37 C
Phnom Penh

ស្ត្រី​​ដែល​គេឲ្យប្រឌិតរឿង​​ទាសករ​ផ្លូវ​ភេទ​ត្រូវ​គេ​សុំ​ឲ្យ​​នៅ​ស្ងៀម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រី​ម្នាក់​ដែល​អះ​អាង​ថា គាត់​ត្រូវ​បាន​​មូល​និធិ​​ប្រឆាំង​ការ​ជួញ​ដូរ​ផ្លូវភេទ​ សុម៉ាលី ម៉ម បង្រៀន​ឲ្យ​ប្រឌិត​រឿង​ទាសករ​ផ្លូវ​ភេទ​ សម្រាប់​ស្ថានីយ​ទូរ​ទស្ស​ន៍បារាំង​កាល​ពី​ឆ្នាំ​១៩៩៨​នោះ និយាយ​ថា គាត់​ត្រូវ​បាន​បុគ្គ​-​លិក​​មូល​និធិ​ សុម៉ាលី ម៉ម មកជួប​ ហើយ​បាន​ស្នើ​សុំឲ្យ​គាត់​ឈប់​និយាយ​ជាមួយ​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​។

អ្នក​ស្រី មាស រដ្ឋា អាយុ​៣២​ឆ្នាំ ដែល​លាត​ត្រដាង​កាលពី​ខែមុន​ថា ជា​ក្មេង​ជំទង់​ម្នាក់​​ នៅ​ពេល​ដែល​គាត់​ត្រូវ​បាន​ជ្រើស​រើស​ដោយ​អ្នក​ស្រី ម៉ម សុម៉ាលី ឲ្យ​បង្ហាញ​ខ្លួន​នៅ​តាម​​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ២របស់​បារាំង​កាលពី​ឆ្នាំ​១៩៩៨ បន្ទាប់​ពី​បាន​ទទួល​ការ​ហាត់​សម​ជាមួយ​ក្មេង​ស្រី​មួយ​ក្រុម​ទៀត​​ឲ្យ រៀប​រាប់​ដោយ​មិន​ពិត​អំពី​វិធី​ដែល​គាត់​ត្រូវ​បានគេ​លក់​ទៅឲ្យម្ចាស់​ផ្ទះ​បន​មួយ​កន្លែង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។

ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​ចុះ​ផ្សាយ​អំពី​ការលាត​ត្រដាង​របស់​អ្នក​ស្រី​ កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា​ អ្នក​ស្រី មាស រដ្ឋា បាន​និយាយ​ថា បុគ្គលិក​របស់​មូល​និធិ សុម៉ាលី ម៉ម បាន​មក​ជួប​គាត់​ជា​លើក​ដំបូង​។

អ្នក​ស្រី​ មាស រដ្ឋា​ បាន​និយាយ​ក្នុង​បទ​សម្ភាស​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​តុលា​ថា “មាន​​នារី​​ម្នាក់​មក​ស្នើ​សំុ​ទាំង​ទឹក​ភ្នែក​ឲ្យ​ខ្ញុំ​ឈប់​និយាយ​​ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។ ពិត​មែន​ហើយ អ្វី​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​គឺ​ជា​ការ​ពិត​ គឺ​ថា ខ្ញុំ​ត្រូវ​បាន​គេ​ឲ្យ​ថត​វីដេអូ​កុហក់​ពិភព​លោក ហើយ​ថា ខ្ញុំ​ជា​ជន​រង​គ្រោះ​ ទោះ​​បី​ខ្ញុំ​មិន​មែនជា​ជន​រង​គ្រោះ​ក៏ដោយ”។ អ្នក​ស្រី​បាន​និយាយ​ថា “ ប៉ុន្តែ ឥឡូវ​នេះ ខ្ញុំ​មិន​អាច​និយាយ​ទៀត​ទេ”។

អ្នក​ស្រី​ រដ្ឋា ដែល​បានប្រាប់​ថា ​អ្នក​មក​ជួប​គាត់​នោះឈ្មោះ វ៉ាន់ ស៊ីណា ជា​បុគ្គលិក​យូរ​របស់​មូលនិធិ សុម៉ាលី ម៉ម នៅ​កម្ពុជា និង​ជា​ប្រធាន​កម្ម​វិធី​សំឡេង​ដើម្បីការ​ផ្លាស់​ប្តូរ​របស់​មូលនិធិ​នេះ​។ កម្ម​វិធី​សំឡេង​ដើម្បី​ការ​ផ្លាស់​ប្តូរ​នេះ​​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​មូល​និធិ​ សុម៉ាលី ម៉ម និង​មាន​បំណង​ផ្តល់​សំឡេង​ទៅ​ឲ្យ​ជន​រង​គ្រោះ​ដោយ​សារ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ ដើម្បី​លើក​កម្ពស់ការ​យល់​ដឹង​អំពី​បញ្ហា​នេះ។

អ្នក​ស្រី​ មាស រដ្ឋា បាន​និយាយ​ថា ការ​មក​ជួប​លើក​ទី​២​របស់​ឈ្មោះ វ៉ាន់ ស៊ីណា គឺ​នៅ​ថ្ងៃ​ទី​២៣ ខែតុលា​ ហើយ​អ្នក​ស្រី​បាន​បន្ថែម​ថា បុគ្គលិក​របស់​មូល​និធិ សុម៉ាលី ម៉ម រូបនេះ​បាន​បញ្ជាក់​ថា ការ​និយាយ​អំពី​អតីត​កាល​របស់​គាត់​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​មូល​និធិ​​របស់​អ្នក​ស្រី ម៉ម សុម៉ាលី។ អ្នក​ស្រី មាស រដ្ឋា​ បាន​និយាយ​ថា “ បុគ្គលិក​​​រូប​នេះ​​មិន​មែន​មក​ទី​នេះ​ដើម្បី​បំភិត​បំភ័យ​ខ្ញុំ​ទេ។ ប៉ុន្តែ គាត់​​ស្នើ​សុំ​ និង​យំនៅចំពោះ​មុខ​ខ្ញុំ​ ហើយ​និយាយថា វា​ជា​គ្រោះ​មហន្តរាយ​សម្រាប់​​មូលនិធិ​នេះ ប្រសិន​បើខ្ញុំ​នៅ​តែ​និយាយ​​ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទៀត។ គាត់​ក៏​បាន​ធ្វើសុំកុំឲ្យ​ខ្ញុំ​និយាយ​ជាមួយ​អ្នក​កាសែត​ផ្សេង​​ទៀត​ដែរ​ ប្រសិន​បើ​ពួក​គេ​មក​ជួប​ខ្ញុំ​”។

អ្នក​ស្រី​បាននិយាយ​ថា “ប្រសិន​បើ​ខ្ញុំ​នៅ​តែ​និយាយ​ទៀត វា​នឹង​នាំ​ឲ្យ​មាន​បញ្ហា​ដល់​មនុស្ស​គ្រប់គ្នា​ ដូច​ជា​ខ្លួន​ខ្ញុំ មូល​និធិ​នេះ និង​អ្នកកាសែត​ផង​ដែរ​។ ខ្ញុំ​ធ្លាប់​ស្នាក់​នៅ​ក្នុង​​អង្គការ​នេះ ដូច្នេះ ខ្ញុំ​ចង់​ជួយ​អង្គការ​នេះ”។ អ្នក​ស្រី​បាន​បន្ថែម​ទៀត​ថា អ្នកស្រី​ស្តាប់​តាម​សំណើេនេះ​ ហើយ​ឈប់​និយាយ​អំពី​រឿង​ប្រឌិតតាំង​​ពី​ឆ្នាំ​១៩៩៨​នេះ​ទៀតហើយ​។

អ្នក​ស្រី មាស រដ្ឋា ដែល​ឥឡូវ​នេះជា​អ្នក​លក់​ម្ហូប​អាហារ​តាម​ចិញ្ចើម​ផ្លូវ​​ឲ្យ​កម្មករ​រោង​ចក្រ​កាត់​ដេរ​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ​បាន​និយាយ​ថា អ្នក​ស្រី​ត្រូវ​បាន​ទទួល​ឲ្យ​ស្នាក់​នៅ​​ក្នុង​អង្គការ​ អាហ្វេស៊ីប​ កាល​ពី​ឆ្នាំ​១៩៩៧​ ពី​ព្រោះ​គ្រួសារ​អ្នក​ស្រី​ដែល​មាន​សមាជិក​ប្រាំបួន​នាក់​នោះ រស់​នៅ​​យ៉ាង​លំបាក​។ ឪពុក​ ម្តាយ និង​បង​ប្អូន​ស្រី​របស់​អ្នកស្រី ដែល​ស្នាក់​នៅ​ជាមួយ​អ្នក​ស្រី​ រដ្ឋា នៅ​ក្នុង​មណ្ឌល​បណ្តុះ​បណ្តាល​របស់​អង្គការ​អាហ្វេ​ស៊ីប​ដែរនោះ បាន​គាំទ្រ​ការ​អះ​អាង​របស់​អ្នក​ស្រី​ ដែលថា អ្នក​ស្រី​មិន​ដែល​ធ្វើ​ជា​ស្ត្រី​ពេស្យា​ នៅ​​ផ្ទះ​បន​ក្នុង​រាជ​ធានី​ភ្នំពេញ​​ទេ​។ គេ​មិនអាច​ទាក់​ទង​ កញ្ញា វ៉ាន់ ស៊ីណា ដើម្បី​​សំុ​ការ​បំភ្លឺ​បាន​ទេ​។

លោក សៅ ឈឿត នាយក​ប្រតិបត្តិ​អង្គការ​​​អាហ្វេ​ស៊ីប បាននិយាយ​កាល​ពី​ថ្ងៃ​ទី២៤ ខែ​តុលា​ថា លោក​មិន​បាន​ដឹង​អំពី​ការ​ដែល​មាន​គេ​ទៅ​ជួប​អ្នក​ស្រី មាស រដ្ឋា នេះ​ទេ​។

អ្នក​ស្រី​ ហេល វែលហ្គូស ប្រធាន​ផ្នែក​គោល​នយោ​បាយ​ និ​ង​ទំនាក់​ទំនង​នៅ​មូល​និធិ​​ សុម៉ាលី ម៉ម នៅ​កម្ពុជា បាន​មាន​ប្រសា​​​សន៍​ថា វ៉ាន់ ស៊ីណា មិន​ត្រូវ​បាន​អង្គការ​នេះ​​បញ្ជូន​ឲ្យ​ទៅ​ជួប​អ្នក​ស្រី មាស រដ្ឋា ជា​ផ្លូវ​​ការ​នោះ​ទេ។​​ អ្នកស្រី វែលហ្គូស បាននិយាយ​កាលពី​​ថ្ងៃ​ទី​២៤ ខែ​តុលាថា “មូលនិធិ​ សុម៉ាលី ម៉ម មិន​បាន​​បញ្ជូន​ វ៉ាន់ ស៊ីណា ជាផ្លូវ​ការ​នោះ​ទេ ដូច្នេះ​ ខ្ញុំ​ត្រូវ​ការ​និយាយ​ជាមួយ​គាត់​ដើម្បី​ចង់​​ដឹង​ថា តើ​គាត់​បាន​ទៅ​ជួប​ មាស រដ្ឋា ដោយ​​​ខ្លួន​ឯង​​ឬយ៉ាង​ណា​”។
នៅពេល​ទាក់​ទង​កាលពី​ថ្ងៃ​សុក្រ អ្នក​ស្រី វែលហ្គូស បាន​បដិសេធ​មិនធ្វើ​អត្ថា​ធិប្បាយ​ ហើយ​បាន​បង្វែរ​សំណួរ​ទៅ​ផ្នែក​ទំនាក់​ទំនង​នៅ​មូលនិធិ​នេះ​វិញ។
នៅ​ពេល​សួរ​អំពី​ការ​ដែល​គេ​អះ​អាង​ថា វ៉ាន់ ស៊ីណា បាន​ទៅ​ជួប​អ្នក​ស្រី​ មាស រដ្ឋា នោះ​ផ្នែក​ទំនាក់​ទំនង​នៅ​មូល​និធិ​នេះ​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ឡើយ។

ផ្នែក​ទំនាក់​ទំនង​នៅ​មូល​និធិ​ សុម៉ាលី ម៉ម បាន​លើក​ឡើង​តាម​អីុម៉េល​មួយ​ថា “ ព័ត៌​មាន​​ដែល​បញ្ជូន​ទៅ​ឲ្យ​លោក​​កាល​ពី​មុន​នោះ គឺ​ជា​ព័ត៌​មាន​ដែល​យើង​ត្រូវ​ចែក​រំលែក​អំពី​បញ្ហា​នេះ”។ ផ្នែក​ទំនាក់​ទំនង​របស់​មូលនិធិ​នេះ​បាន​និយាយ​អំពី​ពាក្យ​សម្តីដែល​អង្គការ​អាហ្វេ​ស៊ីប​បាននិយាយ​កាល​ពី​ខែ​តុលា​ថា ខ្លួន​មិន​ប៉ាន់​ស្មាន​អំពី​មូល​ហេតុ​ដែល​អ្នក​ស្រី រដ្ឋា បាន​បដិសេធ​​រឿង​ដែល​អ្នក​ស្រី​បាន​ប្រាប់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ២របស់បារាំងនេះ​ទេ។

អង្គការ​អាហ្វេស៊ីប ក៏​បាន​បដិសេធ​មិន​និយាយ​ថា អ្នក​ស្រី​ មាស រដ្ឋា ត្រូវ​បាន​ជួយ​សង្គ្រោះពី​ផ្ទះ​បន​ណា​មួយ ឬ​ថា តើ​រឿង​ក្តី​​ពាក់​ព័ន្ធ​នឹង​ទាសករ​ផ្លូវ​ភេទ​របស់​អ្នក​ស្រីត្រូវ​បាន​ប្តឹង​ទៅ​នគរ​បាល​ផ្នែក​ណា​មួយ ដើម្បី​សំុ​ឲ្យ​ជួយ​សង្គ្រោះ​នោះ​ដែរ។ ទោះ​បីជា​អ្នក​ស្រី មាស រដ្ឋា បញ្ជាក់​ថា ​​ការ​ដែល​ វ៉ាន់ ស៊ីណា មកជួប​គាត់​នេះ​គ្រាន់​តែ​ដើម្បី​ស្នើ​សុំមិន​ឲ្យ​និយាយក៏​ដោយ ក៏​អ្នក​ស្រី​បាន​ទទួល​ស្គាល់​ថា ឥឡូវ​នេះ​អ្នក​ស្រី​មិន​និយាយ​អំពី​ការ​ពិត​នៅ​ពីក្រោយ​ដំណើរ​រឿង​របស់​អ្នក​ស្រី​ទេ​ ដោយ​សារ​ខ្លាច​មាន​បញ្ហា​​ណា​មួយ​ដែល​កើត​ចេញ​មក​ពី​ការ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​​អង្គការ​អាហ្វេ​ស៊ីប នៅ​កម្ពុជា​។

បន្ទាប់​ពី​កាសែត ឌឹ ខេមបូឌា ដេលី បាន​រាយការណ៍​អំពី​ការ​រក​ឃើញ​របស់​ខ្លួន​ កាលពី​ខែ​តុលា​ឆ្នាំ​មុន អំពី​រឿង​រ៉ាវ​របស់​ ឡុង ប្រុស​ ​ជា​សមាជិក​ម្នាក់​​ក្នុង​ចំណោម​សមាជិក​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​​យ៉ាង​ច្រើន​​របស់​មូល​និធិ​ សុម៉ាលី ម៉ម ​នៅ​ក្នុង​កម្មវិធី​ សំឡេង​ដើម្បី​ការ​ផ្លាស់​ប្តូរនេះ​​ ឪពុក​របស់​ស្ត្រី​វ័យ​ក្មេង​រូប​នេះ ឈ្មោះ ឡុង ហុន បាន​និយាយ​ថា បុគ្គលិក​​អង្គការ​អាហ្វេ​ស៊ីប បាន​មក​ជួ​បគាត់ ហើយ​ក៏​បាន​ស្នើ​សំុ​ឲ្យ​គាត់​ឈប់​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែរ។

កញ្ញា ឡុង ប្រុស បានរៀប​រាប់​រឿង​គួរ​ឲ្យ​រន្ធត់​មួយ អំពីការ​ដែល​គេ​បាន​ខ្វេះ​ភ្នែក​ម្ខាង​​របស់​នាង​ចេញ​ពី​សំណាក់​ម្ចាស់​ផ្ទះ​បន​ម្នាក់។ ប៉ុន្តែ របាយការណ៍​ពេទ្យ​បង្ហាញ​ថា ភ្នែក​របស់​កញ្ញា​ ប្រុស ត្រូវ​បាន​យក​ចេញ​ដោយ​ការ​វះ​កាត់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​។​តាម​ពិត នាង​គឺ​ជា​ជន​រង​គ្រោះ​ដោយ​សារ​​ការ​ដុះ​សាច់​ដ៏​ធំ​មួយ​គ្រប​​ភ្នែក​ម្ខាង​របស់​​នាង​​​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ កាល​ពី​នៅ​កុមារ​។

ឪពុក​ ម្តាយ​របស់​នាង​បាន​និយាយ​ថា នាង ប្រុស ត្រូវ​បាន​បញ្ជូន​ទៅ​អង្គការ​អាហ្វេស៊ីប បន្ទាប់​ពី​ទទួល​ការ​វះ​កាត់​ភ្នែកនៅ​មន្ទីរ​ពេទ្យ​ភ្នែក​ ខេត្ត​តាកែវ ជា​ការ​អះ​អាង​មួយ​ដែល​ត្រូវ​បាន​បញ្ជាក់​ដោយ​របាយ​ការណ៍​ពេទ្យ​ និង​រូប​ភាព​​ដែល​គេ​ទទួល​បាន​បង្ហាញ​អំពី​ការ​វះ​កាត់​ភ្នែក​របស់នាង ប្រុស។ ខណៈ​ដែល​បុគ្គលិក​​មូលនិធិ សុម៉ាលី ម៉ម ឥឡូវ​នេះ​ហាក់​ដូច​ជា​ស្ទាក់​ស្ទើ​​មិន​ចង់​ឲ្យ​អ្នក​ស្រី មាស រដ្ឋា និង​គ្រួសារ​របស់នាង ប្រុស​​បន្ត​និយាយ​ជាមួយ​អ្នក​យក​ព័ត៌​មាន​នោះ​ជោគ​ជ័យ និង​កេរ្តិ៍​ឈ្មោះ​​ដ៏​ធំធេងនៅ​ទូទាំង​ពិភព​លោករបស់​អ្នក​ស្រី ម៉ម សុម៉ាលី កើត​ចេញពី​​ពាក្យ​សំដី​​​​ជន​រង​គ្រោះ​ដែល​បង្ហាញ​ជា​សាធារណៈ​ និង​បទ​សម្ភាស​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជា​ច្រើន ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ជា​មួយ​​ស្ត្រី​វ័យ​ក្មេង​នៅ​ក្នុង​អង្គការ​របស់​អ្នក​ស្រី ដែល​បាន​ប្រាប់​ពី​រឿង​រ៉ាវ គួរ​ឲ្យ​រន្ធត់​អំពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​។

ការ​ចុះ​​ផ្សាយ​ជា​ច្រើន​​នៅ​តាម​ប្រព័ន្ធផ្សព្វ​ផ្សាយ​អំពី​មូល​និធិ​ សុម៉ាលី ម៉ម និង​ការ​គាំទ្រ​ពី​សមាជិក​​ក្រុម​ប្រឹក្សា​នាយក​ ដូចជា ហ្វេស​ប៊ុក COO Sheryl Sandberg និង​តារា​ភាព​យន្ត​ហូលីវូដ Susan Sarandon បាន​ជួយ​ឲ្យ​ប្រាក់​​ឧបត្ថម្ភ និង​ការ​ចំណាយ​របស់​មូលនិធិ​នេះ​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

កាល​ពី​ឆ្នាំ​២០១១ ជា​ឆ្នាំ​ចុង​ក្រោយ​ដែល​​គេ​ទទួល​បាន​តួលេខ​ ការ​ចំណាយ​របស់​មូល​និធិ សុម៉ាលី ម៉ម បាន​កើន​ឡើង​ដល់​​៣,៥៣​លាន​ដុល្លារ​។ ពិធី​រៃអង្គាស​មូល​និធិ​ប្រចាំ​ឆ្នាំ​របស់​មូល​និធិ​នេះ នៅ​ក្នុង​ទីក្រុង​ញូវ​យ៉ក កាលពី​ថ្ងៃ​ទី២៣ ខែ​តុលា គឺ​ជា​ពិធី​ដែល​មាន​ការ​ចូល​រួម​ពី​តារា​ភាព​យន្ត​ល្បីៗ​ជាច្រើន ហើយ​តម្លៃ​សំបុត្រសម្រាប់​តុមួយ​ចំនួន​មាន​តម្លៃ​រហូត​ដល់​១០០.០០០​ដុល្លារ៕ គឹមហឿន

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស