ក្រុមហ៊ុនអាកាសចរណ៍ ដ្រាហ្គិនអ៊ែរ (Dragonair) មកពីទីក្រុងហុងកុងបានបើកប្រតិបត្តិការហោះហើរត្រង់ថ្មីមួយពីខេត្តសៀមរាបទៅកាន់ទីក្រុងហុងកុងក្នុងសប្តាហ៍នេះ ដែលជាហេតុធ្វើឲ្យជើងហោះហើរត្រង់មានតែមួយរវាងទីក្រុងទាំងពីរ។
ក្រុមហ៊ុនអាកាសចរណ៍នេះបានឲ្យដឹងតាមរយៈសេចក្តីប្រកាសសេវាកម្មថ្មីរបស់ខ្លួនថា សេវាកម្មហោះហើរបួនលើកក្នុងមួយសប្តាហ៍របស់ក្រុមហ៊ុន ដ្រាហ្គិនអ៊ែរ មានគោលបំណងជំរុញនិងពង្រឹងទំនាក់ទំនងវិស័យទេសចរណ៍និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងទីក្រុងហុងកុង និងក្នុងគោលបំណងបង្កើនវិសាលភាពទីផ្សាររបស់ទីក្រុងហុងកុង ដែលជាមជ្ឈមណ្ឌលអាកាសចរណ៍ឈានមុខមួយនៅក្នុងចំណោមមជ្ឈមណ្ឌលអាកាសចរណ៍ឈានមុខនៅលើពិភពលោក។
លោក វីលសុន យ៉ាម (Wilson Yam) អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន ដ្រាហ្គិនអ៊ែរ ប្រចាំតំបន់អាស៊ីអាគ្នេយ៍លើកឡើងថា ក្រុមហ៊ុន ដ្រាហ្គិនអ៊ែរ មានក្តីសោមនស្សរីករាយដែលបានបង្កើនជើងហោះហើររបស់ខ្លួនមកកាន់ប្រទេសកម្ពុជា។លោកថ្លែងថា “ ក្រុមហ៊ុន ដ្រាហ្គិនអ៊ែរ មានមោទនភាព ដែលបានបម្រើប្រទេសកម្ពុជាអស់រយៈពេល២០ឆ្នាំកន្លងមកនេះ។យើងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយដែលបានបង្កើតជើងហោះហើរថ្មីនេះ…ដោយផ្តល់ឲ្យអ្នកដំណើរមកពីប្រទេសកម្ពុជានូវសេវាកម្មធ្វើដំណើរកាន់តែមានប្រសិទ្ធភាពទៅកាន់ទីក្រុងហុងកុង”។
លោកអែម៉ានូអ៊ែល ម៉េណានធូ(Emmanuel Menateau) ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា (Cambodia Airports) បានលើកឡើងផងដែរថា ទំនាក់ទំនងផ្លូវអាកាសថ្មីនេះគឺជា “សមិទ្ធិផលដ៏សំខាន់ថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការរយៈពេលវែងប្រកបដោយផ្លែផ្ការបស់យើងជាមួយក្រុមហ៊ុនអាកាសចរណ៍ ដ្រាហ្គិនអ៊ែរ”។
សេវាដឹកអ្នកដំណើរតាមផ្លូវអាកាសនេះ នឹងត្រូវបានផ្តល់តាមរយៈយន្តហោះអ៊ែរប៊ូស A320 និងយន្តហោះA321។ ក្រុមហ៊ុន ដ្រាហ្គិនអ៊ែរ ដែលជាសមាជិកក្រុមហ៊ុន ខាថាយ ប៉ាស៊ីហ្វិក គ្រុប (Cathay Pacific Group) បច្ចុប្បន្នផ្តល់សេវាដឹកអ្នកដំណើរ១០ជើងហោះហើរក្នុងមួយសប្តាហ៍ពីរាជធានីភ្នំពេញទៅទីក្រុងហុងកុង៕ (សុធា)