38 C
Phnom Penh

​របាយការណ៍​របស់​WB៖ ការ​​ធ្វើ​ពាណិជ្ជកម្មនៅក្នុង​​ប្រទេស​កម្ពុជា​មាន​ការ​លំបាក​​ជាង​មុន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​កម្ពុជា​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១៣៧​​ក្នុង​ចំណោម​១៨៩​ប្រទេស​ នៅ​ក្នុង​របាយការណ៍​ស្ដីពីការ​ធ្វើ​អាជីវកម្ម​ឆ្នាំ២០១៤​របស់ធនាគារ​ពិភព​លោក​ (World Bank, WB) ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ម្សិលមិញ​។ នេះគឺ​ជា​ករណី​ធ្លាក់​ចំណាត់​ថ្នាក់​ដំបូង​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ​ ហើយ​ឆ្លុះ​បញ្ចាំង​​ឲ្យ​ឃើញ​ថា ការ​ធ្វើ​អាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា​ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ជាង​មុន។

របាយការណ៍​នេះ​បាន​ដាក់​ចំណាត់ថ្នាក់​ឲ្យ​ប្រទេស​ទាំង​នេះ​ដោយ​ផ្អែក​លើ​លក្ខខណ្ឌ​១០​ចំណុច​​រួម​មាន ការ​ចាប់​ផ្ដើម​ធ្វើ​អាជីវកម្ម​ ការ​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​សាង​សង់​​ ការ​ទទួល​បាន​ថាម​ពល​អគ្គិសនី​​ ការ​ចុះ​បញ្ជី​អចលន​វត្ថុ​ ការ​ទទួល​បាន​ឥណទាន​ ការ​ការពារ​វិនិយោគិន​ ការ​បង់​ពន្ធ​ ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ដែន​ ការ​អនុវត្ត​តាម​កិច្ច​សន្យា​ និង​ការ​ដោះ​ស្រាយ​ការក្ស័យ​ធនភាព​។

របាយការណ៍​នេះ​មាន​ខ្លឹម​សារ​ថា “ការ​ចាប់​ផ្ដើម​ធ្វើ​អាជីវកម្ម​ [នៅ​ក្នុង​ប្រទេស​កម្ពុជា​]​​ ត្រូវ​ឆ្លង​កាត់​​១១​នីតិវិធី ចំណាយ​ពេល​១០៤​ថ្ងៃ​ ចំណាយ​ប្រាក់​ក្នុង​អត្រា​១៥០​,៦​ភាគ​រយ​នៃ​ប្រាក់​ចំណូល​ក្នុង​បុគ្គល​ម្នាក់​ និង​តម្រូវ​ឲ្យ​មាន​ដើម​ទុន​អប្បបរមា​ចំនួន​២៧,៥​ភាគ​រយ​នៃ​ប្រាក់​ចំណូល​ក្នុង​បុគ្គល​ម្នាក់​”។

លោក ប៊ូ សារឿន មន្ត្រី​ទំនាក់​ទំនង​ធនា​គារ​ពិភព​លោក​ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា បើ​ប្រៀប​ធៀប​ទៅនឹង​របាយការណ៍​ឆ្នាំ​២០១៣​ “ការ​ចាប់​ផ្ដើម​ធ្វើ​អាជីវកម្ម​តម្រូវ​ឲ្យ​មាន​នីតិវិធី​ពីរ​បន្ថែមទៀត​ ប្រើពេល​១៩​ថ្ងៃ​បន្ថែម​ទៀត​ និង​ចំណាយ​ប្រាក់​៥០,១​ភាគ​រយ​​បន្ថែម​ទៀត​”។

ប្រទេសកម្ពុជា​បាន​ធ្លាក់​ចំណាត់​ថ្នាក់​ដោយ​​​​​សារ​​លក្ខខណ្ឌ​បួន​ចំណុច ក្នុង​ចំណោម​លក្ខ​ខណ្ឌ​ទាំង​១០​ចំណុច​នៅ​ក្នុង​របាយការណ៍​ស្ដីពី​ការ​ធ្វើ​អាជីវកម្ម​នេះ​ រួម​មាន​លក្ខខណ្ឌ​ចាប់​ផ្ដើម​ធ្វើ​អាជីវកម្ម​ ចេញ​លិខិត​អនុញ្ញាត​ឲ្យ​សាង​​សង់​ ចុះ​បញ្ជី​អចលន​វត្ថុ​ និង​លក្ខខណ្ឌ​ដោះ​ស្រាយ​ក្ស័យ​ធនភាព​។ ក៏ប៉ុន្តែ​ប្រទេស​នេះ​​ក៏​ទទួល​បាន​នូវ​ភាព​រីក​ចម្រើន​ក្នុង​លក្ខខណ្ឌ​បួន​ចំណុច​ផ្សេង​ទៀត​ផង​ដែរ​​ រួម​មាន​លក្ខខណ្ឌ​ទទួល​បាន​ឥណទាន​ បង់​ពន្ធ​ ធ្វើ​ពាណិជ្ជកម្ម​​ឆ្លង​ដែន និង​លក្ខខណ្ឌ​អនុវត្ត​កិច្ច​សន្យា​ ខណៈ​ដែល​លក្ខខណ្ឌ​ពីរ​ចំណុច​ផ្សេង​ទៀត ពោល​គឺ​លក្ខខណ្ឌ​ទទួល​បាន​ថាម​ពល​អគ្គិសនី និង​លក្ខខណ្ឌ​ការពារ​វិនិយោគិន​មិនមាន​ការ​ប្រែ​ប្រួល​ទេ។

របាយការណ៍​ដដែល​ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា បញ្ហា​ធ្លាក់​ចំណាត់​ថ្នាក់​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​របស់​ប្រទេស​កម្ពុជា​ គឺ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ចាប់​ផ្ដើម​ធ្វើ​អាជីវកម្ម​។ នៅ​ក្នុង​ឆ្នាំ​២០១៣ ​​ប្រទេស​នេះ​ឈរ​នៅ​ចំណាត់​ថ្នាក់ទី​​១៨១​នៅ​ពេល​របាយការណ៍​នេះ​បង្ហាញ​ពី​លក្ខខណ្ឌ​ចាប់​ផ្ដើម​ធ្វើ​អាជីវកម្ម​ ហើយ​ឥឡូវ​នេះវា​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​១៨៤​​ដែល​ជា​ចំណាត់​ថ្នាក់​ទាប​បំផុត​ទាំង​ប្រាំមួយ​នៅ​បាត​តារាង​ ដែល​មាន​ទាំង​សាធារណរដ្ឋ​ប្រជា​ធិប​តេយ្យ​កុង​ហ្គោ អេរីត្រេ និង​ប្រទេស​ភូមា​ដែល​ឈរ​នៅ​ចំណាត់​ថ្នាក់​ក្រោម​ប្រទេស​កម្ពុជា​​ផង​ដែរ​​។

យោង​តាម​របាយការណ៍​​នេះ​បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​ក៏​បាន​ធ្លាក់​ចំណាត់​ថ្នាក់​នៅ​ក្នុង​លក្ខខណ្ឌ​ចុះ​បញ្ជី​អចលន​វត្ថុ​ផង​ដែរ​ ពោល​គឺ​ធ្លាក់​ពី​ចំណាត់​ថ្នាក់​ទី​១១២មកទី​១១៨ ចំណាត់​ថ្នាក់​ក្នុង​លក្ខខណ្ឌ​ចេញលិខិត​អនុញ្ញាត​ឲ្យ​សាង​សង់​​ធ្លាក់​ពី​ទី​១៥៧​មក​១៦១​ ហើយ​ចំណាត់​ថ្នាក់​ក្នុង​ផ្នែក​ដោះ​ស្រាយ​ក្ស័យ​ធន​ភាព​​បាន​ធ្លាក់​ពី​ទី​១៦១​មក​១៦៣​។ ​នៅ​ក្នុង​ចំណោម​​លក្ខខណ្ឌ​ទាំង​បួនចំណុច​ដែល​កើត​ឡើង​សម្រាប់​ប្រទេស​កម្ពុជា​ លក្ខខណ្ឌ​ទទួល​បាន​ឥណទាន​កើន​ឡើង​ខ្ពស់​ជាង​គេ​ ពោល​គឺ​កើន​ឡើង​ពី​ទី​៥២​សម្រាប់​ឆ្នាំ​២០១៣​ដល់​ទី​៤២​សម្រាប់​ឆ្នាំ​២០១៤​។

លក្ខខណ្ឌ​បី​ចំណុច​ផ្សេង​ទៀត​ក៏​បាន​កើន​ឡើង​ផង​ដែរ​ ប៉ុន្តែ​បាន​តែ​មួយ​ចំណាត់​ថ្នាក់​​រៀង​ៗខ្លួន​ប៉ុណ្ណោះ​។ លក្ខខណ្ឌ​បង់​ពន្ធ​បាន​ឡើង​ចំណាត់​ថ្នាក់​ទី​៦៦​ដល់​ទី៦៥​ លក្ខខណ្ឌ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ដែន​ឡើង​ចំណាត់​ថ្នាក់​ពី​ទី​១១៥​ដល់​ទី​១១៤​ ហើយ​លក្ខខណ្ឌ​អនុវត្ត​កិច្ច​សន្យា​ឡើង​ចំណាត់​ថ្នាក់ពី​ទី​១៦៣​ដល់​ទី​១៦២​ ខណៈ​ដែល​លក្ខខណ្ឌ​ទទួល​បាន​ថាម​ពល​អគ្គិសនី​មិន​ប្រែ​ប្រួល​ទេ ពោល​គឺ​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​១៣៤​ដដែល​ ហើយ​លក្ខ​ខណ្ឌការពារ​វិនិយោគិន​ក៏​ឈរ​នៅ​ចំណាត់​ថ្នាក់ទី​៨០​ដដែ​ល​ផង​ដែរ​។

យោង​តាម​របាយកាណ៍​ស្ដីពី​ការ​ធ្វើ​អាជី​វ​កម្ម​របស់​ធនាគារ​ពិភព​លោក​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ប្រទេ​សកម្ពុជា​​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ឆ្ងាយពី​ចំណាត់​ថ្នាក់​របស់​ប្រទេស​ជិត​ខាង​មួយ​ចំនួន​ក្នុង​ចំណោម​បណ្ដា​ប្រទេសនៅ​​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ឡើយ​ ដូចជា​​ម៉ាឡេ​​​​​ស៊ី ដែល​​​ឈរ​នៅ​ចំណាក់​ថ្នាក់​ទី​៦ ​ក្នុង​របាយ​ការណ៍​នេះ​​ ប្រទេស​ថៃ​ឈរ​នៅ​ចំណាត់​ថ្នាក់ទី​១៨​និង​ប្រទេស​វៀតណាម​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៩៩​ ខណៈ​ដែល​ប្រទេស​ឡាវ​ឈរ​នៅ​ចំណាត់​​​ថ្នាក់​ទី​១៥៩​ក្រោម​ប្រទេស​កម្ពុជា​។

ទោះបីជា​មិន​មាន​លក្ខខណ្ឌ​រង្វាស់​ណា​មួយ​ក្នុង​ចំណោម​លក្ខខណ្ឌ​រង្វាស់​ទាំង​នេះ​ដែល​​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​វាយ​តម្លៃ​ប្រទេស​កម្ពុជា​ផ្អែក​លើ​បរិស្ថាន​នយោ​បាយ​ក៏ដោយ ក៏​លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ​​ក្រសួង​​ពាណិជ្ជកម្ម​ កាលពីម្សិលមិញ​បានលើក​ទិដ្ឋភាព​មិន​ល្អ​​នៅ​​ប្រទេស​កម្ពុជា​ ដោយ​សារ​សកម្ម​ភាព​តវ៉ា​នាពេល​បច្ចុប្បន្ន​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ស្ថានភាព​មិន​ប្រាកដ​ប្រជា​​ផ្នែក​នយោ​បាយ​​ក្រោយ​ថ្ងៃ​​បោះ​ឆ្នោត​កាលពី​ខែ​កក្កដា។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​ទទួល​​​ស្គាល់​របាយការណ៍នេះ​​ ព្រោះ​សកម្ម​ភាព​រោង​ចក្រ​កាត់​ដេរ​សម្លៀ​កបំពាក់​បាន​ធ្លាក់​ចុះ​​ជាហេតុ​បណ្ដាល​ឲ្យ​អាជីវកម្ម​នេះនៅ​ក្នុង​ប្រទេស​កម្ពុជា​ធ្លាក់​ចុះ​…​ដោយ​សារ​តែ​បាតុ​កម្ម​​ [ការ​បោះ​ឆ្នោត​]។ ពាណិជ្ជករ​បាន​បាត់​បង់​ទំនុក​ចិត្ត​ ហើយពួកគេ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទិញ​ទំនិញ​ ឬផលិត​ផល​ ដោយ​សារ​តែ​គណ​បក្ស​សង្គ្រោះជាតិ​ធ្វើបាតុកម្ម​”។

របាយការណ៍​របស់​ធនាគារ​ពិភព​លោ​ក​នេះ​មិន​បាន​វាស់​វែង​កម្រិត​ទំនុក​ចិត្ត​អាជីវ​កម្ម​ ឬ​ក៏ស្ថានភាព​លក់​​ទេ។ លោក ស្រី ចន្ធី ប្រធាន​ស្ដីទី​សមាគម​សេដ្ឋ​កិច្ច​កម្ពុជា​ (Cambodian Economic Association) បាន​លើក​ឡើង​ថា លោក​សង្ឃឹម​ថា ការ​ធ្លាក់​ចំណាត់​នេះ​គ្រាន់តែកើត​ឡើង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ពីព្រោះ​កម្ពុជា​មាន​កត្តា​អំណោយ​ផល​ជា​ច្រើនទៀត​​សម្រាប់​ផ្ដល់​ឲ្យ​វិនិយោ​​​គិន​ ដូចជា​ ដី និង​កម្លាំង​ពល​កម្ម​ជា​ដើម​។ លោក​បាន​មាន​ប្រសាសន៍​ថា “ប្រទេស​កម្ពុជា​នៅ​តែ​មាន​ធន​ធាន​ជា​ច្រើន​ដែល​ពួក​គេ​អាច​វិនិយោគ​បាន​…​ឱកាស​នៅ​តែ​មាន​”។

របាយការណ៍ស្ដីពី​ការ​ធ្វើ​អាជីវកម្ម​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​​​បន្ទាប់​ពី​ធនាគារ​ពិភព​លោក​បាន​ចេញ​ផ្សាយ​​របាយកាណ៍មួយ​ផ្សេង​​​ទៀត​​បាន​មួយ​រយៈ​ពេល​ខ្លី​ ពោ​ល​គឺ​កាលពី​ដើម​ខែ​នេះ​។ របាយ​ការណ៍​នោះ​បាន​បង្ហាញ​​​ថា សេដ្ឋ​កិច្ច​របស់​ប្រទេស​កម្ពុជា នឹង​នៅ​តែ​មាន​កំណើន​ថេរ​​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ខាង​មុខ​។ របាយ​​ការណ៍​នេះ​បាន​បង្ហាញ​ថា ផលិត​ផល​ក្នុង​ស្រុក​សរុប​ (ជីឌីភី) របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​ព្យា​ករ​ថា នឹង​កើន​ឡើង​៧​ភាគ​រយ​ ដោយ​សារ​តែ​​វិស័យ​កសិកម្ម​ សំណង់​ ទេសចរណ៍​ និង​វិស័យ​​​នាំ​ចេញ​របស់​ប្រទេស​នេះ​មាន​កម្លាំ​ងខ្លាំង​៕ (កង សុធា)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស