មន្ត្រីតុលាការបានឲ្យដឹងថា កាលពីម្សិលមិញថា សាលាដំបូងខេត្តសៀមរាប បានចោទប្រកាន់អ្នកគ្រប់គ្រងសណ្ឋាគារជនជាតិស្វីសម្នាក់ឈ្មោះ រូដូល ឃ្នុកឃែល (Rudolf Knuckel) អាយុ៦៧ឆ្នាំ ពីបទទិញពេស្យាកម្មកុមារ បន្ទាប់ពីការចាប់ខ្លួនជនបរទេសដ៏លេចធ្លោរូបនេះពីបទរំលោភផ្លូវភេទលើក្មេងប្រុសៗនៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃពុធ។
លោក ជួន សុភា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបថ្លែងថា “ខ្ញុំបានចោទប្រកាន់ជននេះ ពីបទទិញពេស្យាកម្មកុមារ និងបានបញ្ជូនខ្លួនជននេះទៅឲ្យចៅក្រមសាកសួរ ដើម្បីសម្រេចថា តើឃុំខ្លួនគាត់រង់ចាំការកាត់ក្តីឬអត់”។
ជនជាប់ចោទឈ្មោះ ឃ្នុកឃែល ដែលជានាយកគ្រប់គ្រងនៅសណ្ឋាគារទំនើបចំនួនប្រាំនៅក្នុងខេត្តសៀមរាប ចាប់តាំងពីឆ្នាំ១៩៩១មក រួមទាំងសណ្ឋាគារ Grand Hotel d’Angkor សម័យអាណានិគមផងនោះ ត្រូវបានចាប់ខ្លួននៅចំថ្ងៃកំណើតលើកទី៦៧របស់ជននេះកាលពីថ្ងៃពុធ បន្ទាប់ពីយុវជនបីនាក់អាយុ១៣ឆ្នាំ ១៥ឆ្នាំ និងអាយុ១៨ឆ្នាំ បានអះអាងថា ជននេះបានរំលោភផ្លូវភេទពួកគេ ឬប៉ុនប៉ងរំលោភផ្លូវភេទ កាលពីដើមឆ្នាំនេះ។
លោកស្រី ឌួង ថាវរី នាយនគរបាលប្រឆាំងការជួញដូរមនុស្សខេត្ត បានថ្លែងថា “ បន្ទាប់ពីធ្វើការស៊ើបអង្កេត យើងបានរកឃើញថា មានតែក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ប៉ុណ្ណោះ ជាប់ពាក់ព័ន្ធ[ក្នុងករណីរំលោភនេះ]”។លោកស្រីឲ្យដឹងថា “ ជននេះបានរំលោភក្មេងប្រុសអាយុ១៥ឆ្នាំជាច្រើនលើក។គាត់បាននាំក្មេងប្រុសរូបនេះទៅតំបន់ដាច់ស្រយាលមួយនៅក្រៅក្រុងសៀមរាប…ចំនួនប្រាំដង ហើយម្តងៗឲ្យប្រាក់ចំនួន១០ដុល្លារទៅ១៥ដុល្លារ”។ លោកស្រីបន្ថែមថា “ក្មេងប្រុសពីរនាក់ទៀត ជននេះបាននាំពួកគេទៅតំបន់ដាច់ស្រយាល និងប៉ុនប៉ងរំលោភពួកគេ ប៉ុន្តែពួកគេមិនព្រម”។
កាលពីខែមេសាឆ្នាំ២០១០ សាលាដំបូងខេត្តសៀមរាប បានផ្តន្ទាទោសលោក ឃ្នុកឃែល ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ពីបទរួមភេទជាមួយក្មេងប្រុសអាយុ១៤ឆ្នាំ ក៏ប៉ុន្តែត្រូវបានព្យួរទោសរយៈពេលមួយឆ្នាំ។ ក្នុងឆ្នាំ២០០០ បុរសចូលចិត្តរួមភេទជាមួយកុមាររូបនេះត្រូវបានចោទប្រកាន់ពីបទ[ប្រព្រឹត្តអំពើអនាចារ] ដោយរួមភេទជាមួយកុមារពីរនាក់ ម្នាក់អាយុ១៤ឆ្នាំ និងម្នាក់ទៀតអាយុ១៨ឆ្នាំ ក៏ប៉ុន្តែជននេះត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នរយៈពេលប្រាំខែក្រោយ ហើយនៅក្នុងឆ្នាំ២០០២តុលាការបានលើកលែងការចោទប្រកាន់ជននេះ ដោយសម្អាងថា ខ្វះភ័ស្តុតាង។
លោក យី ម៉ូឌែន អនុប្រធានផ្នែកប្រតិបត្តិការក្នុងមូលដ្ឋាន នៅអង្គការសកម្មភាពដើម្បីកុមារ ជាអង្គការក្រៅរដ្ឋាភិបាលប្រឆាំងការរួមភេទជាមួយកុមារ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃពុធថា “ឈ្មោះឃ្នុកឃែល គឺជាជនល្មើសរួមភេទជាមួយកុមារជាច្រើនលើក ដែលនឹងមិនឈប់យកប្រៀបលើកុមារទេ។ យើងសង្ឃឹមថា ជននេះនឹងត្រូវបានផ្តន្ទាទោសទៅតាមវិសាលភាពច្បាប់ពេញលេញ ហើយនឹងត្រូវបណ្តេញចេញពីប្រទេសកម្ពុជា បន្ទាប់ពីជាប់ពន្ធនាគារ”។
លោក ម៉ូឌែន បានឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលមិញថា បទចោទប្រកាន់ “ ពីបទទិញពេស្យាកម្មកុមារ” គឺជាបទចោទប្រកាន់សមរម្យហើយ។
បើទោះជា ជនជាប់ចោទឈ្មោះ ឃ្នុកឃែល និងមេធាវីរបស់ខ្លួនមិនអាចទាក់ទងបានកាលពីម្សិលមិញក៏ដោយ ក៏លោក ថានុមសាក់ អាប់បាស់ សមែន (Thanomsak Abbas Sorman) អាយុ៣៥ឆ្នាំ ដែលជាមិត្តភក្តិរាប់អានគ្នាយូរ និងជាអតីតនិយោជិករបស់ជនជាប់ចោទរូបនេះ បាននិយាយការពារខ្លួនថា ជននេះជាមនុស្សស្លូតត្រង់។
លោក ថានុមសាក់ ដែលជាជនជាតិថៃ ធ្វើការឲ្យក្រុមហ៊ុនវិនិយោគឯកជនមួយនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា “ ប្រសិនបើអ្នកជួបមនុស្ស១០០នាក់នៅក្នុងខេត្តសៀមរាប ដែលស្គាល់រូបគាត់ គ្មាននរណាម្នាក់និយាយអាក្រក់ពីគាត់ទេ ខ្ញុំអះអាង”។ លោកបន្ថែមថា ជនជាប់ចោទឈ្មោះ ឃ្នុកឃែល បានចេញថ្លៃសិក្សារៀនសូត្ររបស់លោក។
លោក ថានុមសាក់ ដែលមានភរិយា និងកូនពីរនាក់រស់នៅជាមួយជនជាប់ចោទឈ្មោះ ឃ្នុកឃែល នៅក្នុងក្រុងសៀមរាប បានឲ្យដឹងបន្ថែមទៀតថា លោកមានផែនការជួយជនជាតិស្វីសរូបនេះចេញពីស្ថានការណ៍លំបាកផ្លូវច្បាប់ចុងក្រោយរបស់គាត់ ប្រសិនបើអាច។លោកបានមានប្រសាសន៍ថា “ គ្រួសាររបស់ខ្ញុំនឹងរៀបចំស្វែងរកមេធាវីម្នាក់ និងនាំយកអាហារទៅឲ្យលោក ឃ្នុកឃែល នៅក្នុងពន្ធនាគារ”៕ ប៊ុននី