28 C
Phnom Penh

លោក សម រង្ស៊ី ​មាន​គម្រោង​ទូរស័ព្ទ​ទៅ​លោក ស ខេង ដើម្បី​​​​និយាយ​ពី​​ការ​ចរចាឡើង​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម​ រង្ស៊ី មេដឹក​នាំ​គណ​បក្ស​ប្រឆាំង​​មាន​គម្រោង​ទូរស័ព្ទ​ទៅ​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​នេះ ដើម្បី​ពិភាក្សា​អំពី​ការ​ចាប់​ផ្តើម​ការ​ចរ​ចា​ឡើង​វិញ​រវាង​គណ​បក្ស​ទាំង​ពីរ​។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា លោក​សង្ឃឹម​ថា លោក ស​ ខេង នឹង​បញ្ជាក់​ ​​ប្រាប់​ថា តើ​គណ​បក្ស​ប្រជាជន​កម្ពុជា​​បើក​ចំហ​ដោយ​គ្មាន​លក្ខខណ្ឌ​ចំពោះ​ការ​ចរចា​បន្ថែម​ទៀត ឬ​ថា តើ​គណ​បក្ស​នេះ​នៅ​តែ​ទាម​ទារ​ឲ្យ​សមាជិក​សភា​ជាប់​ឆ្នោត​ទាំង​៥៥​រូប​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ស្បថ​ចូល​​កាន់​តំណែង​ជា​សមាជិក​រដ្ឋ​សភា​ មុន​ពេល​មាន​ការ​ចរ​ចា ​ដើម្បី​​ផ្តល់​ភាព​ស្រប​ច្បាប់​ឲ្យ​បាន​ពេញ​លេញ​ដល់​រដ្ឋា​ភិបាល​របស់លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ទៀត​ឬយ៉ាង​ណា​។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​នឹង​ទូរ​ស័ព្ទ​ទៅ​លោក ស ខេង ពី​ព្រោះ​នេះ​គឺ​ជា​យន្តការ​ដើម្បី​ជួប​គ្នា​”។ លោក​បាន​បន្ថែម​ថា ​លោក​នឹង​ទូរស័ព្ទ​នៅ​មុន ឬក្រោយ​ពេល​​ធ្វើ​សន្និសីទ​កាសែត​ដែល​គណ​បក្ស​សង្គ្រោះជាតិ​គ្រោង​ធ្វើ​​នៅ​ម៉ោង​៩​ព្រឹក។ លោក​បាន​មាន​ប្រសាសន៍​ថា “ យើង​ចង់​ឮ​ដោយ​ផ្ទាល់​ពី​មាត់​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ តើ​មាន​លក្ខខណ្ឌ​ជាមុន​ទៀត​​ ឬអត់? មាន​ការ​ប៉ាន់​ប្រមាណ​និង​បក​ស្រាយ​ថា មាន​ការ​ផ្លាស់​ប្តូរ​មួយ​ចំនួន [ចំពោះ​គោល​ជំហរ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា]”។

ដោយ​​សំដៅ​ដល់​សេចក្តី​​ប្រកាស​​មួយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​កាល​ពី​ម្សិល​មិញ​ ដែល​​នៅ​ក្នុង​សេចក្តី​​ប្រកាស​​នោះ​​​ គណ​បក្ស​ប្រឆាំង​លើក​ឡើ​ង​ថា ខ្លួន​នឹង​បន្ត​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ការ​បោះ​ឆ្នោត​​ដ៏​ចម្រូង​ចម្រាស​កាល​ពី​ខែ​កក្កដា​នេះ​ និង​​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត ​រួម​​ទាំង​ការ​លា​លែង​ពី​តំណែង​របស់​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដែល​មាន​សមាជិក​ប្រាំបួន​រូប​នេះ​ផង​នោះ លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “ យើង​បាន​បង្ហាញ​​ពី​ទស្សន​​​​របស់​យើង​យ៉ាង​ច្បាស់​” ។

គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ថា “យើង​ត្រូវ​តែ​ដោះ​ស្រាយ​​បញ្ហា​នៃ​ភាព​ស្រប​ច្បាប់​​​​​​ចំពោះ​ការ​បោះ​ឆ្នោត​​កាល​ពី​ពេល​ថ្មីៗនេះ​ជាមុន​សិន មុន​ពេល​ពិចារណា​ពី​ការ​ចូល​រដ្ឋ​សភា និង​ការ​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​របស់​រដ្ឋា​ភិបាល​ណា​មួយ​នោះ”។ លោក ជាម យៀប អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​ជា​ប្រធាន​គណៈ​កម្មការ​ហិរញ្ញ​វត្ថុ​របស់​រដ្ឋ​សភា​​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារ​ថា គណ​បក្ស​កាន់​អំណាច​នឹង​ធ្វើ​ការ​ចរចា​ជាមួយ​ថ្នាក់​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​​​​ជាតិ​ តែ​ក្រោយ​ពី​ពួក​គេ​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​សមាជិក​សភា​រួច​ហើយ​ប៉ុណ្ណោះ។

នៅ​ពេល​ទាក់​ទង​កាល​ពី​ម្សិលមិញ លោក ​​​ជាម យៀប បាន​បដិសេធ​ថា គណ​បក្ស​ប្រជា​ជន​កម្ពុជា​មិន​បាន​កំណត់​លក្ខខណ្ឌ​សម្រាប់​ការ​ចរចា​ថែម​ទៀត​ឡើយ។ លោក​មាន​ប្រសាសន៍​ថា “ យើង​មិន​ដែល​ដាក់​លក្ខ​ខណ្ឌ​ទេ ប៉ុន្តែ គណ​បក្ស​សង្គ្រោះ​ជាតិ​ខ្លួន​ឯង​ទាម​ទារ​ច្រើន​ពេក។ គណ​បក្ស​សង្គ្រោះ​​ជាតិ​ទទួល​បាន​អាសនៈ​តិច​ជាង​នៅ​ក្នុង​រដ្ឋ​សភា ដូច្នេះ​ ពួក​គេ​គួរ​តែ​បត់​បែន​ដោយ​​ការ​ទទួល​យក​នូវ​អ្វី​ដែល​យើង​​ផ្តល់​ឲ្យ​ គឺ​​សម្ប​​​ទាន​តំណែង​ជា​អនុ​​ប្រធាន​រដ្ឋ​សភា ប្រធាន​គណៈ​កម្មការ​ចំនួន​បួន​ និង​អនុប្រធាន​គណៈ​កម្មការ​ចំនួន​ប្រាំ”។

បក្ស​ប្រជា​ជន​កម្ពុជា​បាន​យល់​ព្រម​ធ្វើ​សម្បទាន​ស្រដៀង​គ្នា​នេះ អំឡុង​ពេល​ចរចា​​​​ដែល​បរាជ័យ​លើក​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​១៥ ​​​និង​១៦​ ខែ​កញ្ញា តែ​នៅ​ពេល​នោះ​គណ​​​​បក្ស​ប្រជាជន​​ក៏​បាន​ប្តេជ្ញាជា​គោល​ការណ៍​​​​ចំពោះ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ផង​ដែរ​​​ ប៉ុន្តែ គណ​បក្ស​សង្គ្រោះ​ជាតិ​មិន​ទទួល​យក​ទេ​។
លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​ខុមហ្វ្រែល​បាន​មាន​ប្រសាសន៍​ថា ការ​ដែល​គណ​បក្ស​ទាំង​ពីរ​ដាក់​លក្ខ​ខណ្ឌ​ជា​មុន​​បែប​នេះ​ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​សម្រាប់​ការ​ចរចា​មិន​ច្បាស់​លាស់​។ លោក​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​មេដឹក​នាំគណ​បក្ស​ទាំង​ពីរ​ដាក់​លក្ខខណ្ឌ​ [មុន​ពេល​ជួប​ចរចា​បន្ថែម​ទៀត​នោះ] វា​ធ្វើ​ឲ្យ​ស្ថាន​ភាព​កាន់​តែ​ពិបាក​”។

លោក គល់ បញ្ញា បាន​មានប្រសាសន៍​ថា “ពួក​គេ​មិនគួរ​និយាយ​ថា ‘ លោក​ត្រូវ​ធ្វើ​ឲ្យ​រដ្ឋា​ភិបាល​របស់​ខ្ញុំ​ស្រប​ច្បាប់​ជាមុន​សិនចាំ​យើង​ចរចា​’ ឬ​ ‘លោក​ត្រូវ​ដោះ​ស្រាយ​បញ្ហា​នេះ​ជាមុន​សិន ចាំ​មក​ចរចានោះទេ’ ពួក​គេ​គួរ​តែ​ចរ​ចា​ និងចេះ​តែ​បន្ត​ចរ​ចា​​ទៀត​ទៅ​។ នេះ​គឺ​ជា​វិធី​តែ​មួយ​គត់​ដែល​ពួក​គេ​អាច​សម្រប​សម្រួល​ និងទទួល​បាន​លទ្ធ​ផល​ល្អ”។

លោក ធន សារាយ ប្រធាន​អង្គការ​អាដ​ហុក​ និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ខុមហ្វ្រែល​ក៏បាន​ថ្លែង​ថា ស្ថាន​ភាព​នេះ​ហាក់​ដូច​ជា​មិន​​ល្អ​​ទេ​។ លោក ធន សារាយ ​មាន​ប្រសា​​​សន៍​ថា “ ខ្ញុំ​មិន​មាន​សុទិដ្ឋិនិយម​អំពី​ការ​ចរ​ចាទេ​ ពី​ព្រោះ​វា​ហាក់​បីដូច​ជា​គោល​ជំហរ​របស់​គណ​បក្ស​ទាំង​ពីរ​កាន់តែ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​”។
លោក​បាន​មាន​ប្រសាសន៍​ថា “ ជា​ពិសេស​​គណ​បក្ស​ប្រឆាំង ​​ពួក​គេ​មិន​ចង់​​និយាយ​ទៀត​ទេ​ អំពី​ការ​បែង​ចែក​អំណាច​នៅ​ក្នុង​រដ្ឋ​សភា​ ហើយ​ពួក​គេ​បែ​រជា​និយាយ​អំពី​កំណែ​ទម្រង​់​គ.ជ.ប. និង​កំណែ​ទម្រង់​ដំណើរ​ការ​បោះ​ឆ្នោត​​​​ទូទៅ​វិញ”។ លោក​បាន​បន្ថែម​ថា ឥរិយាបថ​របស់គណ​បក្ស​ប្រជាជន​កម្ពុជា​ក្រោយ​ការ​បោះ​ឆ្នោត​នេះ ក៏​ធ្វើ​ឲ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​​​​ពិបាក​ជឿ​ចំពោះ​ការ​សន្យា​ធ្វើ​ការ​កែ​ទម្រង់​របស់​ពួក​គេ​ផង​ដែរ​។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “ថ្នាក់​ដឹក​នាំ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​នៅ​តែ​ធ្វើ​តាម​​ស្ទីល​ចាស់​ដដែល​ ដោយ​មិន​មាន​ស្ទីល​ថ្មី​ឡើយ​។ ពួក​គេ​និយាយ​អំពី​ការ​ផ្លាស់​ប្តូរ ឬ​ការ​កែ​ទម្រង់​ប្រទេស​ ប៉ុន្តែ​​ការ​និយាយ​នេះ​ផ្ទុយ​ពី​ទង្វើ​របស់​ពួក​គេ​។ ពួកគេ​នៅ​តែ​ចោទ​អ្នក​ដែលចង់​កែ​ទម្រង់​ថា ប្រឆាំង​ជាមួយ​ពួក​គេ​។ នេះ​មាន​ន័យ​ថា ពួក​គេ​នៅ​តែ​​គិត​អំពី​ផល​ប្រយោ​ជន៍​សម្រាប់​គណ​បក្ស​របស់​ខ្លួន​ដដែល”៕ គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស