26 C
Phnom Penh

មន្ទីរពេទ្យ​ដ៏​ធំដែល​ឧបត្ថម្ភ​ដោយ​ប្រទេស​វៀត​ណាម​​​ នឹង​​ត្រូវ​សម្ពោធ​ឲ្យ​ដំណើរ​ការ​​​នៅ​ខែ​មករា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សាលា​រាជធានី​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា បន្ទាប់​ពី​​ស្ថិត​ក្រោម​ការ​សាង​សង់​​ជាង​បី​ឆ្នាំ​មក​​ មន្ទីរពេទ្យ​ឯកជន​ចំណាយ​ប្រាក់​សាង​​​​​​​​​​សង់​អស់​១៥​លាន​ដុល្លារ​​ក្នុង​រាជធានី​ភ្នំពេញ​​ ដែលទទួល​បាន​ការ​​​ឧបត្ថម្ភ​រួម​គ្នា​​ដោយ​មន្ទីរពេទ្យ​ចារី​​ដ៏​ល្បី​ក្នុង​ទីក្រុង​ហូជីមិញ និង​​ក្រុម​ហ៊ុន​ស៊ូគីមិុចនោះ​​​​ នឹង​ត្រូវ​​​សម្ពោ​​​ធ​​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​​ខែ​មករា​។

លោក​ ប៉ា សុជាតិ​វង្ស អភិបាល​​រាជ​ធានី​ភ្នំពេញ ​​បាន​លើក​ឡើង​​អំឡុង​កិច្ច​ប្រជុំ​នៅ​សាលា​រាជធានី​​កាល​ពី​ថ្ងៃ​ពុធ​ថា មន្ទីរពេទ្យ​ភ្នំពេញ​ចារី​ដែល​សាង​សង់​​ឡើង​​លើ​​​​ដី​មួយ​កន្លែង​​ទំហំ​៥ហិកតា ​ក្នុ​ង​សងា្កត់​និរោធ ខណ្ឌ​មានជ័យនោះ​​​ នឹង​ត្រូវ​សម្ពោ​​​ធ​​នៅ​ថ្ងៃ​ទី​១៣ ខែ​មករា​ ប៉ុន្តែ​​នឹង​​ចាប់​ផ្ដើម​​ផ្ដល់​សេវា​ព្យា​​​បាល​​​​​​​ជា​បណ្ដោះ​អាសន្ន​​​នៅ​ចុង​ខែ​នេះ​។
លោក​ បា៉ សុជាតិ​វង្ស បាន​មាន​ប្រសា​សន៍​​​​​​​ថា “ [លោក​នាយក​រដ្ឋ​មន្ត្រី​] ហុ៊ន​ សែន​ និ​ង [​ លោក​ ង្វៀន តានឌុង ] នាយក​រដ្ឋ​មន្ត្រី​វៀត​​​ណាម​​នឹង​​ធ្វើ​ជា​អធិបតី​​​នៅ​​ក្នុង​ពិធី​សម្ពោធ​​​ជា​​​ផ្លូវ​​​ការ​​​នេះ​”។

លោក​ សុខ​ គង់​ ប្រធាន​ក្រុមហ៊ុន​ស៊ូគីមិុច​ ដែល​បាន​ចូល​ហ៊ុន​​៣០​ភាគរយ​​នៅ​ក្នុង​​​ការ​សង​សង់​មន្ទីរ​ពេទ្យ​ថ្មី​នេះ ​​បាន​ឲ្យ​​​ដឹង​​​ថា ការ​សាង​សង​់​មន្ទីរពេទ្យ​នេះ​ គឺ​ធ្វើ​​​ឡើង​​​ក្នុង​​​​បំណង​​កាត់​បន្ថយ​​ការ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​​របស់​​អ្នក​ជំងឺ​រាប់​ពាន់​នាក់​ ដែល​​​នាំគ្នា​​ទៅ​ប្រទេស​វៀត​ណាម​ ដើម្បីព្យាបាល​ជំងឺ​ជា​រៀង​រាល់​ឆ្នាំ​។

អ្នក​ជំងឺ​ណា​ដែល​មាន​លទ្ធភាព​គឺ​​​តែង​តែ​​ស្វែង​រក​​ការ​ព្យាបាល​​​នៅ​​មន្ទីរពេទ្យ​ឯកជន​​​ដែល​ស្ថិត​នៅ​ក្រៅ​ប្រទេស​កម្ពុជា​ ដោយ​ស្វែង​រក​​ជម្រើស​​ផ្សេង​​ជា​ជាង​ទទួល​​យក​ការ​ព្យាបាល​​​ក្រោម​សេវាសុខភាព​រដ្ឋ​ ដែល​មិន​សូវ​មាន​​បុគ្គលិក​ជំនាញ​ និង​មិន​សូវ​មាន​ការ​ឧប​ត្ថម្ភ​ឲ្យ​បាន​ពេញ​លេញ​នោះ​។

យោង​តាម​​សាលា​រាជធានី​បាន​ឲ្យ​ដឹង​ថា មន្ទីរពេទ្យ​ភ្នំពេញ​​ចារី​​ នឹង​​ផ្ដល​់​សេវា​ព្យា​បាល​​​​​​​ដូច​មន្ទីរពេទ្យ​​ចារី​ ដែល​មាន​​​គ្រែ​ចំនួន​១.២០០​នៅ​ក្នុង​ទីក្រុង​​ហូជីមិញ​ ប៉ុន្តែ​​នឹ​ងជួលតែ​​​វេជ្ជ​បណ្ឌិត​ និងគិលានុបដ្ឋាយិកា​​​កម្ពុជា​​ ដែល​​នឹង​​ទទួល​​​​​បាន​​​ការ​​​បំពាក់​បំប៉ន​បន្ថែម​ចំនួន​ប្រាំ​បី​នៅ​​​​ទីក្រុង​ហូជីមិញស្ដី​អំពី​​វិធី​​​​ព្យាបាល​ និង​រាក​់ទាក់​​អ្នក​​ជំងឺ​​​ប៉ុណ្ណោះ​។

លោក​ ឡុង​ ឌីម៉ង់​ អ្នក​នាំពាក្យ​សាលា​រាជ​ធានី​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា បុគ្គលិក​​មន្ទីរពេទ្យ​ឥឡូវ​​កំពុង​តែ​​​រៀប​ចំ​បរិក្ខា​ពេទ្យ​​ទំនើប​ៗ​ដាក់​ចូល​ក្នុង​មន្ទីរពេទ្យ​នេះ​​។
សេចក្ដីថ្លែង​ការណ៍​មួយដែល​​​​ចេញ​​ដោយ​សាលា​រាជធានី​​កាល​ពី​ថ្ងៃ​ពុធ​ មា​​​ន​​​ខ្លឹម​​​សារ​​​​ថា “វេជ្ជបណ្ឌិត​​មួយ​ក្រុម​មាន​គ្នា​​១៤​នាក់​នឹ​ង​ធ្វើ​ដំណើរ​​​ពី​ទីក្រុង​ហូជីមិញ​​ មក​កាន់​ប្រទេស​កម្ពុជា​នៅ​សប្ដាហ៍​ក្រោយ​ ដើម្បី​ត្រួត​ពិនិត្យ​បរិក្ខា​​ពេទ្យ​ទាំង​នេះ​”។

លោក​ ធា គ្រុយ​ រដ្ឋ​លេខាធិកា​រ​នៅ​ក្រសួង​សុខាភិបាល​ បាន​ឲ្យ​ដឹង​ថា ​​ទោះ​បី​ជា​មន្ទីរ​ពេទ្យ​​ភ្នំពេញ​ចារី​​ប្រើ​ឈ្មោះ​តែ​មួយ​​ដូច​មន្ទីរពេទ្យ​ចារី​នៅ​ក្នុង​ទីក្រុង​​ហូជីមិញ​ក៏​ពិត​​​មែន ប៉ុន្តែ​​​​អ្នក​ជំងឺ​មិន​រំពឹង​ថា នឹង​ទទួល​បាន​គុណភាព​ព្យា​បាល​ដូច​មន្ទីរពេទ្យ​​ដើម​នោះ​ទេ​។​

លោក ធា គ្រុយ ​​​មាន​ប្រសាសន៍​ថា“ មន្ទីរ​​​​​​ពេទ្យ​នេះ​​នឹង​ជួល​​វេជ្ជបណ្ឌិត​ និង​​គិលានុ​​​បដ្ឋា​​​យិកា​​​​​កម្ពុជា​ ហេតុ​ដូច្នេះ​​ខ្ញុំ​​មិន​ហ៊ាន​និយាយ​​ថា កា​រ​​​ព្យាបាល​​នឹង​មាន​​គុណ​​​ភាព​ខ្ពស់​​​ដូច​​​មន្ទីរ​ពេទ្យ​ចារី​​នៅ​ក្នុង​ប្រទេស​​វៀត​ណាម​​​ឡើយ​​​​ ព្រោះ​​​​​ពួក​គេ​ [វេជ្ជបណ្ឌិត​វៀតណាម​] សុទ្ធ​តែ​ទទួល​បាន​​ការ​អប់​រំ​​ និង​មាន​បទ​ពិសោ​ធន៍​ពី​ប្រទេស​​​​​​​​​​​​​​​​​​​បារំាង​ និង​ប្រទេស​អភិវឌ្ឍន៍​​ផ្សេង​ៗ​ទៀត​”៕​​​​​​ សុ៊យឈាង​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស