28.4 C
Phnom Penh

សាលាដំបូង​រាជ​ធានី​ភ្នំពេញ​​​ច្រាន​ចោល​​​​ភ័ស្តុតាង​ពាក់ព័ន្ធ​នឹងការ​វាយ​ប្រហារ​នៅ​វត្ត​ភ្នំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្ម​ជន​ប្រឆាំង​ការ​បណ្តេញ​ចេញ​ពី​ដីធ្លី​ប្រហែល​១០០​នាក់​បាន​ធ្វើការ​តវ៉ា​នៅ​សា​លា​ដំបូង​រា​ជ​ធានី​ភ្នំពេញ​កាល​ពី​ម្សិល​មិញ ទាម​ទារ​ឲ្យ​ចាប់​ខ្លួន​មន្ត្រី​មូល​ដ្ឋាន​រួម​មាន​​​​លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ដូន​ពេញ ដែល​ពួកគាត់​បាន​ចោទ​ប្រកាន់​ថា ​បាន​រៀប​ចំ​​​​ការ​វាយ​ប្រហារ​ហិង្សា​ទៅលើ​ការ​តវ៉ា​ដោយ​​​​សន្តិវិធី​កាល​ពី​ខែ​មុន​ដែល​បានបណ្តាល​ឲ្យ​ស្ត្រី​មួយ​ចំនួនរង​របួស។ អ្នក​តវ៉ា​ដែល​ភាគ​ច្រើន​ជា​ស្ត្រី​នោះ​ បាន​ព្យាយាម​ប្រគល់​ភ័ស្តុតាង​បន្ថែម​ទៀត​ដល់​តុលាការ​ដើម្បី​គាំទ្រ​ការ​អះ​អាង​របស់​ពួក​​​គាត់​​​​ថា ពួកគាត​់​បាន​រង​របួស​ដោយ​សារ​ជន​បង្ក​មួយ​ក្រុម​ដែល​ធ្វើ​ការ​ឲ្យ​មន្ត្រី​ខណ្ឌ​ដូន​ពេញ។
ប៉ុន្តែ​តុលាការ​បាន​ប្រាប់​ពួកគាត់​ឲ្យ​ប្រគល់​​​​ភ័ស្តុតាងនេះ​​ទៅ​នគរ​បាល​ជាតិវិញ។

អ្នក​តវ៉ា​ប្រហែល​៣០នាក់​បាន​ធ្វើការ​តវ៉ា​ដោយ​សន្តិវិធីប្រឆាំ​ងទៅ​នឹង​លទ្ធផល​បោះ​​​ឆ្នោត​ជាតិដ៏​ចម្រូង​ចម្រាស​​កាលពី​ខែ​កក្កដា នៅ​យប់​ថ្ងៃទី២២ ខែ​កញ្ញា នៅ​វត្ត​ភ្នំ ស្រាប់​​​  តែ​​​​​​​នគរបាល​បង្ក្រាប​កុបកម្ម​ និង​ជន​បង្ក​ជាច្រើន​​​នាក់​ដែល​ស្លៀក​ពាក់​ស៊ីវិល​បាន​វាយប្រហារ​​មក​លើ​ពួកគាត​់​ដោយ​ប្រើ​កាំភ្លើង​​ឆក់ ដំបង​ឆក់ ដំបង​ឈឺ​ និង​ចំពាម​កៅស៊ូ។

ជន​បង្កទាំង​នោះ​ក៏​បាន​វាយ​អ្នក​កាសែត​ និង​បុគ្គលិក​សិទ្ធិមនុស្ស​នៅ​កន្លែង​កើតហេតុ​ផង​ដែរ។អ្នក​តវ៉ាមួយ​ចំនួន​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្រោយ​ការ​វាយ​ប្រហារនោះ។

អ្នក​តវ៉ាមួយ​ចំនួន​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាដំបូង​រាជ​ធានី​កាល​ពី​ដើម​ខែ​នេះ ដោយ​ចោទ​ប្រកាន់​មន្ត្រី​បួន​នាក់​ពី​បទ​រៀប​ចំ​ការ​វាយ​ប្រហារ​នោះ​គឺ​លោក សុខ ពេញវុធ អភិបាល​រង​ខណ្ឌ​ដូនពេញ​ លោក​ គឹម វុត្ថា ប្រធាន​សណ្តាប់​ធ្នាប់​ខណ្ឌ​ លោក សៅ​ ណុល អធិការ​រង​នគរ​បាល​ខណ្ឌ​ និង​​ លោកស្រី ប៉ិច​ សុជាតា សមាជិក​ក្រុ​ម​ប្រឹក្សាខណ្ឌ។ដោយសារ​តែករណី​នោះ ពួកគាត់​បាន​បន្ទោស​​​​ទៅ​លើ​លោក សុខ សម្បត្តិ​ អភិ​បាល​ខណ្ឌ​ផងដែរ។

អ្នកស្រី ទេព វន្នី ជាអ្នក​តវ៉ាម្នាក់​ដែរ​នោះ​បាន​និយាយថា លោក សុខ​ សម្បត្តិ និង​លោក សុខ ពេញ​វុធ ត្រូវ​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​ការ​វាយ​ប្រហារ​នោះ ហើយ​បាន​ជំរុញ​ឲ្យ​លោក ជីវ កេង ប្រធាន​សាលាដំបូង​រាជ​ធានី​​​ភ្នំពេញ​ចាប់​ខ្លួន​អ្នក​ទាំង​នេះ។

អ្នក​ស្រី​បាន​និយាយ​នៅ​ខាងក្រៅ​តុលា​ការ​​​​កាលពី​ម្សិល​មិញ​ថា “ លោក ជីវ កេង ត្រូវ​​​តែ​​លាលែង​ពី​តំណែង​ ប្រសិន​បើ​លោក​មិន​បាន​ចាប់​ខ្លួន​ ហើយ​ផ្តន្ទាទោស​​លោក សុខ សម្បត្តិ​ និង​លោក សុខ ពេញវុធ​ ទេនោះ”។

អ្នក​តវ៉ា​បាន​​បង្ហាញ​ភ័ស្តុតាង​ថ្មី​ៗ​រួម​មាន​ រូប​ភាព​វីដេអូ និង​រូបថត​របស់​អ្នក​វាយ​ប្រហារ​មកលើ​ពួក​គាត់​ដែល​បាន​ថត​នៅ​យប់​កើត​​ហេតុនោះ​។ជន​បង្កដែល​ភាគ​ច្រើន​ប្រដាប់​ដោយ​ដំបងនោះ បាន​ស្លៀក​ខោ​ពណ៌ខៀវដូច​គ្នា​ទាំង​អស់ដែល​ដូចគ្នា​ទៅ​នឹង​ឯក​សណ្ឋាន​របស់​​​កម្លាំង​សន្តិសុខខណ្ឌ​ដូនពេញ ​ដែល​គេ​ប្រើ​ឲ្យ​​មក​បង្ក្រាប​ការ​តវ៉ា​ដោយ​សន្ត​ិ​វិធី​នៅក្នុង​ខណ្ឌ​នេះ។

​រូបថត​មួយ​សន្លឹក​ដែលអ្នក​តវ៉ាបាន​ចែក​ចាយនោះ គឺរូបថត​លោក​ស្រី សុជាតា ដែល​គេ​ឃើញ​ដើរ​នៅ​ក្បែរ​បុរស​ម្នាក់​ ដែល​កាន់​​វិទ្យុទាក់ទង​បីគ្រឿង និង​ចំពាម​កៅស៊ូ​មួយ​ និង​​​ទំនង​ជា​​កំពុង​​ជួយ​​សម្រួល​​ដល់​ជន​បង្ក​ និង​នគរ​បាល​។

នៅ​យប់​នៃ​ការ​វាយ​ប្រហារ​នោះ​ រថ​យន្ត​​​​ធុន​ធំ​មួយ​គ្រឿង​ដែលដឹក​ជន​បង្ក​ជា​ច្រើន​នាក់​ប្រដាប់​ដោយ​ដំបង​ឆក់នោះ ត្រូវ​បាន​គេ​​​​ឃើញ​បើក​ចេញ​ពី​កន្លែង​វាយ​ប្រហារ​នៅ​វត្ត​ភ្នំ​នោះ ហើយ​បើក​ចូល​ទៅ​ក្នុង​បរិវេណ​សាលា​ខណ្ឌ​ដូន​ពេញ​នៅ​ក្បែរ​នោះ​។

បើ​ទោះ​ណា​ជា​មាន​ការ​ជួប​ប្រជំុ​កាល​ពី​ម្សិល​មិញ​ជាមួយ​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​ក៏​ដោយ ក៏​អ្នក​តវ៉ា​បាន​និយាយ​ថា គេ​បាន​​​បដិសេធ​មិន​ឲ្យ​ពួកគា​ត់​​ដាក់​ជូន​ភ័ស្តុ​តាង​របស់​ខ្លួន​ទាក់​ទង​ទៅ​នឹង​ការ​វាយ​ប្រហារ​នោះទេ​ ហើយ​ផ្ទុយ​ទៅ​វិញ​គេ​បាន​ប្រាប់​ពួក​គាត់​ឲ្យ​យក​ទៅ​ដាក់​នៅ​នគរ​បាល​ជាតិ​វិញ​។

អ្នក​តវ៉ា​ឈ្មោះ គង់ ចន្ថា បាន​និយាយ​បន្ទាប់​​​​ពី​កិច្ច​ប្រជំុ​ថា “ យើង​មិនទុក​ចិត្ត​តុលាការ​ទេ​។ ប្រសិន​បើ លោក ជីវ កេង មិន​ចាប់​ខ្លួន​ជន​បង្ក​​​​ទេ​នោះ លោក​ត្រូវ​តែ​លា​លែង​ពី​តំណែង​”។ គេ​មិន​អាច​ទាក់​ទង​លោក ជីវ កេង និង​លោក មាស​ ច័ន្ទ​ពិសិដ្ឋ ដើម្បី​សំុ​អត្ថា​ធិប្បាយ​បាន​ទេ។

យោង​តាម​លិខិត​មួយ​ច្បាប់​ដែល​ទទួល​បាន​កាល​ពី​ម្សិល​មិញ​ បាន​ឲ្យ​ដឹង​ថា តុលាការ​បាន​បញ្ជូន​រឿង​ក្តី​នេះ​ទៅ​នគរ​បាល​ជាតិ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា រយៈ​ពេល​ប្រាំ​ថ្ងៃ​បន្ទាប់​ពី​អ្នក​តវ៉ា​បានប្តឹង​​ទៅ​តុលាការ​នេះ​។

លិខិត​នោះ​ចុះ​ហត្ថ​លេខា​ដោយ​​​​លោក មាស ច័ន្ទពិសិដ្ឋ។ លិខិត​នោះ​មាន​ខ្លឹមសារថា “ លោក​ព្រះ​រាជ​អាជ្ញា​បាន​សម្រេច​​​​បញ្ជូន [សំណំុ​រឿង​នេះ] ទៅ​ឯក​ឧត្តម​ នេត សាវឿន អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ ដើម្បី​ធ្វើ​ការ​សើុប​អង្កេត និង​ប្រមូល​ភ័ស្តុតាង ហើយ​បន្ទាប់​មក​ត្រូវ​​បញ្ជូន​ទៅ​ឲ្យ​ព្រះ​រាជ​អាជ្ញា​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​វិញ ដើម្បី​អនុ​​​វត្ត​​​​តាម​នីតិវិធី​។
លោក នេត សាវឿន បាន​រៀប​ការ​ជា​​​មួយ​​​​ក្មួយ​ស្រី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ ឧត្តម​សេនីយ៍ឯក​ គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​នគរ​បាល​ជាតិ​បាន​មាន​ប្រសាសន៍​ថា មាន​តែ​នគរ​បាល​ប៉ុណ្ណោះ​ជា​អ្នក​​សើុប​អង្កេត​​​​រឿង​ក្តី​នេះ។

លោក នី ចរិយា ប្រធាន​ផ្នែក​ឃ្លាំ​មើល​នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​បាន​មាន​ប្រសាសន៍​ថា គ្មាន​ហេតុ​ផលណា​ដែល​ថា នគរ​បាល​ធ្វើ​ការ​សើុប​អង្កេត​ជំនួស​តុលាការ​នោះឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា “ វា​ជា​ការ​មិន​ត្រឹម​ត្រូវ​ឡើយ ដែល​តុលាការ​ច្រាន​ចោល​ភ័ស្តុតាង​នោះ ពី​ព្រោះ​ពួក​គាត់​ [ចុង​ចោទ] បាន​ដាក់​ពាក្យ​បណ្តឹង​របស់​ខ្លួន​​ដំបូង​ជាមួយ​តុលាការ​ ដូច្នេះ​តុលាការ​គួរ​តែ​ធ្វើ​ការ​សើុប​ង្កេត​រឿង​ក្តី​នេះ”។

លោក​បាន​បន្ថែម​ថា “ តុលាការ​ត្រូវ​តែ​ចាប់​ខ្លួន​ជនបង្ក​ដែល​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ប៉ុន្តែ​បញ្ហា​ស្ថិត​នៅ​ត្រង់​ថា តើ​តុលាការ​មាន​ឆន្ទៈ​ធ្វើ​រឿង​នេះ​ឬអត់​។ គ្មាន​អ្វី​លំបាក​ទេ ​ក្នុង​ការ​ចាប់​ខ្លួន​ជន​បង្ក​​ទាំង​នោះ ពីព្រោះ​មាន​​​ភ័ស្តុតាង​​​រឹង​មាំ​ជាច្រើន”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស