មន្ត្រីនគរបាលមួយរូបបានឲ្យដឹងកាលពីម្សិលមិញថា សាលាដំបូងរាជធានីភ្នំពេញគ្រោងនឹងចោទប្រកាន់បុរសជនជាតិអង់គ្លេសអាយុ៣៥ឆ្នាំម្នាក់ ឈ្មោះ រីឆាដ ហ្រ៊ូន (Richard Fruin) នៅថ្ងៃនេះ បន្ទាប់ពីក្រុមនគរបាលប្រឆាំងការជួញដូរមនុស្សបានចាប់ខ្លួនជនសង្ស័យនេះនៅឯផ្ទះសំណាក់មួយក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យ។
លោកវរសេនីយ៍ទោ ឡៅ លីន ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្សនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា “ ប្រតិបត្តិការស៊ើបអង្កេតរបស់យើងមិនទាន់ចប់នៅឡើយទេ ដូច្នេះយើងនឹងបញ្ជូនជនសង្ស័យនេះទៅតុលាការ [ដើម្បីធ្វើការចោទប្រកាន់] នៅថ្ងៃស្អែក”។ លោកវរសេនីយ៍ទោ ឡៅ លីន បានដឹកនាំប្រតិបត្តិការឆ្មក់ចាប់កាលពីយប់ថ្ងៃអាទិត្យ ទៅលើផ្ទះសំណាក់បឹងមាសនៅក្នុងខណ្ឌដូនពេញ។ នៅទីនោះក្រុមនគរបាលបានឃើញជនសង្ស័យឈ្មោះ ហ្រ៊ូន នៅជាមួយក្មេងប្រុសម្នាក់អាយុ៨ឆ្នាំ ដែលបន្ទាប់មកត្រូវបានពិនិត្យទៅឃើញថា ត្រូវបានរំលោភផ្លូវភេទ។
យោងតាមអង្គការសកម្មភាពដើម្បីកុមារ (NGO Action Pour les Enfants , APLE) ដែលជាអង្គការប្រឆាំងសកម្មភាពរួមភេទជាមួយកុមារ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហ្រ៊ូន ដែលបានជាប់ពន្ធនាគារអស់រយៈពេល១ឆ្នាំនៅចក្រភពអង់គ្លេស បន្ទាប់ពីត្រូវបានចោទប្រកាន់ក្នុងរឿងក្ដីចំនួន១៥ករណី ពីបទផលិតរូបភាពអាសអាភាសកុមារ បាននិងកំពុងធ្វើការជាគ្រូបង្រៀនភាសារអង់គ្លេសក្នុងរាជធានីភ្នំពេញ មុនពេលជនសង្ស័យរូបនេះត្រូវចាប់ខ្លួន។
លោក យី ម៉ូដង់ (Yi Moden) នាយករងទទួលបន្ទុកប្រតិបត្តិការតាមមូលដ្ឋាននៃអង្គការសកម្មភាពដើម្បីកុមារ បានឲ្យដឹងកាលពីម្សិលមិញថា បងប្អូនប្រុសបីនាក់បូករួមទាំងក្មេងប្រុសអាយុ៨ឆ្នាំ ដែលមានវត្តមាននៅពេលជនសង្ស័យឈ្មោះ ហ្រ៊ូន ត្រូវបានចាប់ខ្លួននោះ បានប្រាប់នគរបាលថា ជនសង្ស័យរូបនេះបានរំលោភពួកគ។
លោកមានប្រសាសន៍បន្ថែមថា អង្គការរបស់លោកសង្ស័យថា យ៉ាងហោចណាស់ក្មេងប្រុសបួននាក់ផ្សេងទៀតត្រូវបានរំលោភក្នុងករណីនេះ។ លោក ម៉ូដង់ បានមានប្រសាសន៍ថា “យោងតាមអ្វីដែលកុមារបាននិយាយ ឈ្មោះ ហ្រ៊ូន គួរតែត្រូវបានចោទប្រកាន់ទី១ ពីបទអំពើអនាចារជាមួយអនីតិជន…និងទី២ ពីបទរួមភេទជាមួយអនីតិជន។ បទប្រចោទប្រកាន់នេះនឹងតម្រូវឲ្យជនល្មើសជាប់ពន្ធនាគារពោលគឺបទចោទប្រកាន់ទី១ ត្រូវជាប់ពន្ធនាគារបីឆ្នាំ និងទី២រយៈពេល១០ឆ្នាំ។
នៅក្នុងករណីដាច់ដោយឡែកមួយទៀតបុរសជនជាតិអង់គ្លេសឈ្មោះ ដេវីដ ផ្លេតឈ័រ (David Fletcher) ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារព្រៃសក្នុងរាជធានីភ្នំពេញ រយៈពេល១០ឆ្នាំ ពីបទចាប់រំលោភក្មេងស្រីអាយុ១៦ឆ្នាំកាលពីឆ្នាំ២០០៩និងសម្រេចចិត្តថា តើត្រូវប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងការផ្ដន្ទាទោសខ្លួននៅចុងខែនេះ នេះបើយោងតាមអតីតមេធាវីរបស់ជនជាប់ចោទរូបនេះ កាលពីម្សិលមិញ។
លោក អ៊ុក ស៊ីរឿន ដែលកាលពីមុនត្រូវបានតែងតាំងឲ្យការពារក្ដីសម្រាប់ជនជាប់ចោទឈ្មោះ ផ្លេតឈ័រ បានមានប្រសាសន៍ថា “ គាត់នៅតែមានសិទ្ធិស្នើឲ្យមានការកាត់ក្ដីឡើងវិញ ឬក៏ប្ដឹងឧទ្ធរណ៍ ពីព្រោះគាត់ត្រូវបានផ្ដន្ទាទោសកំបាំងមុខ”។
ជនជាប់ចោទឈ្មោះ ផ្លេតឈ័រ ដោយបានក្លាយជាជនបរទេសដំបូងដែលត្រូវបានបញ្ជូនមកប្រទេសកម្ពុជាវិញ ដើម្បីធ្វើការផ្ដន្ទាទោសនោះ ត្រូវបានធ្វើបត្យាប័នពីប្រទេសថៃមកប្រទេសកម្ពុជា កាលពីថ្ងៃទី១ខែតុលា ហើយមានរយៈពេលមួយខែគិតចាប់ពីថ្ងៃនោះ ដើម្បីបដិសេធការផ្ដន្ទាទោសលោក នេះបើយោងតាមលោក ស៊ីរឿន។
លោក ឌុន វិបុល មេធាវីបច្ចុប្បន្នការពារក្ដីរបស់ជនជាប់ចោទឈ្មោះ ផ្លេតឈ័រ មិនអាចទំនាក់ទំនងធ្វើអត្ថាធិប្បាយបានទេកាលពីម្សិលមិញ៕(សុធា)