35 C
Phnom Penh

អង្គការ​អភិរក្ស​សត្វព្រៃ​កំពុង​តែ​ស៊ើប​អង្កេត​ពី​ការ​​ងាប់​ដំរី​បី​ក្បាល​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ដែន​ជម្រក​សត្វព្រៃ​​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​កំពុង​តែ​ស៊ើប​អង្កេត​រឿង​ដំរី​បី​ក្បាល​ ដែល​គេ​ប្រទះ​ឃើញ​ងាប់​​​​ក្នុង​តំបន់​ការពារ​កាល​ពី​ថ្ងៃអាទិត្យ​។ យោង​តាម​លោក​ សំរ៉ង់​ឌី វិចិត្រ ប្រធាន​ដែន​​ជម្រក​សត្វព្រៃ​បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​បានរាយការណ៍​ថា បាន​ប្រទះ​ឃើញ​ដំរី​ងាប់​ចំនួន​បី​ក្បាល​ ពី​រ​ក្បាល​ជា​ដំរី​ចាស់​​ រីឯ​មួយ​ក្បាល​ទៀត​​ជា​ដំរី​​ជំទង់​នៅ​ក្នុង​​ព្រៃ​មួយ​ ដែល​​គេ​ឲ្យ​ឈ្មោះ​ថា ក្រង​ជី​ឡូក​។​

លោក​ វិចិត្រ​ បាន​មាន​ប្រសាសន៍​ថា “នៅ​ថ្ងៃ​បន្ទាប់​​ មន្ត្រី​​របស់​យើង​បាន​ចុះ​​ទៅ​​ស៊ើប​អង្កេ​ត ហើយ​​បាន​សន្និដ្ឋាន​​ថា ដំរី​ទាំង​នេះ​បាន​​​ងាប់​​ប្រហែល​ពី​២ទៅ៤​សប្ដាហ៍​ កន្លង​មក​ហើយ​ ពីព្រោះ​សាច់​​របស់​វា​បាន​ស្អុយ​រលួយ​ទៅហើយ​”។ លោក​បាន​បន្ថែម​ថា បុគ្គលិក​របស់​លោក​កំពុង​ធ្វើការ​​ជាមួយ​​អង្គការ​ WWF​ ដើម្បី​ស្វែង​យល់​ពី​​មូលហេតុ​នៃ​ការ​ងាប់​នេះ​។

លោក​បាន​មានប្រសាសន៍​​បន្ថែម​ថា “ជា​ទូទៅ​ យើង​សន្និដ្ឋាន​ថា ដំរី​ទាំង​​នេះ​ជា​​ដំរី​​ញី​​មា​ន​ពីរ​ក្បាល​ជា​ដំរី​​ចាស់​​ និង​មួយ​ក្បាល​ទៀត​​ប៉ុន​ក្របី​ ហើយ​​ពួក​វា​ទាំងអស់​ងាប់​នៅ​កន្លែង​​តែ​មួយ​ គឺ​ឃ្លាត​គ្នា​ប្រហែ​ល​ពី​២ទៅ​៣​ម៉ែត្រ​​ប៉ុណ្ណោះ​”។ នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​មាន​សញ្ញា​ណា​មួយ​​បង្ហាញ​ពី​ការវាយ​សម្លាប់​យក​ភ្លុក​ ឬ​យ៉ាង​ណា​នោះ លោក​ វិចិត្រ​ បាន​លើក​ឡើង​ថា អង្គការ​WWF កំពុង​ស៊ើប​អង្កេត​ពី​ករណី​នេះ​នៅ​ឡើយ​។​

លោក​បាន​មានប្រសាសន៍​ថា “យើង​មិន​អាច​និយាយ​បាន​ទេ​ ពីព្រោះ​យើង​​កំពុង​តែ​ធ្វើ​ការ​ជាមួយ​អង្គការ​ WWF ដើម្បីស៊ើប​អង្កេត​ពី​ករណី​នេះ​។ ខ្ញុំ​​មិន​ទាន់​ដឹង​ទេ​ថា តើ​ដំរី​ទាំង​នេះ​​បាត់​ភ្លុក​​ឬក៏​អត់​នោះ​”។​ ដំរី​នៅ​តំបន់​អាស៊ី​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​​តាំង​ពី​ឆ្នាំ​១៩៨៦​មក​ម៉្លេះ ហើយ​ដែន​ជម្រក​សត្វព្រៃ​ភ្នំព្រិច​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​​ជម្រក​សម្រាប់​សត្វ​ដំរី​ចន្លោះ​ពី​១២០​ក្បាល​ ដល់​១៧០​ក្បាល​​ក្នុង​ចំណោម​ដំរី​​ ដែល​គេ​ប៉ាន់​ប្រមាណ​ថា នៅ​សេសសល់​ប្រហែល​២៥០​ក្បាល​​ក្នុង​ព្រៃ​ទូទាំង​ប្រទេស​កម្ពុជា​។

នៅ​ពេល​ទាក់​ទង​​កាល​ពីម្សិលមិញ​ លោក​ ជែក​ ហាយវូដ (Jack Highwood) អ្នក​គ្រប់គ្រង​កម្មវិធី​សម្រាប់​គម្រោង​ Elephant Valley Project ​នៅ​ក្នុង​ក្រុង​សែន​មនោរម្យ​ ខេត្ត​មណ្ឌល​​គិរី​​ បាន​លើក​ឡើង​ថា វា​មិន​ទំនង​ថា ជា​ការ​ប្រមាញ់​ដោយ​ខុស​ច្បាប់នោះ​ទេ​ ប៉ុន្តែ​វា​ប្រហែល​ជា​ងាប់​​ដោយ​សារ​ស្នាដៃ​​របស់​មនុស្ស​។

លោក​ ហាយវូដ បាន​មានប្រសាសន៍​ថា “បើ​តាម​ព័ត៌មាន​ដែល​ខ្ញុំ​ទទួល​បាន​គឺ​ថា ដំរី​ញី​ទាំង​បី​ក្បាល​នេះ​បាន​​ងាប់​នៅ​ទី​នោះ​តាំង​ពី​​បី ឬ​ក៏​ប្រាំខែ​មុន​មក​ម៉្លេះហើយ​អ្វី​ដែល​នៅ​សេស​សល់​នោះ​ គឺ​​គ្រោង​ឆ្អឹង​របស់​ដំរី​ទាំង​បី​ក្បាល​នេះ​តែ​ប៉ុណ្ណោះ​”។ លោក​​បាន​មានប្រសាសន៍​បន្ត​​ដោយ​មិន​បរិយាយ​​ថា “ប្រសិន​បើ​វា​​ត្រូវ​គេ​បាញ់​សម្លាប់​​មែន​​នោះ​ វា​ជា​សោកនាដកម្ម​មួយ​​សម្រាប់​​​អង្គការ​អភិរក្ស​សត្វ​ព្រៃ​ ហើយ​វា​​ជា​សារ​មួយ​បង្ហាញ​យ៉ាង​ច្បាស់​ថា ចំា​បាច់​ត្រូវ​​តែ​មាន​ការ​​ការពារ​ និង​អភិរក្ស​សត្វ​ព្រៃ​​បន្ថែម​​ទៀត​ ពី​ព្រោះ​សព្វថ្ងៃ​មាន​ដំរី​​តិច​តួច​ណាស់​​​ដែល​នៅ​សេស​សល់​”៕ (ស៊ុយឈាង)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស