រយៈពេលមួយឆ្នាំបានកន្លងផុត បន្ទាប់ពីប្រទេសកម្ពុជាបានប្រកាសថា ខ្លួនបានដកបម្រាមលើការសុំកូនចិញ្ចឹមរវាងប្រទេសផ្សេងៗ ដោយចាប់ផ្ដើមកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៣។ ក៏ប៉ុន្តែ ទោះបីជាបានសរសើរប្រទេសកម្ពុជា ដែលបានខិតខំអនុវត្តបទបញ្ញត្តិអន្តរជាតិក៏ដោយ ក៏ប្រទេសនានាដែលដាក់បម្រាមលើការសុំកូនចិញ្ចឹមរបស់ប្រទេសកម្ពុជា បានលើកឡើងថា ពួកគេមិនបានឈានដល់ការដកលក្ខខណ្ឌរឹតបន្តឹងទេ។
កាលពីខែធ្នូ ឆ្នាំ២០១១ សហរដ្ឋអាមេរិកផ្អាកការសុំកូនចិញ្ចឹមពីប្រទេសកម្ពុជា ដោយបានលើកឡើងពី “ ការលក់ទារក និងការចាប់ពង្រត់ទារក” និងគុណវិបត្តិធំៗផ្សេងៗទៀត។ ចក្រភពអង់គ្លេស អូស្ត្រាលី បារាំង អាល្លឺម៉ង់ និងប្រទេសអុីតាលី ស្ថិតក្នុងបណ្ដាប្រទេសផ្សេងៗទៀត ដែលអនុវត្តបែបនេះដែរ។ សហរដ្ឋអាមេរិកបានឲ្យដឹងក្នុងសប្ដាហ៍នេះថា ស្ថានភាពដែលនាំឲ្យមានការផ្អាកបែបនេះ មិនមានការប្រែប្រួលទេ ហើយខ្លួនមិនមានផែនការចាប់ផ្ដើមឲ្យមានការសុំកូនចិញ្ចឹមឡើងវិញទេ។ លោកស្រី អាស្លី ហ្គារីហ្គូស (Ashley Garrigus) អ្នកនាំពាក្យការិយាល័យ
សម្របសម្រួលគោលនយោបាយ និងកិច្ចការសាធារណៈនៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា “ ក្រសួងការបរទេសនៅតែរក្សារការមិនអនុវត្តកម្មវិធីសុំកូនចិញ្ចឹមពីប្រទេសកម្ពុជាដដែល”។
លោកស្រីបានមានប្រសាសន៍បន្ថែមថា “ ក្រសួងការបរទេសក៏មិនមានគម្រោងសម្រាប់អនុញ្ញាតឲ្យមានការសុំកូនចិញ្ចឹមពីប្រទេសកម្ពុជាឡើងវិញដែរ។ យើងកំពុងតែបន្តពិនិត្យដោយយកចិត្តទុកដាក់ទៅលើវឌ្ឍនភាពរបស់ប្រទេសកម្ពុជាក្នុងការអនុវត្តអនុសញ្ញាស្ដីពីការសុំកូនចិញ្ចឹមទីក្រុងឡាអេ”។ប្រទេសកម្ពុជាបានចុះហត្ថលេខាលើសន្ធិសញ្ញាស្ដីពីការសុំកូនចិញ្ចឹមទីក្រុងឡាអេ កាលពីឆ្នាំ២០០៧ ក៏ប៉ុន្តែបានបញ្ឈប់សកម្មភាពសុំកូនចិញ្ចឹមអន្តរប្រទេសក្នុងឆ្នាំ២០០៩ អំឡុងពេលមានសំឡេងរិះគន់យ៉ាងច្រើនអំពីអំពើរំលោភបំពានដែលបានកើតឡើងនៅក្នុងប្រព័ន្ធសុំកូនចិញ្ចឹមរបស់ខ្លួន ហើយខ្លួនក៏ទទួលបរាជ័យក្នុងការដាក់ចេញនូវចំណាត់ការឲ្យបានសមស្របផ្នែកបទបញ្ញត្តិដើម្បីការពារផលប្រយោជន៍អាទិភាពបំផុតរបស់កុមារ។
កាលពីខែធ្នូ ឆ្នាំ២០០៩រដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់សុំកូនចិញ្ចឹម និងតាំងពីពេលនោះមកខ្លួនក៏បានរឹតបន្តឹងលក្ខខណ្ឌផ្សេងៗដូចជាកំណត់នីតិវិធីចំពោះគូស្វាមីភរិយាបរទេសដែលមានអាយុ៣០ឆ្នាំឡើង ហើយត្រូវមានគម្លាតអាយុយ៉ាងតិច២២ឆ្នាំរវាងអាយុរបស់ខ្លួន និងអាយុកូនដែលត្រូវសុំយកចិញ្ចឹម។ ចំណាត់ការនេះបានទាក់ទាញសហគមន៍អន្តរជាតិឲ្យយល់ឃើញថា យុទ្ធសាស្ត្រការពារសមស្របបានចូលជាធរមានហើយ។
ទោះជាយ៉ាងណា កាលពីថ្ងៃពុធ រដ្ឋាភិបាលអូស្ត្រាលី បានលើកឡើងម្ដងទៀតអំពីជំហររបស់សហរដ្ឋអាមេរិកថា ស្ថានភាពនៃការសុំកូនចិញ្ចឹមនៅប្រទេសកម្ពុជាមិនមានការប្រែប្រួលទេ។
អ្នកនាំពាក្យនាយកដ្ឋានអគ្គមេធាវីរបស់ប្រទេសអូស្ត្រាលី បានមានប្រសាសន៍ដូច្នេះថា “ ប្រទេសអូស្ត្រាលី មានកម្មវិធីសុំកូនចិញ្ចឹមអន្តរប្រទេស ជាមួយប្រទេសដែលអនុវត្តតាមអនុសញ្ញាទីក្រុងឡាអេ…។ ទោះបីជាប្រទេសកម្ពុជាបានចុះហត្ថលេខាលើអនុសញ្ញានេះកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០០៧ក៏ដោយ ក៏ប្រទេសនេះមិនទាន់មានដំណើរការអនុវត្តអនុសញ្ញានេះឲ្យបានពេញលេញជាធរមាននៅឡើយទេ”។
កាលពីខែកុម្ភៈ បើគិតរហូតមកទល់ពេលនោះ ប្រទេសអុីតាលីបានក្លាយជាប្រទេសតែមួយគត់ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តកម្មវិធីសុំកូនអន្តរប្រទេសឡើងវិញ ក៏ប៉ុន្តែស្ថានទូតអុីតាលីនៅទីក្រុងបាងកក មិនបានឆ្លើយតបទៅនឹងសំណើសុំព័ត៌មានបន្ថែមទេ៕ សុធា