30 C
Phnom Penh

វិធីសាស្ត្រ​​​កាត់​បន្ថយ​ផល​ប៉ះពាល់​ដោយ​​​សារ​​​​ការ​​​សង់​​​ទំនប់​វារី​អគ្គិសនី​​​ដន សាហុង​ មិន​​​ទាន់​​​​​​សាក​​​ល្បង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​រិះគន់​​គម្រោង​​សាង​សង់​ទំនប់​វារីអគ្គិសនី​ ដន សាហុង​ បាន​លើក​ឡើង​​កាល​ពី​ម្សិលមិញ​ថា វិធី​​​សាស្ត្រ​​​​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ដល់​មច្ឆជាតិ​​ដោយ​​​សារ​​​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​កាត់​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ឡាវ​ គឺ​មិន​​​ទាន់​​​ត្រូវ​​​បាន​​​សាក​​​ល្បង និ​​​ង​​​បញ្ជាក់​​​​ថា មាន​​​ប្រសិទ្ធភាព​​​ទេ បាន​​​ន័យថា​​​ការ​សម្រេច​​សាង​សង់​​ទំនប់​វារីអគ្គិសនី​ ដន សាហុង​ របស​់​រដ្ឋាភិ​បាល​ឡាវ​​​គឺ​​​ជា​ការ​សម្រេច​មួយ​ប្រកប​ដោយ​គ្រោះថ្នាក់​។

របាយការណ៍​​​វាយ​តម្លៃ​​អំពី​ផល​ប៉ះពាល់​បរិស្ថាន​ ដែល​​​​​​​​ធ្វើ​​​ឡើង​​​ដោយ​​រដ្ឋាភិបាល​​ឡាវ​ និ​​​ង​​​​​ចេញ​​ផ្សាយ​​​នៅ​សប្ដាហ៍​នេះ​ ទាក់​ទិន​​​​​​​​​​នឹង​​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​កម្លាំង​២៤០​មេហ្គាវ៉ាត់​នេះ​​​ មានការ​​​​​​លើក​​​ឡើង​​​ពី​​​​​វិធាន​​ការ​​ដែល​​​អាច​​​ទៅរួម​​​មួយ​ចំនួន​​ក្នុង​​​ការ​​​​ទប់​ស្កាត់​​កុំ​ឲ្យ​​មាន​ផល​ប៉ះ​ពាល់​ណា​មួយ​​ដល់​​មច្ឆ​ជាតិ​​​។

អ្នក​ជំនាញខាង​បរិស្ថាន​​បាន​លើក​ឡើង​​ថា ដោយ​សារ​​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​​ដន សាហុង នេះ​​​នឹង​បិទ​ផ្លូវ​ទឹក​មួយ​ក្នុង​ចំណោម​ផ្លូវ​ទឹក​ចំនួន​១៧​ក្នុង​ទន្លេ​មេគង្គ​នោះ​​​ គម្រោង​នេះ​​អាច​នឹង​​បង្ក​​​​​ផល​ប៉ះពាល់​ខ្លាំង​​ដល់​មច្ឆជាតិ​នៅ​​​​​​​តំបន់​ខ្សែ​ទឹក​ខាង​ក្រោម​ ដែល​រដ្ឋាភិបាល​ឡាវ​​​​​​​​បាន​​អះអាង​ថា ​​មិន​​បង្ក​គ្រោះ​ថ្នាក់​​នោះ​។

របាយការណ៍​ស្ដីពី​​​ការ​​វាយតម្លៃ​​ផល​ប៉ះពាល់​បរិស្ថាន​ [EIA] ​​នេះ​មាន​​​ការ​​​​លើក​ឡើ​ង​​​​​​ថា​ “ ប្រសិន​បើ​ [ទន្លេ​] ត្រូវ​បាន​រាំង​ខ្ទប់​​ ដោយ​​​​​​​គ្មាន​វិធាន​ការ​​កាត់​បន្ថយ​ផល​ប៉ះ​​​ពាល់នោះ​វា​នឹង​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​មច្ឆជាតិ​ជាក់​ជា​ពុំ​ខាន​ហើយ​​​ក៏​អាច​​​ប៉ះពាល់​ដល់​ប្រជា​​​​​​ពលរដ្ឋ​ដែល​អាស្រ័យ​លើ​ផល​នេសាទ​​​​​​​​​​ផង​ដែរ​”។

របាយការណ៍​នេះ​មាន​​​ខ្លឹម​​​សារ​​​បន្ត​ថា “ទោះជាយ៉ាង​ណា ​​​​​​​របាយការណ៍​​​ស្ដីពី​​​ការ​វាយ​​​​​​​​​​​​​​​​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​​​នេះ​​​បាន​​​បញ្ចូល​​​​វិធានការ​​​​​មួយ​​​ចំនួន​​​ ដូច្នេះ​​​នឹង​​​ពុំ​​​មាន​​​​​ផល​ប៉ះពាល់​ខ្លាំង​​ដល់​​ធនធាននៅ​​​​ក្នុង​ទន្លេ​មេគង្គទេ​​​”។

វិធានការ​ទាំង​នេះ​មាន​ដូចជា​ ការ​​​ជញ្ជូន​​​​​​ត្រី​ពូជ​ធំៗ​ ដែលត្រូវ​បាន​រារាំង​ដោយ​​​​​​​​​​ទំនប់​វារី​អគ្គិសនី​ ដន សាហុង នេះ​​ទៅ​​​ខ្សែ​ទឹក​ខាង​លើ​ ធ្វើ​ដូច្នេះ​​ត្រី​ទាំង​នេះ​​នឹង​អាច​​ការពារ​បាន​​។​ វិធានការ​នេះ​​​​​​​​​​​ក៏​មាន​​​ការ​​​​ណែ​នាំ​ឲ្យ​ប្រើ​ទុរប​៊ីន​ណា​ ដែល​មិន​​បង្ក​គ្រោះ​ថ្នាក់​​ដល់​មច្ឆ​​​ជាតិ​ ដើម្បី​​​ឲ្យ​​​​មច្ឆជាតិ​​ធ្វើ​បម្លាស់​ទី​​បាន​ដោយ​​​​​​​សេរី​​​ផង​​​ដែរ​​​។

របាយការណ៍​នេះ​មាន​​​ខ្លឹម​​​សារ​​​បន្ត​​​ថា “ត្រី​​ពូជ​ធំៗ​ណា​ ដែល​ចាប់​បាន​​មក​ហើយ​នៅ​រស់​នោះ​ ក្រុម​​អ្នក​ឃ្លាំមើល​មច្ឆជាតិ​​សម្រាប់​គម្រោង​នេះ​​នឹង​​​​នាំ​យក​​ត្រី​ពូជ​ធំ​ៗ​​​ទាំង​នេះ​​ទៅ​លែង​នៅ​ខ្សែ​ទឹក​ខាង​លើ​”។ របាយ​ការណ៍​នេះ​បន្ថែម​ថា វិធានការ​ទាំង​​​នេះ​​អាច​​ធ្វើ​ឲ្យ​ត្រី​ប្រហែល​៩៥​ភាគរយ​ធ្វើ​បំផ្លាស់​ទី​បាន​ដោយ​គ្មាន​ការ​​រារាំង​។​

លោក​ អ៊ាន បៀដ (Ian Baird) សាស្ត្រា​​​ចារ្យ​​​​រង​ផ្នែក​ភូមិ​វិទ្យា នៅ​សាកល​វិទ្យាល័យ Wis-consin-Mendison និង​ជា​អ្នកវិទ្យាសាស្ត្រ​មួយ​រូប​ក្នុង​ចំណោម​អ្នក​វិទ្យាសាស្ត្រ​ល្បីៗ​​មួយ​ចំនួន​ដែល​​​សិក្សា​ពី​មច្ឆជាតិ​នៅ​ល្បាក់​ខោន​ក្នុង​ប្រទេស​ឡាវនោះ ​​បានជំទាស់​​នឹង​​ការ​លើក​​ឡើង​ក្នុង​​​របាយការណ៍​នេះ​។

លោក​ អា៊ន បៀដ បានឲ្យ​​​ដឹង​​​តាម​​​រយៈ​​​​​​​អីុម៉េល​មួយ​កាល​ពី​ថ្ងៃ​ពុធ​​ថា “ការ​សាង​សង់​​​ទំនប់​វារីអគ្គិសនី​នេះ​អាច​សាងសង់​ទៅ​បាន​ លុះត្រា​តែ​មាន​ការ​សិក្សា​ពី​ផល​ប៉ះ​ពាល​់​អំឡុង​​​​​​​​​​​ការ​​សាងស​ង់​​ និង​ក្រោយ​​ការ​សាង​សង់​ ប៉ុន្តែ​បើ​អ្វី​ៗ​មិនដំណើរ​​​ការ​​​ដូច​​​ការ​​​រំពឹង​​​ទុក​​​​នោះ​ គេ​​​​មិន​អាច​ត្រឡប់​ថយ​ក្រោយ​វិញ​បាន​ទេ​។ នៅ​​​ពេល​​​នោះ​​​ប្រជាពលរដ្ឋ​​នៅ​​ក្នុង​ប្រទេស​ ពាក់​ព័ន្ធ​ទាំង​​​អស់​​​ រួម​ទាំង​​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​លើ​ផល​​នេសាទ​ផង​​​នោះ​​​នឹង​​​ទទួល​​​ថ្មបាក់​​​​”។

លោក​ក៏​បាន​រិះគន់​សេចក្ដី​​​​សន្និដ្ឋាន​​ក្នុង​​​​របាយការណ៍​នេះ​ផង​ដែល​​ថា ការ​បាត់​បង់​​បរិមាណ​មច្ឆជាតិ​​​ប្រាំ​ភាគរយ​នៅ​ក្នុង​តំបន់​​នេះ​​​​ជាការ​​បាត់​បង់​​តិច​តួច​​​​ផង​​​ដែរ​​​។

លោក​បាន​មានប្រសាសន៍​ថា មិនធ្លាប់​​​​​​មាន​​​ការ​​​សាក​​​ល្បង​​​វិធី​​​សាស្ត្រ​​​ដែល​​​បាន​​​ស្នើ​​​ឡើង​​​​​នេះ​​​​ក្នុង​តំបន់​នេះ​​​ទេ​​​ េហតុ​ដូច្នេះ​​គ្មាន​​​ភ័ស្តុ​​​តាង​​​បញ្ជាក់​​​ថា វិធីសាស្ត្រ​​​ទាំង​​​នេះ​​​មាន​​​ប្រសិទ្ធភាព​​​​ឡើយ​”។

អាង​ទន្លេ​មេគង្គ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ទន្លេ​ដែល​មាន​​ពូជ​ត្រី​​ជា​ច្រើន​ប្រភេទ​​ជាង​​ទន្លេ​​ណាៗ​ទាំង​អស់​​ក្នុង​តំបន់​អាសីុ ហើយ​​គ្រាន់​តែ​តំបន់​ល្បាក់​ខោន​តែ​មួយ​​ គឺ​​មាន​​ពូជ​ត្រី​ជាង​២០០​ប្រភេទឯណោះ​​​​។

អ្នក​​​ស្រី ផីអានផន ឌីតេស (Pianporn Deetes) អ្នក​សម្រប​សម្រួល​ជន​ជាតិ​ថៃ​នៅ​អង្គការ​ការពារ​បរិស្ថាន​ទន្លេ​អន្តរជាតិ​បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា ​ដោយ​សារ​តែ​ទន្លេ​មេគង្គមាន​​ត្រី​ច្រើន​ប្រភេទ​​ និង​សម្បូរ​​​ទៅ​ដោយ​ជីវ​ចម្រុះ​នោះ​វា​គ្មាន​​បច្ចេក​វិទ្យា​ណា​​ដែល​អាច​​​​​​​ប្រើ​​​​បាន ដើម្បី​កាត់​បន្ថយ​ផល​ប៉ះ​​​ពាល់​ដល់​​មច្ឆជាតិ​ទេ​។

អ្នក​​​​ស្រី​បាន​មានប្រសាសន៍​ថា “ មាន​​ការ​សិក្សាជា​ច្រើន​​​​​​​​​​អំពី​កង្វះ​​បច្ចេក​វិទ្យា​ សម្រាប់​​​ការ​​​​កាត់​បន្ថយ​​​ផល​ប៉ះពាល់​ដល់​មច្ឆ​ជាតិ​​នៅ​ក្នុង​ទន្លេ​មេគង្គ​ ពីព្រោះ​មច្ឆជាតិ​​​នៅ​​​ក្នុង​ទន្លេ​មេគង្គ​ មាន​ច្រើនប្រភេទ​​ខុសៗគ្នា​ មាន​ផ្លូវ​បម្លាស់​ទី ខុសៗគ្នា​ ចំណែក​​​​ពេល​វេលា​​បម្លាស់​​​​​​​ទី​វិញ​​​ក៏​ខុស​ៗ​គ្នា​ដែរ​”។

ការ​សាង​សង់​​ទំនប់​វារីអគ្គិសនី​​ ដន​ សា​ហុង​នេះ  គ្រោង​នឹង​ចាប់​ផ្ដើម​នៅ​ក្នុង​ខែ​នេះ​៕ ស៊ុយឈាង​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស