37 C
Phnom Penh

ក្រុម​ហ៊ុន​ថៃ​បន្ត​កិច្ច​សន្យា​ផ្គត់​ផ្គង់​ប្រេង​យន្តហោះ​ដល​់​អាកាស​យាន​ដ្ឋាន​ភ្នំពេញ​ និង​សៀម​រាប​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សារព័ត៌មាន​បាង​កក​ប៉ុស្តិ៍​ (Bangkok Post) បាន​រាយការណ៍​កាលពី​ម្សិលមិញ​ថា ក្រុម​ហ៊ុន​​​ពហុ​ជំនួញ​ផ្នែក​ថាម​ពល​ PTT Plc ក្រោម​កម្ម​សិទ្ធិ​របស់​រដ្ឋ​នៅប្រទេស​ថៃ​បាន​ចុះ​ហត្ថ​លេខា​បន្ត​ការ​ផ្គត់​ផ្គង់​ប្រេង​យន្ត​ហោះ​ដល់​អាកាស​យាន​ដ្ឋាន​សៀម​រាប និ​ង​ភ្នំពេញ​។ 

ក្រុម​ហ៊ុន​ PTT បាន​​ចុះ​​កិច្ច​សន្យា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​បន្ត​ការ​ផ្គត់​ផ្គង់​ដល់​អាកាស​យាន​ដ្ឋាន​ទាំង​នេះ​នៅ​ចំពេល​ក្រុម​ហ៊ុន​ប្រេង​ដ៏ធំ​របស​់​ប្រទេស​ថៃ​មួយ​នេះ​មាន​គម្រោង​ពង្រីក​អាជីវ​កម្ម​​ប្រេង​ និង​ឧស្ម័ន​របស់​ខ្លួន​នៅ​ទួទាំង​តំបន់​ នេះ​បើ​យោង​តាម​សម្ដី​របស់​លោក​ អូតាពុល រឺកពីប៊ូន (Auttapol Rerkpiboon) អនុ​ប្រធាន​ប្រតិបត្តិ​ជាន់​ខ្ពស់​ក្រុម​​​​​​​ហ៊ុន PTT នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​។ គួរ​បញ្ជាក់​ថា អាកាសយាន​ដ្ឋាន​ទាំង​ពីរ​នេះ​ត្រូវ​បាន​ធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុម​ហ៊ុន​អា​កាស​យាន​ដ្ឋាន​កម្ពុជា​។

លោក​បាន​មាន​ប្រសាសន៍​ថា “ បរិមាណ​តម្រូវ​ការ​ប្រេង​នៅ​ប្រទេស​កម្ពុជាបាន​កើន​ឡើង​យ៉ាង​លឿន ដោយ​សារ​ភាព​រីក​ចម្រើន​​​នៃ​វិស័យ​ទេស​ចរណ៍​ និង​គម្រោង​វិនិយោគ​ក្នុង​ឧស្សាហកម្ម​អំពូល​ភ្លើង​”។

លោក ខេក ណរិន​ដា នាយក​ផ្នែក​ទំនាក់​ទំនង​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ និង​ទំនាក​់​ទំនង​សាធារណៈ​ បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន​​​អាកាស​យាន​ដ្ឋាន​កម្ពុជា​ប្រើ​ប្រាស់​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ប្រេង​យន្តហោះ​ចំនួន​ពីរ​ គឺ​ក្រុមហ៊ុន​ Total និង​ក្រុម​ហ៊ុន PTT ។ លោក​បាន​បន្ថែម​ថា កិច្ច​សន្យា​ថ្មី​នេះ​នឹង​មាន​សុពល​ភាព​រយៈ​ពេល​ប្រាំ​ឆ្នាំ​៕ សុធា​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស