អ្នកនាំពាក្យក្រសួងការបរទេស និងអ្នកនាំពាក្យគណបក្សប្រឆាំងបាននិយាយកាលពីម្សិលមិញថា លោក ស្កុត ម៉ាសែល ប្រធានការិយាល័យកិច្ចការអាស៊ីខាងកើត និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសអាមេរិក នឹងមកធ្វើទស្សនកិច្ចប្រទេសកម្ពុជានៅសប្តាហ៍ក្រោយ ដើម្បីជួបលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា ព្រមទាំងមេដឹកនាំគណបក្សប្រឆាំង គឺលោក សម រង្ស៊ី និងលោក កឹម សុខា។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា “លោក ស្កុត ម៉ាសែល នឹងជួបប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី និងអនុប្រធានគណបក្សគឺ លោក កឹម សុខា នៅថ្ងៃទី៤ ខែវិច្ឆិកា ហើយលោកមានគម្រោងជួបមន្ត្រីគណបក្សប្រជាជនកម្ពុជា មន្ត្រីរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ផងដែរ”។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសមានប្រសាសន៍ថា លោក ម៉ាសែល នឹងជួបលោក អ៊ុច បូររិទ្ធ នៅថ្ងៃទី៤ ខែវិច្ឆិកា។ លោកបានមានប្រសាសន៍ថា “គាត់នឹងជួបឯកឧត្តម អ៊ុច បូររិទ្ធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ”។
ស្ថានទូតអាមេរិកមិនបានឆ្លើយតបសំណើសុំអត្ថាធិប្បាយទេ។ យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ការធ្វើទស្សនកិច្ចរបស់លោក ម៉ាសែល កើតឡើងប្រហែលពីរសប្តាហ៍ បន្ទាប់ពីលោក សម រង្ស៊ី បានទៅជួបលោក វីលលៀម បឺនស៍ អនុរដ្ឋមន្ត្រីការបរទេសអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន ដែលនៅទីនោះលោកទាំងពីរបានពិភាក្សាអំពីជម្លោះជុំវិញលទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា”៕ គឹមហឿន