38.1 C
Phnom Penh

មន្ត្រី​អាមេរិក​នឹង​ជួប​មន្ត្រី​គណ​បក្ស​ប្រជា​ជន​​ និង​​គណ​បក្ស​សង្គ្រោះជាតិ​ពេល​ធ្វើ​ទស្សនកិច្ច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​ក្រសួង​​ការ​បរទេស​ និង​អ្នក​នាំពាក្យ​គណ​បក្ស​ប្រឆាំង​បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា លោក ស្កុត ម៉ាសែល ​​ប្រធាន​ការិយាល័យ​​​​កិច្ច​ការ​អាស៊ី​ខាង​កើត និង​ប៉ាស៊ី​ហ្វិក​​នៃ​ក្រសួង​ការ​បរទេស​អាមេរិក​ នឹង​មក​ធ្វើ​ទស្សន​កិច្ច​ប្រទេស​កម្ពុជា​នៅ​សប្តាហ៍​ក្រោយ ដើម្បី​ជួប​លោក អ៊ុច បូររិទ្ធ​ រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​បរទេស​កម្ពុជា​​ ព្រម​ទាំង​មេដឹកនាំ​គណ​បក្ស​ប្រឆាំង​ គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះជាតិ​បាន​មាន​ប្រសាសន៍​ថា “លោក ស្កុត ​ម៉ាសែល នឹង​ជួប​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ គឺលោក សម រង្ស៊ី និង​អនុ​ប្រធាន​គណ​បក្ស​គឺ​ លោក កឹម សុខា នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ហើយ​លោក​​មាន​គម្រោង​ជួប​មន្ត្រី​គណ​បក្ស​ប្រជា​ជន​កម្ពុជា មន្ត្រី​រដ្ឋា​ភិបាល និង​អង្គការ​សង្គម​ស៊ីវិល ផង​ដែរ​”។

លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​​មាន​ប្រសាសន៍​ថា លោក ម៉ាសែល នឹង​ជួប​លោក​ អ៊ុច បូររិទ្ធ នៅ​ថ្ងៃ​ទី​៤​ ខែ​វិច្ឆិកា។ លោក​បាន​មានប្រសាសន៍​ថា “គាត់​នឹង​ជួប​ឯក​ឧត្តម អ៊ុច បូររិទ្ធ ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​”។

ស្ថាន​ទូត​អាមេរិក​មិន​បាន​ឆ្លើយ​តប​សំណើ​សុំ​អត្ថា​ធិប្បាយ​ទេ។ យោង​តាម​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ទស្សន​កិច្ច​របស់​លោក ម៉ាសែល ​កើត​​ឡើង​ប្រហែល​ពីរ​សប្តាហ៍ បន្ទាប់​ពី​លោក សម រង្ស៊ី បាន​ទៅ​ជួប​លោក វីលលៀម បឺនស៍ អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​នៅ​ទីក្រុង​វ៉ាស៊ីនតោន ដែល​នៅ​ទីនោះ​លោក​ទាំងពីរ​បាន​ពិភាក្សា​អំពី​ជម្លោះ​ជុំវិញ​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា”៕ គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស