26 C
Phnom Penh

ក្រុមអ្នកតវ៉ាប៉ះ​ទង្គិច​ជាមួយ​គរបាលនៅ​មុខ​សាលា​រាជធានីភ្នំ​ពេញអំឡុងការតវ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​តវ៉ា​ប្រឆាំង​ការ​បណ្ដេញ​ចេញ​​ម្នាក់​តវ៉ា​នៅ​ខាង​មុខ​ការិយាល័យ​របស់​​លោក​នាយក​រដ្ឋ​មន្ត្រី​​ កាល​​ពី​​ម្សិលមិញ អំឡុង​​ការ​ហែក្បួន​មួយ​ទៅ​កាន់​សាលា​រាជធានី ដើម្បីស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​រឿង​​​ប្រាក់​សំណង។  (Siv Channa)
ក្រុមអ្នក​តវ៉ា​ប្រឆាំង​ការ​បណ្ដេញ​ចេញ​​​តវ៉ា​នៅ​ខាង​មុខ​ការិយាល័យ​របស់​​លោក​នាយក​រដ្ឋ​មន្ត្រី​​ កាល​​ពី​​ម្សិលមិញ អំឡុង​​ការ​ហែក្បួន​មួយ​ទៅ​កាន់​សាលា​រាជធានី ដើម្បីស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​រឿង​​​ប្រាក់​សំណង។ (Siv Channa)

​កា​ល​ពី​ម្សិល​មិញ ប្រជា​​​ជ​នដែល​ត្រូ​វ​បា​ន​បណ្តេញ​ចេញពី​លំនៅដ្ឋាន​ និងក្រុម​សកម្ម​​​ជន​​ប្រឆាំ​ង​​កា​រ​បណ្តេញ​​ចេញ​​​បា​ន​​​ប៉ះទង្គិច​​គ្នា​​ជា​​​មួ​យក្រុម​នគរបាល​ និង​កម្លាំង​សន្តិ​សុខមួយ​រយៈ​ពេល​ខ្លី​ ​បន្ទាប់​​ពី​ពួកគេបានបិទ​ចរា​ចរណ៍​​​នៅ​​មុខសា​លា​​​រាជ​ធា​នី​ភ្នំ​ពេញ ដើម្បី​ទាម​​ទារឲ្យ​​ស្ត្រី​អ្នកជំនួញឈ្មោះ ស៊ុយ សុ​ផាន ​​​សង​​​​ថ្លៃ​លំនៅ​ដ្ឋានដែល​​​​​ត្រូវ​បា​ន​​ឈូស​​​​​​​​​​ឆាយ​​ កាល​ពី​ដើម​ឆ្នាំ​មុន។

អង្គកា​រ​សិទ្ធិ​មនុស្ស ​អា​​ដហុក ​បា​ន​ឲ្យ​​ដឹង​ថា ស្ត្រី​យ៉ាង​តិច​បី​នាក់​​​បា​ន​រង​​របួស​ ហើយបា​ន​​ចេញ​​សេចក្តី​​ថ្លែង​ការណ៍មួយ ដើម្បី​ថ្កោល​​ទោស​ល្បិចឃោរឃៅ  ជាពិសេស​ពីសំណាក់​កម្លាំង​ស​​ន្តិ​សុខ​ខណ្ឌ ​ហើយ​មួយចំនួនក្នុង​ចំណោម​​​កម្លាំង​សន្តិសុខ​ទាំងនោះបាន​ប្រើ​ដំបង​​ ​​​និង ស្នាប់ដៃដែក។ អង្គការ​​សិទ្ធិមនុស្ស​ ​អា​ដ​ហុក ​បា​ន​លើក​ឡើង​ក្នុ​ង​​សេចក្តី​​ថ្លែង​ការណ៍នេះ​ថា “សមាគម​អា​ដ​ហុកលើក​ឡើង​​ម្តង​ហើយ​ម្តងទៀត​​​អំ​ពី​កា​រ​ថ្កោល​​ទោស​​របស់​ខ្លួ​ន​​​ចំពោះ​​​កា​រ​ប្រើ​​​  អំពើ​ហិង្សា​ប្រ​ឆាំ​ង​​បា​តុ​ករតវ៉ា និង​រំឭក​រដ្ឋា​ភិ​បាលកម្ពុជា និង​អាជ្ញា​ធរ ឲ្យ​គោ​រពស្មារតី​​ប្តេជ្ញាផ្លូវ​ច្បាប់អន្ត​រជាតិ​​​ ទាក់ទង​នឹងសេរី​ភាព​មូលដ្ឋានក្នុ​​ង​កា​រ​​បញ្ចេញ​មតិ​​​​ បង្កើត​សមាគម ​និង​ប្រមូលផ្តុំ”​។

អង្គការ​សិទ្ធិមនុស្ស​នេះ​បាន​លើកឡើង​បន្ត​ថា “​ជា​​ពិ​​សេសកម្លាំងសន្តិ​សុខ​​ខណ្ឌ​ដូន​ពេញមិន​អា​ច​បន្ត​ប្រើ​​​អំ​ពើ​ហិង្សាប្រ​ឆំាង​​​​ជន​ស៊ី​វិលទេ ហើយ​គួរ​តែ​ទទួលពិ​ន័យ​​ ដោយ​សារតែសកម្ម​ភាព​​បែ​ប​នេះ ​ពី​ព្រោះ​​បច្ចុ​ប្បន្ន​​នេះ​​​ពួ​ក​គេប្រ​ព្រឹត្តអំពើ​លើស​ពី​ឧក្រិដ្ឋ​ជន​ស៊ីឈ្នួល​បន្តិច”។

បា​តុ​ករ​៥០​នាក់​​ទៀត ដែល​​ភាគ​ច្រើន​​​ជា​ស្ត្រី​​ បា​ន​​ដើរ​​ក្បួ​ន​​​ពី​​​តំបន់បុ​រី​កី​ឡា ​​ជា​កន្លែ​ង​បណ្តេញ​ចេញ​​ដោ​យអំពើ​ហិង្សា​​​កាល​ពី​​ខែ​មករា ​ឆ្នាំ​​២០១២ ​ដោយ​មាន​គ្រឿង​ចក្រ​​កម្ទេច​លំនៅ​ដ្ឋាន​មិន​មាំទាំ​របស់​​​ប្រជា​​ពល​រដ្ឋ​​ចំ​នួន​​​ប្រមាណ៣០០​គ្រួ​សារ។ នៅពេល​នៅ​​មុខ​សាលា​​​រា​ជ​​​ធា​​នី​ ពួក​គាត់​​បាន​​បិទមហា​វិ​ថី​ព្រះ​មុនី​វង្ស នៅ​ពេល​លោក ប៉ា សុ​ជាតិ​​វង្ស ​​អភិ​បាល​​រាជ​ធា​នី​ភ្នំ​ពេញ​ មិន​បាន​​ចេញ​​មក​ជួប​​​ពួ​ក​គាត់​។

ក្រុមនគរបា​លប្រ​ឆាំ​ង​កុបកម្ម​​​​ និងកម្លាំង​សន្តិ​សុខ​​ខណ្ឌដូន​ពេញប្រ​ហែល​១០០​​នាក់​ ​ដែល​មិន​មែន​​​ជា​នា​យ​នគរ​បាល​ ភ្លាមៗនោះ​បាន​ប្រ​មូ​ល​ផ្តុំ​គ្នា​នៅ​ក្បែរ​​នោះ​ ​និង​​​បា​ន​​ដើរ​ក្បួ​ន​សំដៅទៅកាន់ក្រុមអ្នក​តវ៉ា​ ហើយ​មួយ​ចំនួន​ក្នុង​ចំ​​ណោម​​​ពួកគាត់​បាន​​ដេក​លើ​ផ្លូវ និងមិន​ព្រម​​ចេញ​ទៅណា​ទេ។ អំ​ឡុង​កា​រ​ប្រ​ឈ​ម​​ដាក់​គ្នា​ដ៏​​តា​ន​តឹង​ ដោយ​សារតែ​ក្រុម​នគរបាល​បាន​រង​ដប​ទឹក​ជាច្រើន បុ​រស​ម្នាក់​​ត្រូ​វបា​ន​កម្លាំង​សន្តិសុខ​ខណ្ឌ​ដេញ​ចាប់ ទាញ​ផ្តួល​ទៅ​លើដី​ និង​​ទាត់​​ធាក់​ហើយទាត់​ធាក់ទៀត បើ​ទោះ​​ជា​​គាត់​មិ​ន​​តដៃ​ឬក៏​វាយបក​វិញ​ក៏​ដោយ​។ ​បន្ទាប់មក ​បុរស​នោះក៏​ត្រូ​វ​បា​ននាំចូល​ទៅ​បរិវេណ​សាលា​​រា​ជ​ធា​នី​ភ្នំ​ពេញ ​ហើយ​ក្រោ​យ​មក​ត្រូ​វ​​បា​ន​បញ្ជូន​​​ទៅ​កាន់​​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​​រា​ជ​ធានី​ភ្នំ​ពេញ។

ក្រុមបាតុ​ករ​បុ​រី​​កី​ឡា​ចោទ​ប្រ​កាន់​​​អ្នក​ស្រី ស៊ុយ សុ​ផាន ​ថា​​ ​​មិន​គោរព​ការ​សន្យាថា ​នឹង​​សាងសង់​អគារ​ផ្ទះ​ល្វែង​​ចំ​នួ​ន​១០​កន្លែង​ សម្រាប់​ប្រ​​​ជា​ពល​រដ្ឋ ដែល​រស់​នៅ​ក្នុង​តំបន់​​នេះ ​នៅ​​​ពេល​សាលា​​​រា​ជ​ធា​នី​​បា​ន​យល់​ព្រម​​​ជួល​ឲ្យ​ក្រុម​ហ៊ុនផា​នី​​ម៉ិចរបស់​លោកស្រី​ដើម្បី​អភិ​​​វឌ្ឍ​តំ​បន់​នេះ កាលពី​​​ប៉ុន្មា​ន​ឆ្នាំ​មុន។

អ្នក​ស្រី ​សុផាន ដែលបានសាង​សង់​អគារ​​ផ្ទះល្វែង​ចំ​នួន​ប្រាំ​បី​កន្លែ​ង​ក្នុង​ចំ​ណោម​​១០​កន្លែ​ង​​​ដូច​ដែល​​បា​ន​​សន្យា​ តំា​​​ង​ពី​ពេល​នោះ​មក​​បា​ន​អះអា​ង​​​ថា ក្រុមអ្នក​ត​វ៉ា​​បច្ចុ​ប្បន្ន​មិ​ន​​​​ដែល​រស់​នៅ​ក្នុង​តំ​បន់​នោះទេ។ ​កា​រ​​តវ៉ា​​​ទាំ​ង​​នោះ​កា​ល​​​ពី​ម្សិល​មិញ​​ចង់ឲ្យ​សាលា​​រាជ​ធា​នី​ជំរុញ​ឲ្យ​អ្នកស្រី​​​សាង​សង់បង្គ្រប់អគារទាំង​អស់ និ​ង​សង​ពួក​គេ​​នូវថ្លៃ​លំនៅ​​ដ្ឋាន​ ដែល​ត្រូ​វ​បាន​កម្ទេច​​ចោល។

បន្ទាប់​​ពី​ក្រុម​អ្ន​ក​ត​វ៉ា​​បាន​ចាកចេញ​ពី​​​ផ្លូ​វ​​កា​ល​​ពី​ម្សិល​មិញ ​តំណាង​​១០​​នាក់​​របស់​ក្រុម​អ្នក​តវ៉ា​នេះ​​​​ត្រូ​វ​បា​ន​អ​នុញ្ញាត​ឲ្យ​ចូ​ល​​ក្នុ​ង​សាលារាជ​​ធា​នី​ភ្នំ​ពេញ​​ ដើ​ម្បី​​ជួ​ប​​​ពិភាក្សា​ជាមួយ​​លោក ប៉ា សុជាតិ​វង្ស​។

បន្ទាប់​មកទៀត​ ​លោក ​ពេជ្រ  លឹម​​ឃួ​ន ​​អ្នក​​រៀប​ចំ​​​សកម្មភាពតវ៉ា​នេះ ​​បា​ន​ឲ្យដឹងថា​ លោក​​អភិ​បា​ល​រាជ​ធា​​​នី​​បា​ន​សន្យា​ថា នឹង​​ដោះ​ស្រាយ​​​ទំនាស់​​​នេះ ក៏ប៉ុន្តែមិន​បា​ន​និ​យាយ​ថានឹង​ដោះស្រាយ​ដោយ​របៀប​ណា​​​ទេ ​ហើយ​បា​ន​​ស្នើ​សុំ​ពេល​​វេលា​​។ លោក​​បា​ន​ឲ្យ​ដឹង​ថា​ ​លោក​​អភិ​​បាល​​បា​នសន្យា​​ដូ​​ចគ្នា​​នេះ​ដែរ​​​កា​ល​ពី​ក្នុ​ង​ខែ​កក្កដា នៅ​មុនការ​បោះ​ឆ្នោត​​ជ្រើស​​តាំង​តំ​ណា​ង​រាស្ត្រ។

លោក លឹម​​ឃួ​ន ​បា​ន​មាន​ប្រ​សាសន៍​ថា​​“​លោក​​​បា​នប្រាប់​ថា​ លោក​នឹង​​ដោះ​ស្រាយ​​បញ្ហា​នេះ ​ប៉ុ​ន្តែ​​​ទុ​ក​ពេល​​ឲ្យលោ​ក​សិន។ ខ្ញុំ​គិត​ថា​ ​គ្មាន​អ្វី​ថ្មី​​​ទេ ​ដូ​ច​ពី​​មុនអ៊ី​​ចឹង”។ លោក​បា​ន​ឲ្យ​ដឹង​ថា ​​ក្រុមអ្នក​តវ៉ា​​នឹងទុ​ក​ពេល​ឲ្យ​លោក​អភិ​បាល​​មួ​យ​​ខែ​​​ទៀត​មុ​ន​ពេល​​បន្ត​បាតុ​កម្ម​​​ទៀត។

លោក ឡុង ​ឌី​ម៉ង់ ​​អ្នក​នាំ​ពាក្យ​សា​​លា​​​រា​ជ​ធា​នី​ភ្នំ​ពេញ​​បា​ន​ឲ្យដឹងថា ​លោក​អភិ​បាល​រាជ​​ធានីភ្នំ​ពេញ ​​បា​ន​​​ជំ​រុញ​ឲ្យ​​​អ្នក​ត​វ៉ា​​​រក្សា​ភាព​អត់​ធ្មត់។ លោក​​បា​ន​មាន​ប្រ​សាស​​ន៍​ថា ​“ឯក​ឧត្ត​ម​ [ប៉ា​ សុ​ជាតិ​វង្ស] ​បា​ន​លើក​ឡើង​ថា ‘សូម​អត់ធ្មត់និង​រង់​​ចាំ​​សាលា​​រាជ​ធា​​នី​​ដោះ​ស្រាយ​បញ្ហា​​​នេះ ​​ពី​ព្រោះយើង​កំ​ពុង​​​ខិត​ខំ​​ដោះ​ស្រាយ​​​​រឿង​​នេះ​’ ”។

លោក ពៅ សា​វ៉ន ​​ដែល​ត្រូ​វ​បា​ន​​ឃាត់​ខ្លួន​​និង​ឃុំ​ខ្លួ​ន​ ត្រូ​វ​បា​ន​ដោះ​លែង​នៅវេលា​ម៉ោង​ប្រហែល​៤ល្ងាច។ លោក គឹម វុត្ថា ប្រធា​ន​​សន្តិ​សុខ​​​ខ​ណ្ឌ​ដូ​ន​
ពេញ​ បា​ន​ឲ្យ​ដឹងមុ​ន​ពេល​ដាក់​​ទូរ​ស័​ព្ទ​​ចុះ​ថា  កម្លាំងរបស់​លោក​មិន​ដែល​​វា​យ​​​ប្រ​ហា​រ​នរ​​​ណាទេ និងបា​ន​​អះ​អា​ង​ថា លោក​មិន​បា​ន​​ដឹង​​​អំ​ពី​​ឧបទ្ទវ​ហេតុ​​នៅ​ពេល​ព្រឹក​​ម្សិលមិញទេ។

លោក ជួន ណា​រិន ស្នង​ការ​រង​នគរបាល​រាជ​ធា​​នី ​បា​ន​ឲ្យដឹងផងដែរ​ថា ​លោក សាវ៉នត្រូ​វ​បា​ន​​​ឃាត់ខ្លួន​ ​ពី​ព្រោះ​​លោក​​​បាន​​វាយ​​​សន្តិ​សុខ។ លោកបា​នមាន​ប្រសាសន៍​ថា “​​​គាត់​ជា​​អ្នក​លេង​​ដែល​មក​វាយ​សន្តិសុខ។ ​គាត់​មិន​​ពាក់​ព័ន្ធ​​នឹ​ង​សហ​​​គ​ម​ន៍​​​​ប្រជា​ជន​​ត្រូ​វ​ជម្លៀស​​ចេញ​ទេ ហើយ​​នេះ​​ជា​ករណី​​​ព្រ​ហ្ម​​ទណ្ឌ​​​​”។
អ្នក​តវ៉ា​​​មួយចំនួនបា​ន​និ​យា​យ​​​ផងដែរ​ថា ​បុរស​នោះមិន​មែន​ជា​សមាជិក​ក្នុង​សហគមន៍​របស់ពួ​ក​គាត់​ទេ។ នៅពេល​​​ទាក់​​ទង​បា​ន​​​បន្ទាប់​​ពីត្រូវ​បាន​ដោះលែង​គាត់ លោក សាវ៉ន ​បា​ន​​​បដិ​សេធ​​ថា​​ ​លោកមិនបាន​​​វាយ​​អ្នក​ណា​​ទេ​។

លោក សា​វ៉ន ​បា​ន​​ឲ្យ​ដឹង​ថា គាត់​​ជា​​អ្នក​​បើក​​បរ​​រ៉ឺ​​ម៉ក​កង់បី ​​និ​ង​បា​ន​ទៅ​មើល​ជិត​​​កន្លែង​​តវ៉ា​ ដោយសារតែ​លោក​ចង់​ដឹង​ចង់​ឃើញ ។ លោក​បា​ន​ឲ្យ​ដឹង​ថា នៅ​ពេលកម្លាំងសន្តិ​សុខ និ​ងក្រុម​អ្នក​ត​វ៉ា​បា​ន​ចាប់​ផ្តើម​​វា​យ​ប្រហារ​​គ្នា លោក​​​បា​ន​​ចាក​ចេញ​​​ពី​សកម្មភាព​នេះ និ​ង​ត្រូវ​បាន​គេ​​ដេញ​តាម​​ ។ លោក​​​​​បា​ន​លើកឡើង​ថា “អយុត្តិ​ធម៌​​ណាស់ដែល​​សន្តិ​សុខ​វា​យ​ខ្ញុំ​ និ​ង​​ធ្វើ​ឲ្យ​រាង​កាយខ្ញុំ​ឈឺចាប់​។ ដៃ​ខ្ញុំ និង​កញ្ចឹងកខ្ញុំ​ឡើង​ហើ​ម​​”៕ប៊ុននី​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស