33 C
Phnom Penh

អភិបាល​​រាជធានីភ្នំពេញ​បញ្ជាឲ្យក្រុមហ៊ុន ស៊ីនទ្រី សម្អាត​ក្រុង​ឲ្យបាន​ស្អាត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​ឱសានវាទ​ដល់​ក្រុមហ៊ុន ស៊ីនទ្រី ជា​ក្រុម​ហ៊ុន​ប្រមូលសំរាម​នៅក្នុង​រាជ​ធានី​ ឲ្យ​សម្អាត​ផ្លូវ​ និង​ថែ​រក្សា​ផ្លូវ​ឲ្យ​បាន​​​​ស្អាត​ បើ​មិន​ដូច្នោះ​ទេ ត្រូវ​បាត់​បង់​កិច្ច​សន្យា​​​​​របស់​ខ្លួន​។

នៅ​ឯ​កិច្ច​ប្រជុំមួយ​រវាង​ក្រុម​ហ៊ុន ស៊ីនទ្រី និង​សាលា​រាជ​ធានី​ ព្រម​ទាំង​​មន្ត្រី​​សាលារាជ​​ធានី​​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់​កាលពី​ថ្ងៃ​ច័ន្ទ លោក ប៉ា សុជាតិ​វង្ស បាន​ប្រាប់​អ្នក​ជាប់​ពាក់​ព័ន្ធ​ទាំង​អស់​ថា លោក​ត្រូវ​ចាត់​វិធានការ​តាម​ពាក្យ​បណ្តឹង​​ពាក់​ព័ន្ធ​នឹង​​សំរាម​នៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ​។ លោក​បាន​ប្រាប់​អ្នក​ជាប់​ពាក់​ព័ន្ធ​ថា “ពាក់​ព័ន្ធ​នឹង​​ការ​ប្រមូល​សំរាម​ ក្រុម​ហ៊ុន​ ស៊ីនទ្រី ត្រូវ​បញ្ជាក់​ថា តើ​ខ្លួន​អាច​ធ្វើ​ការ​ងារ​នេះ​បាន​ត្រឹម​ត្រូវ​ ឬ​មិន​ត្រឹម​ត្រូវ។ ប្រសិន​បើ​ពួក​គេ មិន​អាច​ធ្វើ​ការងារ​នេះ​បាន​ត្រឹម​ត្រូវ​ទេ យើង​ត្រូវ​រក​ក្រុម​ហ៊ុន​ជំនួស”។

លោក​ ប៉ា សុជាតិ​វង្ស បាន​មាន​ប្រសា​សន៍​​ថា ក្រុម​ហ៊ុន​នេះ​ចំណាយ​ពេល​វេលា​ និង​កម្លាំង​កាយ​ច្រើន​ណាស់​នៅ​ក្នុង​ការ​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​ ហើយ​បំពេញ​​ការ​ងារ​ប្រមូល​សំរាម​​របស់​ខ្លួន​មិន​បាន​​ទាន់​ពេល​​នៅ​ក្នុង​រាជ​ធានី​ ប៉ុន្តែ មិន​បាន​ប្រាប់​ច្បាស់​លាស់​ថា តើ​ពេលណា​ក្រុម​ហ៊ុន​ ស៊ីនទ្រី ត្រូវ​កែ​លម្អ​​​​ការ​ងារ​របស់​ខ្លួន​​​នោះទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា “វា​មិន​សំខាន់​ទេ​ក្នុង​ការ​​ដែល​ក្រុម​ហ៊ុន​នេះ​ពង្រីក​តំបន់​ប្រមូល​សំរាម​របស់​ខ្លួន​ ប៉ុន្តែ វា​ជា​ការ​សំខាន់​​​ណាស់​ក្នុង​ការ​ឲ្យ​​ក្រុម​ហ៊ុន​នេះ​​​បំពេញ​តួ​នាទី​​របស់​ខ្លួន​ដូច​ដែល​​មាន​ចែង​​នៅ​ក្នុង​កិច្ច​សន្យា​។ មាន​ការ​រិះ​គន់​ជា​ច្រើន​ពី​ប្រជា​ពល​រដ្ឋ​ថា ក្រុម​ហ៊ុន​ ស៊ីនទ្រី​ មិន​បាន​ប្រមូល​សំរាម​បាន​ទាន់​ពេល​ទេ ហើយ​គិត​តែ​ប្រមូល​លុយ”។

នៅ​ពេល​ទាក់​ទង​កាល​ពី​ម្សិល​មិញ​ លោក សេង ចំរើន អនុ​ប្រធាន​ក្រុម​ហ៊ុន ស៊ីនទ្រី បាន​​​​មាន​ប្រសាសន៍​ថា សាលា​រាជ​ធានី​ត្រឹម​ត្រូវ​ហើយ​​ចំពោះ​ការ​មិនពេញ​ចិត្ត​​នឹង​​ស្ថាន​ភាព​​របស់​រាជ​ធានី​​ភ្នំពេញ ប៉ុន្តែ លោក​បាន​លើក​ឡើង​ថា ធន​ធាន​របស់​លោក​ត្រូវ​បាន​ពង្រីក​យ៉ាង​ច្រើន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយ​នៅ​ពេល​ធ្វើ​យុទ្ធនាការ​ឃោស​នា​​​​បោះ​ឆ្នោត​ និង​ការ​ធ្វើ​បាតុកម្ម​ជា​បន្ត​បន្ទាប់​​​​បាន​ធ្វើ​ឲ្យ​បុគ្គលិក​របស់​លោកខំប្រឹង​ប្រែង​ធ្វើ​ការ​យ៉ាង​ខ្លាំង​។

លោក​បាន​​មាន​ប្រសាសន៍​ថា “ខ្ញុំ​យល់​ពី​ការ​ត្អូញ​ត្អែរ​របស់​សាលា​រាជ​ធានី ប៉ុន្តែ​យើង​ត្រូវ​បម្រើ​មនុស្ស​២លាន​នាក់​នៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ”។ ​លោក​បាន​​បន្ថែមថា “អំឡុង​ពេល​ធ្វើ​បាតុកម្ម​ មាន​ការ​បិទផ្លូវ​ដែល​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​ការ​ប្រមូល​សំរាម​ ហើយ​មាន​មនុស្ស​កាន់​តែ​ច្រើនឡើងៗ​នៅ​ក្នុង​ទី​​ក្រុង​ ដែល​ធ្វើ​ឲ្យ​មាន​សំរាម​កាន់​តែ​ច្រើន​”។

លោក ចំរើន បាន​​មាន​ប្រសាសន៍​​ថា កំណើន​ប្រជា​ជន​ក្នុង​ទី​​ក្រុង​ពី​ប្រហែល​១,២​​​លាន​នាក់​ក្នុង​ឆ្នាំ​២០០០​ដល់​ប្រហែល​២,២​លាន​នាក់​សព្វ​ថ្ងៃ​នេះ​ គឺ​ច្រើន​ណាស់​​​ បុគ្គ​លិក​របស់​លោក​មិន​អាច​ប្រមូលសំរាម​បាន​ទាន់​ពេល​​នោះទេ​។ លោកបាន​​មាន​ប្រសាសន៍​បន្ថែមទៀត​​ថា “កាល​​​​​ពី​១០​ឆ្នាំ​មុន ​យើង​បាន​​ចុះ​កិច្ច​សន្យា​ជា​មួយ​សាលារាជធានី​ថា​ យើង​​ប្រមូល​សំរាម​​​​ពី​កន្លែង​​មួយ​តែ​មួយ​ដង​​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ ឥឡូវ​នេះ​ ជួន​កាល​យើង​ត្រូវ​ប្រមូល​បួន ឬ​ប្រាំ​ដង​ក្នុង​មួយ​ថ្ងៃ​ ហើយ​​​ប៉ុណ្ណឹង​​វា​ច្រើន​ណាស់​ទៅ​ហើយ​”។

កាល​ពី​ឆ្នាំ​២០០២ ក្រុម​ហ៊ុន ស៊ីនទ្រី​ បាន​ចុះ​កិច្ច​សន្យា​​រយៈ​ពេល​៥០​ឆ្នាំ​​ ដើម្បី​​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុម​ហ៊ុន​នេះ​​ប្រមូលសំរាម​ក្នុង​រាជ​ធានី​ភ្នំពេញ​។ ទាំង​សាលា​រាជ​ធានី និង​ក្រុម​ហ៊ុន ស៊ីនទ្រី មិន​បាន​ផ្តល់​ព័ត៌​មាន​លម្អិត​អំពី​កិច្ច​សន្យា​ទេនេះ​កាល​ពី​ម្សិល​មិញ ប៉ុន្តែ ភាគី​ទាំង​ពីរ​បាន​និយាយ​ថា ខ្លួន​​បាន​ប្តេជ្ញា​គោរព​តាម​កិច្ច​សន្យា​នេះ។

លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជ​ធានី​ បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា កិច្ច​សន្យា​រវាង​ក្រុម​ហ៊ុន ស៊ីនទ្រី និង​សាលា​រាជ​ធានី​ត្រូវ​តែ​ត្រួត​ពិនិត្យ​ឡើង​វិញ ប៉ុន្តែ​មិន​ទាន់​ដល់​ថ្នាក់​បញ្ចប់​កិច្ច​សន្យា​នោះ​ទេ។ លោកបាន​មានប្រសាសន៍​ថា “វា​ជា​​​ការ​ធម្មតា​ទេនៅ​ក្នុង​ការ​ធ្វើ​អាជីវ​កម្ម ប្រសិន​ភាគី​​​​​ណា​មួយ​ដែល​បាន​ចុះ​កិច្ច​សន្យា​រួច​ហើយ​​​មិន​​បាន​គោរព​តាម​កិច្ច​សន្យា​​​របស់​ខ្លួន​​ទេ​នោះ​​​ត្រូវ​តែ​មាន​ការ​​ត្រួត​ពិនិត្យ​កិច្ច​សន្យា​នោះ​ឡើង​វិញ”​។ មុន​ពេល​បញ្ចប់​ការ​សន្ទនា និង​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​បន្ថែម​ទៀត​នោះ លោក​បាន​បន្ថែម​ថា “ ប៉ុន្តែ​ យើង​ពេញ​ចិត្ត​ព្យា​យាម​ដោះ​ស្រាយ​​បញ្ហា​នេះ​ជាមួយ​គ្នា​”។

លោក ប៉ា សុជាតិវង្ស ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​អំពីការ​ដាក់​​ឱសានវាទ​កាល​ពី​ថ្ងៃ​ច័ន្ទ​​នេះ​ដែរ៕ (គឹមហឿន)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស