32.9 C
Phnom Penh

២០ខែ​ក្រោយការ​​​បាញ់​កម្មការិនី​រោងចក្រ​បីនាក់​ឲ្យ​រង​របួស​ ឈូក​ បណ្ឌិត​ នៅតែ​​មិន​បង្ហាញ​​ខ្លួន​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ ឈូក​ បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត ​​មិន​បាន​បង្ហាញ​ខ្លួន​​​​នៅ​សាលា​ឧទ្ធរណ៍​ស្ដាប់​ការ​ជំនុំ​ជម្រះ​ឡើង​វិញ​នូវ​​​រឿង​ក្ដី​​បាញ់​កម្មការិនី​រោង​ចក្រ​កាត់​ដេរ​​បីនាក់​​ឲ្យ​រង​របួស​​កាលពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១២​ទេ​។

គិត​មក​ទល់​ពេល​នេះ​​វា​មាន​រយៈ​​​​ពេល​​​ជាង​​​២០​ខែ​​ហើយ​ ​ចាប់​តាំង​ពី​​ថ្ងៃ​​ ឈូក​ បណ្ឌិត​ បាញ់​សំដៅ​​កម្មករ ​កម្មកា​រិនី​ អំឡុង​បាតុកម្ម​ទាមទារ​​ប្រាក់​ឈ្នួល​ និង​អត្ថប្រយោជន៍​ច្រើន​ជាង​មុន​​នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ក្នុង​ខេត្ត​ស្វា​យរៀង​ បណ្ដាល​ឲ្យ​​របួស​កម្មការិនី​បី​នាក់​។
ចាប់​តាំង​ពីពេល​នោះ​មក​ រឿង​ក្ដី​របស់​លោក​ ឈូក បណ្ឌិត​ បាន​វិល​ចុះ​វិល​​ឡើង​​រវាង​​សាលា​​ដំបូង​ខេត្ត​ និង​សាលា​ឧទ្ធរណ៍​នៅ​រាជធានីភ្នំពេញ​។

បន្ទាប់​ពី​សាលា​ដំបូង​ខេត្ត​បានប្រកាស​កាល​ពី​ខែ​ធ្នូ​ ថា ខ្លួន​បាន​សម្រេច​​លើក​លែង​​បទ​ចោទ​ប្រកាន់​ទាំង​អស់​​លើ​​លោក​ ឈូក​ បណ្ឌិត​ ដែល​មាន​មិត្ត​ភក្តិ​ជា​​មនុស្ស​​ដ៏​មាន​ឥទ្ធិ​ពល​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​​កាន់​អំណាច​នោះ​ សាលា​ឧទ្ធរណ៍​បាន​សើរើ​រឿង​ក្ដី​នេះ​ឡើង​វិញ​ បន្ទាប់​ពី​​មាន​​សំណើ​មួយ​ពី​ក្រសួង​យុត្តិធម៌ ដែល​បាន​លើក​ឡើង​​ពី​ភាព​ចំាបាច់​ក្នុង​ការ​មាន​ការ​សុើប​អង្កេត​​ដ៏​ហ្មត់ចត់​​មួយ​។

លោក​ កាយ​ វិសាល​ មេធាវី​របស់​អតីត​អភិបាល​ក្រុង​​បាវិត​នេះ​​ បាន​​ឲ្យ​ដឹង​ថា មុន​​នេះ​​ លោក​​រំពឹង​ថា កូន​ក្ដី​របស់​ខ្លួន​នឹង​បង្ហាញ​ខ្លួន​ក្នុង​សវនាការ​នេះ​។

លោកមានប្រសាសន៍​ថា “កូន​ក្ដី​របស់​​​ខ្ញុំដឹង​​ថា ថ្ងៃ​ណា​​ត្រូវ​ឡើង​​សវនាការ​នេះ​​ ព្រោះ​​​​​​ភរិយា​របស់​គាត់​​បាន​ប្រាប់​គាត់​រួច​ហើយ​​”។ លោក​ វិសាល​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​​បន្ថែម​​ពី​ទី​សំចត​បច្ចុប្បន្ន​របស់​កូន​ក្ដី​ខ្លួន​ទេ​។

សាក្សី​​ដែល​បាន​ផ្ដល់​សក្ខីកម្ម​​ក្នុង​សវនា​​ការ​កាល​ពី​ម្សិល​មិញ​​បាន​រំលឹក​ឡើ​ងវិញនូវ​រឿង​រា៉វ​​ដែល​​គេ​បាន​ដឹង​រួច​មក​ហើយ​។
វរសេនីយ៍ត្រី ​ កែវ​ សុខន​ អធិការរង​​នគរ​បាល​ក្រុង​បាវិត​​ បាន​​រៀប​រាប់​ថា លោក​បាន​ឃើញ​​លោក​ ឈូក​ បណ្ឌិត​ កាន់​កាំភ្លើង​​ខ្លី​របស់ខ្លួន​​​បន្ទាប់​ពី​បាន​​បាញ់​បោះ​រួច​ ហើយ​លោក​​បាន​ជួយ​គាត់​​ក្នុង​ការ​គេច​​ខ្លួន​​ពី​កន្លែង​កើត​ហេតុ​។

វរសេនីយ៍​ត្រី​​រូប​នេះ​​​បាន​និយាយ​ថា “ឈូក​ បណ្ឌិត​ កាន់កំាភ្លើង​​ក្នុង​ដៃ​ពេល​រត់​គេច​ខ្លួន​។ ខ្ញុំ​បាន​ប្រាប់​​គាត់​ឲ្យ​រត់​​ទៅ​រោង​ចក្រ​កាត់​ដេរ​មួយ​​ក្បែរ​នោះ​​ ហើយ​​ខ្ញុំ​បាន​ជួយ​ឲ្យ​គាត់​​​ផ្លោះ​របង​​រោងចក្រ​នោះ​”។

វរសេនីយ៍ត្រី រាជ បណ្ឌិត​ ជា​មន្ត្រីកង​រាជ​អាវុធ​ហត្ថ​ក្រុង​បាវិត​​​​ បានផ្ដល់​សក្ខី​​កម្ម​​ថា “ខ្ញុំ​បាន​ឃើញ​ ឈូក​ បណ្ឌិត​​ កាន់​កំាភ្លើង​​ ហើយ​តម្រង់​ទៅ​កម្មករ ​​កម្មការិនី​” ដោយ​បន្ថែម​ថា ខ្លួន​​មិន​បាន​​ឃើញ​គាត់​បាញ់​ទេ​។

នៅ​ពេល​​សាលា​ឧទ្ធរណ៍​បើក​ការ​ស៊ើប​អង្កេត​​រឿង​ក្ដី​នេះ​ឡើង​វិញ​​កាល​ពី​ខែ​មីនា មាន​​តែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​ គឺ​លោក​ ឡុង​ ភ័ណ្ឌ នាយ​ប៉ុស្ដិ៍​រង​សង្កាត់​ប្រាសាទ ក្រុង​បាវិត​ ដែល​ផ្ដល់​សក្ខីកម្ម​ថា ខ្លួន​​បាន​ឃើញ​​អតីត​​អភិបាល​ក្រុង​បាវិត​នេះ​​កេះ​​កៃ​កំាភ្លើង​​។

លោក​ ឡុង​ ភ័ណ្ឌ​ មិន​បាន​បង្ហាញ​ខ្លួន​​​នៅ​សា​លា​ឧទ្ធរណ៍​ដើម្បី​ផ្ដល់​សក្ខីកម្មទេ​កាល​ពី​​ម្សិលមិញ​ ប៉ុន្តែ​ក្រឡា​បញ្ជី​មួយ​រូប​​​បាន​អាន​លិខិតមាន​​សក្ខីកម្ម​របស់​គាត់​។

លិខិត​នេះ​មាន​ខ្លឹម​សារ​ថា “ខ្ញុំ​បាន​ឃើញ​ឈូក បណ្ឌិត​​ តម្រង់​កាំភ្លើង​​សំដៅ​ទៅ​កម្មករ​កម្មកា​រិនី​ ហើយ​ក្រោយ​មក​ [ខ្ញុំ​ឃើញ​] កម្មករ​​កម្ម​កា​រិនី​ដួល​”។

ជន​រងគ្រោះ​ទាំង​បី​នាក់​ ដែល​បាន​រង​របួស ​​គឺ​ឈ្មោះ​ ប៊ុន​ ចិន្តា​ ឈ្មោះ កែវ នា និង​ឈ្មោះ នុត សាខន ក៏​បាន​បង្ហាញ​ខ្លួន​អំឡុង​សវនាការ​​កាល​ពីម្សិលមិញ​ដើម្បី​​ប្ដឹង​ជំទាស់​​ទៅ​តុលាការ​​សុំ​ប្រាក់​សំណង​ជំងឺ​ចិត្ត​ច្រើន​ជាង​មុន​ សរុប​​១៤០​.០០០​ដុល្លារ​​ដែរ​។

ឈ្មោះ​ សាខន ​ដែល​បាន​រង​របួស​​ត្រង់​ខ្នង និង​ដៃ​ បាន​និយាយ​ថា​ “ខ្ញុំ​ត្រូវ​បាន​គេ​បាញ់​ពីក្រោយ​ខ្នង​ ដូច្នេះ​​ខ្ញុំ​មិន​ដឹង​ថា នរណា​បាញ់​ខ្ញុំ​ទេ​ ប៉ុន្តែ​ខ្ញុំ​​ឮ​កម្មករ ​កម្មការិនី​ផ្សេងៗ​ទៀត​ស្រែក​ថា គឺ​អភិបាល​ក្រុង​នេះ​​ ដែល​​បាញ់​កម្មករ​ កម្មការិនី ហើយ​​​រត់​គេច​ខ្លួន​”។

មេធាវីរ​បស់​អតីត​អភិបាល​ក្រុង​រូប​នេះ​​បាន​ប្ដឹង​ជំទាស់​ទៅ​តុលាការ​​ឲ្យ​លើក​លែង​បទ​ចោទ​ប្រកាន់​លើកូន​ក្ដី​របស់​ខ្លួន​ ដោយ​​បាន​អះ​អាង​ថា គ្មាន​សាក្សី​មើល​ឃើញ​​ការ​បាញ់​បោះ​នេះ​ទេ​។

លោក​ វុត្ថា​ បាន​និយាយ​ថា “គ្មាន​នរណា​ម្នាក់​ឃើញ​កូនក្ដី​របស់​ខ្ញុំ​បាញ់​ទៅ​លើ​កម្មករ​កម្មការិនី​ទេ​ គឺ​អាច​មាន​មនុស្ស​ទី​៣ដែល​បាន​​បាញ់​ពួក​គេ​។

លោក​ តាំង​ ស៊ុន​ឡាយ​ ប្រធាន​​ក្រុម​ប្រឹក្សា​​​ជំនុំ​ជម្រះ​បាន​ឲ្យ​ដឹង​ថា សាល​ដីកា​នឹង​​ត្រូវ​​ប្រកាស​​នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា​៕ សេរីវុធ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស