កាលពីម្សិលមិញ តំណាងប្រមាណ៥០នាក់មកពី សហគមន៍បឹងកក់ ដែលញាំញីដោយបញ្ហា បាននាំគ្នាហែក្បួនទៅកាន់ការិយាល័យរបស់សហភាពអឺរ៉ុប និងធនាគារពិភពលោក ដើម្បីស្នើឲ្យស្ថាប័នអន្តរជាតិទាំងពីរនេះបញ្ជូនអ្នកអង្កេតការណ៍របស់ខ្លួនទៅចូលរួមក្នុងការបើកសវនាការជំនុំជម្រះរឿងក្ដីរបស់អ្នកស្រី យ៉ោម បុប្ផា សកម្មជនប្រឆាំងការបណ្ដេញចេញនៅតុលាការកំពូលនៅថ្ងៃទី២២ ខែវិច្ឆិកា។

អ្នកស្រី យ៉ោម បុប្ផា បច្ចុប្បន្នកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទអុជអាលឲ្យកើតមានការវាយដំលើអ្នករត់ម៉ូតូឌុបចំនួនពីរនាក់។ ការចោទប្រកាន់នេះត្រូវបានមជ្ឈដ្ឋានទូទៅជឿជាក់ថា ជាការចោទប្រកាន់មួយ ដើម្បីបញ្ឈប់សកម្មភាពប្រឆាំងការបណ្ដេញចេញដោយបង្ខំរបស់អ្នកស្រី។
ពេលប្រមូលផ្ដុំគ្នានៅសាលាឧទ្ធរណ៍នៅវេលាម៉ោងប្រហែល៨និង៣០នាទី កាលពី ព្រឹកម្សិលមិញ អ្នកតវ៉ាមកពីសហគមន៍បឹងកក់ ដែលភាគច្រើនមានពាក់របាំងមុខពណ៌ស ដែលមានសរសេរថា “ខ្ញុំត្រូវការយុត្តិធម៌” បាននាំគ្នាហែក្បួនទៅក្បែរតុលាការកំពូល ជាទីដែលពួកគេត្រូវបានប្រាប់ឲ្យដឹងថា ការបើកសវនាការជំនុំជម្រះរឿងក្ដីរបស់អ្នកស្រី បុប្ផា នឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា។
លោក ឈាង វន្ថា ក្រឡាបញ្ជីនៅតុលាការកំពូលបានបញ្ជាក់តាមទូរស័ព្ទតាមក្រោយថា “តុលាការកំពូលបានកំណត់កាលបរិច្ឆេទនៃការបើកសវនាការនេះនៅថ្ងៃទី២២ ខែវិច្ឆិកា”។ បន្ទាប់ពីទទួលបានដំណឹងពីថ្ងៃដែលត្រូវបើកសវនាការជំនុំជម្រះក្ដីរួច អ្នកតវ៉ា ដែលមានពាក់របាំងមុខទាំងនេះបាននាំគ្នាហែក្បួនបន្តទៅកាន់ការិយាល័យរបស់សហភាពអឺរ៉ុបនៅតាមបណ្ដោយមហាវិថីនរោត្តម ដែលមាននគរបាលបង្ក្រាបកុបកម្ម និងកងសន្ដិសុខខណ្ឌដូនពេញប្រមាណ២០០នាក់ បានឈរតាមបណ្ដោយផ្លូវនោះ។
អ្នកស្រី ទេព វន្នី អ្នកដឹកនាំក្រុមអ្នកតវ៉ាមកពីសហគមន៍បឹងកក់ ដែលបានជួបតំណាងម្នាក់របស់សហភាពអឺរ៉ុបនៅខាងក្រៅការិយាល័យនៅវេលាម៉ោងប្រហែល១០ព្រឹកបាននិយាយថា “យើងបានស្នើឲ្យសហភាពអឺរ៉ុបជួយអង្កេតការបើកសវនាការជុំនំជម្រះរឿងក្ដីនៅតុលាការកំពូលនេះ ដើម្បីស្វែងរកយុត្តិធម៌ឲ្យអ្នកស្រី យ៉ោម បុប្ផា”។ អ្នកស្រី វន្នី បានឲ្យដឹងថា តំណាងដែលបានបដិសេធមិននិយាយជាមួយអ្នកយកព័ត៌មាន បានធានាចំពោះអ្នកតវ៉ាថា នឹងយកសំណើនេះទៅឲ្យមន្ត្រីពាក់ព័ន្ធនៅសហភាពអឺរ៉ុប។
លោកស្រី ពូន ប៉ុក មន្ត្រីផ្នែកព័ត៌មានរបស់គណៈប្រតិភូនៅសហភាពអឺរ៉ុបមិនបានឆ្លើយតបនឹងសំណើសុំធ្វើអត្ថាធិប្បាយឡើយ។ នៅទល់មុខទីស្នាក់ការកណ្ដាលរបស់ធនាគារពិភពលោក តំណាងបួនរូបមកពីសហគមន៍បឹងកក់រួមមានអ្នកស្រី វន្នី ផងត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងការិយាល័យដើម្បីជួបជាមួយលោក ប៊ូ សារឿន អ្នកនាំពាក្យរបស់ធនាគារ។ អ្នកស្រី ទេព វន្នី បានឲ្យដឹងបន្ទាប់ពីបានជួបជាមួយអ្នកនាំពាក្យរូបនេះថា “លោក សារឿន បានលើកឡើងថា ធនាគារពិភពលោក នឹងអង្កេតការបើកសវនាការជំនុំជម្រះរឿងក្ដីនេះ”។
នៅពេលទាក់ទងតាមទូរស័ព្ទតាមក្រោយ លោក សារឿន បានបដិសេធពីការអះអាងនេះ ហើយលោកបានលើកឡើងថា ធនាគារពិភពលោកក្នុងពេលឥឡូវនេះនៅមិនទាន់មានបំណងចូលរួមក្នុងការបើកសវនាការជំនុំជម្រះរឿងក្ដីនេះនៅឡើយទេ។ លោកបានមានប្រសាសន៍បន្ថែមថា “ខ្ញុំគ្រាន់តែបាននិយាយថា ខ្ញុំនឹងបញ្ជូនសំណើរបស់អ្នកស្រីទៅកាន់ថ្នាក់លើរបស់ខ្ញុំតែប៉ុណ្ណោះ”។
អ្នកស្រី វន្នី ក៏បានប្រាប់អ្នកយកព័ត៌មានផងដែរថា អ្នកស្រីបានឮពាក្យចរចាមអារ៉ាមថា ធនាគារពិភពលោកនឹងបន្តផ្ដល់មូលនិធិដល់គម្រោងថ្មីក្នុងប្រទេសកម្ពុជា។
កាលពីខែសីហា ឆ្នាំ២០១១ ធនាគារពិភពលោកបានប្រកាសថា ខ្លួនបានផ្អាកផ្ដល់ប្រាក់កម្ចីថ្មីមកឲ្យរដ្ឋាភិបាល បន្ទាប់ពីក្រុមអធិការកិច្ចនៅធនាគារពិភពលោកបានរកឃើញថា អ្នកភូមិរស់នៅសហគមន៍បឹងកក់ ត្រូវបានរារាំងសិទ្ធិលើការកាន់កាប់អចលនទ្រព្យរបស់ពួកគាត់ជាប្រព័ន្ធ។ អ្នកស្រីបាននិយាយដោយសំដៅលើការបាត់បង់ដីធ្លីនៅតំបន់បឹងកក់ថា “ក្នុងពេលសព្វថ្ងៃ យើងបានទទួលដំណឹងថា ធនាគារពិភពលោក នឹងបន្ដផ្ដល់ជំនួយដល់រដ្ឋាភិបាលថ្មីដោយគ្មានលក្ខខណ្ឌ ទោះបីជាយើងនៅមិនទាន់ទទួលបានដំណោះស្រាយពីអភិបាលរាជធានីក៏ដោយ”។ អ្នកស្រីបានបន្ថែមទៀតថា “ខ្ញុំគិតថា វាអយុត្តិធម៌ណាស់”។
លោក ប៊ូ សារឿន មិនបានឆ្លើយតបនឹងសំណើសុំធ្វើអត្ថាធិប្បាយទេទាក់ទិននឹងការដកការផ្អិបមូលនិធិរបស់ធនាគារពិភពលោកនោះ៕ ស៊ុយឈាង
(រាយការណ៍បន្ថែមដោយ Zsombor Peter)