28 C
Phnom Penh

សាលា​ដំបូង​ខេត្ត​ព្រះ​សី​ហ​នុ​ចេញ​ដីកា​ចាប់​ខ្លួន​ជន​សង្ស័យ​ធ្វើ​ឃាត​​​ជន​ជាតិ​​អា​​មេ​​រិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​​សាលា​​​ដំបូងខេត្ត​ព្រះសីហនុ ​​បាន​ឲ្យ​ដឹង​កា​ល​ពី​ម្សិល​មិញ​ថា សាលា​​ដំ​​បូ​ង​​​ខេត្ត​នេះបា​ន​​ចេញដីកា​ចាប់​​ខ្លួន​​បុ​រស​ម្នាក់​ ​ដែល​ជាប់​សង្ស័​យ​​​ពី​បទ​​ធ្វើ​​​ឃាត​​ស្ត្រី​​​ជន​ជាតិ​​​អា​មេ​រិ​កាំង​ម្នាក់​ ដែល​​សាក​សព​​​ស្អុយ​​រលួ​យ​​របស់​គាត់​ត្រូវ​បា​ន​​​ប្រទះ​​​ឃើញ​​​ក្នុ​ង​​តំបន់​ព្រៃ​មួ​យ​​​នៅ​កោះ​រុង ​​កា​ល​ពី​ថ្ងៃ​​​ទី​១ ខែ​តុ​លា។

សាក​​សព​ស្ត្រី​​​​​អា​យុ​​៥៥ឆ្នាំម្នាក់​មិនត្រូវ​បានគេ​រក​ឃើញ​អស់រយៈ​​​ពេល​​​ជា​ង​មួ​យ​​សប្តា​​​ហ៍ ​បន្ទាប់​​ពី​ជនរងគ្រោះជន​ជាតិ​អាមេ​រិក​រូប​នេះ​បានបា​ត់​ខ្លួ​ន​។ ​កា​ល​​ពី​ថ្ងៃ​​ទី​​២៣ ខែ​កញ្ញា ស្ត្រី​​រូបនេះ​​បា​ន​ចូ​ល​ស្នាក់​នៅ​ក្នុ​ង​រម​​​ណី​​ដ្ឋាន​ Island Palace Bungalows ​​បា​ន​បន្សល់​ទុក​​​វ៉ា​លិស ​​និងបា​ន​ប្រាប់​​បុ​គ្គលិក​នៅទីនោះ​ថា ​ខ្លួន​ទៅ​ដើរ​​លេង​។

នៅ​​ពេល​នោះ នគរបាល​​បា​ន​សន្និ​ដ្ឋាន​​ថា ​ជន​រង​គ្រោះ​ឈ្មោះ​ កាធ័ររិន អាន​ហ្គ្រីច (Katherine Ann Grgich) បាន​ដួល​ខណៈ​ដែល​ធ្វើ​ដំណើរ​ ឬក៏​បាន​ស្លាប់​ដោយ​សារ​ពស់​ចឹក​។

លោកចៅក្រម​ ម៉ុង មុនីចរិយា ប្រធាន​តុលាការបាន​មាន​ប្រសាសន៍​ថា “តុលាការ​បានចេញ​សាល​ដីកា​ចាប់ខ្លួន​ជន​សង្ស័យ​ជាយូរ​មក​ហើយ” ក៏​ប៉ុន្តែ​លោក​មិន​បាន​ផ្ដល់​សេចក្ដី​លម្អិត​អំពី​ជន​សង្ស័យនោះទេ។ លោក​បាន​បន្ថែម​ថា “យើង​បាន​បញ្ជូន​ដីកា​ចាប់​ខ្លួន​ទៅ​នគរ​បាល​ ដើម្បី​ស្វែង​រក​ចាប់​​ ខ្លួន​ជន​សង្ស័យ​រួច​ហើយ”។

សាក​សព​ស្ត្រីរូបនេះ​ត្រូវ​បាន​ប្រទះឃើញ​ បន្ទាប់ពី​បុគ្គលិក​ និង​ភ្ញៀវ​ទេសចរ​ផ្សេង​ទៀត​ដើរ​រក​គាត់​។ ដំបូង​ឡើយ​ នគរ​បាល​បាន​សន្និ​ដ្ឋាន​​ថា រឿង​នេះមិន​ពាក់ព័ន្ធ​នឹង​អំពើខុស​ច្បាប់​ទេ ​ ប៉ុន្តែ​ស្ថានទូត​អាមេរិក​នៅ​ពេល​នោះ​បាន​អំពាវ​នាវ​​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពេញ​លេញ​មួយ​អំពី​ស្ថានភាពនៃការ​ស្លាប់​នេះ​។

លោក កុល ផល្លី ស្នង​ការ​រង​នគរ​បាល​ខេត្ត​ព្រះ​សីហនុ បានឲ្យដឹងថា ជន​សង្ស័យ​ដែលលោក​មិនប្រាប់​​ឈ្មោះ​ ដោយសារ​តែ​​មាន​ការ​បារម្ភ​ថា ការ​ប្រាប់ឈ្មោះ​នេះ​នឹង​ប៉ះ​ពាល់ដល់​ប្រតិបត្តិ​តាមចាប់​ខ្លួននោះ មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួននៅ​ឡើយ​ទេ។ លោក​បាន​មានប្រសាសន៍ថា “ពេល​នេះ​​​​យើង​បាន​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ​ហើយហើយកំពុង​តែ​ព្យាយាម​តាម​រក​ចាប់​ខ្លួនជន​នេះ​”។ លោកបាន​បន្ថែម​ថា “ខ្ញុំ​គិត​ថា វា​ជា​ករណីឃាត​កម្ម​ ពីព្រោះ​ជនរង​គ្រោះ​ ​បាត់​ទ្រព្យ​​​សម្បត្តិ​ខ្លះ​”។ ក៏ប៉ុន្តែ​លោក​មិន​បាន​បរិយាយ​លម្អិតអំពីអ្វី​ដែល​ជន​​ល្មើស​នេះ​លួច​​​ទេ។

លោក​ សឺជូ សុធីចុត អនុប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹង​ផង​ដែរ​ថា សាក​សព​ស្ត្រី​នេះ​បាន​ស្អុយ​រលួយ​មិនអាច​ធ្វើ​កោសល្យ​​វិច័យ​ឲ្យ​បាន​ត្រឹម​ត្រូវទេ។ លោក​ សុធីចុត បាន​មានប្រសាសន៍ថា “សាក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​បូជា​នៅ​កោះ​​រុង” ហើយ​ធាតុ​ត្រូវ​បាន​ប្រគល់​ឲ្យ​តំណាង​​មកពីស្ថានទូត​អាមេរិក​។ អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​មិន​អាច​ទាក់​ទង​ធ្វើ​សេចក្តីអត្ថាធិប្បាយបានទេ​​កាល​ពី​ម្សិលមិញ​៕ (ប៊ុននី)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស