កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើបទបញ្ជាមួយ ដើម្បីផ្ទេរស្ថាប័នរដ្ឋចំនួន១១ស្ថាប័ន ដែលកាលពីមុនស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ទីស្តីការគណៈរដ្ឋមន្ត្រីទៅក្រសួង និងស្ថាប័នពាក់ព័ន្ធនានា ដែលនេះជាការកាត់បន្ថយបន្ទុកដ៏ធំរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីខែវិច្ឆិកា បានកន្លងផុត។
ដោយពីមុនស្ថិតក្រោមការគ្រប់គ្រងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ស្ថាប័នទាំង១១នៅតែមានសកម្មភាពដដែល ក៏ប៉ុន្តែ ក្លាយជាផ្នែករបស់ក្រសួងពាក់ព័ន្ធ នេះបើយោងតាមច្បាប់ថតចម្លងនៃបទបញ្ជាស្តីពីការអនុវត្តព្រះរាជក្រឹត្យ និងអនុក្រឹត្យផ្ទេរ និងសមាហរណកម្មការងាររបស់ស្ថាប័នរដ្ឋមួយចំនួន ដែលទទួលបានកាលពីថ្ងៃសុក្រ។
ក្នុងចំណោមស្ថាប័នទាំង១១រាជបណ្ឌិត សភា វិជ្ជាជីវៈតុលាការបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងយុត្តិធម៌។សាលាភូមិន្ទរដ្ឋបាល នឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងមុខងារសាធារណៈ។ អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា នឹងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងប្រៃសណីយ៍ និងទូរ គមនាគមន៍កម្ពុជា។ គណៈកម្មាធិការទទួលស្គាល់គុណភាពនៃកម្ពុជាដែលជាស្ថាប័នបញ្ញតិ្តកម្មលើវិស័យអប់រំកម្រិតឧត្តមសិក្សា នឹងត្រូវបានធ្វើសមាហរណកម្មការងារឲ្យស្ថិតក្រោម ក្រសួងអប់រំ យុវជន និងកីឡា។ គណៈកម្មាធិការ ជាតិជំរុញភូមិមួយផលិតផលមួយ ដែលជាអ្នកផ្សព្វផ្សាយទំនិញផលិតក្នុងស្រុកនឹងត្រូវ បានដាក់ឲ្យស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍កសិកម្មនិង ជនបទ។ គណៈកម្មាធិការជាតិ ប្រជាជន និងការអភិវឌ្ឍ ដែលជាដៃគូរបស់អង្គការមូលនិធិប្រជាជនសហប្រជាជាតិនឹងត្រូវបានដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងផែនការ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានផ្ទេរកញ្ចប់ថវិកាសម្រាប់ការពារជនក្រីក្រឲ្យស្ថិតនៅក្នុងកញ្ចប់ថវិការបស់ក្រសួងយុត្តិធម៌។ គណៈកម្មការអភិរក្ស និងអភិវឌ្ឍន៍តំបន់ត្រីផ្សោតទន្លេមេគង្គនឹងត្រូវបានផ្ទេរទៅក្រោមការទទួលខុសត្រូវរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ការផ្លាស់ប្តូររចនាសម្ព័ន្ធដែលត្រូវបាន រាយបញ្ជីនៅក្នុងបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាចំណាត់ការថ្មីបំផុត ចំពោះបន្ទុកការងារដ៏ធំរបស់ស្ថាប័នរដ្ឋ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន។
ការផ្លាស់ប្តូរដែលមិនធ្លាប់មានពីមុនមកទាំងនេះត្រូវបានដាក់ចេញ បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីខែ កក្កដា លាតត្រដាងឲ្យឃើញនូវអារម្មណ៍មិនពេញចិត្តកើតឡើងជាច្រើននៅទូទាំងប្រទេស ចំពោះការប្រតិបត្តិការងាររបស់គណបក្ស ប្រជាជនកម្ពុជា ដែលបានគ្រប់គ្រងអំណាចអស់រយៈពេលជាយូរមកហើយនោះ។
នៅក្នុងសុន្ទរកថាដំបូងដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៅកាន់គណៈរដ្ឋមន្ត្រីថ្មីរបស់លោក កាលពីថ្ងៃទី២៥ ខែកញ្ញា លោកបានប្រកាសថា ស្ថាប័នរដ្ឋាភិបាលមួយចំនួនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន នោះ នឹងត្រូវបានកាត់ចេញរួមទាំងឧត្តមក្រុមប្រឹក្សា កំណែទម្រង់រដ្ឋផងដែរ។
លើសពីនេះទៅទៀត សមាជិកសភាគណបក្សប្រជាជនកម្ពុជា ដែលមកពីខេត្តតាកែវ ដែលមានលោក សុខ អាន ជាអ្នកទទួលបន្ទុកក្រុមការងារខេត្តរបស់គណបក្សកាន់អំណាចនេះ បានបាត់បង់មុខតំណែងរបស់ខ្លួនជារដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងបរិស្ថាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ទៀតផង។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា សេចក្តីសម្រេចឲ្យផ្លាស់ ប្តូរការគ្រប់គ្រងស្ថាប័នរដ្ឋទាំង១១នេះពីលោក សុខ អាន ធ្វើឡើងក្នុងគោលបំណង ចែករំលែកអំណាចក្នុងជួររដ្ឋាភិបាល ហើយលោកបានឲ្យដឹងបន្តទៀតថា មិនមានការបាត់ បង់ការងារដោយសារបទបញ្ជានេះទេ។
លោកបានមានប្រសាសន៍ថា “ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានទទួលខុស ត្រូវលើការងារទាំងនេះ ប៉ុន្តែ ឥឡូវនេះឯកឧត្តមលែងទទួលខុសត្រូវទៀតហើយ”។ លោកបានមានប្រសាសន៍បន្តថា “ យើងចង់ឲ្យរដ្ឋមន្ត្រីទទួលខុសត្រូវ ដើម្បីឲ្យរដ្ឋមន្ត្រីនានា មិនអាចទម្លាក់កំហុសដាក់គ្នាបានទេ នៅពេលដែលបញ្ហាកើតឡើង។ខ្ញុំមិនគិតថា ឯកឧត្តមបណ្ឌិតសភាចារ្យ [សុខ អាន] មិនសប្បាយចិត្តនោះទេចំពោះកំណែទម្រង់នេះ ពីព្រោះទាំងនេះគឺជាកិច្ចការរដ្ឋ”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ រដ្ឋាភិបាលត្រូវមានគណនេយ្យភាព និងតម្លាភាព ហើយក្រសួងមួយចំនួនក៏ត្រូវមានការទទួសខុសត្រូវផងដែរ ពីព្រោះរដ្ឋាភិបាលឥឡូវជារដ្ឋាភិបាលឯកបក្ស”។គណបក្ស ហ៊្វុនស៊ីនបុិច ដែលបានបាត់បង់ឋានៈជាដៃគូរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ មិនទទួលបានអាសនៈនៅក្នុងរដ្ឋសភាទេ សម្រាប់អាណត្តិនេះ។ សមាជិកសភាជាប់ឆ្នោត៥៥រូបរបស់គណបក្សសង្គ្រោះជាតិ កំពុងធ្វើពហិការសភា រហូតទាល់តែសេចក្តីទាមទាររបស់ពួកគេឲ្យមានប្រតិបត្តិការស៊ើបអង្កេតមួយ ទៅលើការបោះឆ្នោតកាលពីខែកក្កដា និងឲ្យមានការកែទម្រង់ប្រព័ន្ធបោះឆ្នោតត្រូវបានបំពេញតាម។
លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា សេចក្តីសម្រេចផ្ទេរការទទួលខុសត្រូវកាន់តែច្រើនទៅក្រោមក្រសួងនានាដែលនាំឲ្យឥទ្ធិពលរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ថមថយចុះនោះ គឺជាចំណាត់ការវិជ្ជមានមួយ ក៏ប៉ុន្តែ មិនបានផ្តល់ការធានាដល់ការកែទម្រង់ពិតប្រាកដនៅក្នុងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ។
លោក សុន ឆ័យ បានមានប្រសាសន៍ថា “ ខ្ញុំគិតថា វាជារឿងល្អខ្លះដែរ”។ លោកបានបន្ថែមថា អំណាចព្រមគ្នារបស់លោក សុខ អាន ទៅលើរដ្ឋមន្ត្រីផ្សេងៗទៀត ជារឿយៗតែងតែនាំឲ្យមានបញ្ហាការងារដដែលៗនៅក្នុងរដ្ឋាភិបាល និងទប់ស្កាត់មិនឲ្យការិយាល័យផ្សេងៗមានការទទួលខុសត្រូវចំពោះបរាជ័យ ក្នុងការអនុវត្តគោលនយោបាយ។
លោកបានមានប្រសាសន៍ថា “ ការគ្រប់គ្រងដំណើរការអភិវឌ្ឍន៍ច្រើនបែបស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក សុខ អាន តែម្នាក់ឯង ហើយរដ្ឋមន្ត្រីផ្សេងៗទៀតមិនអាចទទួលខុសត្រូវបានទេ។ បញ្ហានេះនាំឲ្យមានការអាក់អន់ស្រពន់ចិត្តពីសំណាក់សាធារណជន។ នោះជាមូលហេតុដែលលោក[ហ៊ុន សែន] កំពុងព្យាយាមដោះស្រាយ”។
លោក សុន ឆ័យ បានបន្ថែមទៀតថា “ ដៃរបស់លោក សុខ អាន នឹងមិនធ្វើឲ្យមានអ្វីប្លែកទេ ប្រសិនបើមិនមានប្រព័ន្ធត្រួតពិនិត្យតុល្យភាពអំណាច ដែលត្រូវឲ្យមន្ត្រីរដ្ឋាភិបាលមានគណនេយ្យភាពចំពោះគណបក្សប្រឆាំង និងសង្គមស៊ីវិលទេនោះ”៕ សុធា