38.1 C
Phnom Penh

ជន​សង្ស័យជន​ជាតិ​វៀត​ណាម​​ក្នុង​ហាង​ម៉ាស្សា​ពីរកន្លែង​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជ​ធានី​ភ្នំ​ពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​ និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ការ​ពារ​កុមារ​មួយ​បានឲ្យដឹងកាល​ពី​ម្សិល​មិញ​ថា ជន​ជាតិ​វៀត​ណាម​ចំនួន​ប្រាំពីរ​នាក់ ដែល​ត្រូវ​​បាន​ចាប់​ខ្លួន​អំឡុងប្រតិបត្តិការ​ការ​ឆ្មក់​ចូល​នៅ​ពេល​តែ​មួយ​ក្នុង​ហាង​ម៉ាស្សា​ចំនួន​ពីរកន្លែង​​នៅ​កណ្តាល​រាជ​ធានី​ភ្នំពេញ​កាល​ពី​យប់​ថ្ងៃ​អង្គារ​ ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ ​ ដោយ​សារតាម​ការ​ចោទ​ប្រកាន់​ថា មានការ​ជាប់​ពាក់​ព័ន្ធ​ក្នុង​សកម្មភាព​ជួញ​ដូរ​អនីតិជន។

លោក ប៉ុល ភិថី ប្រធាន​នាយក​ដ្ឋាន​ប្រឆាំង​ ការ​ជួញ​ដូរ​មនុស្ស​នៃក្រសួង​មហា​ផ្ទៃ​ដែល​ដឹក​នាំ​ប្រតិបត្តិការឆ្មក់ចូល​​​នៅ​ម៉ោង​​ប្រហែល​៩​យប់់​ថ្ងៃ​ព្រហស្បតិ៍ បាន​មាន​ប្រសាសន៍​ថា   “ យើង​បាន​​​ឆ្មក់​ចូល​ចាប់​ ហើយ​​ពេល​នេះ​ជន​សង្ស័យ​ត្រូវ​បញ្ជូន​ទៅ​តុលាការ​”។ ក៏ប៉ុន្តែ លោក​​បង្វែរ​សំណួរបន្ត​របស់​អ្នក​សារ​ព័ត៌​មាន​ទៅ​មន្ត្រី​តុលាការ។

អង្គការ​បេសកកម្ម​យុត្តិ​ធម៌អន្តរជាតិ​ (International Justice Mission)  ហៅ​កាត់​ថា IJM  ដែល​មាន​មូល​ដ្ឋាន​នៅ​​ក្រុង​វ៉ាស៊ីន​តោន​ បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍មួយ​កាល​ពី​ថ្ងៃ​សុក្រថា “ ផ្ទះ​​បន​ទាំង​ពីរកន្លែងបើកជា​​ហាង​ម៉ាស្សា​ ហើយ​ទំនង​ជា​ផ្នែក​មួយ​នៃ​បណ្តាញ​​ឧក្រិដ្ឋ​ជន​​ជួញ​ដូរ​ និង​លក់​ក្មេង​ស្រី​វៀត​ណាម​​ សម្រាប់សេ​វា​​​រួម​ភេទ”។

អង្គការ​នេះ​បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដដែល​​ថា ប្រតិបត្តិការ​ឆ្មក់​ចូល​ចាប់​នេះ​មាន​ទ្រង់​ទ្រាយ​ធំ​បំផុត​“ដោយ      ឆ្នាំ​នេះ​​​មាន​ការ​ចូលរួម​ពី​សំណាក់​អង្គការ​បេសកកម្ម​យុត្តិ​ធម៌​អន្តរ​ជាតិ​នៅ​កម្ពុជា ​”។ អង្គការ​នេះ​បាន​បន្ថែមទៀត​ថា នគរបាល​បានចាប់​ខ្លួន​ជន​សង្ស័យ​ចំនួនប្រាំពីរ​នាក់។

លោកស្រី លីសា ស្លាវូសស្គី (Lisa Slavovsky ) នាយិកា​ផ្នែក​ស្ថានភាពក្រោយ​ការថែទាំ​នៅ ​ឯ​​អង្គការ​បេសកកម្ម​យុត្តិ​ធម៌​អន្តរ​ជាតិ​​បាន​ឲ្យដឹង​តាម​ទូរ​ស័ព្ទកាលពី​ម្សិល​មិញ​ថា ប្រតិ​បត្តិ​ការ​​ឆ្មក់​ចូលហាងមា៉ស្សា​ទាំង​ពីរ​ដ៏​លំបាក​នេះ​​ បានធ្វើ​ឡើង​​បន្ទាប់​ពី​មាន​ការ​សើុប​អង្កេត​​រយៈ​ពេល​ជា​ច្រើន​​ខែ​ ដោយ​អង្គ​ការ​បេស​ក​កម្ម​យុត្តិធម៌​អន្តរ​ជាតិ​ និង​នគរ​បាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​​ ទៅលើហាង​ម៉ាស្សា​ដែល​លក់​ផ្លូវ​ភេទ។

បន​ស្រី​ពេស្យា​ទាំង​ពីរ​នេះ​ស្ថិតនៅតាម​ផ្លូវ​លេខ​៦៣​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌ​ដូន​ពេញ និងនៅ​តាម​មហាវិថី​សុធារស​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន ជា​តំបន់​មាន​អគារ​ហាង​ម៉ាស្សា​ជាច្រើន​ជាន់​នៅតាម​ផ្លូវ​នេះ។

លោក​ស្រី ស្លាវូសស្គី បាន​លើក​ឡើង​ថា ក្នុង​ចំណោម​ស្ត្រី និង​ក្មេង​ស្រី​២០​នាក់ ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​អំឡុង​ប្រតិបត្តិការ​នេះ ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​ជន​ជាតិ​វៀត​ណាម​ និង​​មិន​ទាន់​ពេញ​វ័យ​។ លោក​ស្រី​បាន​ឲ្យ​ដឹងថា      “ នគរ​​បាល​កំពុង​តែ​កំណត់ចំនួន​ជន​រង​គ្រោះ​ជា​កុមារ​ ក៏​ប៉ុន្តែ​ នោះគឺជា​ហេតុ​ផល​សម្រាប់​ការ​ធ្វើ​អន្តរាគមន៍​”។ លោក​ស្រី​បានបន្ថែម​ថា អតិថិជន​​មួយ​ចំនួន​នៅ​ក្នុង​ហាង​ម៉ាស្សា​ទាំង​ពីរ​នៅ​អំឡុង​ពេល​ឆ្មក់​ចូល​ ត្រូវ​បាន​ឃាត់​​ខ្លួន​ និង​ត្រូវ​នគរបាលសាកសួរ ប៉ុន្តែ បន្ទាប់​មក​ត្រូវ​បាន​ដោះ​លែងវិញ​។

លោក​ស្រី​បន្ត​ថា “ ជន​សង្ស័យ​គឺ​ជា​អ្នក​គ្រប់​គ្រង​ និង​ជា​អ្នក​នាំ​ស្រី​ឲ្យ​​គេ​​។ ខ្ញុំ​​គិត​ថា ម្ចាស់​ហាង​ម៉ាស្សាមិន​​នៅ​ទីនោះ​ទេ​”។

លោក​ស្រី  ស្លាវូសស្គី  បាន​ថ្លែង​ថា  ស្ត្រី​ដែល​​ត្រូវ​បាន​ជួយ​សង្គ្រោះ​ ពេល​នេះ​កំពុង​ស្ថិត​នៅ​មណ្ឌល​ស្តារ​នីតិ​សម្បទា ឬ​ត្រឡប់​ទៅ  ​ជួប​ជំុ​គ្រួសាររបស់​ខ្លួន​វិញ៕ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស