27 C
Phnom Penh

របាយ​​​ការណ៍អង្គការ​​​សហ​​​ប្រជាជាតិ​​​ ៖ ត្រូវ​​​មើល​​​ប្រជាធិបតេយ្យ​​​ឲ្យ​​​បាន​​​ច្រើន​​​ជាង​​​ថ្ងៃ​​​បោះ​​​ឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បេសកជន​​​របស់​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​ផ្នែក​​​សិទ្ធិ​​​ សេរីភាព​​​ ប្រមូល​​​ផ្តុំ​​​ កាល​​​ពី​​​​​​ថ្ងៃ​​​អង្គារ​​​ បាន​​​បង្ហាញរបា​យ​​ការណ៍​​​​មួយ​​​ទៅ​​​ដល់​​​អង្គមហា​​​សន្និបាត​​​របស់​​​ខ្លួន​​​ ដែល​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​វិធី​​​សង្កេត​​​ការណ៍​​​ការ​​​បោះ​​​ឆ្នោត​​​ដែលសំ​ឡឹង​​​​ឲ្យ​​​បាន​​​ឆ្ងាយ​​​ជាង​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​ ដើម្បី​​​វាយ​​​តម្លៃ​​​ថា តើ​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​ប្រទេស​​​ផ្សេងៗ ​​​ដូច​​​​​​​​​ជា​​​ប្រទេស​​​កម្ពុជា ​​​ជា​ដើម ប្រព្រឹត្ត​​​ទៅ​​​ដោយ​​​សេរី និង​​​យុត្តិធម៌​​​ដែរ​​​​ឬយ៉ាងណា។ របាយការណ៍​​​ចង​​​ក្រង​​​ដោយ​​​លោក​​​ ម៉ៃ ណា គិអៃ (Maina Kiai) ​​​ប្រេសិត​​​ពិសេស​​​អង្គ​​​ការ​​​សហ​​​ប្រជាជាតិ​​​ទទួល​​​បន្ទុ​​​ក​​​សិទ្ធិ​​​ សេរីភាព​​​ប្រមូល​​​ផ្ដុំ​​​ដោយ​​​សន្តិវិធី​​​នេះ បាន​​​បង្ហាញ​​​ថា ការ​​​​​​​​​សង្កេត​​​ការណ៍​​​ការបោះ​​​ឆ្នោត​​​ដែល​​​ផ្ដោត​​​សំខាន់​​​តែ​​​ទៅលើ​​​សេរីភាពនៅ​​​ថ្ងៃ​​​បោះ​ឆ្នោត​​​​អាច​​​​​​ផ្ដល់​​​ចំណាប់​​​អារម្មណ៍​​​ខុស​​​អំពី​​​ការ​​​បំពេញ​​​​មុខ​​​ងារ​​​របស់​​​លទ្ធិ​​​ប្រជា​​​ធិបតេយ្យ​​​។
របាយការណ៍​​​នេះ​​​បង្ហាញ​​​ថា ការ​​​គោរព​​​សិទ្ធិ​​​គណបក្ស​​​ប្រឆាំង​​​ក្នុង​​​ការ​​​ប្រមូល​​​ផ្ដុំ​​​ប្រកប​​​ដោយ​​​សុវត្ថិភាព​​​ និង​​​មិន​​​មាន​​​ការ​​​ភ័យ​​​ខ្លាច​​​ គឺ​​​មាន​​​សារៈសំខាន់​​​ក្នុងការ​​​សម្រេច​​​ឲ្យ​​​បាន​​​នូវ​​​ទំនៀម​​​ទម្លាប់​​​នៃ​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​​​​ ដែល​​​ជា​​​គុណ​​​តម្លៃ​​​​ពិត​​​។

របាយការណ៍​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ថា “ សិទ្ធិ​​​ក្នុងការ​​​…​​​រៀប​​​ចំ​​​ និង​​​ចូល​​​រួម​​​ក្នុង​​​សកម្មភាព​​​ប្រមូល​​​ផ្ដុំ​​​ដោយ​​​សន្តិ​​​វិធី​​​ទាំង​​​ក្នុង​​​និង​​​ក្រៅ​​​អគារ​​​ គឺ​​​ជា​​​គន្លឹះ​​​ដ៏សំខាន់​​​មួយ​​​នៅ​​​ក្នុង​​​បរិបទ​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​។ សិទិ្ធ​​​នេះ​​​ផ្ដល់​​​លទ្ធភាព​​​ដល់​​​បេក្ខ​​​ជន​​​ឈរ​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​ធ្វើ​​​ចល័ត​​​ភាព​​​របស់​​​អ្នក​​​គាំទ្រ​​​ខ្លួន​​​ និង​​​ផ្ដល់​​​ឥទ្ធិពល​​​គាំទ្រ​​​ និង​​​ទិដ្ឋ​​​ភាព​​​ឆ្លុះ​​​បញ្ចាំ​​​ង​​​យ៉ាង​​​ច្បាស់​​​ដល់​​​សារនយោ​​​បាយ​​​របស់​​​បេក្ខជន​​​ទាំង​​​នោះ”។

នៅ​​​ក្នុង​​​អត្ថបទ​​​អម​​​មួយ​​​ដែល​​​ត្រូវ​​​បាន​​​ចេញ​​​ផ្សាយតាម​​​សារព័ត៌មាន​​​ ឌឹ ហ្គាឌៀន (The Guadian)​​​ នៅ​​​ចក្រភព​​​អង់​​​គ្លេស​​​ កាលពី​​​ថ្ងៃ​​​អង្គារ​​​ លោក គិអៃ បាន​​​សរសេរ​​​អំពី​​​កិច្ច​​​ខិត​​​ខំប្រឹង​​​ប្រែង​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ក្នុង​ការ​ភ្ជាប់​​​លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ទៅ​​​នឹង​​​បទ​​​ចោទ​​​ប្រកាន់​​​ពាក់​​​ព័ន្ធ​​​នឹង​​​រឿង​​​នយោបាយ​​​ ដែល​​​នាំ​​​ឲ្យ​​​ប្រធាន​​​គណបក្ស​​​រូប​​​នេះ​​​ធ្វើ​​​​​​និរទេស​​​ខ្លួន​​​ទៅ​​​ក្រៅ​​​ប្រទេស​​​រហូត​​​ដល់​​​ពេល​​​ពីរ​​​សប្ដាហ៍​​​មុន​​​ថ្ងៃ​​​​​​បោះ​​​ឆ្នោត​​​ជ្រើស​​​តាំង​​​តំណាង​​​រាស្ត្រ​​​កា​ល​ពី​ថ្ងៃ​ទី២៨ ខែ​​​កក្កដា។

លោក​​​បាន​​​សរសេរ​​​ថា “ ព្រះ​​​រាជ​​​ទាន​​​លើក​​​លែង​​​ទោស​​​នៅ​​​នាទី​​​ចុង​​​ក្រោយ​​​បាន​​​ខ​​​ក​​​ខាន​ក្នុង​​​ការ​​​​​​ស្ដារ​​​ស្ថាន​​​ភាព​​​សិទ្ធិ​​​របស់​​​លោក​​​ក្នុង​​​ការ​​​ទទួល​​​បាន​​​តំណែង​​​ ​​​ហើយ​​​ការ​​​បោះ​​​ឆ្នោត​​​ត្រូវ​​​បាន​​​​​​ធ្វើ​​​ឲ្យ​​​មាន​​​បញ្ហា​​​ ដោយ​​​សារ​​​តែ​​​មាន​​​សេច​​​ក្ដី​​​រាយការណ៍​​​អំពី​​​បញ្ហា​​​ចុះ​​​ឈ្មោះ​​​លើស​​​ក្នុង​​​ចំនួន​​​ដ៏ច្រើន​​​នៅ​​​ក្នុង​​​មណ្ឌល​​​សំខាន់ៗ​​​ និង​​​ការ​​​ប៉ុន​​​ប៉ង​​​ក្នុង​​​បំណង​​​មិន​​​ល្អ​ ​​ដើម្បី​​​​​​ដាក់​​​សម្ពាធ​​​ទៅលើ​​​ការ​​​ធ្វើ​​​បាតុកម្ម​​​មាន​ការ​គាំទ្រ​ច្រើន​”។

របាយការណ៍​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​បន្ត​​​ទៀត​​​ថា   ​”អំពើ​​​រំលោភ​​​បែប​​​នេះ​​​គួរ​​​តែ​​​ត្រូវ​​​បាន​​​ថ្កោល​​​ទោស​​​ជា​​​ចំហ​​​សម្រាប់​​​ទង្វើ​​​ដែល​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​រំលោភ​​​យ៉ាង​​​ច្បាស់​​​ទៅលើ​​​សិទ្ធិ​​​មនុស្ស​​​ ដែល​ធ្វើ​​​ឲ្យ​​​អន្តរាយ​​​ភាព​​​ស្រប​​​ច្បាប់​​​នៃ​​​ដំណើរ​​​ការ​​​ប្រជា​​​ធិបតេយ្យ​​​”​។

លោក គិអៃ បាន​​​សរុប​​​សេចក្ដី​​​ថា អ្នក​សង្កេត​​​ការ​​​ណ៍​​​កា​​​របោះ​​​ឆ្នោត​​​គួរតែ​​​ផ្ដោត​​​អារម្មណ៍​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​បន្ថែម​​​ទៅ​​​លើ​​​ហេតុការណ៍​​​ដែល​​​បាន​​​កើត​​​ឡើង​​​ទៅ​​​លើ​​​ការ​​​បោះ​​​ឆ្នោត​​​មុន​​​ពេល​​​ប្រកាស​​​ថា​​​ វា​​​ប្រព្រឹត្ត​​​ទៅ​​​ដោយ​​​សេរី និង​​​យុុត្តិធម៌។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ប្រជា​​​ធិប​​​តេយ្យ​​​គឺ​​​ជាកិច្ច​​​ការ​​​វិល​​​ជុំ​​​រយៈ​​​ពេល​​​ពេញ​​​មួយ​​​ឆ្នាំ​​​ មិន​​​មែន​​​គ្រាន់​​​តែ​​​ជា​​​ការ​​​ងារ​​​ដែលត្រូវ​​​ធ្វើ​​​នៅ​​​ក្នុង​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​នោះទេ”។

លោក​​​ ជាម យៀប  អ្នក​​​នាំពាក្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា កាលពី​​​ម្សិលមិញ​​​បាន​​​ច្រាន​​​ចោល​​​សេចក្ដី​​​អះ​​​អាង​​​ដែល​​​​​​ថា រដ្ឋាភិបាល​​​មិន​​​គោរព​​​សិទ្ធិ​​​ សេរី​​​ភាព​​​ចង​​​ក្រង​​​ជា​​​ក្រុម​​​ ដោយ​​​លើក​​​ឡើងពី មហាបាតុកម្ម​​​រយៈ​​​ពេល​​​បីថ្ងៃ​​​ចំនួនពីរ​​​លើក​​​របស់​​​គណបក្ស​​​សង្គ្រោះជាតិ ដែល​​​ប្រព្រឹត្ត​​​ទៅ​​​កាលពី​​​ខែមុន​​​ និង​​​កាលពី​​​ខែ​​​កញ្ញា ។

លោក ជាម យៀប បាន​​​មាន​​​ប្រសាសន៍​​​ថា “​ក្នុង​​​ការ​​​ធ្វើ​​​បាតុកម្ម​​​ ពួកគេ​​​បាន​​​ជេរ​​​ និង​​​រិះ​​​គន់​​​គណបក្ស​​​ឈ្នះ​​​ឆ្នោត​​​ ហើយ​​​យក​​​គណបក្ស​​​ឈ្នះ​​​​​​​​​ឆ្នោត​​​ធ្វើ​​​ជា​​​ចំណាប់​​​ខ្មាំង។ ឥឡូវ​​​នេះ តើ​​​ពួក​​​គេ​​​ចង់​​​បាន​​​អ្វី​​​?”៕ សុធា​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស