28.4 C
Phnom Penh

រដ្ឋាភិបាល​ឡាវ​ជឿជាក់​ថា ទំនប់​វារី​អគ្គិសនី ដន សាហុង​ គ្មាន​ផល​ប៉ះពាល់​ដល់​ទន្លេ​មេគង្គ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ឯកសារ​​ចេញ​កាល​ពី​ម្សិល​មិញ​ ដោយ​គណៈកម្មាធិ​ការ​ទន្លេ​មេគង្គ​​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិ​បាល​ឡាវ​ជឿ​ជាក់​ថា ទំនប់​វារី​អគ្គិ​សនី​ ដន សាហុង ដែល​នឹង​ត្រូវ​​សាង​សង់​កាត់​ទន្លេ​មេគង្គ​ ចម្ងាយ​ត្រឹម​តែ​មួយ​គីឡូ​ម៉ែត្រ​ពី​ព្រំដែន​​ប្រទេ​ស​កម្ពុជា​​ នឹង​មិន​បង្ក​​ផល​ប៉ះពាល់​ខ្លាំង​​ដល់​មច្ឆាជាតិ​​នៅ​ក្នុង​ប្រទេស​ ដែល​ស្ថិត​នៅ​​ក្នុង​ខ្សែ​ទឹក​ខាង​ក្រោម​​ឡើយ​។​

ហើយ​​​បើ​​​យោង​តាម​កា​រ​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​នៃ​ការ​សាង​សង់​​ទំនប់​​​​​វារីអគ្គិសនី​​នៅ​ក្នុង​តំបន់​នេះ ដែល​អនុវត្តន៍​ដោយ​រដ្ឋាភិ​បាល​​ឡាវ​​វិញបាន​ឲ្យ​ដឹង​ថា ផល​ប៉ះពាល់​នៃ​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​នេះ​ នឹងមិន​​មាន​ផល​ប៉ះពាល់​ “ខ្លាំងនោះ​ទេ​​”។​ ​​របាយការណ៍នៃ​​​ការវាយតម្លៃ​​​នេះ ដែល​​​ចុះ​​កាល​បរិច្ឆេទ​​កាល​ពីខែ​​មករា​ ឆ្នាំ២០១៣ បាន​លើកឡើង​​​​ថា “[ទំបន់​វារី​អគ្គិសនី​នេះ​] នឹង​មិន​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​​​ដល់​​​​​ចរន្ត​ខ្សែ​ទឹក​ទន្លេ​​មេគង្គ​ ការ​​ហូរ​ច្រោះ​​នៃ​ដី​ល្បប់​ និង​ការ​បម្លាស់​ទី​​​របស់​ត្រី​​នោះ​ទេ​”។

របាយការណ៍​​​នេះអះអាង​​​​ថា ត្រី​នៅ​ក្នុង​ទន្លេ​មេគង្គ​អាច​នឹង​រង​​ផល​ប៉ះពាល់​ ប៉ុន្តែ​លុះ​ត្រា​តែ​គម្រោង​នេះមិន​​​បានអនុវត្ត​ត្រឹម​ត្រូវ​។​ របាយការណ៍​នេះ​បាន​លើក​ឡើ​ងថា “ប្រសិន​​​បើ​គ្រប់​គ្រង​មិន​បាន​ត្រឹម​ត្រូវ​ទេ​នោះ​គម្រោង​នេះ​​នឹង​ផ្តល់ផល​​​ប៉ះពាល់​ដល់​​ការ​​បម្លាស់​ទី​​របស់​ត្រី​នៅ​ក្នុង​តំបន់​នេះ​​ជា​ប្រព័ន្ធ​”។
របាយការណ៍​នេះ​​បាន​​បន្ត​ថា តែ​ទោះ​ជា​យ៉ាង​ណា​ ការ​​សាង​សង់​ទំនប់​វារី​អគ្គិសនី​​នេះ​ គឺ​​សាង​សង់​​កាត់​​ផ្លូវ​ទឹក​​តែ​មួយ​ប៉ុណ្ណោះ​​​​ក្នុង​ចំណោម​ផ្លូវ​ទឹក​ទាំង​១៧ ដែល​ត្រី​អាច​បម្លាស់​ទី​ទៅ​កន្លែង​ផ្សេង​ៗ​បាន​​ក្នុង​ទន្លេ​មេគង្គ​។

របាយការណ៍​វាយ​តម្លៃ​​ពី​ផល​ប៉ះ​ពាល់​បរិស្ថាន​(EIA)ស្តីពី​​​​ការ​សាង​សង់​ទំនប់​វារី​អគ្គិ​សនី​នេះ​​ ក៏​បាន​លើក​ឡើ​ងដែរ​ថា គម្រោង​នេះ​មិនបានចាត់វិធានការ​​​ដើម្បីកាត់បន្ថយ​​​ផល​ប៉ះពាល់​​​ដល់​​​ចរន្តខ្សែទឹក​​​និង​​​ការហូរ​​​ច្រោះ​​​នៃដីល្បប់​​​នោះទេ។​​​ របាយការណ៍​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​​​បរិស្ថាន​នេះ​បាន​​លើក​ឡើ​ង​ថា “​នៅ​ពេល​​ទំនប់​វារី​អគ្គិសនី​ ដន សាហុង​ នឹង​មិន​បង្ក​​ផល​ប៉ះពាល់​ខ្លាំ​ង​ណា​មួយ​ក្នុងចំណោម​​​ការ​គម្រាម​កំហែងទាំង​​​នេះនោះ គម្រោងនេះ​​​មិនបាន​​​ចាត់​​​វិធានកា​​​រ​​​គ្រប់គ្រង​​​ដើម្បីកាត់បន្ថយ​​​ផលប៉ះពាល់​​​ទាំងនេះឡើយ”។ របាយ​ការណ៍​នេះ បន្ថែមថា​​​ តាមពិតទៅបច្ឆាជាតិនៅ​​​តំបន់​នេះ​​​ រងផលប៉ះពាល់ពី​​​ការនេសាទ​ហួស​កំណត់​​ច្រើន​​​​​​ជាង។

លោក អ៊ាន បៀដ (Ian Baird) ​​សាស្ត្រា​ចារ្យរង​​​​​​ផ្នែក​​​ភូមិវិទ្យា​​​ នៅសាកលវិទ្យាល័​​​យ Wisconsin-Madison និងជាអ្នកវិទ្យាសាស្ត្រ​​​មួយរូបក្នុងចំណោម អ្នកវិទ្យាសាស្រ្ត​​​ល្បីៗឈ្មោះ​​​មួយចំនួន​​​សិក្សាពីមច្ឆាជាតិ​​​នៅ​ល្បាក់​ខោន​​​ក្នុងប្រទេសឡាវ​​​ ដែល​​​សរសេរ​​​អត្ថ​បទវិទ្យាសាស្ត្រមួយចំនួនស្តីពី​​​ការបម្លាស់​ទីរបស់ត្រីនិងជីវៈចម្រុះនៅតំបន់នេះ បាន​​លើកឡើង​​​នៅក្នុង​​​អ៊ីម៉េល​​​មួយថា  ​របាយ​ការណ៍ដែលលើកឡើងថា​​ ការសាងសង់​ទំនប់វារីអគ្គិសនី​​​នេះមិនប៉ះពាល់​​​ដល់​ប្រទេស​​ដែលនៅក្រោម​​​ខ្សែទឹកនេះ គឺមិនត្រឹម​ត្រូវ​នោះទេ។

លោក បានមានប្រសាសន៍ថា “វាខុស​ទាំង​ស្រុងដែលអះអាងថា​​​ទំនប់វារីអគ្គិសនីនេះ​​​មិនផ្តល់ផលប៉ះពាល់ណាមួយដល់ប្រទេស​កម្ពុជា​​​ វៀតណាម និងប្រទេសឡាវនោះ។ វាគួរតែនិយាយថា​​​ មានផលប៉ះពាល់​ច្រើន​វិញទើបត្រឹម​​​ត្រូវ ហើយ ផលប៉ះពាល់ទាំង​នេះ​ គឺវាមានច្រើនខ្លាំងណាស់​​​ ហេតុដូច្នេះ​មិនអាច​​​យកវិធានការមិនច្បាស់លាស់​​​នេះ​​​មកអនុវត្ត​​​លើ​​​ធនធានដ៏សំខាន់​​​នៅក្នុងតំបន់​ទាំងមូលបានឡើយ”។

លោក បានមានប្រសាសន៍បន្ថែមថា “អ្វីៗ គឺមិនច្បាស់តាំងពីយូរមកហើយ​​​  ហើយ​ក៏​គ្មានការធានា​​​ថា មាន​ផ្នែកណាមួយ​​​នៃផែន​ការ​​​​កាត់បន្ថយ​​​ផលប៉ះពាល់​​​ទាំងនេះ​​​ ទទួល​បាន​ជោគជ័យនោះដែរ រីឯអ្នកសិក្សា​ស្រាវ​ជ្រាវពីគម្រោងនេះ ក៏ទទួលស្គាល់ថា​​​មាន​ផលប៉ះពាល់ច្រើនដែរ ប៉ុន្តែ​​​ពួកគេមិនទទួល​​​ខុសត្រូវ​​​ចំពោះការគណនាខុសឡើយ។

ដោយមិនសូវមានភាពជឿជាក់លើការ​​​អះអាងថា​​​ គ្មានផលប៉ះពាល​​់​ដល់​​​ការ​​​បម្លាស់​ទីរបស់ត្រីនៅក្នុង​​​ទន្លេមេគង្គនោះ លោក ឆេង ផេន អគ្គនាយកវិទ្យាស្ថាន​​​សិក្សា​ស្រាវ​ជ្រាវ​​​ពីមច្ឆាជាតិ​​​ទឹកសាប​​​នៅក្រសួងកសិកម្ម​​​ បានចាត់ទុកថា ការ​​​សិក្សាដោយ​​​ឯករាជ្យ​​​របស់ក្រុមហ៊ុនសាងសង់​​​ទំនប់វារីអគ្គិសនី​​​ពិតជាមានបញ្ហា។ លោកបានមានប្រសាសន៍ថា ពួកគេ​មិន​អាច​និយាយបាន​​​ថា​​​  គ្មានផលប៉ះពាល់​នោះ​ទេ”។

លោក មាច មាន អ្នកសម្របសម្រួល​​​ នៅ​អង្គការបណ្តាញ​​​ការពារ​​​ទន្លេបី​​​ ក៏បាន​សម្ដែង​ក្តីព្រួយបារម្ភស្រដៀងនេះដែរ។​​​ លោក បានមានប្រសាសន៍ថា “នេះគ្រាន់​តែជារបាយការណ៍​​​ដែលសិក្សា​​​ដោយ​​​រដ្ឋាភិ​បាលឡាវនិង​​​ក្រុមហ៊ុន​​​ដែលចង់សាង​សង់​ទំនប់វារីអគ្គិសនីនេះតែប៉ុណ្ណោះ​​​។ វាមិន​ប្រាកដថា​​​ ពួកគេ​​​បានសិក្សាលំអិត​ពី​ផល​ប៉ះ​ពាល់វិទ្យាសាស្ត្រ​​​លើមច្ឆាជាតិ​​​ ឬក៏ផល​ប៉ះ​ពាល់​​​ដល់ប្រទេស​ដែល​ស្ថិត​នៅខ្សែ​ទឹក​​​ខាង​​​​​​ក្រោម​​​ នោះទេ”។

លោកស្រី ផីអានផន ឌីតេស​​​(Pianporn Deetes) អ្នកសម្របសម្រួលជនជាតិថៃ​​​ នៅអង្គការ​​​ការពារ​​​បរិស្ថាន​​​ទន្លេ​​​អន្តរជាតិ​​​ បានអំពាវនាវ​​​ឲ្យមានការ​​​ត្រួតពិនិត្យ​​​ឡើង​វិញ​ដោយ​ឯករាជ្យ​​​នូវរបាយកាណ៍នេះ ដើម្បី​​ស្វែង​យល់ឲ្យបានពេញលេញ​​​ពី​​​ការវាយ​តម្លៃ​​​​មិនត្រឹមត្រូវ​​​។​​​ លោកស្រី បានលើកឡើងនៅក្នុង​​​អុីម៉េល​មួយថា “គណៈកម្មាធិការ​​​ទន្លេមេគង្គ​​​ គួរតែ​​​អនុវត្តការត្រួតពិនិត្យឡើងវិញនេះជាបន្ទាន់​​​ ហើយប្រជាពលរដ្ឋ​​​ដែលរស់នៅតាម​​​ដង​ទន្លេ​មេគង្គ​​​ ក៏គួរតែ​​​មានឱកាស​​​ត្រួតពិនិត្យ​​​ឡើង​វិញនូវរបាយការណ៍នេះដែរ​​​ ដើម្បី​កំណត់​​​​ពីភាពច្បាស់​​​លាស់​​​នៃការសិក្សា​​​​​​របស់​របាយ​ការណ៍នេះ​​​ មុនពេល​​​គម្រោង​សាងសង់​ទំនប់​វារីយអគ្គិសនីត្រូវបានបន្ត”៕ ស៊ុយឈាង

រាយការណ៍បន្ថែមដោយ ហ៊ុល រស្មី​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស