ក្មេងស្រីអាយុ៦ឆ្នាំម្នាក់មកពីខេត្តបាត់ដំបង ដែលជាមនុស្សទី២២ហើយក្នុងឆ្នាំនេះ ដែលកើតជំងឺផ្តាសាយបក្សី ដែលជាមនុស្សម្នាក់ក្នុងចំណោមប្រជាជនចំនួនពាក់កណ្តាលនៃប្រជាជនទាំងនេះបានរួចផុតពីអ្វីដែលជាមេរោគខ្លាំងបំផុតមិនមានពីមុនមកនៅក្នុងប្រទេសកម្ពុជា។
ក្រុមមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា កុមារីរូបនេះបានធូរស្បើយពេញលេញហើយ បន្ទាប់ពីចំណាយពេលពីរសប្តាហ៍សម្រាកនៅក្នុងមន្ទីរពេទ្យជ័យវរ្ម័នទី៧ក្នុងខេត្តសៀមរាប ជាមន្ទីរពេទ្យដែលនាងបានទទួលឱសថផ្តាសាយបក្សី តាមីហ៊្លូ (Tamiflu) ជាថ្នាំព្យាបាលប្រឆាំងរោគផ្តាសាយបក្សីនៅក្នុងខ្លួនមនុស្សទាំងឡាយ យ៉ាងមានប្រសិទ្ធភាព ប្រសិនបើឱសថនេះត្រូវបានចែកឲ្យទាន់ពេលវេលា។
លោក សូនី គ្រីសស្នាន មន្ត្រីផ្នែកទំនាក់ទំនងអង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា “ នេះជាករណីទី២២ហើយ។ ក្មេងស្រីរូបនេះត្រូវបានបញ្ជូនទៅផ្ទះវិញហើយ។ នាងផុតពីគ្រោះថ្នាក់ហើយ”។
លោក គ្រីសស្នាន បានលើកឡើងថា កម្ពុជា គឺជាប្រទេសនៅក្នុងតំបន់ដែលមានចំនួនករណីជំងឺគ្រុនផ្តាសាយបក្សីច្រើនបំផុតនៅឆ្នាំនេះ ពោលគឺមានករណីស្លាប់ចំនួន១១ករណី ក្នុងចំណោម២២ករណីនេះ។ភាគច្រើននៃករណី H5N1 គឺជាកុមារ។
យោងតាមអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល បានឲ្យដឹងថា ក្មេងស្រីរូបនេះមានជំងឺគ្រុនក្តៅខ្លាំង កាលពីថ្ងៃទី១៤ ខែតុលា ដែលបណ្តាលឲ្យគ្រួសាររបស់នាងនាំនាងទៅមន្ទីរពេទ្យក្នុងមូលដ្ឋានមួយមុនពេលនាងត្រូវបានផ្ទេរទៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែតុលា។
បន្ទាប់ពីការធ្វើតេស្តក្នុងមន្ទីរពិសោធ លទ្ធផលបានបញ្ជាក់ថា នាងកើតជំងឺគ្រុនផ្តាសាយបក្សី ហើយថ្នាំ តាមីហ៊្លូ ត្រូវបានផ្តល់កាលពីថ្ងៃទី២៤ ខែតុលា ហើយក្រុមវេជ្ជបណ្ឌិតឲ្យដឹងថា ស្ថានភាពរបស់នាងបានប្រសើរសមល្មមនឹងត្រឡប់ទៅផ្ទះវិញ កាលពីថ្ងៃអាទិត្យ។
លោក ដេននីស ឡូរ៉េន (Denis Laurent) អនុប្រធានមន្ទីរពេទ្យសៀមរាប និងមន្ទីរពេទ្យគន្ធបុប្ផាផ្សេងទៀត បានលើកឡើងថា ឱកាសនៃការរួចផុតពីជំងឺនេះរបស់កុមារីដែលឆ្លងមេរោគ H5N1 គឺពឹងផ្អែកខ្លាំងបំផុតទៅលើការបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យ និងវិភាគជំងឺឲ្យបានទាន់ពេលវេលា។
លោកបន្ថែមថា ករណីកើតជំងឺផ្តាសាយបក្សីទំនងជានឹងកើនឡើងតាមសេចក្តីរាយការណ៍នៅក្នុងប្រទេសកម្ពុជា ជាពិសេសចាប់តាំងពីមន្ទីរពេទ្យរបស់លោកផ្តោតសំខាន់ ទៅលើកុមារមក។
វេជ្ជបណ្ឌិត ឡូរ៉េន បានមានប្រសាសន៍ថា “ ខ្ញុំជឿថា មិនមែនតែកុមារប៉ុណ្ណោះទេ ក៏ប៉ុន្តែ មានតែមន្ទីរពេទ្យយើងប៉ុណ្ណោះដែលជួបការងារនេះ ហើយព្យាយាមដោះស្រាយបញ្ហានេះ”។
លោក ហុង ចាន់ដែត អនុប្រធានភូមិរំដួល និងជាឪពុករបស់កុមារីអាយុ៦ឆ្នាំរូបនេះ បានឲ្យដឹងថា ប៉ុន្មានថ្ងៃបន្ទាប់ពីកូនស្រីរបស់លោកកើតជំងឺនេះ ស្រុករបស់ខ្លួនបានជួបប្រទះគ្រោះទឹកជំនន់ដ៏ស្រួចស្រាវ ហើយមាន់ទាជាច្រើនបានងាប់។
លោក ចាន់ដែត បានមានប្រសាសន៍ថា “ បក្សីជាច្រើនងាប់អំឡុងគ្រោះទឹកជំនន់ ហើយកូនស្រីរបស់ខ្ញុំបានលេងនៅជំុវិញទ្រុងបក្សី។ មួយថ្ងៃបន្ទាប់មក កូនខ្ញុំក៏មានជំងឺគ្រុនក្តៅខ្លាំង”។
លោក គ្រីសស្នាន នៅអង្គការសុខភាពពិភពលោកបានលើកឡើងថា មានកត្តាមួយចំនួននៅពីក្រោយករណីដ៏ច្រើន ដែលត្រូវបានកត់ត្រាទុកនៅតាមខេត្តទូទាំងប្រទេស រាប់ទាំងការដឹកបក្សីដែលចម្លងមេរោគនេះផងដែរ។ លោកមានប្រសាសន៍ថា “ ពេលនេះនៅក្នុងប្រទេសកម្ពុជា ផ្លូវថ្នល់បានប្រសើរឡើងជាងមុន ហើយបក្សីដឹកពីកន្លែងមួយទៅកន្លែងមួយទៀត ដូច្នេះបក្សីដែលមានជំងឺត្រូវដឹកទៅឲ្យឆ្ងាយ ដូច្នេះ ជំងឺនេះវាមិនអាចរីករាលដាលបានឡើយ”។
លោកបានមានប្រសាសន៍បន្តទៀតថា “ ប្រជាជននៅតែចម្អិនអាហារធ្វើមាន់ឈឺ ឬក៏ងាប់”៕ប៊ុននី