34 C
Phnom Penh

អង្គការ​​​ WWF អះអាង​​​ថា ដំរី​​​​​​ដែល​​​ងាប់​​​នៅ​​​ក្នុង​​​ខេត្ត​​​មណ្ឌលគិរី​ គឺត្រូ​​​វ​​​គេ​​​សម្លាប់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​​​ WWF បាន​​​អះអាង​​​កាលពីម្សិល​​​មិញ​​​ថា ដំរី​​​ពីរ​​​ក្បាល​​​ក្នុងចំណោម​​​ដំរី​​​ទាំង​​​បី​​​ក្បាល​​​ដែល​​​ងាប់​​​នៅ​​​ក្នុង​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​ភ្នំព្រិច ក្នុង​​​ខេត្ត​​​មណ្ឌលគិរី កាលពី​​​ថ្ងៃ​​​ច័ន្ទ​​​ ត្រូវ​​​ក្រុម​​​អ្នក​​​ប្រមាញ់​​​ខុស​​​ច្បាប់​​​សម្លាប់​​​។ អង្គការ​​​នេះ​​​ក៏​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​បើក​​​ការ​​​ស៊ើប​​​អង្កេត​​​ ដើម្បី​​​តាម​​​ស្វែង​​​រក​​​ក្រុម​​​អ្នក​​​ប្រមាញ់​​​ខុស​​​ច្បាប់​​​ទាំង​​​នោះ​​​ផង​​​ដែរ។

គួរ​រំឭកថា អ្នក​​​ភូមិ​​​រស់​​​នៅ​​​ក្នុង​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​ដែល​​​ដើរ​​​រក​ដើម​​​ជ័រ​​​ទឹក​​​​​​បាន​​​ប្រទះ​​​ឃើញ​​​ខ្មោច​ដំរី​​​ទាំង​បី​​​​​​ក្បាល​​​​​​​នេះ​​​កាលពី​​​ថ្ងៃ​​​អាទិត្យ​​​។ ដំរី​​​ទាំង​​​​​​នេះ​​​មាន​​​ពីរ​​​ក្បាល​​​​ជា​​​ដំរី​​​ចាស់​​​ និង​​​មួយ​​​ក្បាល​​​ទៀត​​​ជា​​​ដំរី​​​ជំទង់​​​ ហើយ​​​ពួកវា​​​សុទ្ធ​​​តែ​​​បាន​​​ងាប់​​​ឃ្លាត​​​ពី​​​គ្នា​​​ត្រឹម​​​តែ​​​ពីរ​​​បី​​​ម៉ែត្រ​​​​​​ប៉ុណ្ណោះ​​​នៅ​​​ក្នុង​​​ព្រៃ​​​មួយ​​​ដែល​គេ​ហៅ​ថា ក្រង​​​ ជីឡូក។

អង្គការ​  WWF  បាន​​លើក​​​ឡើង​​​ក្នុង​​​សេច​​​ក្ដី​​​​ថ្លែង​​​ការណ៍​​​មួយ​​​ថា “ភ័ស្តុតាង​​​បង្ហាញ​​​ថា ដំរី​​​ទាំង​​​នេះ​​​ត្រូវ​​​ក្រុម​​​អ្នក​​​ប្រមាញ់​​​រៀប​​​ផែន​​​​ការ​​​​សម្លាប់​​​” ដោយ​បញ្ជាក់​ថា  គេ​​​នៅ​​​មិន​​​ទាន់​​​ដឹង​​​ថា តើ​ដំរី​​​ទី៣ ដែល​​​​ជា​​​ដំរី​​​ជំទង់​​​​​​ងាប់​​​ដោយ​​​សារ​​​មូល​​​ហេតុ​​​អ្វី​​​នៅ​​​ឡើយ​​​ទេ​​​។ សេចក្ដី​​​ថ្លែង​​​ការ​​​ណ៍​​​នេះ​​​មាន​ខ្លឹម​សារ​​​​បន្ត​​​ថា “អង្គការ​​​ WWF សូម​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋាភិ​បាល​​​ចាត់​​​វិធានការ​​​ស៊ើប​​​អង្កេត​​​ឲ្យ​​​បាន​​​ហ្មត់​​​ចត់​​​ និង​​​ជា​​​បន្ទាន់​​​លើ​​​ការ​​​សម្លាប់​​​​​​ដំរី​​​ទាំង​​​នេះ​​​​​​ និង​សូម​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​ចាត់​វិធាន​ការ​​​ការ​​​ពារ​​​​​​នៅ​​​តំបន់​​​ការ​​​ពារ​​​ជា​​​បន្ទាន់​​​ផង​​​ដែរ”។

មន្ត្រី​​​អង្គការ​​​ WWF បាន​​​បដិសេធ​​​មិន​​​និយាយ​​​ថា តើ​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​ដំរី​​​ទាំង​​​នេះ​​​ត្រូវ​​​​​​គេ​​​សម្លាប់​​​នោះ​​​ទេ​​​ គឺ​​​គ្រាន់​​​​តែ​​​អះ​​​អាង​​​​​​ថា ដំរី​​​ញី​​​ទំាង​​​នេះ​​​គ្មាន​​​ភ្លុក​​​ប៉ុណ្ណោះ​​​។
លោក​​​ ជែក ហាយ​​​វូដ (Jack Highwood) អ្នក​​​គ្រប់​​​គ្រង​​​កម្មវិធី​ស​ម្រាប់​​​គម្រោង​​​ Elephant Valley Project នៅ​​​ក្នុង​​​ក្រុង​​​សែន​​​មនោ​​​រម្យ​​​ ខេត្ត​មណ្ឌលគិរី​​​ បាន​​លើក​​ឡើង​​ពី​កត្តា​មួយ​ចំនួន​ ដែល​អាច​ជា​មូល​ហេតុ​​បណ្ដាល​ឲ្យ​ដំរី​ទាំង​នេះ​ត្រូវ​​គេ​សម្លាប់​។

លោក​ ហាយវូដ​ បាន​មានប្រសាសន៍​ថា “មាន​ការ​ជួញ​ដូរ​​សត្វ​ដំរី​ និង​សត្វ​ផ្សេង​ៗ​ឆ្លង​ដែន​​​ជា​ច្រើន​​ ព្រោះ​មាន​អ្នក​ខ្លះ​ជឿជាក់​ថា សត្វទាំង​នេះ​អាច​ធ្វើ​ជា​ថ្នាំ​​បាន​។ មាន​តម្រូវ​ការ​ខ្ពស់​នៅ​​ក្នុង​ប្រទេស​វៀត​ណាម​ ប្រទេស​ចិន​ និ​ងប្រទេស​ផ្សេង​ៗ​ទៀត​នៅ​តំបន់​អាស៊ី ហើយ​បញ្ហា​នេះ​​បាន​បង្ក​​ការ​លំបាក​យ៉ាង​ខ្លាំង​ដល់​ការ​អភិរក្ស​សត្វ​ដំរី​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​នៅ​ទូទាំង​ពិភព​លោក​”។

លោក​​បាន​មានប្រសាសន៍​បន្ត​ថា “ហើយ​មិន​មែន​តែ​នៅ​បរទេស​​ទេ​ មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ក៏បរិភោគ​សាច់​ដំរី​ដែរ។ ក្រុម​អ្នក​ប្រមាញ់​ខុស​ច្បាប់​អាច​​ចេញ​ប្រមាញ់​សត្វ​ដំរី ហើយ​ក្រោយ​មក​​អាច​យក​សាច់​ដំរី​ទាំង​នេះ​ទៅ​លក់​លើ​ទី​ផ្សារ​ក្នុង​រាជធានីភ្នំពេញ​ ខេត្ត​សៀម​រាប​ និង​ខេត្ត​កំពង់​ចាម​”។ លោក​បន្ថែម​ថា សព្វថ្ងៃ​​​មាន​តែ​ដំរី​ប្រហែល​២៥០​ក្បាល​ប៉ុណ្ណោះ​ដែល​នៅ​សេសសល់​ក្នុង​ព្រៃ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

លោក​ មីកាហ្វ អ៊ីន​ហ្គល (Micah Ingalls) ប្រធាន​ស្ដី​ទី​​​អង្គការ​ WWF ប្រចាំ​ប្រទេស​កម្ពុជា​​ បាន​លើក​ឡើ​ងថា ការ​សម្លាប់​សត្វព្រៃ​នេះ​​បង្ក​បញ្ហា​យ៉ាង​ខ្លាំង​ដល់​​ការ​អភិរក្ស​នៅ​​ក្នុង​ប្រទេស​កម្ពុជា​។ លោក​មានប្រសាសន៍​ថា “ការ​ប្រមាញ់​​សត្វ​ព្រៃ​និង​​សកម្មភាព​ខុស​ច្បាប់​​ផ្សេង​ៗ​បាន​​បង្ក​​ការ​លំបាក​ដល់​កា​រ​អភិរក្ស និង​ការ​គ្រប់​គ្រង​​តំបន់​ការពារ​ ដែល​រដ្ឋាភិបាល​កម្ពុជា និង​​អង្គការ​ WWF បាន​ប្រឹង​​ប្រែងធ្វើ​​​អស់​​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​។​ ហើយ​​សកម្ម​ភាព​ល្មើស​​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​​ភ្នំ​ព្រិច​​ត្រូវ​តែ​លុប​បំបាត់​​ឲ្យ​បាន​បើ​ពុំ​ដូច្នោះ​ទេ​ យើង​​​នឹង​​បាត់​បង់​សត្វ​ព្រៃ​ដែល​រស់​នៅ​ក្នុង​ដែន​ជម្រក​​​​សត្វ​ព្រៃ​ដ៏​ធំ​​​​នៅ​តំបន់​ខ្ពង់​រាប​​ភាគខាង​កើត​”។

លោក​ អ៊ុក សុខន អនុរដ្ឋ​លេខាធិការ​នៅ​ក្រសួង​​កសិកម្ម ​​បាន​បដិសេធ​មិន​​ធ្វើ​អត្ថា​ធិ​ប្បាយ​​អំពី​ការ​ប្រមាញ់​​ដោយ​ខុស​ច្បាប់​នេះ​ឡើយ​​៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស