28 C
Phnom Penh

ឯកអគ្គរដ្ឋ​ទូត​​អាល្លឺម៉ង​ថ្មី​ជំរុញឲ្យ​ គណ​បក្ស​​ឈ្នះឆ្នោ​ត​​ទាំង​ពីរ​ជួប​ប្រជុំ​គ្នា​​​ដើម្បីរក​ដំណោះ​ស្រាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ម្នាក់​បាន​និយាយ​ថា លោក​ យ៉ូឃីម បារ៉ុន​ វ៉ុន ម៉ាសល ឯក​អគ្គ​រដ្ឋ​ទូត​អាល្លឺ​ម៉ង់​ថ្មី​ប្រចាំ​ប្រ​ទេស​កម្ពុជា​បាន​មាន​ប្រសា​សន៍​កាល​​​​ពី​ម្សិល​មិញ​ អំឡុង​​ពេល​​ជួប​ពិភាក្សា​ការ​ងារ​​ជាមួយ​លោក ហោ​ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​​​ទេស​​​​ដែល​លោក​សង្ឃឹម​ថា គណ​បក្ស​ប្រជា​​​​ជន​កម្ពុជា​​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​ជួប​ប្រជំុ​គ្នា​ប្រជំុដើម្បី​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​ក្រោយ​ការ​បោះ​ឆ្នោត។

លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​បាន​មាន​ប្រសាសន៍​ថា “ឯក​ឧត្តម​ [បារ៉ុន​ វ៉ុន ម៉ាសល] បាន​អះ​អាង​ថា លោក​សង្ឃឹម​ថា គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះជាតិ​នឹង​ជួបប្រជំុ​គ្នា​ដើម្បី​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​របស់​ខ្លួន”។ យោង​តាម​លោក កុយ គួង​ បាន​ឲ្យ​ដឹង​ថា លោក បារ៉ុន​ វ៉ុន ម៉ាសល បាន​ជួប​​ជាមួយ​លោក ហោ ណាំ​ហុង នៅ​ក្រសួង​នេះ​​​​ដើម្បី​បញ្ជាក់​ឡើង​វិញ​អំពី​ទំនាក់​ទំនង​មិត្ត​ភាព​រវាង​ប្រទេស​ទាំងពីរ​ចាប់​តាំ​ង​ពី​ការ​តែង​​​​តាំង​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មីនា​ពេល​ថ្មីៗ​នេះ។

លោក កុយ​ គួង បាន​មាន​ប្រសាសន៍​ថា ឯក​ឧត្តម​ ​ឧបនាយក​រដ្ឋ​មន្ត្រី ហោ​ ណាំ​ហុង ក៏​បាន​អះ​អាង​ផង​ដែរ​ថា “ គណ​បក្ស​ប្រជាជន​កម្ពុជា​បើក​ទ្វារ​ចំហ​ជានិច្ច​ និង​ត្រៀម​ជួប​ពិភាក្សា​អំពី​ការ​ខ្វែង​គំនិត​គ្នា​​របស់​​គណ​បក្ស​​​​​ទាំង​ពីរ​”។

ការ​ជួប​ប្រជុំ​កាល​ពី​ខែ​មុន​រវាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ​និង​គណ​បក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ចរ​ចា​រក​ដំណោះ​ស្រាយ​ចំពោះ​ភាព​ទាល់​ច្រក​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោតនោះ​ ទទួលបាន​ផ្លែផ្កាតិច​តួច​ប៉ុណ្ណោះ​។

លោក កុយ គួង ក៏​បាន​សង្កត់​ធ្ងន់​កាល​ពី​ម្សិល​មិញផង​ដែរ​ថា ខណៈ​ដែល​រដ្ឋា​ភិបាល​អាល្លឺ​ម៉ង់​មិនបាន​ផ្ញើ​លិខិត​អប​អរ​សាទរ​ដល់​​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ដែល​បាន​ឈ្នះ​​ឆ្នោត​នោះ វត្ត​មាន​របស់​ឯក​អគ្គ​រដ្ឋ​ទូត​រូប​នេះ​​បង្ហាញ​ឲ្យ​ឃើញ​​ថា ពួក​គេ​គាំទ្រ​រដ្ឋា​ភិបាល​។ លោក​បាន​មាន​ប្រសាសន៍​ថា “រដ្ឋា​ភិបាល​​​​អាល្លឺ​ម៉ង់​មិនទាន់​បាន​ផ្ញើ​លិខិត​អប​អរ​សាទរ​​​ដល់​ពួក​យើង​នៅ​ឡើយ​ទេ​។ ប៉ុន្តែ មិន​ថា ពួក​​​គេ​គាំ​ទ្រ​ឬ​​អត់នោះ ពួកគេ​បាន​បញ្ជូន​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​មក​កាន់​ប្រទេស​របស់​យើង​… ដែល​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ពួក​គេ​គាំទ្រ​ [រដ្ឋា​ភិបាល​របស់​យើង] រួច​ទៅ​ហើយ”។

លោក កុយ គួង បាន​មាន​ប្រសាសន៍​ថា លោក ហោ ណាំ​ហុង បាន​បញ្ជាក់​ប្រាប់​លោក ​​​ បារ៉ុន​ វ៉ុន ម៉ាសល ថា ការ​បោះ​ឆ្នោត​ជាតិ​បាន​​​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ដោយ​សន្តិ​វិធី​ ដែល​ប្រជា​ពល​រដ្ឋ​កម្ពុជា​ភាគ​ច្រើន​បាន​ទៅ​បោះ​ឆ្នោត​ ហើយ​ថា ភាព​មិន​ប្រក្រតី​ត្រូវ​បាន​​​​ដោះ​ស្រាយ​ដោយ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត និង​ត្រួត​ពិនិត្យ​​ដោយ​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​​​ តាម​ច្បាប់​រួច​ហើយ។

លោក កុយ គួង​ បាន​មាន​ប្រសាសន៍​ថា “ឯក​ឧត្តម​ ឯក​អគ្គ​រដ្ឋ​ទូត ក៏​បាន​ដឹង​​ដែរ​ថា ក្នុង​ពេល​កន្លង​មក​ គណ​បក្ស​ប្រឆាំង​​​​មាន​គម្រោង​ធ្វើ​មហាបាតុកម្ម ហើយ​បន្ទាប់​មកបាតុកមុ្ម​នោះ​​ពិត​ជា​បាន​ធ្វើ​​ឡើង​​ដោយ​ជោគ​ជ័យ និង​ដោយ​​សន្តិ​វិធី​។ នេះ​គឺ​ជា​សញ្ញា​ដ៏​ល្អ​បំផុត​បង្ហាញ​ពី​​លទ្ធិ​ប្រជា​ធិប​តេយ្យ​ក្នុង​ប្រទេស​កម្ពុជា”។ ស្ថាន​ទូត​អាល្លឺម៉ង់​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើ​សុំអត្ថា​ធិប្បាយ​ឡើយ​។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះជាតិ​បាន​មាន​ប្រសាសន៍​ថា គណ​បក្ស​​​​របស់​លោក​គាំទ្រ​ប្រសាសន៍​របស់​លោក បារ៉ុន​ ​​​វ៉ុន ម៉ាសល ទាក់​ទង​នឹង​ការ​ជួប​ប្រជុំ​រវាង​គណ​បក្ស​​​​ប្រឆាំង​​ និង​គណ​បក្ស​ប្រជា​ជន​កម្ពុជា។ លោក​បាន​មាន​ប្រសាសន៍​ថា “ នេះ​គឺ​ជា​អ្វី​ដែល​យើង​បាន​គិត​ពី​មុន​មក។ យើង​មិន​អាច​ដោះ​ស្រាយបញ្ហា​ដោយ​មិន​ទៅ​កាន់​តុ​ចរចា​បាន​ឡើយ​”។

អំឡុង​ជំនួប​ ដែល​មាន​រយៈ​ពេល​ប្រហែល​​​​២០​នាទីនោះ លោក កុយ គួង បាន​មាន​ប្រសា​​​​​​សន៍​​​​ថា ឯក​អគ្គ​រដ្ឋ​ទូត​រូប​នេះ​បាន​លើក​ឡើង​ពី​​ការ​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​របស់​អាល្លឺ​ម៉ង់​ជាមួយ​កម្ពុជាក្នុង​វិស័យ​នានា ដូចជា ការ​រៀប​ចំ​​​ដីធ្លី ការ​បោស​សម្អាត​មីន សាលាក្តី​ខ្មែរ​ក្រហម​ ​​​និង​បញ្ហា​សុខភាព​ជាដើម ដែល​ក្នុង​នោះ​អាល្លឺ​​​​ម៉ង់​បាន​ផ្តល់​ប្រាក់​រាប់​លាន​ដុល្លារ​ដល់​ប្រទេស​​​​កម្ពុជា​ក្នុង​រយៈ​ពេល​មួយ​ទស​​​វត្សរ៍​​មក​នេះ​៕​​​សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស