31 C
Phnom Penh

អង្គការ​សិទ្ធិ​មនុស្ស​​អំពាវនាវ​ឲ្យ​សាលា​ឧទ្ធ​រណ៍​​ផ្តន្ទា​​ទោស​ ឈូក​ បណ្ឌិត​ ឲ្យ​កាន់​តែ​ធ្ងន់​ជាង​មុន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិល​មិញ អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​អាដហុក​បាន​ជំរុញ​ឲ្យ​សាលា​ឧទ្ធ​រណ៍​​​ផ្តន្ទាទោស​ឲ្យ​បាន​ធ្ងន់​បន្ថែមទៀត​លើ​លោក ឈូក បណ្ឌិត អតីត​​អភិបាល​ក្រុង​បាវិត ដែល​​​ត្រូវ​បានកាត់​ឲ្យ​ជាប់​ទោស​កាល​ពី​ខែ​មិថុនា​ពី​បទបាញ់​កម្ម​ការិនី​បី​នាក់​ឲ្យ​រង​របួស​ ហើយ​កំពុង​រត់​គេច​ខ្លួន​ នៅ​ពេល​ដែល​រឿង​ក្តី​របស់​លោក​ត្រូវ​បាន​បើក​​សវនាកា​រ​នៅ​ថ្ងៃនេះ។

អង្គការ​អាដហុក​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែងការ​ណ៍ថា ការ​ផ្ត​ន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១៨ខែ​ដោយ​សាលា​​​ដំបូង​​​​ខេត្ត​ស្វាយ​រៀង​កាលពី​ខែ​មិថុនា​នោះគឺ​ស្រាល​ពេក​ ​ហើយ​បង្ហាញ​ឲ្យ​ឃើញ​ថា គ្មាន​ន័យ​អ្វី​សោះ ពី​ព្រោះ​ជន​នេះ​មិន​ទាន់​ជាប់​ពន្ធ​នាគារ​នៅឡើយ​ទេ។ អង្គការ​នេះ​បាន​លើកឡើង​ទៀត​ថា “លើស​​​​ពី​នេះ​ទៅទៀត ប្រសិន​បើ​សាលា​ឧទ្ធ​រណ៍​ចង់​ពង្រឹង​យុត្តិធម៌នៅ​ក្នុង​​ប្រទេស​កម្ពុជានោះ​​ សាលាឧទ្ធរណ៍​ត្រូវតែ​​ឃុំខ្លួន​ [ឈូក​ បណ្ឌិត]​ ហើយផ្តន្ទាទោស​ឲ្យបាន​​ធ្ងន់​ដើម្បី​ឲ្យ​ស័ក្តិសម​នឹងស្ថាន​ទម្ងន់ទោស​នៃ​បទឧក្រិដ្ឋ​របស់​គាត់”។

អតីត​អភិបាល​ក្រុង​​ដែល​អបយស​រូប​​​នេះ​ត្រូវ​បាន​ផ្តន្ទាទោស​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៩.៥០០ដុល្លារ​ពី​បទ​បង្ក​របួស​ស្នាម​​​ដោយ​អចេតនា ​បន្ទាប់់​ពី​​គាត់​​បាន​បាញ់​កម្ម​ការិនីបីនាក់​ឲ្យ​រងរបួស​អំឡុង​ការ​ត​វ៉ាកាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១២។ បើទោះណា​ជា​តុលាការ​​​ចេញ​​​​ដីកា​ចាប់​ខ្លួន​គាតិ​ហើយ​ក៏ដោយ ក៏លោក ឈូក បណ្ឌិត​​​នៅ​ក្រៅ​ឃុំ​ដែរ​ ហើយ​មេធាវី​​របស់គាត់បាន​​​​ប្តឹង​ឧទ្ធ​រណ៍​ទៀត​ផង​។

កញ្ញា នុត សុខន​​ ជាជន​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំង​បី​ដែលបាន​រង​របួស​​ត្រង់​ដៃ​ និង​ខ្នង​នោះ បាន​មក​ដល់​រាជ​ធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ ដើម្បី​ចូលរួម​សវនាការ​នៅ​ថ្ងៃនេះ។ នាង​បាន​និយាយថា “ខ្ញុំ​សូមស្នើឲ្យ​សាលា​​​​ឧទ្ធរណ៍ដាក់​ទោស​ លោក ឈូក បណ្ឌិត​ ឲ្យ​បាន​ធ្ងន់​ជាង​សេចក្តី​សម្រេច​របស់​សាលា​​​ដំបូង​​​​ខេត្ត​ស្វាយរៀង​ ហើយ​យើង​ទាមទារ​សំណង​បន្ថែមទៀត​លើស​ពី​អ្វី​ដែល​សាលា​​​ដំបូង​ខេត្ត​បាន​បង្គាប់”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស