29 C
Phnom Penh

ចាប់ខ្លួន​មេឃុំ​ម្នាក់​​​មក​​​ពីគណបក្ស​សង្គ្រោះ​ជាតិ​ពី​បទ​ដឹក​ឈើ​ប្រណីតទៅលក់​​​នៅ​​​វៀត​​​ណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ខេត្ត​រតនគិរី​បាន​និយាយ​ថា កាល​ពី​ម្សិល​មិញ​ សាលា​ដំបូង​ខេត្ត​រតនគិរី​បាន​ចោទ​ប្រកាន់​មេឃំុ គណ​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ពី​បទ​ដឹក​ឈើ​ខុស​ច្បាប់​ បន្ទាប់​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន ខណៈ​ពេល​កំពុង​ដឹក​​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀត​ណាម។

លោក សុខ មិន មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​​មាន​ប្រសាសន៍​ថា លោក សេវ ​​​ញ៉ាង ​​​ដែល​ជាប់​ឆ្នោត​ជា​មេឃំុ​ បាតាង ក្នុង​ស្រុក​អូរយ៉ាដាវ មក​ពី​គណ​បក្ស​ សម រង្ស៊ី កាល​ពី​ឆ្នាំ​២០០២​នោះ​ ត្រូវ​​បាន​ចាប់​ខ្លួន​កាល​​​​ពី​យប់​ថ្ងៃ​ពុធ ពេល​លោក​កំពុង​បើក​រថយន្ត​មួយ​គ្រឿង​ដឹក​ឈើធ្នង់​ ជា​ប្រភេទ​ឈើ​ប្រណីត​​​​ចំនួន​២៣​ដំុ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ មេឃំុ​​​​រូបនេះ ត្រូវ​បាន​ចាប់ខ្លួន​ពេល​កំពុង​ដឹក​ឈើ​ប្រណីត​ទៅ​លក់​នៅប្រទេស​វៀត​ណាម”។

លោក​បាន​បន្ថែម​ថា កង​រាជ​អាវុធ​ហត្ថ​បាន​រឹប​អូស​រថយន្ត​របស់​លោក សេវ ញ៉ាង ហើយ​បាន​បញ្ជូន​គាត់​ទៅ​សាក​សួរ​នៅ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​។

លោក ជា សុភ័ក្រ្ត ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​រតន​គិរី​​មាន​ប្រសា​សន៍​ថា លោក សេវ ញ៉ាង ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​​​​តាម​មាត្រា​៩៦ ៩៨ និង​១០០ នៃ​ច្បាប់​​​​ព្រៃ​ឈើ​នោះ កំពុង​ត្រូវ​ឃំុ​ខ្លួន​បណ្តោះ​អាសន្ន​។

មាត្រា​១០០នៃ​ច្បាប់​ព្រៃ​ឈើ​ចែង​ថា រាល់​សកម្ម​ភាព​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ឡើង​ដោយ​នគរ​បាល មន្ត្រី​យោធា ឬ​មន្ត្រី​មូល​​​ដ្ឋាន​ ដែល “ អនុញ្ញាត​​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល” ឲ្យ​មាន​ការ​កាប់​ឈើ​ខុស​ច្បាប់​នោះ​ ត្រូវ​មាន​ទោស​ជាប់​ពន្ធ​នាគារ​ពី​១​ឆ្នាំ​ដល់​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចាប់​ពី​១០​លាន​រៀល ដល់១០០​លាន​រៀល។

លោក ឆាយ ធី អ្នក​សម្រប​សម្រួល​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​នេះ​បានមាន​ប្រសាសន៍ថា អាជ្ញាធរ​បាន​​ចោទ​ប្រកាន់​លោក សេវ ញ៉ាង ខុស​ប្លែក​ពីធម្មតា
គឺ​ភ្លាមៗបន្ទាប់​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ពុធ។

លោក ឆាយ ធី បានមាន​ប្រសាសន៍​ថា “ ខ្ញុំ​គិត​ថា នេះ​ជា​ករណី​រើស​អើង​ប្រឆាំង​គណ​បក្ស​ប្រឆាំង ដោយ​សារ​គណ​បក្ស​ប្រឆាំង​បាន​ឈ្នះ​តួនាទី​ជាមេឃំុ​នៅ​ក្នុង​ឃំុ​នេះ រយៈ​ពេល​៣អាណត្តិ​មក​ហើយ” ដោយ​លោក​ពន្យល់​ថា កម្រ​មាន​មន្ត្រី​ណា​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​កាប់​ឈើ​​បញ្ជូន​ទៅ​តុលាការ​រហ័ស​បែប​នេះ​​ណាស់។

លោក ឆាយ ធី បាន​បន្ថែម​ថា “ អាជ្ញា​ធរ និង​មន្ត្រី​តុលាការ​មិន​បាន​ចាត់​វិធាន​ការ​ចាប់​ខ្លួន​អ្នក​មាន​ប្រាក់​ និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​យក​ទៅ​ផ្តន្ទា​ទោស​ឡើយ បើ​ទោះ​ណា​​ជា​គេ​បាន​រក​ឃើញ​ឈើ​ប្រណីត​នៅ​ផ្ទះ​របស់​​​​ពួក​គេ​ក៏ដោយ”។

លោក សុខ មិន បាន​បដិសេធ​ថា ការ​ចាប់​ខ្លួន​លោក សេវ ញ៉ាង មិនពាក់​ព័ន្ធ​នឹង​នយោ​បាយ​ឡើយ។ លោក​បានមាន​ប្រសាសន៍​ថា“ បើ​ទោះ​ណា​គាត់​ជា​មេឃំុ​មកពី​គណ​បក្ស​ប្រឆាំង​ក៏​ដោយ ក៏​ការ​ចាប់​ខ្លួន​គាត់​មិនពាក់​ព័ន្ធ​នឹង​នយោ​បាយ​ឡើយ”។
លោក អ៊ាម អឿន អភិបាល​រង​ខេត្ត​មកពី​គណ​បក្ស​សង្គ្រោះជាតិ​បាន​មាន​ប្រសាសន៍​​ថា ត្រូវ​មាន​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹង​រ៉ឹង​បន្ថែម​ទៀត​។

លោក អ៊ាម អឿន បាន​មាន​ប្រសា​សន៍​បន្ថែម​ទៀត​ថា “ ពិត​មែនហើយ គាត់​បាន​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃ​ឈើមែន ប៉ុន្តែ ការ​អនុវត្ត​ច្បាប់​គួរ​ធ្វើ​ឲ្យ​បាន​ត្រឹម​ត្រូវ​ សម្រាប់​អ្នក​កាប់​ឈើ​ទាំង​អស់​​ហើយ​អ្នក​ដែល​ដឹក​ឈើ​ប្រណីត​តាម​រថយន្ត​ធុន​ធំ​មិន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ឡើយ”៕ សារុន​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស