ការ​​កោះ​ប្រជុំសភា​​ដែល​មិន​មាន​វត្តមាន​សមាជិក​សភា​៥៥​រូប​របស់​គណ​បក្ស​ប្រឆាំង​។

កាល​ពី​ដើម​ខែ​នេះ លោក សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ដំណើរ​​​​ទៅ​កាន់ប្រទេស​នៅ​តំបន់​អឺរ៉ុប និង​សហ​រដ្ឋ​អាមេរិក ដោយជំរុញ​ឲ្យ​រដ្ឋា​ភិបាលបរទេស​ឈប់​ទទួល​ស្គាល់​ប្រទេស​កម្ពុជា លុះ​ណា​តែ​រដ្ឋា​ភិបាល​ដែល​គ្រប់​គ្រង​ដោយ​គណ​បក្ស​ប្រជា​ជន​កម្ពុជាយល់​ព្រម​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​​លើ​​ការ​បោះ​ឆ្នោត​​ដ៏​ចម្រូង​ចម្រាស កាល​ពីថ្ងៃ​ទី២៨ ខែ​កក្កដា ​ឬ​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​ចែក​រំលែក​អំណាចជាមុន​សិន​។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះជាតិ​បាន​មាន​ប្រសាសន៍​ថា ​លិខិត​​របស់​គណ​បក្ស​ប្រឆាំង​នេះ​​គួរ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​​លិខិត​​ត្រឹម​ត្រូវ​សម្រាប់​ក្រុមហ៊ុន​នានា ដែលមានបំណងចង់​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ថា រាល់​កិច្ច​ព្រម​ព្រៀង​ដែលធ្វើ​​​ឡើង​ជាមួយ​រដ្ឋា​ភិបាល​របស់​លោក​ ហ៊ុន សែន ​​​អាច​ត្រូវ​ទុក​ជា​មោឃៈ​។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ចេញ​​លិខិត​​នេះ ដើម្បី​ក្រើន​រំឭក​ដល់​ប្រទេស​​​​នានា​កុំឲ្យចុះកិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋា​ភិបាល​​​​នេះ​” ដោយ​លោក​ពន្យល់​ថា លោក​គ្មាន​ការ​ព្រួយ​បារម្ភ​  ​ចំពោះ​ការ​​ដែល​​រដ្ឋា​ភិបាល​ថ្មី​​​​ចុះ​កិច្ច​សន្យា​ខ្ចី​បំណុល​បរទេស​នោះ​ឡើយ​។ លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា “ច្បាប់​អន្តរ​ជាតិ​ត្រូវ​គោរព​ច្បាប់​របស់​ប្រទេស​នេះ និង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ហើយ​​ច្បាប់​អន្តរ​ជាតិ​​ក៏តម្រូវ​ឲ្យ​មាន​រដ្ឋា​ភិបាល​ស្រប​ច្បាប់ផងដែរ”។

លោក ប៊ូ សារឿន អ្នក​នាំ​ពាក្យ​ធនាគារ​ពិភព​លោក​ក្នុង​រាជ​ធានី​ភ្នំ​ពេញ បាន​មាន​ប្រសា​​​សន៍​ថា ការ​ចោទ​សួរ​ថា តើ​ធនាគារ​នេះ​នឹង​មាន​ភាព​ស្ទាក់​ស្ទើរ​ក្នុង​ការ​ចាប់​ផ្តើម​គម្រោង​អភិវឌ្ឍន៏​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ឬ​​​យ៉ាង​ណា​នោះ ត្រូវ​បង្វែរ​ទៅ​ទីក្រុង​វ៉ាស៊ីន​​​តោន​។

លោក ស្ទេហ្វិន ហិកហ្គិន អតីត​នាយក​ប្រតិបត្តិ​ធនាគារ​ អេអិនហ្សិត រ៉ូយ៉ាល់ ដែល​បាន​​សរសេរ​អំពី​កាតព្វកិច្ច​ផ្លូវ​ច្បាប់​របស់​រដ្ឋា​ភិបាល​បច្ចុ​ប្បន្ន​ ក្នុង​ការ​សង​បំណុល ដែល​របប​ ​​​លន់ នល់ បាន​ជំពាក់នោះ​បាន​មាន​ប្រសា​​​សន៍​​​​ថា ការ​គំរាម​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​ទុក​ជា​មោឃៈ​រាល់​កិច្ច​​សន្យា​នានា​​នោះ​​​ដូច​ជា​គ្មាន​តម្លៃ​ ហើយ​មិន​ប៉ះ​ពាល់​ខ្លាំង​ដល់​ទំនុក​ចិត្ត​របស់​សហគមន៍​ពាណិជ្ជកម្មឡើយ។

លោក ហិកហ្គិន បាន​មាន​ប្រសាសន៍​ថា ការ​មិន​​សង​បំណុល ឬការ​លុប​ចោល​កិច្ច​ព្រម​ព្រៀង​វិនិយោគ​ដោយ​រដ្ឋា​ភិបាល​គណ​បក្ស​សង្គ្រោះជាតិ​នៅពេល​អនា​គត​នឹង​ធ្វើ​ឲ្យ​ស្ថាប័ន​បរទេស​ និង​ក្រុម​ហ៊ុន​នានា ​ ​មាន​អារម្មណ៍​មិន​​ល្អ​​ក្នុង​​ការ​ធ្វើ​ជំនួញ​នៅ​ក្នុង​ប្រទេស​នេះ។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​គិត​ថា វា​ជា​ការ​គំរាម​កំហែង​ធ្ងន់​ឡើយ​ ពីព្រោះ​ប្រសិន​បើ​ត្រូវ​បាន​អនុវត្ត​មែន​នោះ​ វា​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កេរ្តិ៍​ឈ្មោះ​វិនិយោគក្នុង​ប្រទេស​កម្ពុជា​យូរ​ណាស់”។​លោក​បាន​មាន​ប្រសាសន៍​ថា “ប្រសិន​​បើ​ក្រុម​ហ៊ុន​សម្លឹង​មើល​អ្វី​ដែល​មាន​​ភាព​ចម្រូង​ចម្រាស​ខ្លាំងពេក ដែល​​​ចេះ​តែ​កើត​មាន​ដោយ​​សារ​​តែនិន្នាការ​​នយោ​បាយ​នោះ វា​​អាច​ឆ្លុះបញ្ចាំង​​ពីរ​លើក​​ ហើយ​ទោះបី​ជា​យ៉ាង​ណា ​ការ​ធ្វើ​ជំនួញជា​​ធម្មតា​​ត្រូវតែ​​អ៊ីចឹង​​​​ហើយ​”។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​មាន​ប្រសាសន៍​ថា ​លិខិត​នេះ គ្រាន់​តែ​ជា​ “វោហារសាស្ត្រ” ប៉ុណ្ណោះ ​និង​មិន​ធ្វើ​ឲ្យ​វិនិយោគិន​ភ័យ​ខ្លាច​មិន​ហ៊ាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​រដ្ឋា​ភិបាល​របស់​លោក ហ៊ុន សែន នោះឡើយ។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​​​ទៀតថា “លិខិត​​នេះ នឹង​មិន​ធ្វើ​ឲ្យ​វិនិយោគិន​ភ័យខ្លាច​​​មិន​​​ហ៊ាន​​​​មក​វិនិយោគ​​ក្នុង​ប្រទេស​កម្ពុជា​​​ឡើយ។ វិនិ​​​យោគិន​ស្គាល់​គណ​បក្ស​ប្រឆាំង​នេះ​ហើយ គឺ​ពួក​គេ​គ្រាន់​តែ​ធ្វើ​ការគំរាម​​ដើម្បី​ធ្វើ​ឲ្យ​​គេ​​ស្គាល់​គណ​បក្ស​តូច​របស់​ខ្លួន​ប៉ុណ្ណោះ​”៕ (សារុន)​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស