27 C
Phnom Penh

​លោក ស ខេង ​មិនបានលើក​​ទូរស័ព្ទ​របស់លោក សម រង្ស៊ី ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ម៉ោង​ប្រហែល​១០​ព្រឹក​ម្សិល​មិញ​ អំឡុង​ពេ​ល​ធ្វើ​សន្និសីទ​កាសែត​នៅ​ទី​ស្នាក់​ការ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ក្នុង​រាជ​ធានីភ្នំពេញ លោក សម​ រង្ស៊ី ប្រធាន​គណ​បក្ស​ប្រឆាំង​បាន​ទូរស័ព្ទ​ទៅ​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ហើយ​បាន​ប្រាប់អ្នក​យក​ព័ត៌មាន​​ដែល​ចូល​រួម​នៅ​ក្នុង​សន្និសីទ​កាសែត​នោះថា លោក​នឹង​​បើក​​ឲ្យ​ឮ​សំឡេង​នៃ​​ការ​សន្ទនា​របស់​ពួក​គាត់​តាម​ទូរស័ព្ទ​នៅ​ក្នុង​សន្និសីទ​​កាសែត​តែម្តង​។ ប៉ុន្តែ លោក​ ស ខេង មិន​បាន​​លើក​ទូរស័ព្ទ​ទេ​។

លោក សម រង្ស៊ី បានទូរស័ព្ទ​ទៅ​​លោក ស ខេង ដើម្បី​ចង់​ដឹង​ថា តើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​មាន​ឆន្ទៈ​ចរចា​ជាមួយ​គណ​បក្ស​សង្គ្រោះជាតិ​អំពី​ការ​ទាម​ទារ​របស់​ខ្លួន​សំុ​ឲ្យ​មាន​ការ​សើុប​អង្កេត​ដោយ​ឯក​រាជ្យ​លើ​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា អំពី​ការ​លា​លែង​របស់​សមាជិក​​គ.ជ.ប.​៩​រូប​​ ​អំពី​ការ​ទទួល​យក​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ​ និង​​របស់​​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ផ្សេងៗ​ទៀត ដើម្បី​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ឬអត់​។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​សន្និសីទ​កាសែត​នោះ​​បញ្ចប់​បាន​បន្តិច​ មិត្តភក្តិ​​រួមគ្នា​ម្នាក់​របស់​លោក សម រង្ស៊ី និង​របស់​ លោក ស ខេង បាន​ទូរស័ព្ទ​​ប្រាប់​លោក សម រង្ស៊ី ថា ថ្នាក់​ដឹក​នាំ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​​ត្រូវ​ការ​ពេល​វេលា​ពិភាក្សា​គ្នា​មុន​ពេល​ឆ្លើយ​តប​តាម​សំណើ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ចាប់​ផ្តើម​ការ​ចរចា​​ឡើង​​​​វិញ​របស់​មន្ត្រីជាន់​ខ្ពស់​នៃ​គណ​បក្ស​ទាំង​ពីរ។

នៅ​ម៉ោង​ប្រហែល​២​រសៀល លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ប្រហែល​២​នាទី​ ​​​នៅ​ឯ​សន្និសីទ​មួយ​ស្តី​ពី​វិមជ្ឈការ​របស់​រដ្ឋា​ភិបាល​នៅ​សណ្ឋា​គារ​សាន់​វេ ហើយ​បន្ទាប់​មក​បាន​ចេញ​ទៅ​វិញ​ភ្លាមៗ​តែ​ម្តង​។

លោក​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​មាន​ការ​ប្រញាប់​”។ ហើយ​លោក​បាន​ប្រាប់​ថា លោក​រំពឹង​ថា នឹងទទួល​ការ​ហៅ​ទូរស័ព្ទ​​ពី​លោក ស ខេង វិញ​នៅ​រសៀល​នោះ​។

លោក​បាន​មានប្រសាសន៍​ថា “ ខ្ញុំ​បាន​រង់​ចាំ​ការ​ហៅ​ទូរស័ព្ទ​ពី​លោក ស ខេង ចាប់​តាំង​​​​ពី​ម៉ោង​១២​និង​៣០​នាទី ប៉ុន្តែ ខ្ញុំ​មិន​ទាន់​បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​​មក​វិញ​​ទេ​”។

នៅ​ក្នុង​អីុម៉េល​មួយ​ផ្ញើ​មក​ឲ្យ​អ្នក​យក​ព័ត៌​មាន​​នៅ​ម៉ោង​៣​និង​៣០​នាទី​រសៀល លោក​ សម រង្ស៊ី បាន​សរសេរ​ថា “ គ្មាន​បាន​ទទួល​ដំណឹង​អ្វី​សោះ​ពី​ខាង​គណ​បក្ស​ប្រជា​ជន​​”។

ក្រោយ​មក​ លោក​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​នៅ​ពេល​រសៀល​នោះ​ថា “ ជា​ធម្មតា​ បន្ទាប់​ពី​​ខ្ញុំ​ទូរស័ព្ទ​ទៅ​លោក ស ខេង គាត់​​ហៅ​ទូរស័ព្ទ​មក​ខ្ញុំ​វិញ​”។

លោក​បាន​មាន​ប្រសាសន៍​ថា “ ពី​មុន នៅ​ពេល​លោក ស ខេង​ មិន​បាន​ទទួល​ទូរ​ស័ព្ទ​ ខ្ញុំ​ទូរស័ព្ទ​ទៅ​មិត្ត​​ភក្តិ​​រួម​គ្នា​នោះ ហើយ​មិត្ត​​ភក្តិ​នោះ​បាន​ផ្ញើ​សា​រទៅ​មិត្ត​ភក្តិ​ម្នាក់​ទៀត​ ហើយ​ភ្លាមៗ​នោះ​លោក ស ខេង បាន​ទូរ​ស័ព្ទ​​មក​វិញ។ ប៉ុន្តែ ពេល​នេះ​ចម្លែក​ណាស់​”។

លោក សម រង្ស៊ី និង​លោក ស ខេង បាន​និយាយ​គ្នា​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ អំឡុងពេល​គណ​បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បាតុកម្ម​រយៈ​ពេល​បី​ថ្ងៃ​ កាល​ពី​សប្តាហ៍​មុន​ ​តាម​ខ្សែ​ទូរស័ព្ទ​​សម្រាប់​​ទំនាក់​ទំនង​មួយ​ដែល​លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ​បាន​សម្រេច​បង្កើត​ឡើង​​អំឡុង​ពេល​​ជួប​ចរចា​លើក​ចុង​ក្រោយ​របស់​មន្ត្រី​ជាន់​ខ្ពស់​កាល​ពី​ខែ​កញ្ញា។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ព្រម​ព្រៀង​ថា យើង​ត្រូវ​តែ​បង្កើត​​​​ខ្សែ​ទូរស័ព្ទ​ទាន់​ហេតុ​ការណ៍​មួយ​​សម្រាប់​ទំនាក់​ទំនង​ ហើយ​នៅ​ពេល​ដែល​មាន​បញ្ហា​ណា​មួយ​ លោក ស ខេង និង​ខ្ញុំ​ត្រូវ​តែ​និយាយ​គ្នា”។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា
“ ខ្សែ​​ទូរស័ព្ទ​នេះ​ដំណើរ​ការ​បាន​មួយ​ភ្លែត រហូត​មក​ទល់​ព្រឹក​នេះ​”។

លោក ជាម យៀប អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា គណ​បក្ស​កាន់​អំណាច​​ដឹង​ពី​សំណើ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​បន្ត​ការ​ចរចា​ស្វែង​រក​ដំណោះ​ស្រាយ​ចំពោះ​ជម្លោះ​នយោ​បាយ​ក្រោយ​ការ​បោះ​ឆ្នោត​នេះ​ ដែល​មក​ទល់​ពេល​​​​នេះ​បាន​ឈាន​ចូល​ដល់​ខែ​ទី៤​ហើយ​។

លោក ជាម យៀប ​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​បាន​ទទួល​ព័ត៌​មាន​នៅ​ថ្ងៃ​នេះ​ថា គណ​​​​បក្ស​សង្គ្រោះ​ជាតិ​ចង់​ចរចា​ជា​មួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ប៉ុន្តែ យើង​មិន​ទាន់​បាន​កំណត់​​​​កាលបរិច្ឆេទ​សម្រាប់​ការ​ជួប​គ្នា​ទេ”។

នៅ​សប្តាហ៍​នេះ លោក ជាម យៀប  បាន​ងាក​ទៅ​រក​លក្ខខណ្ឌ​ដែល​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​ដាក់​កាល​ពី​មុន​ថា សមាជិក​សភា​​ជាប់​ឆ្នោត​ទាំង​៥៥​រូប​របស់​គណ​បក្ស​សង្គ្រោះ​​ជាតិ​ ដែល​កំពុង​ធ្វើ​ពហិការ​មិន​ចូល​រដ្ឋ​សភា​នេះ ត្រូវ​តែ​ស្បថ​ចូល​កាន់​តំណែង​ មុនពេល​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ជួប​ចរចា​បន្ត​ទៀត​។

លោក​បាន​មាន​ប្រសាសន៍​ផ្ទុយ​ពី​ការ​លើក​ឡើង​ពី​មុន​របស់​លោក​ដែល​​ថា “ បញ្ហា​ [នៃការ​ធ្វើ​ពហិការ​មិន​ចូល​រដ្ឋ​សភា​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នេះ] មិនជាប់​ពាក់​ព័ន្ធ​នឹង​ការ​ចរចា​ទេ​។ ការ​ចរចា​មិន​ចាំ​បាច់​​តម្រូវ​ឲ្យ​ពួក​គេ​ទាំង​​​អស់​​​គ្នាស្បថ​ចូល​កាន់​តំណែង​នោះ​ទេ​”។

គេ​មិន​អាច​ទាក់​ទង លោក ស ខេង ​សំុ​ការ​អត្ថា​ធិប្បាយ​បាន​ទេ​ ហើយ​លោកឧត្តម​សេនីយ៍​ឯក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ពី​មូល​េហតុ​ដែល​លោក ស ខេង មិន​ទទួល​ទូរស័ព្ទ​របស់​លោក សម រង្ស៊ី នោះទេ។ លោក​បាន​មាន​ប្រសាសន៍​ថា “ នេះ​គឺ​ជា​បញ្ហា​​ផ្ទាល់​ខ្លួន​”។

នៅ​ម៉ោង​ប្រហែល​៥​និង​៣០​នាទី​​ល្ងាច​ម្សិល​មិញ លោក សម រង្ស៊ី បាន​​ទូរស័ព្ទ​មក​អ្នក​យក​ព័ត៌​មាន​ម្នាក់​​ដើម្បី​ប្រាប់​អំពី​ព័ត៌​មាន​​​​ថ្មី​ថា មិត្ត​ភក្តិ​​នោះ​បាន​ទូរស័ព្ទ​ប្រាប់​លោក​ថា រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ជាប់​រវល់​ ហើយ​លោក​​នឹង​ទូរស័ព្ទ​ទៅ​​មេ​​ដឹកនាំ​គណ​បក្ស​ប្រឆាំង​វិញ​នៅ​ថ្ងៃ​នេះ​។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ជឿ​ជាក់​ថា ពួក​គេ​នឹង​ឆ្លើយ​តប​។ យើង​មិន​មែន​លេង​បិទ​ពួន​ទេ​”៕ គឹមហឿន

(រាយការណ៍​បន្ថែម​ដោយ Alex Willemyns)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស