31 C
Phnom Penh

លោក សុខ គង់៖ ទីតាំង​ដី​ដ៏ធំ​នៅជិត​​វត្តឧណ្ណាលោម​នឹង​​ប្រើ​ប្រាស់​សម្រាប់​គម្រោង​​អភិវឌ្ឍន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សូគីម៉ិច គ្រុប (Sokimex Group) បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​​មិញ​ថា ទីតាំង​ដី​ដែល​មាន​ទំហំ​៥.០០០​ម៉ែត្រ​ក្រឡារបស់​ក្រុម​ហ៊ុន​ពហុ​ជំនួញ​ក្នុង​ស្រុក​នេះ​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​១៥៤ ក្បែរ​វត្ត​​ឧណ្ណាលោម និង​ផ្សារ​កណ្តាល អាច​ជា​ទីតាំង​ថ្មី​មួយ​សម្រាប់​គម្រោង​សណ្ឋា​គារ​ដែល​មាន​ច្រើន​ជាន់។

លោក សុខ គង់ ប្រធាន​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​​​សូគីម៉ិច បា​ន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា  គម្រោង​​​​​សាង​សង់​សណ្ឋា​គារ​នៅ​លើ​ទីតាំង​ដែល​នៅ​ក្បែរ​​សណ្ឋា​គារ​ Amanjaya Pan​cam និង​មាន​ទំហំ​ស្មើ​នឹង​មួយ​ប្លុក​នេះ គិត​ពី​ផ្លូវ​១៥៤​ទៅ​ដល់​ផ្លូវ​១៤៨ ត្រូវ​បាន​លើក​ពេល​​​​អនុវត្ត​ ដោយ​សារ​តែ​ស្ថាន​ភាព​នយោ​បាយ​មិន​សូវ​អំណោយ​ផល​នាពេល​បច្ចុ​ប្បន្ន។

លោក សុខ គង់ បាន​មាន​ប្រសាសន៍​ថា “ដី​នេះ​ជា​របស់​ខ្ញុំ ហើយ​យើង​មាន​គម្រោង​​សង់​សណ្ឋា​​គារ​មួយ​ ក៏​ប៉ុន្តែ​យើង​បាន​ព្យួរ​គម្រោង​នេះ​សិន ដោយ​សារ​យើង​បារម្ភ​អំពី​បាតុកម្ម​” ក្រោយ​ថ្ងៃ​បោះឆ្នោត​​ជាតិ​កាល​ពី​ខែ​កក្កដា។ លោក សុខ គង់ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា មុន​និង​ក្រោយ​ពេល​បោះ​ឆ្នោត​ តំណាង​ក្រុម​ហ៊ុន​កូរ៉េ​មួយ​ និង​ក្រុម​ហ៊ុន​ជប៉ុន​មួយ បាន​ពិភាក្សា​ជាមួយ​លោក​អំពី​ផែនការ​ទិញ​ដី​នេះ​ ដើម្បី​​សង់​សណ្ឋា​​គារ​ ក៏​ប៉ុន្តែ​ពួក​គេ​មិន​បាន​ត្រឡប់​មក​វិញ​ទេ​ បន្ទាប់​ពី​កិច្ច​ពិភាក្សា​លើក​ដំបូង​។

លោក​​លើក​ឡើង​ថា ក្រុម​ហ៊ុន​របស់​លោក​បាន​វាយ​កម្ទេច​ចោល​ហាង​លក់​គ្រឿង​​​​បន្លាស់​ទូរ​ស័ព្ទ​ដ៏​ធំ​មួយ​ ដែល​ពី​មុន​ស្ថិត​នៅ​លើ​ទីតាំង​ដី​នេះ ហើយ​បាន​វាយ​កម្ទេច​ហាង​​​​​តូចៗ​ផ្សេង​​​​ទៀត​​ ដើម្បី​រៀប​ចំ​ដី​នេះ​សម្រាប់​​​​លក់​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​គ្រាន់​​​តែ​បាន​កម្ទេច​អគារ​នេះ និង​ហាង​អាជីវកម្ម​ផ្សេងៗ​ចេញពី​ដី​នេះ ដើម្បី​រៀប​ចំ​សម្រាប់​លក់​… ក៏​ប៉ុន្តែ​យើង​មិន​បាន​លក់​ដីនេះ​ទេ”។

លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ដូន​ពេញ​​​បាន​ឲ្យ​ដឹង​ថា លោក សុខ គង់​ បាន​លក់​ដី​នេះ​​​ទៅ​ឲ្យ​​​​​ក្រុម​​​​ហ៊ុន​កូរ៉េ ដែល​បាន​និង​កំពុង​មាន​គម្រោង​​​សាង​​សង់​សណ្ឋាគារ​ និង​ការិយា​ល័យ​​​​លើ​ទី​តាំង​នោះ។ លោក សុខ សម្បត្តិ ​មាន​ប្រសាសន៍​ថា “ ដី​នេះ​ជា​របស់​ឧកញ៉ា សុខ គង់ ក៏​ប៉ុន្តែ​គាត់​បាន​លក់​វា​ឲ្យ​ក្រុម​ហ៊ុន​កូរ៉េ កាល​ពី​ប៉ុន្មាន​ខែ​មុន​ហើយ។ ម្ចាស់​​ក្រុម​ហ៊ុននោះកាល​ពី​ពេល​​ថ្មីៗ​នេះ​បាន​មកជួប​ខ្ញុំ​ និង​ពិភាក្សា​គ្នា​អំពី​គម្រោង​​​​​​​សាង​សង់​នេះ ដើម្បី​សាង​សង់​សណ្ឋាគារ​ដ៏​ខ្ពស់​មួយ និង​អគារ​មួយ​សម្រាប់​ធ្វើ​ជា​ការិយា​​​ល័យ​ក្រុម​ហ៊ុន​ផ្សេងៗ​”។

នៅ​ឯ​ទីតាំង​ដី​នោះ​កាល​ពី​ម្សិល​មិញ​របង​អា​លុយ​មីញ៉ូមបាន​ព័ទ្ធ​ជុំ​វិញ​ដី​នោះ​ និង​ស្លាក​សញ្ញា​នៅ​ច្រក​ចូល​សម្រាប់​ណែ​នាំ​អតិ​ថិ​ជន​ឲ្យ​ចូល​ទៅ​ក្នុង​ទីតាំង​ហាង​លក់​ទូរស័ព្ទ​ថ្មី​។ អ្នក​​​​លក់​ដូរ​នៅ​តាម​ផ្លូវ​កាល​ពី​ថ្ងៃ​ច័ន្ទ និង​ម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​បាន​រើ​ចេញពី​ទីតាំង​ដី​នោះ​ទៅ​កន្លែង​ថ្មើរ​ជើង​។ កាល​ពី​ដើម​ឆ្នាំនេះ ក្រុម​ហ៊ុន​សូគីម៉ិច​បាន​ចាប់​ផ្តើម​រើ​អាជីវ​កម្ម​ផ្សេងៗ​ ចេញពី​ទីតាំង​ដី​របស់​ខ្លួន​ សម្រាប់​គម្រោង​អភិវឌ្ឍន៍ និង​សាង​សង់​សណ្ឋាគារ​១៥​ជាន់​ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​សម​ភាគី​ចិន​ ហើយនៅ​​​ក្នុង​សណ្ឋា​គារ​​​នោះ ​នឹង​មាន​ហាង​ទំនើ​ប​ៗ​ ​និង​ផ្សារ​ទំនើប​​៕ (សុធា)​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស