យោងតាមឯកសារចេញកាលពីម្សិលមិញ ដោយគណៈកម្មាធិការទន្លេមេគង្គបានឲ្យដឹងថា រដ្ឋាភិបាលឡាវជឿជាក់ថា ទំនប់វារីអគ្គិសនី ដន សាហុង ដែលនឹងត្រូវសាងសង់កាត់ទន្លេមេគង្គ ចម្ងាយត្រឹមតែមួយគីឡូម៉ែត្រពីព្រំដែនប្រទេសកម្ពុជា នឹងមិនបង្កផលប៉ះពាល់ខ្លាំងដល់មច្ឆាជាតិនៅក្នុងប្រទេស ដែលស្ថិតនៅក្នុងខ្សែទឹកខាងក្រោមឡើយ។
ហើយបើយោងតាមការវាយតម្លៃពីផលប៉ះពាល់នៃការសាងសង់ទំនប់វារីអគ្គិសនីនៅក្នុងតំបន់នេះ ដែលអនុវត្តន៍ដោយរដ្ឋាភិបាលឡាវវិញបានឲ្យដឹងថា ផលប៉ះពាល់នៃការសាងសង់ទំនប់វារីអគ្គិសនីនេះ នឹងមិនមានផលប៉ះពាល់ “ខ្លាំងនោះទេ”។ របាយការណ៍នៃការវាយតម្លៃនេះ ដែលចុះកាលបរិច្ឆេទកាលពីខែមករា ឆ្នាំ២០១៣ បានលើកឡើងថា “[ទំបន់វារីអគ្គិសនីនេះ] នឹងមិនមានផលប៉ះពាល់ខ្លាំងដល់ចរន្តខ្សែទឹកទន្លេមេគង្គ ការហូរច្រោះនៃដីល្បប់ និងការបម្លាស់ទីរបស់ត្រីនោះទេ”។
របាយការណ៍នេះអះអាងថា ត្រីនៅក្នុងទន្លេមេគង្គអាចនឹងរងផលប៉ះពាល់ ប៉ុន្តែលុះត្រាតែគម្រោងនេះមិនបានអនុវត្តត្រឹមត្រូវ។ របាយការណ៍នេះបានលើកឡើងថា “ប្រសិនបើគ្រប់គ្រងមិនបានត្រឹមត្រូវទេនោះគម្រោងនេះនឹងផ្តល់ផលប៉ះពាល់ដល់ការបម្លាស់ទីរបស់ត្រីនៅក្នុងតំបន់នេះជាប្រព័ន្ធ”។ របាយការណ៍នេះបានបន្តថា តែទោះជាយ៉ាងណា ការសាងសង់ទំនប់វារីអគ្គិសនីនេះ គឺសាងសង់កាត់ផ្លូវទឹកតែមួយប៉ុណ្ណោះក្នុងចំណោមផ្លូវទឹកទាំង១៧ ដែលត្រីអាចបម្លាស់ទីទៅកន្លែងផ្សេងៗបានក្នុងទន្លេមេគង្គ។
របាយការណ៍វាយតម្លៃពីផលប៉ះពាល់បរិស្ថាន(EIA)ស្តីពីការសាងសង់ទំនប់វារីអគ្គិសនីនេះ ក៏បានលើកឡើងដែរថា គម្រោងនេះមិនបានចាត់វិធានការដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ចរន្តខ្សែទឹកនិងការហូរច្រោះនៃដីល្បប់នោះទេ។ របាយការណ៍វាយតម្លៃពីផលប៉ះពាល់បរិស្ថាននេះបានលើកឡើងថា “នៅពេលទំនប់វារីអគ្គិសនី ដន សាហុង នឹងមិនបង្កផលប៉ះពាល់ខ្លាំងណាមួយក្នុងចំណោមការគម្រាមកំហែងទាំងនេះនោះ គម្រោងនេះមិនបានចាត់វិធានការគ្រប់គ្រងដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងនេះឡើយ”។ របាយការណ៍នេះ បន្ថែមថា តាមពិតទៅបច្ឆាជាតិនៅតំបន់នេះ រងផលប៉ះពាល់ពីការនេសាទហួសកំណត់ច្រើនជាង។
លោក អ៊ាន បៀដ (Ian Baird) សាស្ត្រាចារ្យរងផ្នែកភូមិវិទ្យា នៅសាកលវិទ្យាល័យ Wisconsin-Madison និងជាអ្នកវិទ្យាសាស្ត្រមួយរូបក្នុងចំណោម អ្នកវិទ្យាសាស្រ្តល្បីៗឈ្មោះមួយចំនួនសិក្សាពីមច្ឆាជាតិនៅល្បាក់ខោនក្នុងប្រទេសឡាវ ដែលសរសេរអត្ថបទវិទ្យាសាស្ត្រមួយចំនួនស្តីពីការបម្លាស់ទីរបស់ត្រីនិងជីវៈចម្រុះនៅតំបន់នេះ បានលើកឡើងនៅក្នុងអ៊ីម៉េលមួយថា របាយការណ៍ដែលលើកឡើងថា ការសាងសង់ទំនប់វារីអគ្គិសនីនេះមិនប៉ះពាល់ដល់ប្រទេសដែលនៅក្រោមខ្សែទឹកនេះ គឺមិនត្រឹមត្រូវនោះទេ។
លោក បានមានប្រសាសន៍ថា “វាខុសទាំងស្រុងដែលអះអាងថាទំនប់វារីអគ្គិសនីនេះមិនផ្តល់ផលប៉ះពាល់ណាមួយដល់ប្រទេសកម្ពុជា វៀតណាម និងប្រទេសឡាវនោះ។ វាគួរតែនិយាយថា មានផលប៉ះពាល់ច្រើនវិញទើបត្រឹមត្រូវ ហើយ ផលប៉ះពាល់ទាំងនេះ គឺវាមានច្រើនខ្លាំងណាស់ ហេតុដូច្នេះមិនអាចយកវិធានការមិនច្បាស់លាស់នេះមកអនុវត្តលើធនធានដ៏សំខាន់នៅក្នុងតំបន់ទាំងមូលបានឡើយ”។
លោក បានមានប្រសាសន៍បន្ថែមថា “អ្វីៗ គឺមិនច្បាស់តាំងពីយូរមកហើយ ហើយក៏គ្មានការធានាថា មានផ្នែកណាមួយនៃផែនការកាត់បន្ថយផលប៉ះពាល់ទាំងនេះ ទទួលបានជោគជ័យនោះដែរ រីឯអ្នកសិក្សាស្រាវជ្រាវពីគម្រោងនេះ ក៏ទទួលស្គាល់ថាមានផលប៉ះពាល់ច្រើនដែរ ប៉ុន្តែពួកគេមិនទទួលខុសត្រូវចំពោះការគណនាខុសឡើយ។
ដោយមិនសូវមានភាពជឿជាក់លើការអះអាងថា គ្មានផលប៉ះពាល់ដល់ការបម្លាស់ទីរបស់ត្រីនៅក្នុងទន្លេមេគង្គនោះ លោក ឆេង ផេន អគ្គនាយកវិទ្យាស្ថានសិក្សាស្រាវជ្រាវពីមច្ឆាជាតិទឹកសាបនៅក្រសួងកសិកម្ម បានចាត់ទុកថា ការសិក្សាដោយឯករាជ្យរបស់ក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីពិតជាមានបញ្ហា។ លោកបានមានប្រសាសន៍ថា ពួកគេមិនអាចនិយាយបានថា គ្មានផលប៉ះពាល់នោះទេ”។
លោក មាច មាន អ្នកសម្របសម្រួល នៅអង្គការបណ្តាញការពារទន្លេបី ក៏បានសម្ដែងក្តីព្រួយបារម្ភស្រដៀងនេះដែរ។ លោក បានមានប្រសាសន៍ថា “នេះគ្រាន់តែជារបាយការណ៍ដែលសិក្សាដោយរដ្ឋាភិបាលឡាវនិងក្រុមហ៊ុនដែលចង់សាងសង់ទំនប់វារីអគ្គិសនីនេះតែប៉ុណ្ណោះ។ វាមិនប្រាកដថា ពួកគេបានសិក្សាលំអិតពីផលប៉ះពាល់វិទ្យាសាស្ត្រលើមច្ឆាជាតិ ឬក៏ផលប៉ះពាល់ដល់ប្រទេសដែលស្ថិតនៅខ្សែទឹកខាងក្រោម នោះទេ”។
លោកស្រី ផីអានផន ឌីតេស(Pianporn Deetes) អ្នកសម្របសម្រួលជនជាតិថៃ នៅអង្គការការពារបរិស្ថានទន្លេអន្តរជាតិ បានអំពាវនាវឲ្យមានការត្រួតពិនិត្យឡើងវិញដោយឯករាជ្យនូវរបាយកាណ៍នេះ ដើម្បីស្វែងយល់ឲ្យបានពេញលេញពីការវាយតម្លៃមិនត្រឹមត្រូវ។ លោកស្រី បានលើកឡើងនៅក្នុងអុីម៉េលមួយថា “គណៈកម្មាធិការទន្លេមេគង្គ គួរតែអនុវត្តការត្រួតពិនិត្យឡើងវិញនេះជាបន្ទាន់ ហើយប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ក៏គួរតែមានឱកាសត្រួតពិនិត្យឡើងវិញនូវរបាយការណ៍នេះដែរ ដើម្បីកំណត់ពីភាពច្បាស់លាស់នៃការសិក្សារបស់របាយការណ៍នេះ មុនពេលគម្រោងសាងសង់ទំនប់វារីយអគ្គិសនីត្រូវបានបន្ត”៕ ស៊ុយឈាង
រាយការណ៍បន្ថែមដោយ ហ៊ុល រស្មី