34 C
Phnom Penh

ការ​​​ផ្តន្ទា​​​ទោស​​​​​​​​ ឈូក​ បណ្ឌិ​ត​ ​​​ពី​​​បទ​​​បាញ់​កម្មការិនី​បី​នាក់​នៅ​ខេត្ត​​​ស្វាយរៀង​​​ គ្មាន​​​ប្រសិទ្ធភាព​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិល​មិញ​ សាលា​ឧទ្ធរណ៍​បាន​តម្កល់​​​​សាល​ក្រម​របស់​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​​​​ក្នុង​​​​រឿងក្តី​លោក ឈូក បណ្ឌិត អតីត​អភិ​​​បាល​ក្រុង​បាវិតដែល​ត្រូវ​បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៨​ខែ ពី​បទ​បាញ់​កម្មការិនី​បី​នាក់​ ប៉ុន្តែ​មិន​បាន​ជាប់​ពន្ធនាគារ​សូម្បី​តែ​មួយ​ថ្ងៃ ហើយ​កំពុង​រត់​គេច​ពី​សំណាញ់​​​​ច្បាប់​នៅឡើយ។

សាលក្រម​​​​​​ក្នុង​​​រឿង​ក្តី​​ពាក់​ព័ន្ធ​នយោ​​​បាយនេះ​កើត​ឡើង​រយៈ​ពេល​ជាង​២០​ខែ​មក​ហើយ បន្ទាប់​ពី​លោក​ ឈូក បណ្ឌិត ដែល​ពេល​នោះ​ជា​អតី​ត​អភិបាល​ក្រុង​បាវិត​មក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ បាន​ដក​កាំភ្លើង​បាញ់​​​​​​​ទៅ​​​លើ​​​​ក្រុម​កម្មករ​ ដែល​កំពុង​ធ្វើ​ការ​តវ៉ា​នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ក្នុង​ខេត្ត​ស្វាយ​រៀង ដោយ​បណ្តាល​ឲ្យ​កម្មការិនី​បី​នាក់​រង​របួស។

ចាប់​តាំង​ពី​ពេល​នោះ​មក​ រឿង​ក្តី​អតីត​អភិបាល​ក្រុង​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​​​វិញ​​​ទៅ​​​​​​​មករវាង​សាលា​ដំបូង​ខេត្ត​ និង​សាលា​ឧទ្ធរណ៍​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ចំណែក​ឯ​ជន​សង្ស័យ​រូប​នេះ​​​​នៅ​​​​តែ​មាន​សេរី​ភាពដដែល​​ ហើយ​ត្រូវ​បាន​​​​មិត្ត​ភក្តិ​មាន​អំណាច​របស់​គាត់​ក្នុងជួរ​រដ្ឋា​ភិបាល​ការ​ពារ​មិន​ឲ្យមានការ​ផ្តន្ទា​ទោស។ បន្ទាប់​ពី​សាលា​ដំបូង​ខេត្ត​បាន​ច្រាន​ចោល​​​​ការ​ចោទ​ប្រកាន់​ទាំង​អស់​លើ​លោក​ ឈូក បណ្ឌិត កាល​ពីខែ​ធ្នូ បើ​ទោះ​​ជា​​​មាន​សាក្សី​ជា​ច្រើន​​​​បាន​​​ឃើញ​​​គាត់​​​​នៅ​កន្លែង​កើត​ហេតុ​​​មាន​​​​​​កាន់​​កាំភ្លើង​​​នៅ​​​ក្នុង​ដៃ​​​ក៏​ដោយ​ ក៏​សាលា​ឧទ្ធរណ៍​បាន​បើក​ការ​សើុប​អង្កេត​ឡើង​វិញ បន្ទាប់​ពីមាន​សំណើ​ដោយផ្ទាល់​ពី​ក្រសួង​យុត្តិ​ធម៌​។

សំណើនោះ​​​​​​លេច​​​ចេញ​​​ជា​​​លទ្ធ​​​ផល​​​​កាល​ពី​ម្សិល​មិញ​នៅពេល​ដែល​លោក តាំង ស៊ុនឡាយ​ ចៅ​ក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍​បាន​ប្រកាស​ថា តុលា​​​ការ​បាន​សម្រេច​​​​តម្កល់​សាល​ក្រម​​​ដំបូង​​​​​​របស់​​​​សាលា​ដំបូង​ខេត្ត​នេះ​ ដែល​បាន​សម្រេច​​​​កាល​ពី​ខែ​មិថុនា ដែល​​​​​​នៅពេល​​​​នោះ សាលា​​​​ដំបូង​នេះ​បានផ្តន្ទា​​​ទោស​​​​អតីត​អភិ​បាល​ក្រុង​រូបនេះឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១៨ខែ​ ហើយ​បាន​បង្គាប់​​​​ឲ្យ​គាត់​​​​សង​​​់​ជំងឺ​ចិត្ត​សរុប​ចំនួន​៩.៥០០​​​នាក់​ដុល្លារ​ដល់​ជន​រងគ្រោះ​ទាំង​បី​នាក់​។

ប៉ុន្តែ​ សេចក្តី​សម្រេចកាល​ពី​ម្សិល​មិញ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្ម​ណ៍ថា៖ លោក ឈូក បណ្ឌិត​ ពិត​ជា​បាន​បាញ់​កម្មកា​រិនី​ទាំង​បី​នាក់​នេះ​ដោយអ​ចេតនា​មែន។

លោក​ចៅ​ក្រុម តាំង ស៊ុនឡាយ បាន​មាន​ប្រសាសន៍​ថា “យើង​បាន​សម្រេច​តម្កល់​សាល​​​​ក្រម​របស់​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង”។ លោក​បាន​មាន​ប្រសាសន៍​ថា “តុលា​ការ​យល់​ឃើញ​ថា លោក ឈូក បណ្ឌិត គ្មាន​បំណង​​​​បាញ់​កម្មការិនី​ទាំង​បីនាក់​នេះ​ទេ​ ពីព្រោះ​លោក​មិន​​ស្គាល់​កម្មការិនី​ទាំង​នេះ​ឡើយ”។

លោក​ កៃ វិសាល មេ​ធាវី​ការ​ពារក្តី​អតីត​អភិបាល​ក្រុង​រូ​ប​នេះ​​​នៅ​​​តែ​​​ជំទាស់ ដោយ​​​​មាន​ប្រ​សា​សន៍​ថា កូន​ក្តី​របស់​លោក​ដែល​អាជ្ញា​ធរ​មិន​ដឹង​ថា លាក់​ខ្លួន​នៅ​ឯណា​នោះ គ្មាន​​​​ហេតុ​​​ផល​​​​​​ត្រូវ​​​​បក​​​ស្រាយ​ឡើយ។ លោក វិបុល មាន​ប្រសាសន៍​ថា “ខ្ញុំ​រង់​ចាំ​ទាក់​ទង​ទៅ​កូន​ក្តី​របស់ខ្ញុំ។ ក្នុង​នាម​ជា​មេធាវី​ការ​ពារ​ជន​សង្ស័យ​ ខ្ញុំ​សូម​បញ្ជាក់​ថា កូន​ក្តី​របស់​​​​ខ្ញុំ​គ្មាន​ទោស​ទេ ដូច្នេះ​សេចក្តី​​​សម្រេច​របស់​តុលាការ​​មិន​ស័ក្តិ​សម​ចំពោះ​កូន​ក្តី​ខ្ញុំ​ឡើយ”។

កញ្ញា នុត សាខន ដែល​លោក ឈូក​  បណ្ឌិត ​​​បាញ់​ត្រូវ​​ចំ​ខ្នង​ និង​ដៃ​បាន​និយាយ​នៅ​តុលាការ​​​​ថា នាង​និង​ស្ត្រី​ពីរ​នាក់​ទៀត​ដែល​រង​របួស​ដោយ​គ្រាប់​កាំភ្លើង​ដែរ​នោះ ឥឡូវ​នេះ​នឹង​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ដើម្បី​ឲ្យ​ដាក់​ទោស​​​ជន​​​ដៃ​​​ដល់​​​​ឲ្យ​បាន​ធ្ងន់​ជាង​នេះ។ នាង​បាន​និយាយ​តាម​ទូរ​ស័ព្ទ​ថា “ខ្ញុំ​ខក​ចិត្ត​​​​នឹង​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ នៅ​ពេល​ខ្ញុំ​បាន​ឮ​លទ្ធ​ផល​បែប​នេះ ពី​ព្រោះ​សេចក្តី​សម្រេច​របស់​តុលាការ​នេះ​ និង​សាលា​​​​ដំបូង​ខេត្ត​ស្វាយ​រៀង​គឺដូច​តែ​គ្នា​”។

ដោយ​ហៅ​រឿង​ក្តី​នេះដែល​​​សម្រេច​​​ដោយ​​​ប្រព័ន្ធ​តុលាការ​ដែល​រង​ការ​រិះ​គន់​​​​ច្រើន​​​នោះថា “គ្មាន​​​ប្រសិទ្ធ​​​ភាព​​​” អង្គការ​សិទ្ធិ​មនុស្ស​​​​ក្នុង​ស្រុក​អាដ​ហុក បាន​លើក​ឡើង​ថា លោក ឈូក បណ្ឌិត កំពុង​ត្រូវ​បាន​ការ​ពារ​ដោយ​​​សារ​​​គាត់​​​មាន​​​​​​​​​​​​ខ្នង​​​ក្រាស់​​​​​​ផ្នែក​​​​នយោ​បាយ​។ សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​អាដ​ហុក​​​​លើក​ឡើង​ថា “ [លោក ឈូក​ បណ្ឌិត] មិន​បាន​​​ជាប់​ពន្ធ​នាគារ​សូម្បី​តែ​មួយ​ថ្ងៃ​ឡើយ ហើយ​តុលាការ​បាន​សម្រេច​ផ្តន្ទា​ទោស​គាត់​ស្រាល​នោះ ​​​គឺ​​​បង្ហាញ​​​ថា ដោយសារ​​​​​​គាត់​​​មាន​​​​ទំនាក់​ទំនង​​​​នយោ​បាយ​ច្រើន​ជាង​ស្ថាន​ទម្ងន់​បទ​ឧក្រិដ្ឋ​ដែល​គាត់​បាន​ប្រព្រឹត្តទៅទៀត​”។

លោក អំ សំអាត អ្នក​គ្រប់​គ្រង​បច្ចេក​ទេស​​​​នៅ​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​លីកាដូ បាន​មាន​ប្រសាសន៍​ថា “យើង​មិន​អាច​ទទួល​យក​វិធី​ដែល​ប្រព័ន្ធ​តុលា​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាត់​ការ​ឡើយ ជា​ពិសេស​នៅ​ពេល​​រឿង​ក្តី​ពាក់​ព័ន្ធ​នឹង​ជន​សង្ស័យ​មាន​អំណាច​ ឬ​ពេលមាន​បុគ្គល​មាន​អំណាច​នៅ​ពី​ក្រោយ​ជន​សង្ស័យ​នោះ ពី​ព្រោះ​​​គេ​​​មិន​​​ដែល​​​រក​​​ឃើញ​​​ថា ​ជន​ទាំង​នោះ​​​មានកំហុសឡើយ​”។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា វា​បង្ហាញ​​​​យ៉ាង​ច្បាស់​ថា អតីត​អភិបាល​ក្រុង​រូប​នេះ​ ពិត​​​​ជា​ទទួល​បាន​ការ​ប្រព្រឹត្ត​ជា​ពិសេស​ពី​តុលាការ​​​មែន ជា​ពិសេស​នៅ​ពេល​រឿង​ក្តី​របស់​គាត់​ត្រូវ​គេធ្វើការ​​​ប្រៀប​ធៀប​ទៅ​នឹង​រឿង​ក្តី​របស់​​​​អ្នក​ស្រី​ យ៉ោម បុប្ផា សកម្ម​ជន​សិទ្ធិ​ដី​ធ្លី​។
លោក អ៊ូ វីរៈ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា “បើ​ទោះ​ណា​ជា​គាត់​ត្រូវ​​​​បាន​កាត់​ឲ្យជាប់​ទោស​ក៏​ដោយ ក៏​គាត់​​​ស្ថិត​​​នៅ​​​ក្រៅ​​​ឃុំ​​​ ​​​​​​ដើរ​​​ហើរ​​​ដោយសេរី​ដដែល”។ “ទន្ទឹម​នឹង​នោះ​ដែរ មនុស្ស​មួយ​ចំនួន​ដូច​ជា អ្នក​ស្រី​ យ៉ោម បុប្ផា សកម្ម​ជន​សិទ្ធិ​ដី​ធ្លី​កំពុង​ជាប់​ពន្ធ​នាគារ ដែល​បាន​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​រយៈ​ពេល​៤២៧​ថ្ងៃ​មក​ហើយ ដោយ​សារ​អ្នក​ស្រី​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចេញ​មតិ​ និង​ការ​ជួប​ជំុ​គ្នា​នោះ​រង​​​គ្រោះ​ដោយ​សារ​​​​​ប្រព័ន្ធ​ប្រព័ន្ធ​តុលាការ​អយុត្តិ​ធម៌​ ដែល​​​នៅ​​​តែ​​​មាន​​​​វប្ប​ធម៌​និទណ្ឌ​​​ភាព​”៕ សារុន

(រាយការណ៍​បន្ថែម​ដោយ Dene-Hern Chen)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស