29 C
Phnom Penh

រដ្ឋាភិបាល​ទន់ភ្លន់​​ចំពោះការ​អះអាងពី​ការ​ធ្វើ​ចារកម្ម​របស់​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​​​កម្ពុជា​​នឹង​មិន​ធ្វើ​ការ​​ស៊ើប​អង្កេត​​សេចក្ដី​រាយការណ៍​ ដែល​​ថា  រដ្ឋាភិ​បាល​អាមេ​​រិក​​កំពុង​ប្រើប្រាស់​​ស្ថានទូត​របស់​​ខ្លួន​ប្រចាំ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ដើម្បី​តាម​ដាន​​ការ​ធ្វើ​ទំនាក់​ទំនង​​ និង​ប្រមូល​ព័ត៌មាន​​នៅ​ក្នុង​ប្រទេស​នេះ​ទេ​។ 

រដ្ឋាភិបាល​​របស់​ប្រទេស​ថៃ​ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ប្រទេស​ចិន​បាន​​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ ដែល​ប្រើ​ពាក្យ​ធ្ងន់​ៗនិង​ទាំង​កំហឹង​​កាល​ពី​ថ្ងៃ​សុក្រ​ បន្ទាប់​ពី​កាសែត​​ Sydney Morning Herald បាន​ចេញ​ផ្សាយ​ផែន​ទី​មួយ​ ដែល​បង្ហាញ​ថា ស្ថាន​ទូតអាមេរិក​​ចំនួន​​៩០​កន្លែង​ រួម​ទាំង​ស្ថានទូត​​អាមេរិក​ប្រចាំ​នៅ​​កម្ពុជា​ផង​ដែរ​គឺ​​ ជា​ផ្នែក​មួយ​នៃ​​ទី​ភ្នាក់​ងារ​​សន្ដិសុខ​ជាតិ​អាមេរិក (NSA) ​​ជា​បណ្ដាញ​​​ស៊ើប​​ការណ៍​រួម​មួយ​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​​ថា បាន​តាម​ដាន​ប្រព័ន្ធ​បញ្ជូន​សារ​ជា​សំឡេង​​ទូទាំង​ពិភព​លោក​ ការ​សន្ទនា​តាម​ទូរស័ព្ទ​​​ និង​​ការ​​​​ធ្វើ​ទំនាក់​ទំនង​​តាម​ប្រព័ន្ធ​អ៊ីន​ធើណិត​​។

យោង​តាម​អត្ថបទ​កាសែត​​Sydney Mor-ning Herald បាន​ឲ្យ​ដឹង​ថា ការ​ឃ្លាំ​មើល​​​ ដែល​ធ្វើ​ឡើង​​ដោយ​​ស្ថានទូតសហរដ្ឋ​​អាេម​រិក​នៅ​ទូទាំង​​តំបន់​អាសីុ​នេះ​​​ រួម​​ទាំង​​ការ​​​ធ្វើ​ទំនាក់​ទំនង​​ផ្ទាល់​ខ្លួន​​របស់​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ផង​ដែរ​​។​ កាល​ពី​ថ្ងៃ​សុក្រ​​ រដ្ឋាភិបាល​​នៃ​ប្រទេស​​ម៉ាឡេស៊ី ​បាន​កោះ​ហៅ​​ឯកអគ្គ​រដ្ឋ​ទូត​​សហ​រដ្ឋ​អាមេរិក​​ប្រចាំ​នៅ​ប្រទេស​នេះ​ ឲ្យ​ធ្វើ​ការ​ពន្យល់​ពាក់​ព័ន្ធ​​នឹង​​​សេចក្ដី​រាយការណ៍​ទាំង​នេះ​ ចំណែក​ឯ​រដ្ឋាភិបាល​​ឥណ្ឌូណេស៊ីវិញ​ក៏​បាន​កោះ​ហៅ​​ឯក​អគ្គ​រដ្ឋ​ទូត​អូស្ត្រាលី​​ ឲ្យ​ឆ្លើយ​បំភ្លឺ​ជុំ​វិញ​​ការ​​អះអាង​ដែល​ថា ស្ថានទូត​អូស្ត្រា​លី​​ប្រចាំ​នៅ​​​ទីក្រុង​ហ្សាការតា ក៏​ជា​ផ្នែក​មួយ​នៃ​បណ្ដាញ​​ស៊ើប​ការណ៍​នេះ​ផង​ដែរ​។

ឯក​ឧត្តម​នាយ​ឧត្តម​សេនីយ៍ ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា​​បាន​មាន​ប្រសា​​សន៍​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​​វិទ្យុ​សំឡេង​​សហរដ្ឋ​អាមេរិក ​ ដែល​​ឧប​ត្ថម្ភ​​ដោយ​​រដ្ឋាភិបាល​អាមេរិកថា​ រដ្ឋាភិបាល​កម្ពុជា​​ទំនង​ជា​មិនធ្វើការ​​​តវ៉ា​​ពាក់​ព័ន្ធ​នឹង​​​ការចោទ​ប្រកាន់​ទាំង​នេះ​ទេ​។ លោក​ឧត្តម​សេនីយ៍​ ទៀ បាញ់​ បាន​មាន​ប្រសាសន៍​ថា ការ​លំបាក​​នៅ​ក្នុង​ការ​រក​​ភ័ស្ដុតាង​គាំទ្រ​ការ​ចោទ​ប្រកាន់​​នេះ​នឹង​​ធ្វើ​ឲ្យ​​ការ​តវ៉ា​​នេះ​មិន​សម​​ហេតុ​ផល​។

លោក​ឧត្តម​សេនីយ៍​ ទៀ បាញ់​ បាន​​ប្រាប់​​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​​ថា “ប្រសិន​បើ​ពួក​គេ​​ធ្វើ​រឿង​បែប​នេះ​ ដើម្បី​ស៊ើប​​ការ​ណ៍​ ឬ​ចារកម្ម​មែន​ វា​ពិត​ជា​ពិបាក​​ក្នុង​ការ​បញ្ជាក់​​ឲ្យ​បាន​ច្បាស់​។ ប្រហែល​ជា​គ្មាន​​ភ័ស្ដុតាង​ ដើម្បី​​ធ្វើ​​ការ​ចោទ​ប្រកាន់​ទេ​ រឿង​​បែប​នេះ​​ស្ទើ​រ​តែ​មិន​អាច​ទៅ​​រួច​”។

វិទ្យុ​សំឡេ​ង​សហរដ្ឋ​អាមេរិក​ ក៏​បាន​ដក​ស្រង់​សម្ដី​លោក​ ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ផង​ដែរ​ ខណៈ​ពេល​លោក​​បង្ហាញ​​ភាព​ងឿង​ឆ្ងល់​​​ចំពោះ​សេចក្ដី​រាយ​ការ​ណ៍​ ដែល​ចោទ​ប្រកាន់​​មក​លើ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ លោក​ ស ខេង បាន​មានប្រសាសន៍​ថា “តាម​ធម្មតា​សហរដ្ឋ​អាមេរិក​ គឺ​ជា​អ្នក​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​ សេរីភាព​ និង​សិទ្ធិ​មនុស្ស​ ប៉ុន្តែ​ហេតុ​អ្វី​ក៏​ពួក​គេ​ធ្វើ​រឿង​បែប​នេះ​?។ ខ្ញុំ​មិន​ដឹង​​ថា ពួក​គេ​ចង់​បាន​អ្វី​ទេ​”។

កាល​ពី​​ម្សិលមិញ​ លោក​ ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​បាន​មាន​ប្រសា​សន៍​ថា រដ្ឋាភិបាល​មិន​បាន​ពិភាក្សា​ពី​បញ្ហា​នេះ​ទេ​​ ចាប់​តាំង​ពី​​មាន​​ការ​ចាក់​ផ្សាយ​ប្រសា​សន៍​របស់​លោក​ ស ខេង​  និង​​របស់​លោក​ឧត្តមសេនីយ៍​ ទៀ បាញ់​ កាល​ពី​ថ្ងៃ​សុក្រ​។ លោក​បាន​មានប្រសាសន៍​ថា ការ​​សម្រេច​​​​ថា តើ​ត្រូវ​ទាក់​ទង​សហរដ្ឋ​អាមេរិក​​ជុំវិញ​សេចក្ដី​រាយការណ៍​ទាំង​នេះ​ឬ​យ៉ាង​ណា​នោះ​ គឺ​អាស្រ័យ​ទៅ​លើ​​លោក​ ហោ ណាំ​ហុង​  រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ និង​លោក​ ស ខេង​។ លោក​ទាំង​ពី​រ​មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​។ លោក​ សៀន ម៉ាកអ៊ីន​ថូស​ (Sean McIntosh) អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​មិន​បាន​ឆ្លើយ​តម​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​៕ ស៊ូនី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស